38.1 C
Phnom Penh

លោក វណ្ណ ម៉ូលីវណ្ណ​ ស្ថាបត្យករដ៏ល្បីគាំទ្រ​គណបក្ស​ប្រឆាំង​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យ​ករ​ដ៏​ល្បី​នៅ​​ក្នុង​ប្រទេស​កម្ពុជា​​ដែល​បាន​គូរ​ប្លង់​​​អគារ​​ប្រវត្តិសាស្រ្ត​​ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្រោយ​ពេល​ឯករាជ្យ​នោះ​បាន​គាំទ្រ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ដោយ​ចំហ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ​ថ្ងៃទី​២៨​ខែកក្កដា។

លោក វណ្ណ ម៉ូលីវណ្ណ​ អាយុ​៨៦ឆ្នាំ ជា​អ្នក​​គាំទ្រ​​សម្តេច​ឪ​​​ នរោត្តម សីហនុ និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​បាន​មាន​ប្រសាសន៍ថា គណបក្ស​ប្រឆាំង​ដែល​ទើប​តែ​បង្កើត​ថ្មី គឺ​ជា​ក្តី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​ការ​អភិវឌ្ឍ​​​រាជធានីភ្នំពេញ នាពេល​អនាគត។

លោក វណ្ណ ម៉ូលីវណ្ណ​ បាន​មាន​ប្រសាសន៍​​ក្នុង​កិច្ច​សម្ភាស​មួយ​កាលពី​ម្សិល​មិញ​ថា “ ​ខ្ញុំ​មាន​​ជំនឿ​ថា យើង​មិន​អាច​បន្ត​អភិវឌ្ឍ​​​ក្រុង​​ភ្នំពេញ​តាម​វិធី​ដែល​បាន​ធ្វើ​អំឡុង​ពី​រ​ទសវត្សរ៍​កន្លង​មក​​នេះ​ទេ”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ការ​អភិវឌ្ឍរាជធានី​ក្រោម​គណបក្ស​កាន់​អំណាច​​​បាន​ធ្វើ​ដោយ​គ្មាន​ក្រិត្យក្រម​ ឬ​​រៀប​ចំ​ប្លង​់​ត្រឹម​ត្រូវ​​និង​​គិត​ទុក​ជាមុន​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍ថា “  ​[ម្នាក់​ៗ​] ចាប់​យក​ដី​លក់​ឲ្យ​ជន​បរទេស​ ហើយ​ពេល​នេះ​ជន​បរទេស​សង់​អគារ​ខ្ពស់​ដោយ​គ្មាន​​ប្លង់​​ត្រឹម​ត្រូវ​​”។ លោក​បន្ថែម​ថា គម្រោង​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​រាជធានី​ដូច​ជា​ ប្រព័ន្ធ​លូ​ថ្មី​ក្នុង​រាជធានី​នោះ​ មិ​ន​ត្រូវ​បាន​រដ្ឋា​ភិបាល​កម្ពុជា​ដឹក​នាំ​ធ្វើ​នោះ​​ទេ​ ប៉ុន្ដែ​បែរ​ជាអង្គការ JICA ដែល​ជា​​​​ទី​ភ្នាក់​ងារ​ផ្តល់​ជំនួយ​​ជប៉ុន ចេញ​​​មុខ​ធ្វើ​ទៅ​វិញ​។

លោក​មាន​ប្រសាសន៍ថា​ “ ខ្ញុំ​អាច​និយាយ​​​​ថា ភ្នំពេញ​ត្រូវ​បាន​សង្គ្រោះ​ដោយ​​អង្គការ​ JICA​ ហើយ​ប្រាសាទ​អង្គរ​វត្ត​នៅ​ខេត្ត​សៀម​រាប​ត្រូវ​បាន​សង្គ្រោះ​ដោយ​អង្គការ​យូណេស្កូ សហការ​ជា​មួយ​​​បារាំង​ និង​ជប៉ុន​”។

លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​មាន​ប្រសាសន៍ថា ​លោក​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​លោក វណ្ណ ម៉ូលីវណ្ណ​ គាំ​ទ្រ​គណបក្ស​ប្រឆាំង​​ទេ​ ព្រោះ​ពី​មុន​គាត់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក យឹម សុវណ្ណ​ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ការ​គាំទ្រ​របស់លោក វណ្ណ ម៉ូលីវណ្ណ​ និង​បាន​លើក​ឡើង​ថា​ នេះ​បង្ហាញ​​​​ថា មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​កំពុង​តែ​បែរ​មក​រក​គណបក្ស​ប្រឆាំង​វិញ​ហើយ​។​

លោក យឹម សុវណ្ណ បាន​មានប្រ​សាសន៍​ថា “ [ការ​គាំ​ទ្រ​របស់​លោក វណ្ណ ម៉ូលីវណ្ណ]​នឹង​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រជា​​ប្រិយ​ភាព​ថែម​ទៀត​”៕​
​ប្រែ​សម្រួល​ដោយ ​ហម សុផណ្ណា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស