អាជ្ញាធរបានឲ្យដឹងកាលពីម្សិលមិញថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍បានចោទប្រកាន់បុរសបីនាក់ពីបទចាប់ស្ត្រីអាយុ២៩ម្នាក់រំលោភបូកនៅក្នុងសង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ប៊ុន វុទ្ធី នាយប៉ុស្តិ៍នគរបាលសង្កាត់ព្រែកឯងបានមានប្រសាសន៍ថា បុរសបីនាក់ ដែលមានឈ្មោះ ពុធ ឃារ៉ា អាយុ២៤ឆ្នាំ រៀម ម៉ូណូ អាយុ១៨ឆ្នាំ និង គឹម បញ្ញា អាយុ២២ឆ្នាំ បានជិះម៉ូតូចូលទៅជិតស្ត្រីជនរងគ្រោះកាលពីយប់ថ្ងៃពុធ ពេលស្រ្តីជនរងគ្រោះរូបនេះកំពុងរង់ចាំជិះម៉ូតូឌុបទៅផ្ទះ ហើយជនសង្ស័យទាំងនោះបានយល់ព្រមជូនស្ត្រីជនរងគ្រោះទៅផ្ទះ។
ផ្ទុយទៅវិញ ពួកគេបាននាំជនរងគ្រោះទៅវាលមួយនៅក្នុងសង្កាត់ព្រែកឯង ហើយពួកគេបានប្តូរវេណគ្នារំលោភម្ដងម្នាក់ៗ។
លោក វុទ្ធី បានមានប្រសាសន៍ថា “ យើងបានចាប់ខ្លួនពួកគេ ពេលនគរបាលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ”។
លោកស្រី សែម សាកូឡា ចៅក្រមស៊ើបសួរបានមានប្រសាសន៍ថា លោកស្រីបានចោទប្រកាន់បុរសទាំងបីនាក់ពីបទរំលោភបូក ហើយពេលនេះជនសង្ស័យកំពុងឃុំខ្្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារព្រៃស។
លោក ម៉េង លន ចៅសង្កាត់លង្វែកបានមានប្រសាសន៍ថា នៅក្នុងករណីមួយផ្សេងទៀតបុរសវ័យចំណាស់អាយុ៧០ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍នោះដែរនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទរំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់។
លោក ម៉េង លន បានមានប្រសាសន៍ថា “ ជនសង្ស័យ ទេព ស អាយុ៧០ឆ្នាំបានចាប់រំលោភជនរងគ្រោះពីរបីដងរួចហើយ ហើយជននេះត្រូវបានចាប់ខ្លួន ពេលនគរបាលទទួលបានពាក្យបណ្ដឹង ពីគ្រួសារជនរងគ្រោះ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា