សមាជិកមួយរូបរបស់សមាគមចុងភៅកម្ពុជាបានឲ្យដឹង កាលពីថ្ងៃសុក្រថា ចុងភៅកម្ពុជាចំនួនបួននាក់បាននាំយកមេដាយមាសរួមគ្នា ដែលបានឈ្នះនៅក្នុងកាប្រកួតប្រជែងទេពកោសល្យធ្វើម្ហូបទន្លេមេគង្គ ដែលត្រូវបានធ្វើឡើងនៅទីក្រុងបាងកក នាពេលថ្មីៗនេះមកជូនប្រទេសកម្ពុជា។
លោក ឡុង បូរ៉ា ចុងភៅនៅសណ្ឋាគាររីអូតែល (Ree Hotel) នៅខេត្តសៀមរាប និងជាសមាជិកសមាគមចុងភៅកម្ពុជា បានឲ្យដឹងថា ចុងភៅចំនួនប្រាំបីក្រុមមកពីប្រទេសផ្សេងៗ ដែលស្ថិតនៅតាមដងទន្លេមេគង្គ ដូចជា ចិន ភូមា ឡាវ និងវៀតណាម បានរៀបចំនិងបម្រើម្ហូបចំនួនប្រាំមួយមុខ នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា។
លោក បូរ៉ា ដែលជាចុងភៅមួយរូបមានបទពិសោធរយៈពេល២០ឆ្នាំ បាននិយាយថា“ប្រធានបទគឺម្ហូបមានប្រភពពីទន្លេមេគង្គ ដូច្នេះ គ្រឿងផ្សំសំខាន់ៗគឺយើងមិនអាចប្រើសាច់គោបានទេ គឺប្រើត្រឹមតែផលិតផលដែលបានមកពីទន្លេមេគង្គ ដូចជា ត្រី និងកង្កែបជាដើម។
គណៈកម្មការវិនិច្ឆ័យអន្តរជាតិមកពីសមាគមសង្គមចុងភៅពិភពលោក (World Association of Chefs Societies) បានវាយតម្លៃថា មុខម្ហូបរបស់ចុងភៅកម្ពុជា ដែលមានដូចជា ញាំក្រូចថ្លុងជាមួយកំពឹសទន្លេមេគង្គ កំពឹសទន្លេមេគង្គជាមួយស្វាយថៃ ព្រមទាំងស៊ុបបន្លែ និងត្រីទន្លេមេគង្គ និងកង្កែបបំពង ទទួលបានមេដាយមាស។
លោក បូរ៉ា និយាយកាលពីសប្ដាហ៍មុនថា“ យើងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ពេលយើងត្រឡប់មកដល់សៀមរាបវិញ”៕
ប្រែសម្រួលដោយ ហួង កុកទៀន