លោក ឡត ស្តេហ្វិន ហ្គ្រីន (Lord Ste phen Green) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគនៃចក្រភពអង់គ្លេស មានប្រសាសន៍កាលពីម្សិលមិញថា សហគ្រាសអាជីវកម្មអង់គ្លេស មិនទាន់ផ្តោតអារម្មណ៍គ្រប់គ្រាន់ ទៅលើតំបន់អាស៊ាន នៅឡើយទេ ជាពិសេសប្រទេសកម្ពុជាតែម្តង ហើយលោកសង្ឃឹមថា នឹងបានឃើញមានការប្រែប្រួលនាពេលខាងមុខ។
អំឡុងពេលចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចរយៈពេលពីរសប្តាហ៍ មកកាន់តំបន់អាស៊ីអាគ្នេយ៍ នៅក្នុងរាជធានីភ្នំពេញ លោក ហ្គ្រីន បានមានប្រសាសន៍ថា ដោយសារតែសាកលលោកកំពុងប្រឈមមុខនឹងវិបត្តិ សន្ទុះកំណើនសេដ្ឋកិច្ចនៅបណ្តាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសជាដៃគូពាណិជ្ជកម្មជាប្រពៃណីរបស់ចក្រភពអង់គ្លេស នៅតំបន់អឺរ៉ុប មានកម្រិតទាប ខណៈដែលឱកាសវិនិយោគទ្រង់ទ្រាយធំជាច្រើនកើតឡើងនៅបណ្តាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ នៅតំបន់អាស៊ី ហើយបច្ចុប្បន្ន កំពុងតែជំរុញសេដ្ឋកិច្ចសាកលលោកឲ្យរើបឡើងវិញ។
លោកបានមានប្រសាសន៍ថា “ រដ្ឋមន្ត្រីបីរូបមក ពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ក្នុងរយៈពេល១២ខែចុងក្រោយនេះ។ ចំណុចនេះឆ្លុះបញ្ចាំងឲ្យឃើញថា ចក្រភពអង់គ្លេសមានឆន្ទៈខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសនេះ”។ រដ្ឋមន្ត្រីរូបនេះបានលើកឡើងបន្ថែមទៀតថា ការិយាល័យពាណិជ្ជកម្មឆ្លងដែន និងវិនិយោគថ្មីរបស់ចក្រភពអង់គ្លេស នៅស្ថានទូតអង់គ្លេស បានចាប់ផ្តើមដំណើរការក្នុងខែមករា។
លោក ម៉ាក ហ្គូដឌីង (Mark Gooding ) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វិស័យពាណិជ្ជកម្មឆ្លងដែនរវាងចក្រភពអង់គ្លេស និងប្រទេសកម្ពុជា បានកើនឡើងដល់៧៥០លានដុល្លារ កាលពីឆ្នាំ២០១២ ហើយនឹងបន្តកើនឡើង។ លោកមានប្រសាសន៍ថា “ សម្រាប់ត្រីមាសដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្ម បានកើនឡើង២៤ភាគរយក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំ២០១២”។
ទំនិញនាំចេញសំខាន់ៗរបស់ចក្រភពអង់គ្លេស មកផ្គត់ផ្គង់លើទីផ្សារនៃប្រទេសកម្ពុជាក្នុងឆ្នាំ២០១២ រួមមាន យានជំនិះសរសៃ អំបោះ និងក្រណាត់ គ្រឿងម៉ាស៊ីន និងផលិតផលវេជ្ជសាស្ត្រ និងឱសថ ចំណែកឯទំនិញសំខាន់ៗនាំចេញ ពីប្រទេសកម្ពុជាទៅផ្គត់ផ្គង់លើទីផ្សារចក្រភពអង់គ្លេស រួមមាន សម្លៀកបំពាក់ ស្បែកជើង ស្ករស និងគ្រាប់ធញ្ញជាតិ។
លោក ហ្គ្រីន បានសរសើរក្រុមហ៊ុនមកពី អង់គ្លេសដែលកំពុងតែធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជា សម្រាប់ការចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ទាំងមូល និងការជួយសហគមន៍មូលដ្ឋាន ហើយថែមទាំងបានទទួលស្គាល់ផងដែរថា កត្តាប្រឈមសំខាន់ៗនៅតែកើតឡើងចំពោះការវិនិយោគ។
លោក ហ្គ្រីន បានមានប្រសាសន៍បន្តថា “ ប្រទេសកម្ពុជា នៅតែពឹងផ្អែកយ៉ាងខ្លាំងលើរចនាសម្ព័ន្ធកម្លាំងពលកម្ម ដែលមានតម្លៃទាប ដោយមានកម្លាំងគាំទ្រពីវិស័យកាត់ដេរ ក៏ប៉ុន្តែ កត្តានេះមិនស្ថិតស្ថេរទេ ដូច្នេះប្រទេសកម្ពុជា ត្រូវតែមានផែនការបង្កើនចំនួនឧស្សាហកម្មរបស់ខ្លួនបន្ថែមទៀត។ លោកបានលើកឡើងបន្ថែមទៀតថា រំហូរចូលនៃវិនិយោគ និងឱនភាពថាមពលក៏ជាបញ្ហាប្រឈមដ៏ធំមួយផងដែរ។
លោក ហ្គ្រីន ដែលធ្លាប់ធ្វើជាប្រធានធនាគារ HSBC ក៏បានដាក់ឲ្យដំណើរការនូវសមាគមអតីតនិស្សិតកម្ពុជា សម្រាប់និស្សិតកម្ពុជា ដែលបានទៅសិក្សានៅក្នុងចក្រភពអង់គ្លេសផងដែរ។ គួររំឭកថា ធនាគារ HSBC បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវលាងលុយកខ្វក់ កាលពីឆ្នាំ ២០១២ ដែលតម្រូវឲ្យធនាគារនេះចំណាយប្រាក់ ១,៩ពាន់លានដុល្លារ ដើម្បីដោះស្រាយពិន័យទាំងឡាយ៕
ប្រែសម្រួលដោយ កង សុធា