យោងតាមសេចក្តីថ្លែងការណ៍ របស់សមាគមតស៊ូមតិក្នុងស្រុកមួយបានឲ្យដឹងថា សមាគមដែលតំណាងឲ្យអ្នករួចជីវិតពីរបបខ្មែរក្រហមនេះ កំពុងស្វះស្វែងដកប្រធានរបស់ខ្លួនគឺលោក ជុំ មុី ដោយសារតែគាត់បានយកការងាររបស់សមាគមនេះទៅធ្វើនយោបាយតាមរយៈការដឹកនាំការតវ៉ាដ៏ធំមួយ កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង។
លោក ជុំ មុី បានអំពាវនាវឲ្យមានការតវ៉ា ដើម្បីទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិសូមអភ័យទោសចំពោះពាក្យសម្តីរបស់គាត់ ដែលបានអះអាងថា វៀតណាមបានប្រឌិតភ័ស្តុតាងថា ខ្មែរក្រហមបានដាក់ពន្ធនាគារ និងធ្វើទារុណកម្មប្រជាពលរដ្ឋជាច្រើនពាន់នាក់នៅឯគុកទួលស្លែង។
លោក ជុំ មុី ដែលជាអ្នករួចជីវិតពីគុកទួលស្លែងក្នុងចំណោមអ្នករួចជីវិតពីរបីនាក់នោះ បានអះអាងថា សមាគមជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានលោកជាប្រធាននោះ មិនបានពាក់ព័ន្ធនៅក្នុងការតវ៉ាប្រឆាំងនឹងលោក កឹម សុខា នោះទេ។
លោក ជុំ ម៉ី ដែលបានមានប្រសាសន៍ថា រដ្ឋាភិបាលមិនបាននៅពីក្រោយខ្នងការតវ៉ាដែលគាត់ដឹកនាំនោះ បាននិយាយគាំទ្រដល់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលតវ៉ា ខណៈពេលដែលអាជ្ញាធរមូលដ្ឋានបានផ្គត់ផ្គង់ថ្លៃធ្វើដំណើរ និងបដាឲ្យអ្នកដែលចូលរួមការតវ៉ាកាលពីថ្ងៃអាទិត្យ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចុះកាលបរិច្ឆេទថ្ងៃសៅរ៍ និងទទួលបានកាលពីម្សិលមិញ បានឲ្យដឹងថា សមាគមជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យហៅសមាគមក្សេមក្សាន្តបានលើកឡើងថា ទង្វើរបស់លោក ជុំ ម៉ី បានធ្វើឲ្យប៉ះពាល់ដល់ការប្ដេជ្ញាចិត្តរបស់សមាគមនេះក្នុងការរក្សាអព្យាក្រឹតភាព ក្នុងរឿងនយោបាយ។
សមាគមនេះ លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ដែលមានការយល់ព្រមពីសមាជិកជាន់ខ្ពស់ប្រាំបួនរូបលើកលែងតែលោក ជុំ ម៉ី ថា“ ទង្វើរបស់លោក ជុំ ម៉ី នេះ គឺផ្ទុយពីស្មារតីរបស់សមាគម ដែលមានបំណងស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះតាមរយៈតុលាការ ដើម្បីជួយបន្ធូរការឈឺចាប់របស់ជនរងគ្រោះ បង្រួបបង្រួមមាតុភូមិ និងប្រឆាំងរាល់ការប៉ុនប៉ងណាមួយដើម្បីធ្វើឲ្យប្រទេសជាតិបែកបាក់”។
សេចក្ដីថ្លែងការណ៍នេះ បានបន្ថែមទៀតថា“ សមាគមក្សេមក្សាន្តមិនត្រូវជាប់ពាក់ព័ន្ធនឹងនយោបាយទេ និងត្រូវនៅជាអព្យាក្រឹតគ្រប់កាលៈទេសៈទាំងអស់។ ដូច្នេះហើយ គណៈកម្មាធិការប្រតិបត្តិរបស់សមាគមក្សេមក្សាន្តបានសុំឲ្យលោក ជុំ មីុ ពិចារណាឡើងវិញអំពីតួនាទីរបស់គាត់ ដើម្បីរក្សាមិត្តភាពដែលសមាជិកសមាគមក្សេមក្សាន្តទាំងអស់គ្នាមានរហូតមកទល់ពេលនេះ”។
សេចក្ដីថ្លែងការណ៍បន្តថា សមាគមនឹងកោះប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មីជំនួសលោក ជុំ មីុ ប៉ុន្តែមិនបាននិយាយថា នឹងបោះឆ្នោតនៅពេលណានោះទេ។
គ្មានមន្ត្រីណាម្នាក់នៅក្នុងចំណោមមន្ត្រីទាំងប្រាំបួនរូប ដែលចុះហត្ថលេខានៅលើសេចក្ដីថ្លែងការណ៍នេះអាចទាក់ទងសុំការធិប្បាយបានទេ។
លោក ជុំ មុី ដែលមានអាយុ៨៣ឆ្នាំ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកពុំមានបំណងលាលែងពីតំណែងដោយស្ម័គ្រចិត្តទេ ប៉ុន្តែលោកក៏មិនប្រឆាំងដែរ ប្រសិនបើសមាជិកគណៈកម្មាធិការប្រតិបត្តិផ្សេងទៀតបោះឆ្នោតដកគាត់ចេញនោះ។
លោកមានប្រសាសន៍ថា “ ប្រសិនបើគេបោះឆ្នោតទម្លាក់ខ្ញុំ អំឡុងកិច្ចប្រជុំរបស់សមាគមនេះ ខ្ញុំសប្បាយចិត្តនឹងចាកចេញ”។ លោកបន្ថែមថា លោកក៏នឹងបរិច្ចាគប្រាក់ចំនួន៤០០ដុល្លារ ឲ្យទៅអតីតសហការីរបស់គាត់ផងដែរ នៅពេលដែលគាត់ចាកចេញ។
លោក ជុំ មីុ ដែលធ្វើជាជាងម៉ាសីុនឲ្យរដ្ឋាភិបាលអស់រយៈពេល១៤ឆ្នាំ ហើយពេលនេះធ្វើការឲ្យលោក ម៉ុង រិទ្ធី សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជន និងជាសេដ្ឋីពាណិជ្ជកម្មនោះ នៅតែបន្តអះអាងថា រដ្ឋាភិបាលមិនបានលូកដៃ នៅក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិនៅតែប្រកាន់គោលជំហររបស់ខ្លួនថា លោក កឹម សុខា មិនដែលចោទប្រកាន់ប្រទេសវៀតណាមថា បានប្រឌិតឧក្រិដ្ឋកម្មនៅឯគុកទួលស្លែងនោះទេ ហើយថា ប្រធានស្តីទីរបស់គណបក្សនេះក៏បានទទួលស្គាល់ពេញទំហឹងថា ខ្មែរក្រហមជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនេះ។
គណបក្សសង្គ្រោះជាតិបានចោទរដ្ឋាភិបាលថា បានកាត់តខ្សែអាត់សំឡេងរបស់លោក កឹម សុខា ដែលបង្កឲ្យមានបញ្ហាចម្រូងចម្រាស និងចោទថា បានប្រើប្រាស់លោក ជុំ មីុ ឲ្យរៀបចំការតវ៉ា កាលពីថ្ងៃអាទិត្យេនះ ដែលរដ្ឋាភិបាលបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធនោះទេ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា