30 C
Phnom Penh

កម្ពុជា​​​អាច​​​គេច​​​ផុត​​​ពី​​​ការ​​ស្លាប់​​​ដោយ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​​​​ H5N1បាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​លទ្ធ​ផល​នៃ​ការ​​​សិក្សា​​​ស្រាវ​ជ្រាវ​​​ថ្មី​​​មួយ​​​ ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាលពី​​​សប្ដាហ៍​​​​​​នេះ​​​បាន​​​ឲ្យ​ដឹង​​​​​​​ថា ជីវិត​​​របស់​អ្នក​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​អាច​​​សង្គ្រោះ​​​បាន​​​ប្រសិន​​​បើ​​​​​​ប្រព័ន្ធ​​​សុខា​​​ភិ​​​បាល​​​ក្នុង​​​ប្រទេស​​​នេះ​​​មាន​បរិក្ខា​រពេទ្យ​​​​ទំនើប ​​​ហើយ​​​​បុគ្គលិក​​​ទទួល​​​បាន​​​ការ​​​បណ្ដុះ​​​បណ្ដាល​​​ប្រសើរ​​​​ជាង​​​មុន​​​។

របាយការណ៍ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា​“ ការ​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ H5N1 មក​មនុស្ស​​​ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ពី​​​ឆ្នាំ​​​២០០៥ ​ដល់​​​២០១១” ក៏​​​បាន​​​រិះគន់​​​​​​មន្ត្រី​​​សុខាភិបាល​​​​​​កម្ពុជា​​​ផង​​​ដែរ​ចំពោះ​ភាព​​​​យឺតយ៉ាវ​របស់​​​​មន្ត្រី​សុខាភិបាល ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ផ្ទុះ​​​ឡើង​​​នៃ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ H5N1 មក​​​លើ​​​មនុស្ស​​​ ហើយ​ថា ជា​ពិសេស​មាន​​​​អ្នក​​​ជំងឺ​​​តិច​តួច​ណាស់​ ដែល​​​បាន​​​ទទួល​​​​​​ការ​​​ព្យា​បាល​​​​​​ដោយ​​​ថ្នាំ​​​​​​បង្កា​​​​​រជំងឺ​​​នេះ។

ផ្អែក​​​លើ​​​ការ​​​សិក្សា​​​អំពី​​​​ករណី​​​ឆ្លង​ជំងឺ​​​គ្រុន​​ផ្ដាសាយ​​​បក្សី​​​ H5N1 ដែល​​​បាន​​​រាយការណ៍​​​​​បាន​ឲ្យ​ដឹង​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ចន្លោះ​​ពី​ឆ្នាំ​​​២០០៥ ដល់​ឆ្នាំ​​​​២០១១ អ្នក​​​ស្រាវជ្រាវ​​​បាន​​​រក​​​ឃើញ​​​ថា ករណី​​​នេះ​​​​​​មាន​​​​រហូត​​​ដល់​​​១៨​​​ករណី​​​ គិត​​​ត្រឹម​​​ឆ្នាំ​​​២០១១ ប៉ុន្តែ​​​អ្នក​​​ជំងឺ​​​ដែល​​​​​សង្គ្រោះជី​វិត​​​​បាន​​​​​​​​​ពី​​​ជំងឺ​​​នេះ​​​មាន​​​តែ​​​​​​ម្នាក់​​​គត់ ហើយ​​​ស្ទើ​​​រតែ​​​ពាក់​​​កណ្ដាល​​​នៃ​​​អ្នក​​​ជំងឺ​​​នេះ​​​​​​បាន​​​ស្លាប់​​​ក្នុង​​​រយៈ​​​ពេល​​​២៤​​​ម៉ោង​​​ពេល​​​មក​​​ដល់​​​​​​មន្ទីរ​​​ពេទ្យ។​

នៅ​​​ទូទាំង​​​ពិភព​​​លោក​​​ អត្រា​​​​ស្លាប់​ដោយ​សារ​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ឆ្លងមក​មនុស្ស​​​​មាន​​​​ប្រហែល​​​៦០​​​ភាគ​​​រយ​​​។ ចំណែក​នៅ​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​ ដែល​​​ការ​​​ផ្ទុះ​​​ឡើង​​​នៃ​​​​​​ជំងឺ​​​នេះ​​​​​​មាន​​​​ច្រើន​ករណី​ដែរ​នោះ​​​​ អត្រា​​​ស្លាប់​​​ មាន​​​ចំនួន​​​៥០​​​ភាគ​​​រយ​​​។ ផ្ទុយ​ទៅ​វិញ​ ​​នៅ​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​អត្រា​​​ស្លាប់​​​មាន​​​រហូត​ដល់​​​៩០​​​ភាគ​​​រយ​ឯណោះ​​​។

យោង​​​តាម​​​របាយការណ៍​​​នៃ​​​ការ​​​ស្រាវ​​​ជ្រាវ​​​របស់​​​សាលាពេទ្យ​​​​ Hygiene & Tropical ​នៅ​​​ក្នុង​​​ទីក្រុង​​​ឡុងដ៍ និង​ដោយ​​មាន​​​ជំនួយ​​​​ពី​​​ក្រសួង​​​សុខាភិបាល​​​ផង​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា“ ផ្អែក​​​លើ​​​ទិន្នន័យ​​​ប្រមូល​​​បាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​​ធន​ធាន​​​សំខាន់ៗ​នៅ​ក្នុង​ប្រព័ន្ធ​​​​សុខាភិ​បាល​​​​កម្ពុជា​​​អាច​​​​ចាត់​​​ថា មាន​​​គម្លាត​​​​ធនធាន​មួយ​ចំនួន​ក្នុង​ចំណោម​គម្លាត​ធន​ធាន​​ជា​ច្រើន​​​ ​និង​មាន​អត្រា​អាច​រួច​ផុត​ពី​ស្លាប់​ក៏​ច្រើន​ដែរ​​​ បើ​​​ធៀប​​​​​​នឹង​​​ប្រទេស​​​ដទៃ​​​ទៀត​​​នៅ​​​ក្នុង​​​តំបន់​​​អាសីុ​​​អាគ្នេយ៍​​​ ដូច​ជា​​​​ប្រទេស​​​ឥណ្ឌូណេសីុ ​សាធារណ​​​រដ្ឋប្រជាមាន​ិត​​​​ប្រជាធិប​តេយ្យ​​​ឡាវ តៃវ៉ាន់ ថៃ និង​​​ប្រទេស​​​វៀតណាម​​​”។

យោង​​​តាម​​​ការ​​​ស្រាវជ្រាវ​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​​ថា ​​​អត្រា​ស្លាប់ដោយ​​​​សារ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​ H5N1​ខ្ពស់​​គឺ​​​ដោយ​​​សារ​​​ហេតុផល​​​មួយ​ចំនួន​ ដូច​ជា ​មាន​មន្ត្រី​សុខាភិបាល​តិច​តួច​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ចម្ងាយ​​​ផ្លូវ​​​​​​​​​​​​ត្រូវ​​​​​​ធ្វើ​​​ដំណើរ​​​ទៅ​​​​​​មន្ទីរ​ពេទ្យ​​ឆ្ងាយ​ពេក ការ​​​ខ្វះខាត​​​បរិក្ខា​​​រពេទ្យ​​​ និង​​​មណ្ឌល​​សុខភាព​​​​មិន​​​គ្រប់​​​គ្រាន់​​​ ព្រម​​​ទាំង​​​ការ​​​អសមត្ថ​ភាព​​​ក្នុង​​​ការ​​​ដាក់​​​ពង្រាយ​​​គ្រូ​ពេទ្យ​​​​​ជំនាញ​​​​​​​​​។

ការ​​​ស្រាវជ្រាវ​​​​នេះបាន​​​លើក​​​ឡើង​​​ថា​ “ ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​ឆ្ងាយ​​​និង​​​ការ​ចំណាយ​​​​​លើ​ការ​ព្យាបាល​​​​ថ្លៃពេក​អាច​​​ពន្យា​រពេល​​​​អ្នក​​​ជំងឺ​​​ និង​​​មន្ត្រី​​​សុខាភិបាល​​​មិន​​​ឲ្យ​​​ទទួល​​​បាន​​​ការ​​​ព្យាបាល​​​សម​ស្រប​”។

លើស​​​ពី​​​នេះ​​​ វេជ្ជបណ្ឌិត​​​ក្នុង​ស្រុក​​​​ក៏​​​មិន​​​បាន​​​ដឹង​​​អំពី​​​វិធី​​​​ព្យាបាល​​​ និង​​​វិភាគ​​​រក​​​រោគ​​​សញ្ញា​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​ H5N1 ឬ​​​ក៏​​​ខ្វះ​​​បរិក្ខា​​រ​​ធម្មតា​​​ៗ ដូចជា​​​ ម៉ាសីុន​​​បញ្ចូល​​​អុក​​​សីុ​​​ហ្សែន​ដែល​​​ចាំ​​​បាច់​​​សម្រាប់​​​ព្យាយាល​​​ជំងឺ​​​កង្វះ​​​អុក​​​សីុហ្សែន។

ការ​​​ស្រាវជ្រាវ​នេះ​​​​បាន​​​បន្ត​​​ថា “ ជំងឺ​​​កង្វះ​​​​​​​អុក​​​សីុហ្សែន គឺ​​​ជា​​​មូលហេតុ​​​ទូទៅ​​​ និង​​​ចម្បង​​​​បំផុត​​​ ដែល​​​បណ្ដាល​​​ឲ្យ​​​អ្នក​​​ជំងឺ​​​ ដែល​​​កើត​​​ជំងឺ​​​រលាក​​​ទងសួត​​​ [​​​រោគ​​​សញ្ញា​​​នៃ​​​ជំងឺ​​​គ្រុន​​​ផ្ដា​សាយ​​​​បក្សី​​​ H5N1] អាច​ស្លាប់​បាន​ ​​​ហើយ​​​ប្រសិន​បើ​​​ខ្វះ​​​ម៉ាសីុន​​​បញ្ជូល​​​អុក​​​សីុហ្សែន​​​ ប្រហែល​​​ជាមិន​​​​អាច​​​ឲ្យ​​​អ្នក​​​ជំងឺ​​​ជៀស​​​​​​ផុត​​​ពីការ​​​ស្លាប់បាន​​​ទេ”។

នៅ​​​ក្នុង​​​ករណី​​​ទាំង​​​អស់​​​ ដែល​​​បាន​​​សិក្សា​ស្រាវ​ជ្រាវ​​​​កន្លង​​​មក​​​ មាន​អ្នក​​​ជំងឺ​​​តែ​​​ប្រាំ​​​នាក់​​​ប៉ុណ្ណោះ​​​ទទួល​​​បាន​ការ​​​ព្យាបាល​​​ដោយ​​​ថ្នាំ​​​បង្ការ​​​ តាមី​​​ភ្លូ (Tamiflu) តាម​ការ​ណែ​​​នាំ​​​របស់​​​​អង្គការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​ ហើយនៅ​​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​ទាំង​​​ប្រាំ​​​នាក់​នោះ ​​​គ្មាន​​​អ្នក​​​ជំងឺ​​​ណា​​​ម្នាក់​​​​​​ទទួល​​​បាន​​​​​​ការ​​​ព្យាបាល​​​ដោយ​​​ថ្នាំ​​​នេះ​​​​​​ជា​លើក​​​ទី​​​១ក្នុង​​​អំឡុង​​​​​​ពេល​​​​​​៤៨​​​ម៉ោង​​​នៃ​​​ការ​​​​ចេញ​​​​រោគ​​​សញ្ញា​​​នេះ​​​ទេ​​​។

យោង​​​តាម​​​ការ​​​ស្រាវជ្រាវ​​​​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​ មាន​​​អ្នក​​​ជំងឺ​​​តែ​​​២៨​​​ភាគរយ​​​ប៉ុណ្ណោះ​​​ទទួល​​​​​​បាន​ការ​​​ព្យាបាល​​​ជំងឺ​​​គ្រុនផ្ដាសាយ​​​បក្សី​​​ H5N1 ត្រឹម​​​ត្រូវ​​​ គឺ​​​ចំនួន​​​នេះ​​​ទាប​​​ជាង​​​បណ្ដា​ប្រទេស​​​នៅ​​​តំបន់​​​អាសីុ​​​អាគ្នេយ៍​​​ដូច​​​ជា​​​ប្រទេស​​​ថៃ​​​ និង​​​ប្រទេស​​​វៀត​​​ណាម​ឆ្ងាយ​​​ណាស់​​​ ​​​ដែល​​​នៅ​​​ទី​​​នោះ​​​មាន​​​អ្នក​​​ជំងឺ​​​រហូត​​​ដល់​​​៧១ភាគ​​​រយ ទៅ​​​៧២​​​ភាគ​​​រយ​​​ទទួល​​​បាន​​ថ្នាំបង្ការ​​​ជំងឺ​​​នេះ​​​ត្រឹម​​​ត្រូវ​​​។

ការ​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​នៃ​​​ការ​​​ស្រាវ​​​ជ្រាវ​​​បណ្ដោះ​​​អាសន្ន​​​នេះ​​​​​​​​​កើតមាន​ឡើង​​​ក្នុង​​​ឆ្នាំ​​​ដែល​​​មាន​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ H5N1 ឆ្លង​មក​មនុស្ស​ចំនួន​១០​​​​ករណី​​​ និង​មាន​អ្នក​ស្លាប់​ដោយ​​​សារ​​​ជំងឺ​​​នេះ​ចំនួន​​​​ប្រាំ​​​បី​​​នាក់​​​​​ ​​​ ដែល​​​ជា​​​អត្រា​​​ខ្ពស់​​​បំផុត​​​ចាប់​​​តាំ​​​ងពី​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​បក្សី​​​ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​​​​ លើក​​ដំបូង​​​​​ ​​​ក្នុង​​​ឆ្នាំ​​​២០០៥។

លោក​​​វេជ្ជបណ្ឌិត​​​ សុខ​​​ ទូច ​ប្រធាន​នាយក​​ដ្ឋាន​​​​ទប់​ស្កាត់​​​ជំងឺ​​​ឆ្លង​​​​​​នៅ​​​ក្រសួង​​​សុខាភិ​​​បាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កង្វះ​ការ​​​យល់​​​ដឹង​​​ និង​បទ​​​ពិសោធ​​​វិជ្ជាជីវៈ​​​គឺ​​​ជា​​​មូលហេតុ​​​ ដែល​​​នាំ​​ឲ្យ​​​មាន​​​អត្រា​​​​​​ស្លាប់​​​​ខ្ពស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ប៉ុន្តែ​​​ ស្ថានភាព​​​នេះ​បាន​​​ប្រសើរ​​​ខ្លះ​​​ហើយ​​​។

ទោះបី​​​ជា​​​អ្នក​​​ជំងឺ​​​ប្រាំបី​​​នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ជំងឺ​​​១០​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ក្នុងការ​​​ផ្ទុះ​​​ឡើង​​​នៃ​​​ជំងឺ​​​គ្រុន​​​ផ្ដាសាយ​​​បក្សី​​​ខ្លាំង​​​ជាង​​​គេ​​​បំផុត​​​​ក្នុង​ឆ្នាំ​​​នេះ​​ក៏​​​ដោយ​​​ ក៏​​​លោក​​​វេជ្ជបណ្ឌិត​​​សុខ ទូច បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​មាន​​​ការ​​​យល់​​​ដឹង​​​ខ្ពស់​​​ជាង​​​​​​មុខ​​​…​​​ហើយ​​​​​​វិធី​​​ព្យាបាល​​​ដោយ​​​ថ្នាំ​​​បង្ការ​​​តាមីភ្លូ “ ​​ក៏​មាន​ការ​កែ​លម្អ​ប្រសើរ​ជាង​មុន​ដែរ​។

លោក​​​វេជ្ជបណ្ឌិត សិុន សុមុន្នី នាយក​​​ប្រតិបត្តិ​​​នៃ​​​អង្គការ​​​មេឌីកាំ​​​ ​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ស្រាវជ្រាវ​​​នេះ​​​មិន​​​បាន​​​លើក​យក​បញ្ហា​​​ដែល​ប្រជាពល​​​រដ្ឋ​​​កម្ពុជា​​​មិន​​​បាន​​​ទទួល​​​ការ​​​ព្យាបាល​​​​​​ជំងឺ​​​នេះ​​​ដោយ​​​ហ្មត់​​​ចត់​​​ មក​ពិភាក្សា​នោះ​​​ទេ​​​។

លោក​​​វេជ្ជបណ្ឌិត សុមុន្នី ​​​បន្ត​​​ថា “ ប្រជា​ពល​​​រដ្ឋ​​​ត្រូវ​​​តែ​​​យល់​​​ថា ពួក​​​គេ​​​ត្រូវ​​​តែ​​​ទៅ​​​មន្ទីរ​ពេទ្យ​​​ភ្លាម​​​។ ប៉ុន្តែ​​​​​​​​ពួក​​​គេ​​​បែរជា​​​ទៅ​​​​ឱសថ​ស្ថាន​ ​ឬ​​​ក៏​​​មណ្ឌល​សុខភាព​មុន​ទៅ​​វិញ​​​​… ទើប​​​​​​​នាំ​​​ឲ្យ​​​​​​​​​ការព្យាបាល​​​មាន​ការ​យឺតយ៉ាវ​​​”។

ទោះជា​​​យ៉ាង​​​ណា ក្រុម​​​អ្នក​​​ស្រាវ​ជ្រាវ​​​បាន​​​លើក​​​ឡើង​​​ថា ការ​ចំណាយ​​​ខ្ពស់​​​​ទៅ​លើ​ការ​ព្យាបាល​​​​ និង​​​​ការ​ធ្វើ​​​ដំណើរ​​​ ​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​​​​មិន​​​ហ៊ាន​​​ស្វែង​​​រក​​​ការ​​​ព្យាបាល​​​ទាន់​​ភ្លាមៗ​​​៕
ប្រែ​សម្រួល​ដោយ​ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស