38 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃចក្រ​ភព​អង់​គ្លេស​មើល​ឃើញ​ឱកាស​វិនិយោគ​នៅ​ប្រ​ទេ​ស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ​ឡត ​ស្តេហ្វិន ​ហ្គ្រីន ​(Lord Ste phen​ G​reen​) ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​វិនិ​យោគ​​នៃ​ចក្រភព​អង់គ្លេស ​​មា​ន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា ​សហគ្រា​ស​អាជីវកម្ម​អង់គ្លេស ​មិន​ទាន់​ផ្តោត​អារ​ម្ម​ណ៍​គ្រប់​គ្រាន់​ ទៅលើ​តំបន់​អាស៊ាន​ នៅ​ឡើយ​ទេ ​ជាពិសេស​ប្រទេស​កម្ពុជាតែ​ម្ត​ង​ ​ហើយ​លោក​សង្ឃឹមថា ​នឹង​បាន​​ឃើញ​មា​នការ​ប្រែ​ប្រួល​នា​ពេ​ល​ខាង​មុខ​។

​អំឡុង​ពេល​ចាប់​ផ្តើម​បំពេញ​ដំណើរ​ទ​ស្ស​នកិច្ច​រយៈ​ពេល​ពីរ​សប្តាហ៍​ ​មក​កាន់​តំ​បន់​អាស៊ី​អាគ្នេយ៍​ ​នៅ​ក្នុងរាជ​ធានីភ្នំពេ​ញ ​​លោក ហ្គ្រីន​ ​បាន​មាន​ប្រសាសន៍​ថា ​ដោ​យ​សារ​តែ​សាក​លលោក​កំពុង​ប្រឈ​មមុខ​នឹង​វិបត្តិ​ ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​បណ្តា​ប្រទេស​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ជា​ដៃ​គូ​ពាណិ​ជ្ជកម្ម​ជា​ប្រពៃណី​របស់​ចក្រភព​អង់គ្លេស ​នៅតំបន់​អឺរ៉ុប ​មាន​កម្រិត​ទាប​ ខ​ណៈដែល​ឱកាស​វិនិ​យោគ​ទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​កើតឡើង​នៅ​បណ្តា​ប្រទេស​ ដែល​មា​នកំណើន​សេដ្ឋកិច្ច​ខ្ពស់ នៅ​​តំបន់​អា​ស៊ី ​ហើយ​បច្ចុប្បន្ន​ កំពុង​តែ​ជំរុញ​សេដ្ឋកិច្ច​សាក​លលោក​ឲ្យ​រើប​ឡើង​វិញ​។​

​លោក​បាន​មានប្រសាសន៍​ថា “ ​រដ្ឋម​ន្ត្រី​​​បីរូប​មក ពី​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស​បាន​មក​បំពេញ​ទស្ស​នកិច្ច​ នៅ​ប្រទេស​កម្ពុ​ជា​ ​ក្នុង​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ​នេះ​។​ ចំណុច​នេះ​​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ​ចក្រភព​អង់គ្លេស​​មាន​ឆន្ទៈ​ខ្ពស់ ​ក្នុងការ​ពង្រឹង​ទំនា​ក់​ទំនង​ជា​មួយ​ប្រទេស​នេះ​”។ ​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ទៀតថា ​កា​រិយា​ល័យ​ពាណិជ្ជ​កម្ម​ឆ្លង​ដែន ​និង​វិនិយោគ​ថ្មី​រ​បស់​ចក្រភព​អង់គ្លេស ​នៅ​ស្ថានទូត​អង់គ្លេ​ស​ បាន​ចាប់​ផ្តើម​​​ដំណើរការ​ក្នុងខែ​មក​រា​។

​លោក ​ម៉ាក​ ហ្គូដឌី​ង ​(Mar​k Go​oding) ឯក​អគ្គ​រាជ​​​ទូត​ចក្រភព​អង់គ្លេស​ប្រចាំ​រាជ​ធានីភ្នំ​ពេញ​ ​បាន​មានប្រសា​សន៍ថា ​វិស័​យ​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ចក្រភព​អង់គ្លេស​​ និង​ប្រទេស​កម្ពុជា​ ​បាន​កើនឡើង​ដល់​៧៥​០​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០១២​ ហើយ​នឹ​ង​បន្ត​កើនឡើង​។ ​លោក​​​​មាន​ប្រសាស​ន៍ថា “ ​សម្រាប់​ត្រីមាស​ដំបូង​​នៃ​ឆ្នាំ​នេះ​ ​ទំ​ហំ​ពាណិជ្ជ​កម្ម​ បាន​កើន​ឡើង​២៤​​ភាគរយ​ក្នុ​ង​ឆ្នាំ​នេះ បើ​ធៀបនឹង​ឆ្នាំ​២០១២​”។

​ទំនិញ​នាំ​ចេញសំខាន់​ៗ​របស់​ចក្រភព​អង់គ្លេស ​មក​ផ្គត់​ផ្គង់​លើ​ទីផ្សារ​នៃប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១២​ ​រួម​មាន​ ​យាន​ជំនិះ​​​សរសៃ អំបោះ ​និង​ក្រណាត់​ ​គ្រឿងម៉ាស៊ី​ន​ ​និង​ផលិត​ផល​វេជ្ជសាស្ត្រ​ ​និង​ឱសថ​ ចំ​ណែក​ឯ​ទំនិញ​សំខាន់​ៗ​នាំចេញ​ ពី​ប្រទេស​ក​ម្ពុជា​ទៅ​​ផ្គ​ត់​ផ្គង់​លើ​ទីផ្សារ​ចក្រភព​អង់​គ្លេ​​ស​ ​រួ​ម​មាន​ ​សម្លៀក​បំពាក់​ស្បែក​ជើង​ ​ស្ក​រស​​ ​និង​គ្រាប់​ធញ្ញជាតិ​។

​លោក ​ហ្គ្រីន ​បាន​សរសើរ​ក្រុម​ហ៊ុន​មក​ពី អ​ង់គ្លេស​ដែល​កំពុង​តែ​ធ្វើ​ប្រតិ​បត្តិការ​​នៅ​ប្រទេស​កម្ពុជា​ ​សម្រាប់​ការ​ចូល​រួម​ក្នុង​ដំ​ណើរ​ការ​អភិវឌ្ឍន៍​ទាំង​មូល ​និង​ការ​ជួយ​ស​ហគមន៍​មូល​ដ្ឋាន​ ​ហើយ​ថែ​មទាំង​បាន​ទ​ទួល​ស្គាល់ផ​ងដែរថា ​កត្តា​ប្រឈ​ម​សំខាន​់ៗ​នៅ​តែ​កើត​ឡើង​ចំពោះ​ការ​វិនិ​យោគ​។

​លោក ហ្គ្រីន​ ​បាន​មានប្រសាសន៍បន្ត​ថា “ ប្រទេស​កម្ពុជា ​នៅតែ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​រចនា​សម្ព័ន្ធ​កម្លាំង​ពល​កម្ម​ ដែលមាន​ត​ម្លៃ​ទាប​​ ដោយ​មាន​កម្លាំង​គាំទ្រ​ពី​វិស័យ​កា​ត់​ដេរ​ ក៏ប៉ុន្តែ ​កត្តា​នេះ​មិន​ស្ថិត​ស្ថេរ​ទេ​ ដូ​ច្នេះ​ប្រទេស​កម្ពុជា​ ​ត្រូវ​​តែ​មានផែនការ​ប​ង្កើន​ចំនួន​ឧស្សា​ហកម្ម​របស់​ខ្លួន​បន្ថែម​ទៀ​ត​។ លោក​បាន​លើកឡើង​បន្ថែម​ទៀតថា​​​ រំហូរ​ចូល​នៃវិនិយោគ​ ​និងឱនភាព​ថាមព​ល​ក៏ជា​បញ្ហា​ប្រឈម​ដ៏ធំ​មួយ​ផង​ដែរ​។​

​លោក ​ហ្គ្រីន ​ដែល​ធ្លាប់​ធ្វើ​ជា​ប្រធា​ន​ធនា​គារ​ HSBC ក៏​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នូ​វ​សមាគម​អតីត​និស្សិត​កម្ពុជា ​សម្រាប់​និ​ស្សិត​កម្ពុជា ដែល​បាន​ទៅ​សិក្សា​នៅក្នុង​ចក្រ​ភ​ព​​​​អង់​គ្លេស​ផង​ដែរ​។ ​គួររំឭកថា ​ធនាគារ​ HSBC ​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​លាង​លុយ​កខ្វក់​ កាលពីឆ្នាំ ២០១២​ ដែ​ល​តម្រូវ​ឲ្យ​ធនា​គារ​នេះ​ចំណាយ​ប្រាក់​ ១,​៩​ពាន់​លាន​ដុល្លារ​ ដើម្បី​ដោះ​ស្រាយ​ពិន័យ​ទាំងឡាយ​​៕​
ប្រែ​សម្រួល​ដោយ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស