38.8 C
Phnom Penh

អ្នក​ផ្ដល់​ឈាម​នាំ​គ្នា​ទៅ​បរិច្ចាគឈាម​នៅ​មជ្ឈ មណ្ឌល​ជាតិ​ផ្ដល់​ឈាម​ បន្ទាប់​ពី​យុទ្ធនាការ​ប្រមូល​ឈាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​វា​ជា​កន្លែង​​ផ្ដល់​ឈាម​ខុស​ពី​ធម្មតា: សាលរបាំ​​នៃ​សណ្ឋាគារ​សូហ្វីតែល​ក្នុង​រាជ​ធានី​ភ្នំពេញ តុប​តែង​លម្អ​ដោយ​កម្រាល​ព្រំ​និង​អំពូល​ភ្លើង​ដ៏​ប្រណីត​ ព្រម​ទាំង​​មាន​ក្រុម​តន្ត្រី​យុវជន​លេង​ហ្គី​តា​ច្រៀងចម្រៀង​ខ្មែរ​យ៉ាងសប្បាយ​ ប៉ុន្តែ​កាលពី​ម្សិល​មិញ​ទីនេះ​គឺ​ជា​កន្លែង​ដែល​អ្នក​ផ្តល់​ឈាម​បាន​ទៅ​ផ្តល់​ឈា​ម​ចំនួន​២៣៨ប្លោក​ នៅ​មុនពេល​ប្រារព្ធ​ទិវា​ផ្តល់​ឈាម​ពិភពលោក​លើក​ទី​១០ ដែល​នឹង​ប្រារព្ធ​​​ឡើងជា​ផ្លូវ​ការ​ នៅ​ថ្ងៃសុក្រ។

យុទ្ធនាការ​ប្រមូល​​ឈាម​នេះ​គឺ​ជា​មុខ​ព្រួញ​របស់​មជ្ឈ​​​ មណ្ឌល​ជាតិ​ផ្តល់​ឈាម​ និង​កម្មវិធី​ឡូយ​៩របស់​ទូរទស្សន៍​ប៊ីប៊ីស៊ីត្រាស់ ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​រយៈពេល​ប្រាំបួន​ថ្ងៃ ដើម្បី ​លើក​ទឹក​ចិត្ត​​ឲ្យ​ ប្រជាពលរ​ដ្ឋ​នៅ​ទូទាំង​ប្រទេស​បរិច្ចាគ​ឈាមឲ្យ​បាន​​ចំនួន​៩៩៩​ប្លោក​ ដែល​ក្នុង​មួយ​ប្លោក​នៃ​ឈាម​មាន​ចំណុះ​​​​​​៣៥០​មិល្លីលីត្រ ។

យោង​តាម​លោក​ ហុក គឹមចេង នាយក​មជ្ឈ មណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ឲ្យ​ ដឹង​ថា​ ភាគ​ច្រើន​នៃ​អ្នក​ផ្តល់​ឈាម​កាលពី​​​ម្សិលមិញ គឺ​ជា​មនុស្ស​វ័យ​ជំទង់​។

លោក​បាន​មាន​ប្រសាសន៍ថា “ យុទ្ធ​សាស្ត្រ​របស់​យើង​យក​យុវវ័យ​ជា​ទិស​ដៅ ពី​ព្រោះ​​ពួកគេ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​សង្គម​ ហើយ​​​​​ពួកគេ​​អាច​​​ទទួល​បាន​ព័ត៌មាន​យ៉ាង​ងាយ​ស្រួល​ម្យ៉ាង​ទៀត​​ពួកគេ​សុខភាព​ល្អ”។ លោក​​បាន​បន្ថែម​ថា ៥០ភាគ​រយ​នៃអ្នក​ផ្តល់​ឈាម​ក្នុង​ឆ្នាំ​២០១២ មាន​អាយុ​ចន្លោះ​ពី​២០ឆ្នាំ​ទៅ​៣០ឆ្នាំ​ ប៉ុន្តែ អ្នក​ផ្តល់​ឈាម​កាលពី​ម្សិល​មិញ​ អាយុ​ចន្លោះ​ពី​អាយុ​១៥ឆ្នាំ​ទៅ​២៤ឆ្នាំ​។​

បញ្ហាមួយ​ក្នុង​ចំណោម​បញ្ហា​សំខាន់​សម្រាប់​​លោក គឺ​ការ​ស្វែង​រក​អ្នក​ដែល​មាន​ឈាម​ក្នុង​ក្រុម​ រីសឺស​ដក​ (Rh -) ពី​ព្រោះ​ឈាម​​​របស់​ពួកគេ​ ដែល​មាន​អតិ​សុខុម​ប្រាណ​ពិសេស នោះ​កម្រ​រក​បាន​ណាស់​។

អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ផ្តល់​ឈាម​កាលពី​ម្សិ លមិញ ពេល​នេះ​មាន​ឈ្មោះ​នៅ​ក្នុង​កម្រង​ទិន្នន័យ​ជាតិ​ ហើយយើង​​អាច​ទាក់​ទង​ពួកគេ​បាន​គ្រប់​ពេល​​ ប្រសិន​បើ​យើង​ត្រូវ​ការ​ឈាម​របស់​ពួកគេ។

លោក​វេជ្ជបណ្ឌិត​​ ហុក គឹម​ចេង បាន​មាន​ប្រសាសន៍ថា“ បញ្ហា​គឺ​មិន​មែន​ការ​ខ្វះ​ឈាម​នោះ​ទេ​ ប៉ុន្តែ គឺ​ដោយ​សារ​តែ​​ប្រភេទ​ឈាម​កម្រ​នេះ​តែ​ម្ដង​​។ យើង​ចាំ​បាច់​ត្រូវ​ចុះ​ឈ្មោះ​​​​អ្នក​ផ្តល់​ឈាម​ជាតិ​ ក៏​ដូច​ជា​អន្តរជាតិ​ដែល​មាន​ឈាម​ស្ថិត​​​ក្នុង​ក្រុម​ រីសឺស​ដក”។

មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បច្ចុប្ប ន្ន​នេះ​ត្រូវ​រក្សា​​ឈាម​ឲ្យ​បាន​យ៉ាង​តិច​ចំនួន​៧០០​ប្លោក​ បម្រុង​ទុក​នៅ​ក្នុង​​ធនាគារ​ឈាម​​។

សម្ផស្ស​ ជូម៉ិក​ អាយុ​២៨ឆ្នាំ​បាន​យល់​ច្បា  ស់​​អំពី​សារៈសំខាន់​នៃការ​ផ្តល់​ឈាម​។ កាលពី​ម្សិលមិញ គឺ​ជាលើក​ទី​៣២​ ដែល​គាត់​បាន​​ផ្តល់​​ឈាម​ក្នុង​ក្រុម​ប៊ីបូក (B+)​ ។

សម្ផស្ស​ ជូម៉ិក ​បាន​មាន​ប្រសាសន៍បន្ថែម​​​ថា “ ខ្ញុំ​ចាប់​ផ្តើម​ផ្តល់​ឈាម​ចាប់​តាំង​ពីខ្ញុំ​អាយុ​១៦​​​ឆ្នាំ​ម្ល៉េះ ​ព្រោះ​ខ្ញុំ​តែ​ឃើញ​មាន​ជន​រងគ្រោះ​ជាច្រើន​នាក់​​ខ្វះឈាម។​ ដូច្នេះ​​ប្រាកដ​ជា​មាន​តម្រូវ​ការ​ឈាម​ខ្ពស់។​ថ្ងៃ​​​នេះ​ គឺ​ជា​ថ្ងៃដ៏​អស្ចារ្យ​ ដែល​បាន​ឃើញ​អ្នក​ស្ម័គ្រចិត្ត​ផ្តល់​ឈាម​ជាច្រើន​នាក់​។ បើ​ធៀប​នឹង​ពីរបី​ឆ្នាំ​មុន​ ពេល​​នេះ​មាន​អ្នក​ដែល​ស្ម័គ្រ​​​​ចិត្ត​​​ផ្តល់​ឈាមតាម​ការ​លើក​ទឹក​ចិត្ត​​ច្រើន​ជាង​មុន​”។

នៅ​ជ្រុង​ម្ខាង​នៃ​កន្លែង​បរិច្ចាគ​ឈាម​នោះ​​គឺ​និស្សិ ត​ពេទ្យ​ មា្នាក់​ឈ្មោះ ទូច​ ភក្ដី អាយុ​២១​ឆ្នាំ​ដែល​បាន​ផ្តល់​ឈាម​ជាលើក​ទី១ បន្ទាប់​ពី​ត្រូវបាន​គ្រូ​របស់​គាត់​និយាយ​ប្រាប់​អំពី​ព្រឹត្តិ​​​ការណ៍នេះ។

គាត់​បាន​និយាយ​​​ថា“ ខ្ញុំ​ភ័យ​ណាស់​ព្រោះ​វា​ជាការ​ផ្តល់​ឈាម​លើក​ដំបូង​របស់​​​​ខ្ញុំ​។​​ ខ្ញុំ​ខ្លាច​ឈឺ​ ប៉ុន្តែ ខ្ញុំ​មាន​ជំនឿថា ឈាម​ដែល​​ខ្ញុំ​បាន​ផ្តល់​នឹង​អាច​សង្គ្រោះ​បាន​ជីវិតមនុស្ស​ ម្នាក់ ​នៅ​ថ្ងៃណាមួយ”៕

ប្រែសម្រួលដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស