31 C
Phnom Penh

រដ្ឋ​​​សភា​​​​​​ប្រាប់​​​សហ​រដ្ឋ​អាមេរិក​​​ឲ្យ​​​ឈប់​​​​​​ជ្រៀត​​​ជ្រែក​​​នៅ​ក្នុង​​​កិច្ច​​​ការ​ផ្ទៃ​ក្នុង​​​​របស់​​​ប្រទេសកម្ពុជា​​​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ រដ្ឋ​​​សភា​​​​​​បាន​​​រិះ​​​គន់​​​រដ្ឋា​​​ភិបាល​​​សហ​​​រដ្ឋ​​​អាមេរិក​​​ជា​​​ផ្លូវ​​​ការ​​​ចំពោះ​​​ការ​​​ជ្រៀត​​​ជ្រែក​​​ចូល​​​កិច្ច​​​ការ​​​ផ្ទៃ​​​ក្នុង​​​របស់​​​ប្រទេស​​​កម្ពុជា​​​ តាមរយៈ​​​​​​ការ​​​រិះ​​​គន់​​​​​​​​​ការ​​​ដក​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ចំនួន​​​២៧​​​រូប​​​ចេញ​​​ពី​​​តំណែង​​​​​​របស់​​​ខ្លួន​​​​​​។​​​​​​​​​​​​​​​

ក្រសួង​​​ការ​​​បរទេស​​​សហ​​​រដ្ឋ​​​អាមេរិក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​កា​​​ល​​​ពីថ្ងៃ​​​សៅរ៍​​​ថា ការ​​​ដក​​​សមាជិក​​​សភា​​​ពី​​​តំណែង​​​គឺ​​​​​​ជាការ​​​​​​​​​​​ “ ធ្វើ​​​ឲ្យ​​​បាត់បង់​​​សំឡេង​​​​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ​​​និង​​​ជាការ​​​​​​រារាំង​​​​​​ដំណើរ​​​ការ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​ក្នុង​​​ប្រទេ​​​សកម្ពុជា”​​​ មុន​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​ក្នុង​​​ខែ​​​កក្កដា​​​ ខាងមុខនេះ​​​។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ឈាង វុន សមាជិក​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​ បាន​​​បើក​​​សន្និសីទ​​​កាសែត​​​មួយ ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​សហ​​​រដ្ឋ​​​អាមេរិក​​​ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​សហ​​​រដ្ឋ​​​អាមេរិក​​​ថា ​​​បាន​​​​​​ប្រកាន់​​​​​​យក​​​ “ គំនិត​​​អាណានិគម​​” មក​​​លើ​​​ប្រទេស​​​កម្ពុជា​​​។

រដ្ឋ​​​សភា​​​​​​បាន​​​ធ្វើ​​​ដូច្នេះ​​​ដែរ​​​តាម​​​រយៈ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹមសារ​​​​​​ថា “ រដ្ឋ​​​សភា​​​ជាតិ​​​កម្ពុជា​​​​​​មានការ​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង​​​​​​ចំពោះ​​​ការ​​​… ដែល​​​​​​សហ​​​រដ្ឋ​​​អាមេរិក​​​ជ្រៀត​​​ជ្រែក​​​ចូល​​​​​​ក្នុង​​​កិច្ច​​​ការ​​​ផ្ទៃ​​​ក្នុង​​​របស់​​​រដ្ឋ​​​សភា​​​ជាតិ​​​​​​នៃ​​​​​ព្រះរាជាណាចក្រ​​​កម្ពុជា”។
សេចក្ដី​​​ថ្លែងការណ៍​​​នេះមាន​​​ខ្លឹមសារ​​​បន្ដ​​​ថា “ នេះគឺ​​​​​​ជា​​​រឿង​​​ដែល​​​មិន​​​អាច​​​ទទួល​​​យក​​​ាន​​​ទេ​។ រដ្ឋ​​​សភា​​​ជាតិ​​​​​​នៃ​​​ព្រះរាជាណាចក្រ​​​កម្ពុជា​​​មានការ​​​​​​ខក​​​ចិត្ដ​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​សេចក្ដី​​​​​​​​​ថ្លែងការណ៍​​​របស់​​​ [ក្រសួង​​​ការ​​​បរទេស] សហ​​​រដ្ឋ​​​អាមេរិក​​​ ចុ​​ះ​​​ថ្ងៃ​​​ទី​​​៨ ខែ​​​មិថុនា ​​​ឆ្នាំ​​​២០១៣… រដ្ឋ​​​សភា​​​ជាតិ​​​​​​នៃ​​​ព្រះរាជាណាចក្រ​​​កម្ពុជា​​​សូម​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា អ្វីៗ​​​ដែល​​​​​​រដ្ឋ​​​សភា​​​បាន​​​ធ្វើ​​​ ​​​គឺ​​​អនុលោម​​​ទៅ​​​តាម​​​ច្បាប់​​​ និងគ្មាន​​​ភាព​​​​លម្អៀង​​​ឡើយ​​​​”។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ​​​លោក ស៊ាន ម៉ាក់ខិន​តូស ​​​(Sean​ McIntosh)អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​អាមេរិក​​​ បាន​​​លើក​​​ឡើង​​​ថា គោល​​​បំណង​​​របស់​​​សហ​​​រដ្ឋ​​​អាមេរិក​​​ក្នុង​​​ការ​​​ចេញ​​​​​​សេចក្ដី​​​ថ្លែងការណ៍​​​នេះ​  “គឺ​​ចង់​​​ជួយ​​​លើក​​​កម្ពស់​​​ដំណើរ​​​ការ​​​ប្រជា​​​ធិប​តេយ្យ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា”​​​។

នៅពេល​​​ត្រូវបាន​​​ស្នើ​​​ឲ្យ​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំ​​​ពី​​​ការ​​​រិះ​​​គន់​​​របស់​​​រដ្ឋ​​​សភា​​​ លោក​​​  ម៉ាក់ខិន​តូស ​​​​​​​មាន​​​ប្រសាសន៍​​​ថា សហ​​​រដ្ឋ​​​អាមេរិក​​​នៅ​​​តែ​​​​​​​​​ប្រកាន់​​​តាម​​​សេចក្ដី​​​ថ្លែងការណ៍​​​របស់​​​ខ្លួន​​​។

លោក សុន ឆ័យ សមាជិក​​​សភា​​​​​​​​​​​​គណបក្ស​​​សម រង្ស៊ី ដែល​​​ស្ថិតនៅ​​​​​​ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​ទាំង​​​២៧​​​រូប​​​​​​​​​ដែល​​​ត្រូវ​​​ដក​​​​​​សមាជិក​​​ភាព​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ បាន​​​លើក​​​ឡើង​​​ថា សេចក្ដី​​​ថ្លែងការណ៍​​​របស់​​​រដ្ឋ​​​សភា​​​ ស​​​បញ្ជាក់​​​ឲ្យ​​​ឃើញ​​​ថា​​​ វា​​​ជា​​​ស្ថាប័ន​​​​​​​​​ដែល​​​មាន​​​​​​​​​បក្ស​​​​​​តែ​​​មួយ​​​​​​ជាតំណាង​​​​​​។

លោក​​​បន្តថា “ ខ្ញុំ​​​​​មិន​​​​ភ្ញាក់​​​ផ្អើល​​​​​​ទេ​​​ ព្រោះ​ថា​​​​​គណបក្ស​​​ប្រជា​ជន​​​កម្ពុជា​​​​​​កំពុង​​​ដឹក​​​នាំ​​​រដ្ឋ​​​សភា​​​​​​​​​ក្នុងនាម​​​ជា​​​គណបក្ស​​​​​​ដែល​​​មាន​​​តែ​​​មួយ​​​”។​លោក​​​បន្ថែម​​​ថា “ពួកគេ​​​តែង​​​តែ​​​បដិសេធ​​​មិន​​​​ទទួល​​​យក​​​​​​​​​​​អនុសាសន៍​​​ពី​​​​​​មជ្ឈដ្ឋាន​​​អន្ដរជាតិ​​​​​​​​​ឡើយ​​​”។

ដំបូង​​​ឡើយ​​​ រដ្ឋ​​​សភា​​​​​​បានជូន​​​​​​ដំណឹង​​​ដល់​​​សមាជិកសភា​​​មកពី​​​គណបក្ស​​​ សម ​​​រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ទាំង​​​២៧​​​រូប​​​ ព្រមទាំង​​​សមាជិក​​​​​​សភា​​​​​​​​​​​​​​គណបក្ស នរោត្ដម រណឫទ្ធិ​​​ ​​​ចំនួន​​​ពីរ​​​រូប​​​ទៀត​​​​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​ដកសមា​​​ជិក​​​ភាព​​​និង​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ហើយ​​​ ​​​ព្រោះ​​​ពួក​​​គេ​​​បាន​​​​​​បាត់បង់​​​​​​​​​សមាជិក​​​ភាព​​​នេះ​​​​​​​​​ដោយ​​​ស្វ័យ​​​​​​ប្រវត្តិ​​​​​​ពេល​​​​ដែល​​​​គណបក្ស​​​ សម ​​​រង្ស៊ី ​​​និង​​​គណបក្ស​​​សិទ្ធិមនុស្ស​​​បាន​​​រួម​​​បញ្ចូល​​​គ្នា​​​បង្កើត​​​ជា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​កាល​​​ពី​​​ម្សិលមិញ គឺជា​​​ការ​​​បញ្ជាក់​​​​​​សាជាថ្មី​​​​​​​​​ពី​​​គោល​​​ជំហរ​​​​​​​​​រដ្ឋាភិបាល​​​ដែល​​​​​​ថា សមាជិក​​​សភា​​​ទាំងនោះ​​​​​​បានចាក​​​ចេញ​​​​​​ពី​​​គណបក្ស​​​ចាស់​​​របស់​​​​​​ខ្លួន​​​​​​​​​​​​ជា​​​ស្ថាពរ​​​​​​ នៅ​​​​​​ពេល​​​ពួក​​​គេ​​​​​​ចូល​​​រួម​​​ជាមួយ​​​គណបក្ស​​​ថ្មី​​​ ​​​​​​​​​ដូច្នេះ​​​​​​ពួកគេ​​​បាន​​​បាត់បង់​​​​​​​​​សិទ្ធិ​​​កាន់​​​កាប់​​​អាសនៈ​​​​​​សភា​​​របស់​​​ខ្លួន​​​​​​​​​ដោយ​​​ស្វ័យ​​​ប្រវត្តិ​​​។

រដ្ឋ​​​សភា​​​ដែល​​​​​​​​​មាន​​​សមាជិក​​​​​​គណបក្ស​​​ប្រជា​​​​​​ជន​​​កម្ពុជា​​​ច្រើន​​​លើសលប់​​​នេះ​​​​​​​​​ បាន​​​យក​​​ច្បាប​​​់​​​ផ្សេងៗ​​​និង​​​បទបញ្ជា​​​​​​ផ្ទៃ​​​ក្នុង​​​របស់​​​ខ្លួន​​​​​​​​​មក​​​​ធ្វើ​​​​​​​​ជា​​​មូលដ្ឋាន​​​ក្នុង​​​ការ​​​ដកសមាជិក​​​ភាព​​​របស់​​​​​​សមា​​​ជិក​​​សភា​​​យ៉ាង​​​ច្រើន​​​នេះ​​​​​​។

គណបក្ស​​​ប្រឆាំង​​​បាន​​​ជំទាស់​​​​​​នឹង​​​​សេចក្តី​​​​​​​​​សម្រេច​​​នេះ ដោយបាន​​​​​​ទទូច​​​ថា​​​ សមាជិក​​​ទាំង​​​២៧​​​រូប​​​របស់​​​ខ្លួ​​​ន​​​មិន​​​ដែល​​​បាន​​​លាលែង​​​ពី​​​​​​គណ​​​បក្ស​​​ចាស់​​​របស់​​​ខ្លួន​​​ទេ​​​​​។ ក្រុម​​​អ្ន​​​ក​​​សង្កេត​​​ការ​​​ណ៍​​​ឯករាជ្យ និង​​​អ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​ ក៏​​​បាន​​​​​​ចោទ​​​សួរអំ​​​ពីការ​​​បក​​​ស្រាយ​​​ច្បាប់​​​ដែល​​​​​​រដ្ឋា​​​ភិបាល​​​បាន​​​យក​​​ធ្វើ​​​ជា​​​មូលដ្ឋាន​​​ក្នុង​​​ការ​​​​​​​​​និយាយ​​​ការពារ​​​ទង្វើ​​​របស់​​​ខ្លួន​​​ផងដែរ។

​​​លោក ឈាង វុន សមាជិក​​​សភា​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​កន្លងមក​​​តែងបាន​​​​​​រិះ​​​គន់​​​សហ​​​រដ្ឋ​​​អាមេរិក​​​ និង​​​និយាយ​​​ការពារ​​​ការ​​​ដក​​​សមាជិក​​​ភាព​​​នេះ​​​​​​​​​​​​ នៅ​​​តែ​​​ប្រកាន់​​​គោល​​​ជំហរ​​​របស់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​ម្សិលមិញថា ទង្វើ​​​របស់​​​រដ្ឋ​​​សភា​​​ គឺ​​​ស្របតាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ ប៉ុន្ដែ​​​លោក​​​បាន​​​សំដៅ​​​ដោយ​​​មិន​​​ច្បាស់លាស់​​​ទៅ​​​លើ​​​ “ បញ្ហា​​​​​​”​​​​​​​ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​​​​បទបញ្ជា​​​ផ្ទៃ​​​ក្នុង​​​របស់​​​រដ្ឋ​​​សភា​​​ ដែល​​​លោក​​​​​បដិសេធ​​​​មិនបរិយាយ​​​លម្អិត​​​។

ដោយ​​​សំដៅ​​​​​​​​​លើ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ថ្ងៃ​​​​​ទី​​​២៨ ខែ​​​កក្កដា​​​ ​​​ខាងមុខនេះ​​​ លោក​​​និយាយ​​​​​​​​​​​​ថា “​​​វា​​​នៅតែ​​​មានភាព​​​​​​ខ្វះ​​​ចន្លោះ​​​​​​​​​​​​​​​​​​​​​អ៊ីចឹង​​​​​​ ប៉ុន្ដែ​​​​​​​​​ បទបញ្ជា​​​​​​ផ្ទៃ​​​ក្នុង​​​របស់​​​រដ្ឋ​​​សភា​​​មិន​​​អាច​​​ផ្លាស់​​​ប្ដូរ​​​នៅ​​​ពេល​​​នេះ​​​បាន​​​ទេ។ យើង​​​អាច​​​និយាយ​​​​​​​​​​ពី​​​បញ្ហា​​​នេះបាន​​​​​​​​​​តែ​​​​​ក្រោយ​​​ពេល​​​​​​ដែល​​​រដ្ឋ​​​សភា​​​​​​​​​អាណត្តិ​​​ថ្មី​​​​​​​​​ត្រូវ​​​បាន​​​​​​​​​​​​បង្កើត​​​​​​​​រួច​​​រាល់​​​ប៉ុណ្ណោះ​​​​​​”។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​ ឈាង វុន បាន​​​បញ្ជា​​​ឲ្យ​​​លោក​​​ សុនឆ័យ ចាក​​​ចេញ​​​ពី​​​បរិវេណ​​​រដ្ឋ​​​សភា​​​ ហើយ​​​បាន​​​គំរាម​​​​​​យក​​​កង​​​សន្ដិសុខ​​​មក​​​នាំ​​​លោក​​​ចេញ​​​ ប្រសិន​​​បើ​​​លោក​​​​​បដិសេធ​​​មិន​​​ព្រម​​​ចាក​​​ចេញ​​​តាម​​​សម្រួល​​​នោះ​​​​​​។

លោក សុនឆ័យ បាន​​​ប្តេជ្ញា​​​​​​​​​បន្ដ​​​​​​​​​ប្រើ​​​ប្រាស់​​​ការិយាល័យ​​​របស់​​​ខ្លួន​​​នៅ​​​​​​​​​សភា​​​រហូត​​​​​​ទាល់​​​តែ​​​​​​ត្រូវគេ​​​បង្ខំ​​​ឲ្យ​​​ចាកចេញ​​​ដោយ​​​ប្រើ​​​កម្លាំង​​​៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស