ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិ លមិញថា នគរបាលបានចាប់ខ្លួនជនជាតិវៀតណាមប្រាំនាក់ កាលពីល្ងាចថ្ងៃអង្គារ ពីបទចាប់ជំរិតអ្នកជំនួញម្នាក់នៅក្រុងសៀមរាប និងបានទារប្រាក់ចំនួន៥០.០០០ដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការដោះលែង។
លោកឧត្ដមសេនីយ៍ត្រី ឆាយ គឹមស៊ុន ស្នងការនគរបាលខេត្តកំពង់ចាម មានប្រសាសន៍ថា លោក អ៊ឹង វាសនា អាយុ៣៨ឆ្នាំ ត្រូវបាននាំចេញពីសណ្ឋាគារមួយកន្លែង នៅក្នុងក្រុងសៀមរាប កាលពីយប់ថ្ងៃច័ន្ទ ទៅកាស៊ីណូមួយនៅក្នុងខេត្តកំពង់ចាមជាប់ព្រំដែនប្រទេសវៀតណាម។
លោក បានមានប្រសាសន៍ថា “ ដំបូងជនល្មើស បានទារប្រាក់លោះ៥០.០០០ដុល្លារ។ប៉ុន្តែ បន្ទាប់ពីការតថ្លៃគ្នាមកជនល្មើសបានសុខចិត្តទទួលយកប្រាក់៣០.០០០ដុល្លារ” ។
លោកឧត្ដមសេនីយ៍ត្រី ឆាយ គឹមស៊ុន មានប្រសាសន៍ថា អ្នកស្រី យេន ចាន់ណា អាយុ២៦ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានធ្វើដំណើរទៅកាស៊ីណូនេះ ដើម្បីចរចាសុំឲ្យដោះលែងប្ដីរបស់អ្នកស្រី ប៉ុន្តែ ពេលអ្នកស្រីប្រគល់ប្រាក់៣០.០០០ដុល្លារ នៃការសុំបញ្ចុះតម្លៃពី៥០.០០០ដុល្លារនោះ អ្នកស្រីក៏ត្រូវបានគេវាយធ្វើបាបយ៉ាងខ្លាំងផងដែរ។
តែទោះជាយ៉ាងណា ម្ដាយរបស់អ្នកស្រី យេន ចាន់ណា ដែលបានទទួលដំណឹងនេះ បានប្ដឹងនគរបាល ដែលបានចាប់ខ្លួនជនល្មើសនៅម៉ោងប្រហែល៧និង៣០យប់ថ្ងៃអង្គារ។
លោកឧត្ដមសេនីយ៍ត្រី ឆាយ គឹមស៊ុន បានថ្លែងថា“សរុបទាំងអស់មានជនជាតិវៀតណាមប្រាំនាក់ រួមមានស្រ្តីម្នាក់ ដែលកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត” ។លោក បានមានប្រសាសន៍បន្ថែមថា មិនមានការខាតបង់ប្រាក់នោះទេ ហើយជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ