26 C
Phnom Penh

សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ព្រាង​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៤​ មុន​ការ​បោះឆ្នោ​ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្វីបើ​នៅសល់​តែ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​ដល់​ថ្ងៃ​បោះឆ្នោត​ជាតិ​ ខណៈ​សមាជិក​សភា​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​ដក​សមាជិក​ភាព​រហូត​ដល់​ថ្ងៃ​បង្កើត​​រដ្ឋាភិបាល​ថ្មីមួយ​ក្នុង​ខែ​កញ្ញានោះ រដ្ឋសភា​ជាតិ​បាន​បន្ត​ការងារ​របស់​ខ្លួន​ក្នុង​ការ​ព្រាង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ក្រោយ​ កាលពីម្សិលមិញ។

ដោយ​គ្មាន​ការ​ចូល​រួម​ពី​សមាជិក​សភា​គណ​បក្ស​ប្រឆាំង​ទាំង​២៧​រូប ដែល​ត្រូវ​បាន​​ដក​សមាជិក​ភា​ព​ដោយគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​រដ្ឋសភាជាតិ កាលពីសប្ដាហ៍​មុន​នោះ ​សមាជិក​សភា​គណបក្ស​កាន់​អំណាច​រួម​ទាំ​ងលោក​ គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ និង​លោក ជាម យៀប សមា​​ជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បើក​សម័យ​ប្រជុំ​ ដើម្បី​ចាប់​ផ្ដើម​ព្រាង​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០១៤​។

សម័យ​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អំពាវ​នាវ​ពីលោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាលពីថ្ងៃទី២ ខែមិថុនា ឲ្យ​រដ្ឋាភិបាល​របស់​លោក​ចាប់​ផ្ដើម​ការងារ​របស់​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​ ទោះបីជា​គណបក្ស​របស់​លោក​មិន​ទាន់​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​របស់​ពួកគេ​ថ្ងៃទី​២៨ ខែ​កក្កដា ក៏ដោយ​ចុះ ។

ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​កាលពីម្សិលមិញ​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ​ បាន​លើក​ឡើង​ថា ពេល​នេះកំពុង​មាន​ការ​ប្រឹង​ប្រែង​ធានា​ឲ្យ​បាន​ថា​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៣របស់​លោក ហ៊ុន សែន ​ត្រូវ​​បាន​ត្រៀម​រួច​ជាស្រេច​​សម្រាប់​ការ​អនុវត្ត​​​ក្រោយ​ពេល​ប្រកាស​លទ្ធផល​ភ្លាម​នៅ​ខែក្រោយនេះ។

លោក ហេង សំរិន បានមាន​ប្រសាសន៍​ថា​“ឆ្នាំ​២០១៤ គឺ​ជា​ឆ្នាំថ្មី​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​ ដែលនឹង​​ត្រូវបាន​រៀប​ចំ​​ឡើង​ដោយគណបក្ស​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ក្នុង​ការ​បោះ​ឆ្នោត​សាកល​សម្រាប់​អាណត្តិ​ទី៥ ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៣”។

លោក ហេង សំរិន បាន​មាន​ប្រសាសន៍​បន្ត​ថា “រដ្ឋាភិបាល​បច្ចុប្បន្ន​ក្រោម​ការ​ដឹក​នាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បន្ត​ពង្រឹង​គោល​នយោបាយ​មុនៗរបស់​ខ្លួន​ ហើយ​ឥឡូវ​នេះកំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣ ផ្អែក​លើ​បទ​ពិសោធ បញ្ហា​ដែល​ខ្លួន​បាន​​ប្រឈម​ និង​មេរៀន​ល្អៗដែលខ្លួន​បាន​រៀន​សូត្រ​ក្នុង​រយៈពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ។​យើង​នឹង​ឈ្នះ​ម្ដង​ទៀត​ ដូច្នេះ​គឺ​មិនចាំ​​បាច់​សង្ស័យ​​ទេ។ សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ពេល​​ខាង​មុខ​ និង​រហូត​ដល់​ឆ្នាំ​២០១៨​ លោក​ ហ៊ុន​សែន នឹង​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ជា​នាយក​រដ្ឋមន្ត្រី​។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយសេរី និង​យុត្តិធម៌នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា សមា​ជិក​សភា​គណបក្ស​ប្រជាជន​បានឆ្លៀត​ឱកាស​​យ​ក​សម័យ​ប្រជុំ​សភា​នេះ ​ទៅ​ផ្សព្វ​ផ្សាយ​អំពី​ការ​សន្យា​បន្ត​ការ​អភិវឌ្ឍ​រឹត​តែ​ខ្លាំង​មុន​ការ​បោះ​ឆ្នោត​។

លោកបាន​មាន​ប្រសាសន៍​ថា “ពួកគេ​និយាយ​បែប​នេះ​នៅ​ពេល​នេះ​ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​តាម​រយៈ​ការ​ប្រាប់​ប្រជា​ជន​ថា ក្រោយ​ពេល​ឈ្នះឆ្នោត​ ពួកគេ​នឹង​ចំណាយ​ប្រាក់​អភិវឌ្ឍ​នេះ អភិវឌ្ឍនោះ”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះជាតិ ​បាន​លើក​ឡើង​ថា សម័យ​ប្រជុំ​នោះគឺ​គ្មាន​ប្រយោជន៍ឡើយ​​ ព្រោះ​គណបក្ស​របស់​​លោក​នឹង​កែប្រែ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ពេល​គណបក្ស​របស់​ខ្លួន​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ចូល​កាន់​អំណាច​នៅ​ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ។

លោក​បានមានប្រសាសន៍​ថា “ពួកគេ [គណបក្ស​ប្រជា​ជន​កម្ពុជា​] អាច​ធ្វើ​អ្វី​តាម​ចិត្ត​ចង់​នៅពេល​នេះ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​ធ្វើ​ការ​កែប្រែ​ក្រោយ​ពេល​យើង​ឈ្នះការ​បោះ​ឆ្នោត​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស