ក្នុងការវិវឌ្ឍ ដែលកាន់តែមានភាពជូរចត់ហួសពីការស្មានមួយ មុនថ្ងៃបោះឆ្នោតជាតិនាខែក្រោយ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានបើកសន្និសីទកាសែតមួយដោយចោទប្រកាន់គណបក្ស ប្រជាជនកម្ពុជាថាបានធ្វើយុទ្ធនាការប្រើល្បិចស្មោកគ្រោក ខណៈស្ត្រីម្នាក់ស្រាប់តែបង្ហាញខ្លួន ហើយអះអាងថា ជាស្រីកំណាន់ដែលត្រូវលោក កឹម សុខា បោះបង់ចោល និងបន្សល់ទុកនូវភាពឈឺចាប់អស់រយៈពេលជាយូរមកហើយ។
ស្ត្រីឈ្មោះ កែវ សុផាណ្ណារី អាយុ៤១ឆ្នាំនេះ ត្រូវបានទូរទស្ស ន៍អប្សរា ដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន សម្ភាសជាលើកដំបូងកាលពីដើមខែនេះ អំពីទំនាក់ទំនងលួចលាក់របស់ខ្លួនជាមួយលោក កឹម សុខា។
រឿងស្រីកំណាន់របស់លោក កឹម សុខា នេះគឺជាការវិវឌ្ឍថ្មីបំផុតដែលបានធ្វើឲ្យ កេរ្ដិ៍ឈ្មោះរបស់មេដឹកនាំគណបក្សប្រឆាំងរូបនេះជួបនឹងបញ្ហា។
កាលពីខែមុន រដ្ឋាភិបាលបានចេញផ្សាយខ្សែអាត់សំឡេងរបស់លោក កឹម សុខា ដែលបានលើកឡើងថា គុកទួលស្លែងរបស់ខ្មែរក្រហម ក្នុងទីក្រុងភ្នំពេញ ត្រូវបានប្រឌិតឡើងដោយប្រទេសវៀតណាម។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបើកសន្និសីទសារព័ត៌មាននៅទីស្នាក់ការបក្ស កាលពីម្សិលមិញ ដោយបានចោទប្រកាន់គណបក្ស ប្រជាជនកម្ពុជាថា បានលួចប្រមែប្រមូលមនុស្ស ជាច្រើនក្រុម នៅក្នុងខេត្តកំពត និងខេត្តតាកែវ ដោយសម្ងាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មករំខានយុទ្ធនាការឃោនារបស់លោក តាមរយៈការចាក់តន្ត្រីខ្លាំងៗ និងការប្រើរថយន្ដដឹកទំនិញជាច្រើនគ្រឿង ដើម្បី រាំងផ្លូវរបស់លោក។
លោក កឹម សុខា បានមានប្រសាសន៍ថា “ ខេត្តកណ្ដាលមានសកម្មភាពខ្លាំងក្លាជាងនៅខេត្តផ្សេងៗ នេះប្រហែលជាដោយសារតែលោកនាយករដ្ឋមន្ត្រី ជាបេក្ខជនតំណាងរាស្ត្រនៅទីនោះហើយ។ សំណាងណាស់ដែលនៅទីនោះមានអ្នកគាំទ្ររបស់យើងជាង១.០០០នាក់ ដែលបានជួយនាំខ្ញុំចេញពីទីនោះ។ នេះជាល្បិ ចដ៏អាក្រក់ និងថោកទាប”។
លោកបានមានប្រសាសាន៍បន្ថែមថា “ ខ្ញុំ និងគណបក្សសង្គ្រោះជាតិសូមអំពាវនាវឲ្យ រដ្ឋាភិបាលរក្សាស្ថិរភាពនយោបាយ និងសន្ដិសុខ ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌… និងឲ្យទប់ស្កាត់ការប៉ះទង្គិចនិងការប្រើអំពើហិង្សាព្រមទាំងធានាឲ្យបានថា គណបក្សទាំងអស់អាចប្រកួតប្រជែងដោយស្មើភាពគ្នា”។
លោកបានថ្លែងបន្តទៀតថា “ យើងព្រួយបាម្ភអំពីសន្ដិសុខរបស់យើង ហើយរដ្ឋាភិបាលដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ”។
ខណៈលោក កឹម សុខា កំពុងថ្លែងនៅក្នុងទីស្នាក់ការបក្ស អ្នកស្រី កែវ សុផាណ្ណារី បានមកដល់មុខរបងទីស្នាក់ការនេះ ជាមួយម្ដាយរបស់ខ្លួនឈ្មោះ សម ផល្លា។
អ្នកស្រីបានប្រកាសប្រាប់ក្រុមអ្នកយកព័ត៌មាន ដែលកំពុងប្រមូលផ្ដុំគ្នាថា អ្នកស្រី និងមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាលួចលាក់នេះ នៅក្នុងឆ្នាំ១៩៩៨ ហើយថែមទាំងបានសុំកូនគេមកចិញ្ចឹមចំនួនពីរនាក់ ដែលឥឡូវនេះម្នាក់មានអាយុ៦ឆ្នាំ និងម្នាក់ទៀតអាយុ៨ឆ្នាំទៀតផង។
អ្នកស្រីបាននិយាយថា “ គាត់បានចាកចេញពីខ្ញុំកាលពីប្រាំឆ្នាំមុន ហើយបានសន្យា ផ្ដល់ប្រាក់មួយចំនួនឲ្យខ្ញុំ”។ អ្នកស្រី កែវ សុផាណ្ណារី អះអាងថា អ្នកស្រីបានព្យា យាមទាក់ទងលោក កឹម សុខា ជាច្រើនលើកច្រើនសាមកហើយ ប៉ុន្ដែគ្មានបានផលអ្វីឡើយ។ អ្នកស្រីបានបដិសេធថា មិនត្រូវបានគេបង្ខំឲ្យទម្លាយរឿងនេះជាសាធារណៈទេ។
អ្នកស្រីបាននិយាយថា “ គ្មាននរណាជួលខ្ញុំឲ្យធ្វើដូច្នេះទេ។ ខ្ញុំមកទីនេះដោយសារកំហឹងរបស់ខ្ញុំ”។ អ្នកស្រីបានបន្ថែមថា “ ខ្ញុំមកទីនេះ ទាមទារឲ្យគាត់ផ្ដល់ប្រាក់ឧបត្ថម្ភដល់ខ្ញុំខ្លះ ព្រោះខ្ញុំបានវះកាត់បេះដូង និងបាក់ដៃម្ខាង” ទោះបីជាដៃទាំងពីររបស់អ្នកស្រីមើលទៅមិនឃើញកើតអ្វីក៏ដោយចុះ។
អ្នកស្រី កែវ សុផាណ្ណារី បានឲ្យដឹងថា អ្នកស្រីក៏បានដាក់ពាក្យបណ្ដឹងប្ដឹងលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញកាលពីដើមឆ្នាំនេះផងដែរ ដោយបានទាមទារប្រាក់ចំនួន១០.០០០ដុល្លារ ហើយត្រូវបានសាកសួរដោយចៅក្រមស៊ើបសួរគឺលោក ពេជ្រ ម៉ារ៉េន រួចហើយ។ លោកចៅក្រម ពេជ្រ ម៉ារ៉េន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានស្នើឲ្យបញ្ជាក់ពីរឿងនេះ។
លោក កឹម សុខា ដែលបានរៀបអាពាហ៍ពិពាហ៍រួចហើយ និងមានកូនពេញវ័យពីរនាក់ក្នុងបន្ទុកផងនោះ បានចាកចេញពីទីស្នាក់ការបក្សតាមផ្លូវក្រោយ ដោយមិនបានជួបជាមួយអ្នកស្រី កែវ សុផាណ្ណារី ឡើយ។
ពេលទាក់ទងបាននៅពេលក្រោយមក លោក កឹម សុខា បានអះអាងថា លោកមិនដឹងរឿងពាក្យបណ្ដឹងនេះសោះ ហើយបានបដិសេធថា លោកមិនទាំងស្គាល់ស្ត្រីដែលអះអាងថា ជាស្រីកំណាន់របស់លោកផងទេ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំគ្មានទំនាក់ទំនងជាមួយស្ត្រីរូបនេះទេ ខ្ញុំមិនស្គាល់គាត់ទាល់តែសោះ”។ លោកបានបន្ថែមថា “ ដូចដែលឃើញស្រាប់ហើយ [គណបក្សប្រជាជនកម្ពុជា] កំពុងតែបង្កើតបញ្ហាដោយប្រើគ្រប់វិធីទាំងអស់ក្នុងគោលបំណងរំខានសកម្មភាពនយោបាយរបស់ខ្ញុំ ហើយនឹងមានបញ្ហាច្រើនទៀតចំពោះខ្ញុំ”។
លោក ឈាង វុន អ្នកនាំពាក្យ រដ្ឋសភា និងជាសមាជិកសភាមកពីគណបក្ស ប្រជាជនកម្ពុជាបានបដិសេធថា គណបក្ស របស់លោកមិនជាប់ពាក់ព័ន្ធក្នុងការប្រើល្បិចស្មោកគ្រោកឲ្យ អ្នកស្រី កែវ សុផាណ្ណារី ប្រឌិតរឿងចោទប្រកាន់លោក កឹម សុខា ទេ។
លោកបានមានប្រសាសន៍ថា “ នេះគឺជារឿងផ្ទាល់ខ្លួនរបស់គាត់ យើងមិនបានធ្វើដូច្នេះឡើយ”។ លោក ឈាង វុន ក៏បានបដិសេធការពាក់ព័ន្ធរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការប្រមូលផ្ដុំមនុស្សជាច្រើនក្រុមឲ្យរារាំងយុទ្ធនាការរបស់លោក កឹម សុខា ផងដែរ ដោយបានលើកឡើងថា នេះគឺជាកំហឹងរបស់សាធារណជនចំពោះការលើកឡើងរបស់លោក កឹម សុខា អំពីគុកទួលស្លែង។ លោក កឹម សុខា បានបដិសេធថា មិនដែលនិយាយដូចការចោទប្រកាន់ទេ ហើយមិនធ្វើការសូមទោសឡើយ។
មន្ត្រីរដ្ឋាភិបាលក៏បានបដិសេធថា មិនបានរៀបចំមហាបាតុកម្មដែលមានមនុស្សចូលរួមប្រមាណ១០.០០០នាក់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យប្រឆាំងលោក កឹម សុខា ដែរ បើទោះជាអ្នកចូលរួមបានលាតត្រដាងថា អាជ្ញាធរមូលដ្ឋានបានផ្គត់ផ្គង់អ្វីៗគ្រប់យ៉ាងឲ្យខ្លួនចាប់ពីចំណីអាហារ រហូតដល់មធ្យោ បាយនិងការធ្វើដំណើរទៅកាន់កន្លែងធ្វើបាតុកម្ម និងថែមទាំងបានបោះពុម្ពបដាតវ៉ាថ្មីប្រឆាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដោយចុះ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង