27 C
Phnom Penh

គ.ជ.ប. ប្រកាស​​​អំពីកាល​​​បរិច្ឆេទ​​​ចាប់​​​ផ្ដើម​​ធ្វើយុទ្ធ​នាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​ជា​​​ផ្លូវការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​(គ.ជ.ប.) បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ការ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោតនឹង​​​ចាប់​ផ្ដើម​​​នៅ ថ្ងៃ​​​ទី២៧ ខែ​​​មិថុនា​​​ខាង​​​មុខ​​​នេះ ​សម្រាប់​​​គណ​​​បក្ស​​​នយោបាយ​​​ធំ​​​ពីរ ​និង​គណ​បក្សនយោបាយ​​​តូច​ចំនួន​៦ ដែល​​​នឹង​​​ប្រកួត​​​ប្រជែងគ្នា​​​នៅ​​​​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ទី២៨ ខែ​​​កក្កដា។​

ពេល​ប្រកាស​​​​ជូន​​​ដំណឹង​​​អំពី​​​កាល​​​បរិច្ឆេទ​​​​​នៃ​ការ​ចាប់​​​ផ្ដើមធ្វើ​​​យុទ្ធនាការ​ឃោសនា​​​បោះ​​​​ឆ្នោត​​​ជា​​​ផ្លូវ​​​ការ​​​នេះ លោក ​សោម ​ចាន់ឌីណា ​សមាជិក គ.ជ.ប. បាន​​​ក្រើន​​​រំឭក​​​​​មិន​ឲ្យ​គណបក្ស​​​នយោបាយ​ណា​មួយ​ប្រើ​​​​ធន​​​ធាន​​​របស់​​​រដ្ឋ ​ជាពិសេស​​​យាន​​​យន្ដ​​​របស់​​​រដ្ឋាភិបាល ​​​ដើម្បី​​​គាំទ្រ​​​យុទ្ធនាការ​​​​ឃោសនា​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​នោះ​​​ទេ។
សមាជិក​​​គណបក្ស​​​ប្រឆាំង បាន​​​ចោទ​​​ប្រកាន់​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ ជា​​​យូរ​​​មក​​​ហើយ​ថា​បាន​​​​ប្រើ​​​រថយន្ដ អគារ និង​​​ធនធាន​​​របស់​រដ្ឋ​ផ្សេង​​​​ទៀត​ អំឡុងពេល​​​​​​ធ្វើ​​​យុទ្ធ​​​នាការ​ឃោស​​នា​​​បោះ​​​​ឆ្នោត​​​របស់​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​។

លោក សោម ចាន់ឌីណា ​​​មាន​​​ប្រសាសន៍​​​​​ថា “ ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​ការ​​​​ប្រើ​យាន​យន្ត​របស់​​​រដ្ឋ ដូចជា​​​រថយន្ដ​​​​ពាក់​​​​ស្លាក​​​លេខ​​​រដ្ឋា​ភិបាល​នគរបាល និង​​​កង​​​យោពល​​​ខេមរភូមិន្ទ​​​នោះ ​ខ្ញុំសូម​​​អំពាវ​​​នាវ​​​ដល់គ្រប់​​​គណបក្ស​​​នយោ​បាយ​​​ទាំង​​​អស់​​​ឲ្យ​​​ចៀសវាង​​​​​​​បញ្ហា​​​នេះ”។

ឆ្លើយ​​​​​​សំណួរ​​​របស់​​​លោក រស់ សូ បេក្ខជន​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង ស្ដីពី​​​ជំហរ​​​របស់ ​គ.ជ.ប.​​ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​​​​គណបក្ស​​​នយោបាយ​​​​ ដែល​​​​ប្រើ​រថយន្ត​​​​គ្មាន​​​ស្លាក​​​លេខ ឬក៏ប្រើស្លាក​​​លេខ​​​​​បណ្ដោះ​​​អាសន្ន​​​នោះ លោក ទេព នីថា ​អគ្គ​លេខាធិការ គ.ជ.ប. មាន​​​ប្រសាសន៍​​​ថា ​បញ្ហា​​​នេះ​គឺសម្រាប់​​​នគរបាល​​​ចរាចរ ​​​មិន​​​មែន​សម្រាប់​​​​​​អ្នក​​​សង្កេត​ការ​ណ៍បោះ​​​ឆ្នោត​​​នោះ​​​ទេ ។

លោក ទេព នីថា បានមាន​​​ប្រសាសន៍​​​ថា “ គ.ជ.ប. មិនមែន​​​ជា​​​នគរបាល​​​ចរាចរ​​​​​​​ទេ”។

អំឡុងពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​​ឆ្នោត​​​រយៈពេល​​​មួយ​​​ខែ​​​នេះ គណបក្ស​​​នយោ​បាយ​​​ទាំង​​​ប្រាំបី​​​នេះ នឹង​​ទទួល​បាន​រយៈពេល​​​១៥​​​នាទី​​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​របស់​​​រដ្ឋ ​ដើម្បី​ពន្យល់​​​អំពី​​​គោល​​​នយោបាយ​​​របស់​​​គណបក្ស​​​​​​ខ្លួន។ការ​​​បង្ហាញ​​​រយៈពេល​​​១៥​​​​​​​​​​​​នាទី​​​របស់​​​គណ​​​បក្ស​​​នយោបាយ​​​ទាំង​​​ប្រាំបី​​​តាម​​​បណ្ដាញ​​​ទូរ​​​ទស្សន៍​​​រដ្ឋ​​​ទ.ទ.ក. អំឡុង​​​ពេល​​​២ម៉ោង ​ដែល​​​​រៀប​​​ចំ​​​ធ្វើ​​​ឡើង​​​ជា​​​រៀង​​​រាល់ព្រឹក និង​​​ចាក់​​​ផ្សាយ​​​ឡើង​​​វិញ​​​នៅពេល​​​ល្ងាច។

លោក សោម ចាន់ឌីណា ​​​មាន​​​ប្រសាសន៍​​​អំពី​​​​ស័្ពត​រយៈ​ពេល​១៥​នាទី​​​​​នេះ​ថា “ គណ​បក្ស​​​ទាំង​​​ប្រាំ​​​បី​​​នេះ​​​ មានសិទិ្ធ​​​ស្មើគ្នា”។

ដោយ​​​លើក​​​ឡើង​​​អំពី​​​ការ​​​តវ៉ា​​​ស្រ​​​ដៀង​​​​​​គ្នា​​​នេះ​​​​​​អំពីការ​​​ប្រើ​​​​​​យាន​​​យន្ដ​​​និង​​​ទ្រព្យ​​​សម្បតិ្ត​​​រដ្ឋ​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា អំឡុង​​​ពេល​​​ធ្វើ​​​យុទ្ធ​​​នាការ​​​​ឃោសនា​​​បោះ​​​ឆ្នោត​​​កាល​​ពី​​​លើក​​​មុនៗ នោះ ការ​​​រិះគន់​​​ចំពោះគណ​​​បក្ស​​​​ប្រជា​​​ជន​​​កម្ពុជា បាន​​​កើត​​​មាន​​​ឡើង​​​ជា​​​យូរ​​​​​​មក​​​​​​​​​​ហើយ​​​ ចំពោះ​អ្វីដែល​​​អ្នក​​​រិះ​​​គន់ បាន​​​ហៅ​​​ថា ​ជា​​​បរិយា​​​កាសលម្អៀង​​​ជ្រុល​របស់​​​ប្រព័ន្ធ​​​ឃោសនា​​​ជាតិ ទាំង​​​របស់ឯកជន និង​​​របស់​​​រដ្ឋ ដែល​​​ផ្ដល់​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ស្ទើរ​​​តែ​​​ទាំង​​​ស្រុង​​​ដល់​​​លោក ហ៊ុន​​​ សែន និង​​​គណបក្ស​​​នយោ​បាយ​​​របស់​​​លោក ប៉ុន្តែធ្វើ​​​មិន​​​ដឹង​​​មិនឮ​ចំពោះ​​​​​​​គណបក្ស​​​ប្រឆាំង​​​ទៅ​​​វិញ។

លោក ទេព នីថា ​​​មាន​​​ប្រសាស​​​ន៍​​​កាល​​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ទាំង​​​អស់​​​គួរ តែ​​​ស្ថិតនៅជា​​​អព្យាក្រឹត។

តាម​​​ច្បាប់​​​ គ.ជ.ប. គណបក្ស​​​នយោ​​​បាយ​​​មិនត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ឃោស​​នា​​​​បោះ​​​ឆ្នោត​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​២៧​​​ ខែ​មិថុនា។​ប៉ុន្តែ លោក ហ៊ុន សែន បាន​​​​ប្រើ​​​សុន្ទរកថា​​​ឃោសនាជា​​​សាធារណៈ​​​របស់​​​លោក​​​ជា​​​ច្រើន​​​​សប្ដាហ៍​​​ ដែល​​​ត្រូវ​​​បាន​​​ទូរទស្សន៍​​​ជាតិ​​​ផ្សព្វ​​​​​​ផ្សាយ​​​​​​​និង​​​ភាគ​​​ច្រើន​​​តាម​​​បណ្ដាញ​​​ទូរទស្សន៍​​​ឯក​​​ជន​​​ ដើម្បី​បញ្ចុះ​​​បញ្ចូល​​​សាធារណ​​​ជន​​​ឲ្យ​​​បោះ​​​ឆ្នោត​​​​ជូន​​​លោក ដោយ​​​ក្រើន​​​រំឭកអំពី​​​គ្រោះ​​​ថ្នាក់​​​នានា​​​ដែល​​​ប្រទេស​​​នេះ​អាច​ជួប​ប្រទះ​ ប្រសិន​បើ​​​​​គណ​​​បក្ស​​​របស់​​​លោក​​​ចាញ់​​​ឆ្នោត។

លោក​​​ យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះជាតិ បាន​​​មាន​​​ប្រសាសន៍​​​​កាលពីថ្ងៃ​​​សុក្រថា ការ​​​លម្អៀង​​​របស់​​​គ.ជ.ប. ចំពោះ​​​គណបក្ស​​​​កាន់​​​អំណាច​​​បាន​​​កើត​​​មាន​​​ឡើង​​​ស្ងាត់​​ៗ ពេល​លោក ហ៊ុន សែន ​​​ធ្វើ​​​យុទ្ធនា​ការ​​​​ឃោសនា​​​បោះ​​​ឆ្នោត​​​ ។

លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​​ថា “ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ក៏​​​បាន​​​ប្រើ​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដូច​​​ជា​​​ ទូរទស្សន៍ និង​​​វិទ្យុ​​​ដើម្បី​​​វាយ​​​ប្រហារ​​​គណ​​​បក្ស​​​ប្រឆាំង​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ។ វា​​​ជាការ​​​រំលោភ​​​បំពាន​​​មួយ​​​ទៅ​​​លើ​​​ច្បាប់​​​របស់​គ.ជ.ប.​​​។ ប៉ុន្តែ​​​ គ.ជ.ប.មិន​​​ធ្វើ​​​អ្វី​​​ទាល់​​​តែ​​​សោះ ចំពោះ​​​បញ្ហា​​​នេះ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស