រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា តំណាងរបស់សារមន្ទីរវិចិត្រសិល្បៈ មេត្រូប៉ូលីទែន នៅក្រុងញូវយ៉កនឹងប្រគល់រូបចម្លាក់ខ្មែរសម័យបុរាណ ដែលត្រូវបានគេលួចពីប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារមកឲ្យកម្ពុជាវិញ។
ដោយគេស្គាល់ថាជារូបចម្លាក់លុតជង្គង់ សារមន្ទីរមេត្រូប៉ូលីទែន បានប្រកាសពីសេចក្តីសម្រេចរបស់ខ្លួនក្នុងការប្រគល់រូបចម្លាក់នេះកាលពីខែមុន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋា ភិបាលកម្ពុជាបានបង្ហាញភ័ស្តុតាងថា រូបចម្លាក់កម្ពស់១,២ម៉ែត្រ មួយៗទម្ងន់៩០គីឡូក្រាម ត្រូវបានគេលួច អំឡុងពេលចលាចលក្នុងទស វត្សរ៍ឆ្នាំ១៩៧០ ដែលភាគច្រើនគឺជាចម្លាក់ឈរមកពីប្រាសាទកោះកេរ។លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៅទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រូបចម្លាក់នេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង៥ល្ងាចថ្ងៃអង្គារ ហើយនឹងត្រូវយកទៅដាក់នៅខុទ្ទកាល័យរបស់លោក ហ៊ុន សែន ដែលគេស្គាល់ថា ជាវិមានសន្តិភាព។
ការប្រគល់រូបចម្លាក់នេះ ធ្វើឡើងស្របពេលជាមួយកិច្ចប្រជុំគណៈកម្មាធិការបេតិក ភណ្ឌពិភពលោកទី៣៧ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប និងនៅវិមានសន្តិភាពក្នុង រាជធានីភ្នំពេញ ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា។
លោក ឯក ថា បានថ្លែងថា “ យើងរំពឹងថាមានគណៈប្រតិភូជាង១.០០០រូបចូលរួមកិច្ចប្រជុំនេះ។ ពួកគេសុទ្ធតែជាអ្នកជំនាញបេតិកភណ្ឌ ឬទាំងអស់ និងអ្នកជំនាញមកពីអង្គការយូណេស្កូ ហើយនេះពិតជាឱកាសដ៏ធំធេងមួយដើម្បីដាក់តាំងរូបចម្លាក់ដែលត្រូវបានបញ្ជូនត្រឡប់មកវិញនេះ”។
បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្រុមអ្នកជំនាញនឹងសម្រេចថា តើរូបចម្លាក់លុតជង្គង់នេះនឹងយកទៅដាក់តាំងនៅសារមន្ទីរជាតិក្នុងរាជធានីភ្នំពេញ ឬក្នុងក្រុងសៀមរាប។
លោកស្រី អ៊ែន ឡឺម៉េស្ត្រា (Anne Lemaistre) តំណាងប្រចាំប្រទេសរបស់អង្គការយូណេស្កូ បានមានប្រសាសន៍ថា លោកស្រីមានសេចក្តីរីករាយពេលបានដឹងអំពីការប្រគល់រូបចម្លាក់លុតជង្គត់នេះមកវិញភ្លាមៗនោះ។
លោកស្រី អ៊ែន ឡឺម៉េស្ត្រា បានថ្លែងថា “ ក្នុងនាមយូណេស្កូ យើងសូមសម្តែងនូវការអបអរចំពោះកាយវិការនេះ។ការបង្ហាញរូបចម្លាក់នេះ [នៅឯកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក] នឹងផ្តល់ឲ្យឃើញនូវតម្លៃយ៉ាងខ្ពង់ខ្ពស់នៃរូបចម្លាក់នេះនិងជាឱកាសមួយដើម្បីថ្លែងអំណរគុណនៅចំពោះមុខក្រុមអ្នកជំនាញមកពីទូទាំងពិភពលោក”។
លោក ឯក ថា បានអំពាវនាវដល់សារមន្ទីរផ្សេងទៀតឲ្យប្រគល់រូបចម្លាក់ដែលគេលួចយកទៅនោះមកឲ្យកម្ពុជាវិញ ប៉ុន្តែលោកបានបដិសេធមិនបង្ហាញប្រាប់ស្ថាប័នទាំងនោះទេ។
កាសែត ញូវយ៉ក ថែម៍ បានរាយការណ៍ថា រូបចម្លាក់ដាក់តាំងនៅសារមន្ទីរដេនវ័រ (Denver Art Museums)សារមន្ទីរក្លេវ័រឡិន(Cleveland)និងសារមន្ទីរ ណកតុន ស៊ីម៉ុន (Norton Simon) នៅរដ្ឋកាលីហ្វូញា៉ ក៏ត្រូវបានគេជឿថា មានរូបចម្លាក់ដែលត្រូវគេលួចពីប្រាសាទកោះកេរ ដែរ។
លោក ឯក ថា បានថ្លែងថា “ យើងកំពុងអំពាវនាវដល់សារមន្ទីរផ្សេងទៀតឲ្យធ្វើតាមសារមន្ទីរ ម៉េត្រូប៉ូលីទែននេះ។វាជាគំរូមួយសម្រាប់សារមន្ទីរផ្សេងទៀត ហើយថា ប្រសិនបើសារមន្ទីរទាំងនោះកាន់កាប់ឬមានរូបចម្លាក់ខ្មែរ ដោយខុសច្បាប់ ពួកគេគួរតែប្រគល់រូបចម្លាក់ទាំងនោះឲ្យមកកម្ពុជាវិញ”។
លោកបានបន្តថា បច្ចុប្បន្ន រដ្ឋាភិបាលកំពុងប្រមូលភ័ស្តុតាងក្នុងករណីបែបនេះមួយចំនួន។
ក្នុងឆ្នាំ២០១១ ការិយាល័យនៅក្រុងញូវយ៉ករបស់ហាងលក់រូបចម្លាក់ឡាយឡុង សុថេប៊ី បានព្យាយាមដាក់លក់រូបចម្លាក់អ្នកចម្បាំងសម័យអង្គរមួយ ប៉ុន្តែរូបចម្លាក់នេះត្រូវបានរឹបអូស បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលអាមេរិកបានដាក់ពាក្យបណ្តឹងប្តឹងជួសមុខឲ្យកម្ពុជា ដើម្បីឲ្យប្រគល់រូបចម្លាក់នេះមកកម្ពុជាវិញដោយស្របច្បាប់។
ការបើកសវនាការដើម្បីកំណត់ម្ចាស់កម្មសិទ្ធិនៃរូបចម្លាក់អ្នកចម្បាំង ត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះក្នុងទីក្រុងញូវយ៉ក៕
ប្រែសម្រួលដោយ ចេវ ប៊ុននី