កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសនិស្សិតសាលាពេទ្យ អាយុ២៣ឆ្នាំម្នាក់ ដែលបើករថយន្តបុកក្មេងបីនាក់ស្លាប់កាលពីក្នុងខែមីនា ខណៈដែលបើកបុកហើយរត់ពីកន្លែងកើតហេតុពីរកន្លែង ឲ្យ ជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ប៉ុន្តែបានសម្រេចដោះលែងនាងជាបន្ទាន់ បន្ទាប់ពីព្យួរទោសស្ទើរតែទាំងស្រុង។
លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សា ជំនុំជម្រះ បានអានសាលក្រមនៅក្នុងតុលាការ ថា ទោសរបស់ គាមពិសិដ្ឋ ណារីតា ត្រូវបានព្យួ រ បន្ទាប់ពីនាងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នរយៈពេលបីខែនិង១៥ថ្ងៃ។
លោកចៅក្រម វណ្ឌី បានមានប្រសាសន៍ថា “ តុលាការផ្តន្ទាទោសជនល្មើសឲ្យជាប់ទោសរយៈពេលបីឆ្នាំ ប៉ុន្តែជាប់តែបីខែនិង១៥ថ្ងៃប៉ុណ្ណោះ ហើយទោសប៉ុន្មានទៀតបានព្យួ រ”។
កញ្ញា ម៉ានីតា ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន រយៈពេលមួយសប្តាហ៍ក្រោយពីបើករថយន្តបុកគេកាលពីថ្ងៃទី១ ខែមីនា ហើយពេលនេះកញ្ញាត្រូវបានដោះលែង។
លោកចៅក្រម វណ្ឌី បានមានប្រសាសន៍ថា “ តុលាការហាមប្រាមកញ្ញា ម៉ានីតា ឲ្យឈប់បើកបរ ចាប់ពីពេលនេះតទៅ”។ លោកមិនបាននិយាយថា តើការហាមប្រាមនេះអស់មួយជីវិតឬអត់ទេ។ លោកចៅក្រម វណ្ឌី បានបន្ថែមថា កញ្ញា ម៉ានីតា នឹងត្រូវពិន័យជាប្រាក់ចំនួនប្រាំមួយលានរៀល ហើយថា នឹងប្រគល់រថយន្តម៉ាកតូយ៉ួតាកាមរី ដែលនាងបើកបរនៅពេលមានគ្រោះថ្នាក់ចរាចរណ៍នោះឲ្យ នាងវិញ។
ដោយពន្យ ល់អំពីទោសដ៏ស្រាលនេះលោកចៅក្រមបានមានប្រសាសន៍ថា ម៉ានីតា បានបង់សំណងរាប់ពាន់ដុល្លារឲ្យគ្រួសារកុមាររងគ្រោះបីនាក់នេះ ហើយពួកគេបានលើកលែងការចោទប្រកាន់នាង។
ម៉ានីតា ដែលជានិស្សិតឆ្នាំទី៦នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងរាជធានីភ្នំពេញ និងជាកូនស្រីរបស់មន្ត្រីមន្ទីរសុខាភិបាលខេត្តម្នាក់ ដើមឡើយត្រូវបានចោទប្រកាន់ពីបទមនុស្ស ឃាតដោយអចេតនា។
នាងបានបើករថយន្តជ្រុលទៅបុកក្មេងបីនាក់ស្លាប់ ឈ្មោះ រិន បុប្ផា អាយុ១២ឆ្នាំ រិន រចនា អាយុ៨ឆ្នាំ និងឈ្មោះស្រុីម ប៊ុនថុង អាយុ៨ឆ្នាំ បន្ទាប់ពីបើករត់ពីកន្លែងកើតហេតុពីរកន្លែង នៅលើមហាវិថីនរោត្តម។
មនុស្សចំនួនប្រាំមួយនាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរលើកនេះ។ បន្ទាប់ពីស្តាប់សាក្សី និងការបំភ្លឺពីគ្រួសារអ្នកស្លាប់កាលពីម្សិ លមិញ លោកចៅក្រម វណ្ឌីបានមានប្រសាសន៍ថា វាច្បា ស់ណាស់ថានាងបានបង្កគ្រោះថ្នាក់នាំឲ្យមនុស្ស ស្លាប់។
ទោះជាយ៉ាងណា លោកចៅក្រមបន្ថែមថា គ្រួសារជនរងគ្រោះបានដកពាក្យបណ្តឹងរបស់ខ្លួនប្តឹងនាង ជាថ្នូរនឹងការទទួលសំណងជាប្រាក់។
ម្តាយរបស់ រិន បុប្ផា និង រិន រចនា និយាយកាលពីក្នុងខែមីនាថា អ្នកស្រីបានទទួលប្រាក់សងជំងឺចិត្តចំនួន១១.៥០០ដុល្លារពីគ្រួសាររបស់នាង ម៉ានីតា សម្រាប់ការស្លាប់កូនពីរនាក់របស់អ្នកស្រី ចំណែកឪពុករបស់ ស្រុីម ប៊ុនថុង បាននិយាយថា គាត់បានទទួលប្រាក់១០.០០០ដុល្លារសម្រាប់ការស្លាប់កូនប្រុសរបស់គាត់។
លោក កៀម ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល និងជាឪពុករបស់ កញ្ញា ម៉ានីតា អះអាងកាលពីម្សិ លមិញថា លោកបានបង់សំណងសរុបជាង៤០.០០០ដុល្លារឲ្យគ្រួសារជនរងគ្រោះ។
នៅពេលត្រូវបានដោះលែងពីពន្ធនាគារនៅប៉ុន្មានថ្ងៃទៀតនេះ លោក ពិសិដ្ឋ បានមានប្រសាសន៍ថា កូនស្រីរបស់លោកនិងសុំច្បាប់សម្រាករយៈពេលប្រាំមួយខែពីសាកលវិទ្យា ល័យដើម្បីពិនិត្យសុខភាព ប៉ុន្តែអាចនឹងក្លាយជាវិជ្ជបណ្ឌិតនៅបន្ទាប់នោះ។
អំឡុងការបើកសវនាការជំនុំជម្រះនាងកាលពីសប្តាហ៍មុន ម៉ានីតា បាននិយាយការពារខ្លួនថា នាងមានស្មារតីមិនល្អ ទើបបើករថយន្តបុកគេ។ នាងមានអារម្មណ៍តានតឹងខ្លាំងក្នុងការសិក្សា ។ នាងក៏មានលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិតថា នាងមានដុះសាច់នៅលើខួរក្បាល”។
នាងសុំឲ្យចៅក្រមដោះលែងនាងបានទៅរៀននៅសាកលវិទ្យាល័យវិញ។អំឡុងពេលបើកសវនាការជំនុំជម្រះលិខិតពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា ពួកគេបានទទួលសំណងហើយ ដូច្នេះបានសម្រេចដកពាក្យ បណ្តឹងរបស់ខ្លួនហើយ។ លោក ស្រេង ស្រ៊ីម អាយុ៣៥ឆ្នាំ ជាឪពុករបស់ ស្រ៊ីម ប៊ុនថុង អាយុ៨ឆ្នាំ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលទ្ធផលនៃការជំនុំជម្រះកាលពីម្សិ លមិញទេ។
លោកបានថ្លែងថា“ ខ្ញុំមិនចង់និយាយអំពីរឿងនេះទេ ពីព្រោះវាធ្វើឲ្យខ្ញុំនឹកដល់កូនខ្ញុំដែលស្លាប់ទៅ”។ វាជារឿងធម្មតាទៅហើយនៅក្នុងតុលាការកម្ពុជាសម្រាប់រឿងក្តីបែបនេះ រាប់ទាំងឧក្រិដ្ឋកម្មកម្រិតធ្ងន់ ដែលត្រូវបានលើកលែង ជាថ្នូរនឹងសម្រាប់ភាគីមានកំហុសបង់ប្រាក់ឲ្យជនរងគ្រោះ។
លោក ច័ន្ទ សុវ៉េត អនុប្រធានផ្នែកសង្កេតការណ៍របស់អង្គការសិទ្ធិមនុស្ស អាដហុក បានមានប្រសាសន៍ថា បើទោះជាជនល្មើសបង់សំណងឲ្យគ្រួសារជនរងគ្រោះក៏ដោយ ក៏តុលាការត្រូវប្រើទម្ងន់ច្បា ប់ពេញលេញក្នុងការផ្តន្ទាទោសដែរ។ លោកបានមានប្រសាសន៍ថា “ ត្រូវតែផ្តន្ទាទោសជនជាប់ចោទទៅតាមច្បា ប់ មិនថាពួកគេបង់ប្រាក់សងជំងឺចិត្តឬអត់នោះទេ។ សំណងនេះមិនអាចលាក់ពិរុទ្ធភាពរបស់ពួកគេបានឡើយ”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី