យោងតាមលិខិតមួយច្បាប់ផ្ញើជូនក្រសួងមហាផ្ទៃកាលពីសប្ដាហ៍មុន បានឲ្យដឹងថាលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានស្នើថា យុទ្ធនាការឃោសនាបោះឆ្នោតគួរតែត្រូវបានហាមឃាត់នៅតាមផ្លូវនិងសួនសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
ប្រសិនបើត្រូវបានអនុវត្តមែននោះបញ្ជីឈ្មោះតំបន់មួយចំនួនដែលលោកបានស្នើឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហាមឃាត់មិនឲ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងរឹតបន្ដឹងគណបក្សនយោបាយមិនឲ្យផ្សព្វផ្សាយសាររបស់ខ្លួនក្នុងតំបន់សំខាន់ៗ ដែលមានប្រជាពលរដ្ឋរស់នៅច្រើន។
នៅក្នុងចំណោមផ្លូវមួយចំនួនដែលមានការស្នើសុំឲ្យហាមឃាត់ គឺមហាវិថីព្រះនរោត្ដមមហាវិថីព្រះមុន្នីវង្ស មហាវិថីម៉ៅសេទុង មហាវិថីព្រះសីហនុ និងមហាវិថីសុធារស ក៏ដូចជាផ្លូវលេខ១៨២ មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវមួយចំនួនទៀតជុំវិញព្រះបរមរាជវាំង។
ការស្នើរបស់លោក ប៉ា សុជាតិវង្ស ក៏មានរួមបញ្ចូលការហាមមិនឲ្យធ្វើយុទ្ធនាការនៅក្នុង ឬនៅជុំវិញផ្សារថ្មី ផ្សារអូរឫស្សី ផ្សារអូរឡាំពិក ផ្សារទួលទំពូង ផ្សារដេប៉ូ និងផ្សារដើមគផងដែរ។ សំណើនោះក៏បានស្នើមិនឲ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមសួនច្បារនៅជុំវិញព្រះបរមរាជវាំងវាលព្រះមេរុនៅខាងមុខសារមន្ទីរជាតិ សួនច្បារនៅមុខវត្តបទុម សួនច្បារនៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅជុំវិញវត្តភ្នំ សួនច្បារនៅ មុខសណ្ដាគារកាំបូឌីយ៉ាណា និងណាហ្កាវើល ក៏ដូចជាសួនច្បារលោក ហ៊ុន សែន ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុ ត្រូវរឹតបន្តឹងចំពោះគណបក្សនយោបាយចូល។
លិខិតចុះកាលបរិច្ឆេទកាលពីថ្ងៃព្រហស្បតិ៍នេះបានលើកឡើងថា ការរឹតបន្ដឹងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជាផ្លូវការចន្លោះពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៧ ខែកក្កដា គឺជារឿងចាំបាច់ “ ដើម្បីធានាសន្ដិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់គណបក្សនយោបាយទាំងអស់ និងដើម្បីចៀសវាងការកកស្ទះចរាចរណ៍ដែលរំខានដល់អ្នកធ្វើដំណើរ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្ដរជាតិផងដែរ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានលើកឡើងកាលពីម្សិលមិញថា លោកមិនបានឃើញលិខិតពីសាលារាជធានីភ្នំពេញឡើយ ប៉ុន្ដែលោកបានប្រឆាំងនឹងបម្រាមដែលនឹងហាមឃាត់មិនឲ្យគណបក្សនយោបាយប្រាប់អ្នកបោះឆ្នោតពីគោលនយោបាយបក្សពេលបោះឆ្នោត។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ យើងជំទាស់ទៅនឹងបម្រាមដែលហាមឃាត់មិនឲ្យធ្វើដំណើរនៅលើផ្លូវមួយចំនួនអំឡុងការឃោសនាបោះឆ្នោត ពីព្រោះទីណាដែលមានប្រជាពលរដ្ឋរស់នៅគណបក្សនយោបាយត្រូវតែផ្ដល់សារនយោបាយទៅឲ្យប្រជាពលរដ្ឋដែលរស់នៅទីនោះ”។
លោកបានបន្ថែមថា “ខ្ញុំនឹងត្រួតពិនិត្យសំណើរបស់សាលារាជធានីភ្នំពេញ ដើម្បីចង់ដឹងថា តើវាផ្ទុយពីរដ្ឋធម្មនុញ្ញ ឬក៏គោលនយោបាយប្រជាធិបតេយ្យ ឬក៏អត់”។
លោក ប៉ា សុជាតិវង្ស មិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមអំពីលិខិតនេះបានទេ ដោយលោកបានលើកឡើងថា លោកកំពុងតែរង់ចាំការឆ្លើយតបពីក្រសួងមហាផ្ទៃចំពោះសំណើរបស់លោក៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង