27 C
Phnom Penh

ជំហរ​បក្ស​ប្រឆាំង​លើ​​ប្រទេស​វៀតណាម​​អាច​បញ្ឆេះ​សង្គ្រាម​ស៊ីវិល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​និយាយ​អំពី​ប្រទេស​កម្ពុជា​​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​មុន​​ពេល​បោះ​ឆ្នោត​ជាតិ​នាខែ​កក្កដា​​ បាន​បន្ដ​កាល​ពី​ម្សិលមិញ​ នៅ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ម្ដង​ទៀត​ថា ជ័យ​ជម្នះ​​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នេះ​​​អាច​នាំ​ឲ្យ​​មានអំពើ​ហ​ិង្សា​ទូទាំង​ប្រទេស​ ដែល​អាច​​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ជិត​ខាង​ផងដែរ​។

ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន កើត​មាន​ឡើង​ត្រឹម​តែ​ពីរ​ថ្ងៃ​​ប៉ុណ្ណោះ​ បន្ទាប់​ពី​​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​​ដែល​លើក​ឡើង​ថា ការ​សម្រេច​របស់​រដ្ឋ​សភា​កាល​ពី​សប្ដាហ៍​មុន​ក្នុងការ​​​​ដកតំណែង​របស់​​សមាជិក​សភា​២៧​រូប​មក​ពី​គណបក្ស​ប្រឆាំង​ បាន​បង្កើត​ឲ្យ​មាន​​លក្ខខណ្ឌ​ជាមុន​សម្រាប់​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ថ្លែង​ទៅ​កាន់​អ្នក​ភូមិ​នៅ​ក្នុង​ពិធិ​សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​មួយ​ នៅ​ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង លោក​ ហ៊ុន សែន បាន​អះអាង​ថា ការ​អំពាវ​នាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​​ពេល​ថ្មីៗ​នេះ​​ ​​ឲ្យ​យក​​ដី​​មាន​ជម្លោះ​កាល​ពី​មុន​ៗ​ជាមួយ​ប្រទេស​វៀតណាម​មក​វិញ​នោះ​​​នឹង​​បង្ក​​ឲ្យ​មាន​អំពើ​ហិង្សា​។
លោក ហ៊ុន សែន បាន​ប្រាប់​មនុស្ស​ជា​ច្រើន​ថា “ ខ្ញុំ​មាន​សញ្ញា​​ពិត​ប្រាកដ​បង្ហាញ​​ថា  សង្គ្រាម​នឹង​កើត​ឡើង​​ប្រសិន​បើ​​មនុស្ស​ទាំង​​នេះ​​ជាប់​​បោះ​ឆ្នោត​”។ លោក​បាន​បន្ថែម​ថា “ នឹង​មាន​ទាំង​សង្គ្រាម​ផ្ទៃក្នុង និង​សង្គ្រាម​ខាង​ក្រៅ​ ជាពិសេស​សង្គ្រាម​ជាមួយ​ប្រទេស​​​វៀតណាម​”។

លោក​​មាន​ប្រសាសន៍​​ដោយ​ប្រើ​ឈ្មោះ​​ជា​ភាសាខ្មែរ​សម្រាប់​ទីក្រុង​ហូជីមិញ​ និង​កោះ​នៅ​ក្នុង​សមុទ្រ​​វៀតណាម ​​ដែល​គេ​ហៅ​​ជា​ភាសាវៀត​ណាម​ ហ្វូ កុក នោះ ថា “ លើក​នេះ​​ពួក​គេ​មិន​គ្រាន់​តែ​ទាម​ទារ​កោះ​ត្រល់​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ក៏​ទាម​ទារ​យក​ព្រៃ​នគរ​ផង​ដែរ​។​​ពួក​គេ​កំពុង​តែ​បង្កើត​សង្គ្រាម​​​សម្ងាត់​ជាមួយ​ប្រទេស​វៀតណាម​”។

លោក ហ៊ុន សែន បាន​អះអាង​ថា គណ​បក្ស​សង្គ្រោះ​ជាតិនឹង​ញុះញង់​ឲ្យ​​មាន​សង្គ្រាម​​​ជួរ​មុខ​ចំនួន​ពីរ ​​ដោយ​​ការ​​ផ្ដន្ទាទោស​អតីត​សមាជិក​ខ្មែរ​ក្រហម​ដែល​កំពុង​មាន​មុខ​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ និង​​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្ដរជាតិ​ក្នុង​ទីក្រុង​ឡាអេ​ ​រឿង​​ដែន​ដី​​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម​។

លោក​បាន​ថ្លែង​ថា “ ​ទីក្រុង​ហូជីមិញ​មាន​ប្រជា​ជន​ច្រើន​ជាង​ប្រជា​ជន​សព្វ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​​ទៅ​ទៀត​​។ ទីក្រុង​នេះ​មាន​ប្រជា​ពល​រដ្ឋ​ជាង​១៥​លាន​នាក់​ ហេតុ​ដូច្នេះ​ហើយ​បញ្ហា​នេះ​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​”។ (​ប្រជា​ជន​នៅ​ទីក្រុង​ហូជីមិញ​សព្វ​ថ្ងៃ​មាន​ប្រហែល​ប្រាំបីលាន​នាក់​)។ លោក ហ៊ុន សែន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា សុន្ទរកថា​​រយៈ​ពេល​៥ម៉ោង​និង​២០​នាទី​ ដែល​លោក​បាន​ថ្លែង​​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ឆ្នាំ​មុន​ ដែល​បង្ហាញ​​ពី​គោល​ជំហរ​របស់​លោក​ស្ដី​ពី​បញ្ហា​ព្រំ​ដែន​ជាមួយ​ប្រទេស​វៀតណាម​​ នឹ​ង​បន្ដ​​ចាក់​​ផ្សាយ​ឡើង​វិញ​​តាម​ស្ថានីយវិទ្យុ​ និង​ស្ថានីយទូរទស្សន៍​ទាំង​រដ្ឋ​និងឯកជន​ ហេតុ​ដូច្នេះ​អ្នក​បោះ​ឆ្នោត​នឹង​ដឹង​អំពី​គោល​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​អំពី​ជម្លោះ​ដែន​ដី​ជាមួយ​ប្រទេស​​​នៅ​ខាង​កើត​​ខ្លួន​។

កាល​ពី​ថ្ងៃ​សៅរ៍​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​គំរាម​ប្ដឹង​សមាជិក​គណបក្ស​ប្រឆាំង​ ចំពោះ​​ការ​​និយាយចោទ​​គណបក្ស​ប្រជា​ជន​កម្ពុជាថា​​បាន​​អនុញ្ញាត​ឲ្យ​ជន​ជាតិ​វៀតណាម​ចូល​ក្នុង​ប្រទេស​កម្ពុជា​។

ដោយ​មាន​គោល​បំណង​ប្រមូល​ភ័ស្ដុ​តាង​​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ លោក​ ហ៊ុន សែន កាល​ពី​​ម្សិលមិញ បាន​អំពាវ​នាវ​ឲ្យ​​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៅ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​​ថត​សំឡេង​​​​ពាក្យ​សម្តី​ទាំង​អស់​​របស់​សមាជិក​គណបក្ស​ប្រឆាំង​ដែល​ចោទ​ប្រកាន់​គណ​បក្ស​​​​ប្រជាជន​កម្ពុជា​របស់​លោក​​​ពី​បទ​ផ្គាប់​ចិត្ត​ប្រទេស​វៀតណាម ដើម្បី​យក​ទៅ​បក​ប្រែ​​​ ហើយ​បន្ទាប់​មក​បញ្ជូន​ភ័ស្តុតាង​​ដែល​បាន​ប្រមូល​ទាំង​អស់​ទៅ​កាន់​ស្ថាន​ទូត​ និង​អង្គការ​​សិទ្ធិ​មនុស្ស​​ទាំង​អស់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា “ ហេតុ​​ដូច្នេះ​ហើយ​ឥឡូវ​នេះ​សូម​បក​​ប្រែ​គ្រប់​ពាក្យ​​ដែល​ពួក​គេ​បាន​ប្រើ​ ដើម្បី​ប្រមាថ​គណបក្ស​ប្រជាជន​កម្ពុជា​ រួម​ទាំង​​ពាក្យ​​ថា ​ធ្វើ​ជា​​អាយ៉ង​​​និង​យកក្បាល​​វៀត​ណាម​​​ដាក់​លើ​ខ្លួន​ខ្មែរ​ ហើយ​បញ្ជូន​ពាក្យ​ពេចន៍​ទាំង​អស់​នោះ​​ទៅ​ឲ្យ​ស្ថាន​ទូត​ទាំងអស់​ ជា​ពិសេស​ទី​ភ្នាក់ងារ​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​អង្គការ​លីកាដូ និង​អង្គការ​អាដហុក​ ពីព្រោះ​ពួក​គេ​​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ទេ​”។

លោក​ស្រី មូរ សុខហួរ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​​កាល​ពី​ម្សិលមិញ​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​គ្មាន​មូល​ដ្ឋាន​​ទាល់​តែ​សោះ​​ ដោយ​ចាត់​ទុក​ថា ​មនុស្ស​​តែ​ម្នាក់​​គត់​ដែល​មាន​អំណាច​គ្រប់​គ្រាន់​​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នោះ​​គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្លួន​ឯង​​តែ​ម្តង​។

លោក​ស្រី មូរ សុខហួរ ​ថ្លែង​ថា “ ​វា​គ្មាន​សង្គ្រាម​ទេ​ ពី​ព្រោះ​បញ្ហា​ព្រំ​ដែន​ដែល​យើង​​បាន​ពិភាក្សា​ គឺ​ជា​បញ្ហា​​ផ្លូវ​​ច្បាប់​។ យើង​គ្មាន​អាវុធ​មួយ​ដើម​​ឡើយ​ ហេតុ​ដូច្នេះ​ហើយ​​តើ​យើង​អាច​បង្ក​សង្គ្រាម​បាន​យ៉ាង​​ម៉េច​​ទៅ​?”។​ទោះ​ជា​យា៉ាង​ណា​ លោក​ស្រី​បាន​អះអាង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នៅ​តែ​តស៊ូ​ពុះ​ពារ​ ​ដើម្បី​​យក​ដី​​មាន​ជម្លោះ​កាល​ពី​មុន​ៗ​ជាមួយ​ប្រទេស​វៀតណាម​ត្រឡប់​មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ​ ដោយ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ឡាអេ​។

លោក​ស្រី​បាន​លើក​ឡើង​ថា “ យើង​មាន​ឆន្ទៈ​យ៉ាង​មុត​មាំ​ ក្នុង​ការ​ធ្វើ​ដូ​ច្នេះ។​ ប្រសិន​បើ​នរណា​ម្នាក់​គ្មាន​ឆន្ទៈ​មោះ​មុត​ក្នុង​ការ​​ធ្វើ​ដូច្នេះទេ​​ ពួក​គេ​អាច​ចុះ​ចេញ​ពី​តំណែង​ ហើយ​​ទុក​ឲ្យ​យើង​​ជា​អ្នក​ធ្វើ​វិញ​”។

កាល​ពីម្សិលមិញ លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​​មិន​ជឿ​ថា​មាន​សង្គ្រាម​សីុវិល​កើត​ឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​គិត​ថា សង្គ្រាម​អាច​​កើត​ឡើង​នោះ​ទេ។​​វា​មិន​ងាយ​មាន​​​សង្គ្រាម​ស៊ីវិល​នោះទេ ពី​ព្រោះ​អ្នក​គាំ​ទ្រ​​គណបក្ស​ទាំង​ពីរ​មិន​ប្រើ​អំពើ​ហិង្សា​​​នោះ​ទេ​​ បើ​ប្រៀប​ធៀប​ទៅនឹង​ការ​បោះ​ឆ្នោត​លើក​​មុន​ៗ ហើយ​រហូត​មក​ដល់​ពេល​េនះ​​ យើង​មិន​​​ឃើញ​នរណា​ម្នាក់​ត្រូវ​គេ​សម្លាប់​ ឬក៏​​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​​​​នយោ​​​បាយ​​ឡើយ”។

លោក​បាន​ថ្លែង​ថា ប្រសិន​បើ​​មាន​​បញ្ហា​អ្វី​នោះ​ លោក សម រង្ស៊ី ន​ិង​​អ្នក​គាំទ្រ​គាត់​ងាយ​រ​​​ង​គ្រោះ​ជាង​​ពេល​មុន​ទៅ​ទៀត​ “ ពី​ព្រោះ​ពួក​​គេ​គ្មាន​អាវុធ​” ចំណែក​ឯ​​​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​​ដោយ​សារ​​មាន​ទំនាក់​ទំនង​ជាមួយ​​គណបក្សប្រជា​ជន​កម្ពុជា​​ចាប់​​​តាំង​ពី​ឆ្នាំ​១៩៩៣​មក ​មិន​សុខ​ចិត្ត​​​ធ្វើ​ឲ្យ​បាត់​បង់​អ្វី​ដែល​ខ្លួន​មាន​​​នោះទេ​។

លោក​បាន​មានប្រសាសន៍​ថា “ ទាំង​នេះ​គ្រាន់​តែ​ជា​ការ​គំរាម​កំហែង​ និង​ការ​បំភិត​បំភ័យ​ប៉ុណ្ណោះ។ មាន​ការ​គំរាម​កំហែង ពី​ព្រោះ​អាច​មាន​ការ​ផ្លាស់​ប្ដូរ​សន្លឹក​ឆ្នោត​​ច្រើន​​​​ណាស់​​ នៅ​ពេល​គណបក្ស​ប្រឆាំង​ទំនង​ជា​ទទួល​បាន​សន្លឹក​ឆ្នោត​បន្ថែម​ពី​ប្រជា​ពល​រដ្ឋ​នោះ​”៕
ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស