ក្រុមមេធាវីការពារជនសង្ស័យនៅក្នុងសំណុំរឿង០០៤ ឈ្មោះ តា អាន របស់សាលាក្ដីខ្មែរក្រហម កាលពីថ្ងៃព្រហស្បតិ៍ បានស្នើសុំមើលសំណុំឯកសារ ដែលចែងពីឧក្រិដ្ឋកម្មរបស់កូនក្ដីខ្លួន ដែលត្រូវបានចោទប្រកាន់ថា គាត់បានប្រព្រឹត្តអំឡុងសម័យ ប៉ុល ពត នោះ។
ក្នុងសំណើមួយ លោក រីឆាដ រូ៉ជ៍រ (Richard Rogers) លោក ហ្គោរ៉ាន់ ស្លីទ័រ (Goran Sluiter)និងលោក មុំ លុច (Mom Luch)បានអះអាងថា ពួកគាត់ និង លោក តា អាន អតីតមេបញ្ជាការខ្មែរក្រហមថ្នាក់កណ្ដាល ចង់ឃើញអ្វី ដែលមាននៅក្នុងសំណុំរឿងនេះ ពីព្រោះគាត់ ជាជនសង្ស័យមួយរូប ដែលមានឈ្មោះនៅក្នុងសំណុំរឿង០០៤។
ក្រុមមេធាវីទាំងនេះ ក៏បានអះអាងផងដែរថា ពីព្រោះភាគីដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងរឿងក្តីនេះត្រូវបានអញ្ជើញឲ្យមើលសំណុំឯកសារនេះ សិទ្្ធិរបស់ជនសង្ស័យរូបនេះស្ថិតនៅក្រោមសិទ្ធិរបស់ “ ព្រះរាជអាជ្ញារនិងភាគីដើមបណ្ដឹងរដ្ឋប្បវេណី”។
លោក ម៉ាក់ ហាមុ៉ន (Mark Harmon)សហចៅក្រមសើុបអង្កេតអន្តរជាតិ ដែលកំពុងបន្តសំណុំរឿង០០៤ នេះដោយគ្មានការគាំទ្រពីសមភាគីខ្មែររបស់គាត់នោះ កាលពីពីរសប្ដាហ៍មុន បានទទួលស្គាល់ លោក ស្លីទ័រ និងលោក លុច ថាជាមេធាវីអន្តរជាតិការពារកូនក្ដីឈ្មោះ តា អាន។
នៅក្នុងសំណើនោះ លោកលើកឡើងថា ការបកស្រាយរបស់លោកអំពីវិធានផ្ទៃក្នុងរបស់តុលាការនេះ មានន័យថា មានតែភាគីនៅក្នុងនីតិវិធីនេះប៉ុណ្ណោះ អាចមើលសំណុំឯកសារនេះបាន លើកលែងតែលោកតា អាន ចេញ ពីព្រោះគាត់មិនទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទល្មើសណាមួយឡើយ ហើយក៏មិនមែនជាភាគីណាមួយដែរ។
លោក វីលៀម ស្មីត (William Smith) សហព្រះរាជអាជ្ញារង មានប្រសាសន៍ថា លោកមិនអាចពិភាក្សាពីចំណុចពិសេសណាមួយនៃសំណុំរឿងនេះបានទេ ប៉ុន្តែ បានមានប្រសាសន៍ថា “ ច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានធានាថាជនសង្ស័យនិងជនត្រូវចោទ អាចចូលរួមក្នុងការសើុបអង្កេតនេះត្រឹមកម្រិតណាមួយបាន។
ការរៀបចំបែបនេះ ត្រូវបានកំណត់តាមរយៈការបកស្រាយរបស់សហចៅក្រមសើុបអង្កេតអំពីវិធានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ