31 C
Phnom Penh

​ដំណើរ​ការ​ស្មុគ​ស្មាញ​និង​ចំណាយ​ប្រាក់​ច្រើន​ ​បណ្ដាល​ឲ្យ​មាន​ការ​ធ្វើ​ចំណាកស្រុក​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​ខ្មែររាប់ពាន់​នាក់​បាន​ឆ្លង​ដែន​តាម​រយៈប៉ុស្តិ៍ត្រួតពិនិត្យ​ខុស​ច្បាប់ទៅ​រក​ការ​ងារ​ធ្វើក្នុង​ប្រទេស​ថៃ​ជា​រៀង​រាល់​ឆ្នាំ។ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ធ្វើការ​ក្នុង​ស្ថានភាព​ដូច​ជា​ទាសករ​នៅ​លើ​ទូក​នេសាទ​ខុស​ច្បាប់​។ ប្រជា​ពល​ខ្លះ​ទៀត​បាន​ធ្វើ​ការ​នៅ​តាម​រោង​ចក្រ​តាមរយៈ​ការ​ចំណាយ​ប្រាក់​ខុស​ច្បាប់ជាដើម។​​​
ជា​រឿយៗ​វាជា​ជម្រើស​ចុងក្រោយ​ប្រកប​​ដោយ​គ្រោះ​ថ្នាក់​ និង​ភាព​មិន​ច្បាស់លាស់​ ហើយ​សម្រាប់​ពលករ​ចំណាក​ស្រុក​ជាច្រើន វាជា​ជម្រើស​ប្រាកដ​ប្រជា​ជាង​ការ​ធ្វើ​ដំណើរ​​មក​កាន់​រាជ​ធានី​ភ្នំពេញ​ដើម្បី​បំពេញ​បែប​បទ​សុំ​ធ្វើលិខិតឆ្លង​ដែន​ដែលមាន​ភាព​ស្មុគ​ស្មាញ និង​ចំណាយ​ប្រាក់​ច្រើននោះ​។

បើ​ទោះ​ជា​ក្រសួង​មហាផ្ទៃ​​លើក​ឡើង​​​កាលពី​ដើម​ខែ​នេះ​ថា ខ្លួន​នឹង​បើក​ការ​ិយា​ល័យលិខិតឆ្លងដែនថ្មី​មួយ​កន្លែង​ទៀត​នៅក្នុង​ខេត្ត​បាត់​ដំបង​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែលរស់នៅ​ក្នុង​ខេត្ត​ភាគ​ខាងលិច​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លង​ដែនក៏ដោយ ក៏​ពេល​ឥឡូវ​នេះ​យើង​មាន​តែ​ការ​ិយាល័យ​លិខិត​ឆ្លង​ដែន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា ​​​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ។

លោក​ មាន​ សំអូន អ្នក​ភូមិ​ម្នាក់​មក​ពី​ស្រុក​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយមាន​ជ័យ ​បាន​មាន​​​ប្រសាសន៍ថា“ យើង​មិន​ចង់​ប្រថុយ​ប្រថាន​អាយុ​ជីវិត​របស់​យើង​ដោយ​ការ​ឆ្លងដែន​ខុស​​ច្បាប់​ឡើយ… ប៉ុន្តែ​តម្លៃ​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​គួរ​តែ​កាត់​បន្ថយ​មក​នៅ​ទាប​បំផុត”។

លោក​មាន​ប្រសាសន៍ថា អ្នក​ភូមិ​ជាច្រើន​នៅ​ក្នុង​តំបន់​របស់​លោក​បាន​សម្រេច​ចិត្ត​ទៅ​ស្វែង​រក​ការ​ងារ​ធ្វើ​ក្នុង​ប្រទេសថៃ​ បន្ទាប់ពី​ពួក​គាត់​ត្រូវ​បានក្រុម​ហ៊ុន​កសិឧស្សាហ​កម្ម​ឯក​ជន​​បណ្តេញ​ពួកគាត់​ចេញ​ពី​ដី​ធ្លី​របស់​ខ្លួន​ ហើយ​ថា ការ​ទៅ​ធ្វើការ​នៅ​ទី​នោះ​ដោយ​ស្រប​ច្បាប់​​តាម​ធម្មតា​ចំណាយ​ប្រាក់​ច្រើន​ណាស់។
លោក សំអូន មាន​ប្រសាសន៍ថា  “ យើង​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​​ធ្វើ​លិខិត​ឆ្លងដែន​ដើម្បី​ទៅ​រក​ការ​ងារ​ធ្វើក្នុង​នាម​ជា​ជន​ចំណាកស្រុក​ស្រប​ច្បាប់​ឡើយ​ដោយ​សារ​វា​ចំណាយ​ប្រាក់​ច្រើន​ពេក”។
លោក​បាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា អ្នក​ភូមិ​មួយចំន​ួន​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​​ព្រមព្រៀង​ចំណាយ​ប្រាក់​រហូត​ដល់​២៥០ដុល្លារ​ដើម្បី​ពន្លឿន​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​នោះ។

អ្នក​ភូម​ិជា​ច្រើន​នាក់ដែលបាន​ធ្វើ​ដំណើរ​មក​ការ​ិយាល័យលិខិត​ឆ្លង​ដែន​រយៈពេល​ពី​រ​សប្តាហ៍កន្លង​មក​នេះ​និយាយថា ដំណើរ​​ការ​បំពេញ​បែ​បបទ​ធ្វើ​លិខិត​ឆ្លង​ដែន​ចំណាយ​​ពេល​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ​  ហើយ​បាន​និយាយ​​ថា តាម​ធម្មតា​វា​ចំណាយ​ពេល​ច្រើន​សប្តាហ៍​យូរ​ជាង​រយៈពេល​ផ្លូវការ​២០ថ្ងៃ​ដើម្បី​ទទួល​បាន​លិខិត​ឆ្លង​ដែន​របស់​ខ្លួន​ទៅ​ទៀត។

មុន​ដំបូង​ យើង​ត្រូវ​ទិញពាក្យបំពេញ​បែប​បទ​ក្នុង​តម្លៃ​១.៥០០រៀល​ រួច​ថត​ចម្លង​អត្ត​សញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ​ ឬ​សំបុត្រ​កំណើត​​ហើយ​កិបចូលគ្នា​ ហើយ​ដាក់​ជូន​ដើម្បី​សុុំការ​បញ្ជាក់​បន្ថែម​ដែល​ត្រូវ​ចំណាយ​ប្រាក់​១.០០០រៀល​ទៀត។

បន្ទាប់មក​ អ្នក​ត្រូវ​ដាក់​ពាក្យ​​នោះ​ដោយ​មាន​ស្នាមផ្តិតមេដៃផង ហើយ​បន្ត​ទៅ​ថត​រូបក្នុង​តម្លៃ​៤ដុល្លារទៀ​ត​ ហើយ​ចុង​ក្រោយ​ត្រូវ​គេ​សម្ភាស ហើយ​សុំ​បង់​ប្រាក់​សរុប​ចំនួន​១២៤ដុល្លារ​ បន្ទាប់ពី​នោះ​ គេ​ចេញ​វិក្កយ​បត្រ​មួយ​សន្លឹក​ដោយ​មាន​កាលបរិច្ឆេទ​ត្រូវ​មក​យក​លិខិត​ឆ្លង​ដែន​របស់ខ្លួន។

ចំពោះ​តម្លៃ​វិញ​ អ្នក​រត់ការ​នឹង​ជួយ​បំពេញ​​បែបបទ​នោះ​ ហើយ​បញ្ជូន​ឯកសារ​នោះ​តាម​​រយៈ​មន្ត្រី​សំខាន់​ៗ​មួយ​ចំនួន​។ តាម​ធម្មតា អ្នក​ដាក់​ពាក្យ​ត្រូវ​បង់​ប្រាក់​ឲ្យ​អ្នក​រត់​ការ​នោះក្នុង​តម្លៃ១៣៥ដុល្លារ ​ដើម្បីទទួល​បាន​លិខិត​ឆ្លង​ដែន​ក្នុង​រយៈ​ពេល​ប្រាំមួយ​សប្តាហ៍ និង​ចំណាយ​ប្រាក់​១៨៥ដុល្លារ​ដើម្បី​ទទួល​បានក្នុង​រយៈ​ពេល​បី​សប្តាហ៍ ហើយ​ចំណាយ​ប្រាក់​២៨៥​ដុល្លារ​ដើម្បី​ទទួលបានក្នុង​រយៈ​ពេល​​មួយ​សប្តាហ៍។

និស្សិត​ឈ្មោះ​ យ៉ាង សុខព្រឿង អាយុ​២៣​ឆ្នាំ​ដែល​កាលពី​ថ្ងៃ​ពុធ​បាន​ចំណាយ​ប្រាក់​ឲ្យ​អ្នក​រត់ការ​ចំនួន​១៨៥​ដុល្លារ​ដោយ​សារ​ខ្លួន​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​បន្តការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់​ខ្លួន​នោះ បាន​និយាយថា“ យើង​ក្រី​ក្រណាស់ ហើយ​វា​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង​ដែល​ជា​ប្រទេស​មាន​​ជាង​យើង​ទៅទៀត”។

និស្សិត​រូបនេះ​បាន​និយាយ​ទៀត​ថា “ ខ្ញុំ​មិន​ដឹង​ព័ត៌មាន​លម្អិត​ឡើយ ហើយ​ខ្ញុំ​ចង់​ធ្វើ​វា​ឲ្យ​បាន​ឆាប់”។
សម្រាប់​ពលករ​ចំណាកស្រុក​ដែល​ដាក់​ពាក្យ​​តាម​រយៈ​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ដែល​សន្យាថា​នឹង​រក​ការ​ងារ​ឲ្យ​ពួកគេ​ធ្វើ​នៅ​ក្រៅ​ប្រទេស​នោះ​ គឺ​ចំណាយ​ប្រាក់​កាន់តែ​ច្រើន​ទៀត​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​នោះ។

យ៉ុង យ៉ែន អាយុ​២៦ឆ្នាំ​ ​និយាយ​ថា​“ ខ្ញុំ​បាន​​ចំណាយ​ប្រាក់​៥០០ដុល្លារ ​ ដូច្នេះ​គេ​អាច​​រក​ការ​​ងារ​ឲ្យ​ខ្ញុំ​ធ្វើ​នៅ​ក្នុង​រោង​ចក្រ​អេឡិច​ត្រូនិក​ក្នុង​ទី​ក្រុង​បាងកក។ វាថ្លៃ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បារម្ភខ្លាចតែ​ពួកគេ​មិន​ធ្វើ​វាឲ្យ​ខ្ញុំទេ”។

យ៉ុង យ៉ែន​ បាន​និយាយបន្ថែម​ទៀត​ថា គាត់​​​សង្ឃឹមថា នឹង​ទទួលបាន​ការ​ងារ​ធ្វើ​ឆាប់​ៗនេះ​​ដើម្បីបាន​ប្រាក់ផ្ញើ​មក​សង​ឪពុក​ម្តាយ​ខ្លួន​​ ដែល​ជា​កសិករ​ និងដែល​បាន​ប្រមែ​ប្រមូល​​ប្រាក់​សន្សំ​មក​ឲ្យ​ខ្លួន​។

កាលពី​ខែ​ធ្នូ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​រិះគន់​បណ្តាញ​ព័ត៌មាន​កម្ពុជា​ដែលបាន​សម្ភាសតំណាង​អង្គការ​មិន​​មែន​រដ្ឋាភិបាល​ “ ល្ងីល្ងើ” ម្នាក់​ដែល​​​លើក​ឡើង​ថា ពលករ​ចំណាក​ស្រុក​ខុស​​ច្បាប់​ជាច្រើន​​បាន​ទៅ​រក​ការ​ងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ​ដោយ​សារ​តែ​ការ​ធ្វើ​លិខិត​ឆ្លងដែន​កម្ពុជា​ចំណាយ​ប្រាក់​ច្រើន​ពេក។

ប៉ុន្តែ​ ខណៈដែល​រដ្ឋាភិបាល​​លើក​ឡើង​​​ថា មាន​ប្រជា​ពល​រដ្ឋ​ខ្មែ​រ​ជាង​ ១០០.០០០នាក់​ទៅ​រក​ការ​ងារ​ធ្វើ​ស្របច្បាប់​ក្នុង​ប្រទេស​ថៃ​នោះ អ្នក​ជំនាញ​ការ​ងារ​បានន​ិយាយ​ថា មាន​ពលករ​ចំណាកស្រុកខុសច្បាប់​ប្រមាណ​៦០០.០០០​នាក់​ឆ្លង​ដែន​ទៅ​រក​ការ​ងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ​រៀង​រាល់​ឆ្នាំ​។

លោក វុធ ផល្លី ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ និង​​លិខិត​ឆ្លង​ដែន​នៅ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍ថា មាន​ប្រជា​ពល​រដ្ឋ​មក​ដាក់​ពាក្យ​ធ្វើ​លិខិត​ឆ្លង​ដែន​កាន់តែ​ច្រើនជាង​មុន។

លោក​បាន​មាន​ប្រសាសន៍ថា  មាន​ប្រជា​ពល​រដ្ឋ​ចាប់ពី​៨០០នាក់​ដល់​៩០០​នាក់​បាន​ធ្វើដំណើរ​មក​កាន់ការិ​យាល័យ​លិខិត​ឆ្លង​ដែន​ដែលស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ​រៀង​រាល់​ថ្ងៃ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំមុន​ដែលមាន​ប្រជា​ពលរដ្ឋ​ជាមធ្យម​ប្រហែល​៥០០នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃៗ។

​លោក ផល្លី មាន​ប្រសាសន៍ថា“ ពលករ​ចំណាកស្រុក​គឺ​ជា​ផ្នែកមួយ​ដ៏សំខាន់​ចំពោះ​កំណើន​នៃចំនួន​អ្នក​ដាក់​ពាក្យ​ធ្វើ​លិខិត​ឆ្លង​ដែន​ ចំណែក​ឯការ​ប្រសើរឡើង​នៃ​ស្ថាន​ភាព​​សេដ្ឋកិច​្ច​របស់​ប្រជា​ពលរដ្ឋ​វិញ​មាន​ន័យថា​ ពួកគាត់​កំពុង​ប្រើ​ប្រាស់​សេវាកម្ម​របស់​យើង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​ថៃ​ និង​ប្រទេស​វៀត​ណាមជាដើម”។

លោក​បាន​បន្ថែ​មថា បច្ចុប្បន្ននេះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជាង​១,៥លាននាក់​មាន​លិខិត​ឆ្លងដែន។
លោក ផល្លី​ ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា តម្លៃ​ផ្លូវ​ការ​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លង​ដែនគឺ (១២៤ដុល្លារ)​ ហើយ​រយៈពេល​រង់​ចាំ​ផ្លូវ​ការ​​​២០ថ្ងៃ​នោះគឺ​ “ គ្រប់​គ្រាន់​ហើយ” បើ​ប្រៀប​​ធៀបនឹង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់។

ប៉ុន្តែ​ លោក ហ៊ុយ ពេជ្រសុវណ្ណ មន្ត្រី​កម្ម​វិធី​​​​សិទ្ធិ​ពល​ករ​ចំណាក​ស្រុក​នៅ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ ជា​អង្គការ​សិទ្ធិការ​ងារ​បាន​មាន​ប្រសាសន៍ថា មិន​ចាំ​បាច់​សង្ស័យ​ទេ​ថា ដំណើរ​ការ​ដាក់ពាក្យ​ធ្វើ​លិខិត​ឆ្លង​ដែន​​គឺ​ថ្លៃ​ និង​ប្រើ​ពេល​វេលាយូរ​គឺ​ជា​កត្តាចម្បង​ដែល​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែ​រ​ភាគច្រើន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការ​ងារ​ខុស​ច្បាប់​នោះ។

លោក​បាន​មាន​ប្រសាសន៍ថា “ វាថ្លៃ​ខ្លាំង​ណាស់។ វាត្រូវ​​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​មក​កាន់​រាជ​ធានី​ភ្នំពេញទៀត ហើយ​ប្រជា​ពល​រដ្ឋ​ជា​ច្រើនប្រហែលជា​ត្រូវ​​ស្នាក់​នៅ​មួយ​យប់ ដោយ​​សារ​ខ្វះ​ព័ត៌មាន​ថា តើ​ពេលណា​ដែល​ពួកគាត់​ត្រូវ​ទៅ​កាន់​ការិយាល័យនោះ​វិញ មាន​ន័យថា ពួកគាត់​មិនដឹង​ថា តើត្រូវ​ធ្វើ​អ្វី​ឡើយ​ ពីព្រោះ​ពួកគាត់​មិន​សូវមាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​​ផងនោះ”៕
ប្រែសម្រួលដោយ​ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស