27.5 C
Phnom Penh

គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត​និយាយ​ការពារសន្លឹក​ឆ្នោត​ដែល​បាន​បោះ​ពុម្ពបន្ថែម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​បោះ​ពុម្ព​សន្លឹក​ឆ្នោត​​២,៥លាន​​បន្ថែម​គឺ​ច្រើនជាង​ចំនួន​អ្នក​បោះ​ឆ្នោត​ដែល​បាន​ចុះ​បញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា​ ដែល​​ធ្វើ​ឲ្យ​ គណបក្ស​ប្រឆាំង​មាន​ការ​ភ័យ​ខ្លាច​ដល​់ការ​បន្លំសន្លឹក​ឆ្នោត​ដែល​អាច​កើត​មាន​ឡើង​ អំឡុង​ការ​បោះ​ឆ្នោត​។

កាលពីម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ ដឹង​ថា សន្លឹក​ឆ្នោត​នៅ​ឯរោង​ពុម្ព​ឯកជន​មួយ​ក្នុង​ខណ្ឌ​ទួលគោក ដែល​បាន​ទទួល​ចុះ​កិច្ច​សន្យា​បោះ​ពុម្ព​នោះមាន​សន្លឹក​ឆ្នោត​សរុប​​១២​.៣០៧.១៥០​​​សន្លឹក​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា ហើយ​មាន​សន្លឹក​ឆ្នោត​​ចំនួន​២.៦៣១.៦៩៧​សន្លឹក​ច្រើន​ជាង​មនុស្ស​ នៅ​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជាតិ​ ដែល​មាន​ចំនួន​ត្រឹម​តែ​៩.៦៧៥.៤៥៣​នាក់​ អាច​​មាន​សិទ្ធ​ិ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា។

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​បានមាន​ប្រសាសន៍​ថា គ្មាន​អ្វីកើត​ឡើង​ចំពោះ​​ចំនួន​សន្លឹក​ឆ្នោត​បន្ថែម​ដែល​មាន​ចំនួន​ប្រហែល​នឹង​សន្លឹក​ឆ្នោត ​ដែល​បាន​បោះ​ពុម្ព​បន្ថែម​អំឡុង​ពេលការ​​បោះ​ឆ្នោត​កាលពីឆ្នាំ​២០០៨​នោះទេ។

លោកបានមាន​ប្រសាសន៍​ថា “ យើង​បាន​​​​​បែង​ចែក​សន្លឹក​ឆ្នោត​បម្រុង​ទៅ​តាម​ឃុំ-សង្កាត់ និង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​​​​​បោះ​ឆ្នោត​ខេត្ត​។ នេះគឺ​ជា​រូប​មន្ត​ដែល​យើង​​បាន​អនុវត្ត​ដោយ​ជោគ​ជ័យ​អស់​បួន​អាណត្តិ​មក​ហើយ ដើម្បី​ផ្គត់​ផ្គង់​សន្លឹក​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ករណី​ដែល​មាន​សន្លឹក​ឆ្នោត​ខូច​”។

លោក ទេព នីថា បាន​បន្ត​ថា “យើង​បាន​ចំណាយ​ប្រាក់​ចំនួន​២លាន​ដុល្លារ ដើម្បី​បោះ​ពុម្ព​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​លើក​នេះ”។ លោក​បាន​បន្ថែម​ថា សន្លឹក​ឆ្នោត​​សរុប​ចំនួន​១១.០៨២.៤០០ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត​ ចំណែកឯ​សន្លឹក​ឆ្នោត​បម្រុង​ចំនួន​១.២២៤.៧៥០សន្លឹក​​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ ដែល​នឹង​ចែក​ចាយ​សន្លឹក​ឆ្នោត​នេះ ​ប្រសិន​បើ​មាន​សន្លឹក​ឆ្នោត​ខូច​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ ​គណ​បក្ស​សង្គ្រោះ​ជាតិ បានមាន​ប្រសាសន៍​កាលពី​ម្សិ លមិញថា ការបោះ​ពុម្ព​សន្លឹក​ឆ្នោត​ច្រើន​ដូច្នេះ​អាច​នាំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​បន្លំ​។ លោក យឹម សុវណ្ណ ក៏បាន​អំពាវ​នាវ​ឲ្យ​អ្នក​សង្កេត​ការណ៍​​​​​អន្តរជាតិបន្ថែម​ការ​ប្រុង​ប្រយ័ត្ន​​​​ក្រែង​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​។

លោក យឹម សុវណ្ណ បានមាន​ប្រសាសន៍​ថា “ នេះគឺ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​​​ខ្លាំង​ណាស់​។ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ហ្មត់​ចត​់​…​ព្រោះ​នៅ​ពេល​ចប់​ការ​បោះ​ឆ្នោត ​ពួក​គេ​អាច​​​​គូស​សន្លឹក​ឆ្នោត​បន្លំ​”។

សន្លឹក​ឆ្នោត​ដែល​បាន​បោះ​ពុម្ព​កាលពី​ម្សិល​មិញ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​ពិនិត្យ​មើល​គុណ​ភាព​មុន​ពេល​វេច​ខ្ចប់​ ទើប​បញ្ជូន​ទៅ​រោង​ពុម្ព​នៅ​ក្បែ រ​នោះ ដើម្បី​រក្សា​ សុវត្ថិភាព​ ហើយ​នឹង​ត្រូវ​ចែក​ចាយ​ទៅ​ឲ្យ​ការិយាល័យ​​បោះ​ឆ្នោត​ចំនួន​១៩.០០៩​កន្លែង​នៅ​ទូទាំង​ប្រទេស​មុន​ថ្ងៃ​ទី​២៨ ខែកក្កដា។

ការ​បោះពុម្ព​សន្លឹក​ឆ្នោត​បាន​ចាប់​ផ្ដើម​នៅ​ឯរោង​ពុម្ព​កាលពីថ្ងៃទី​២៥ ខែឧសភា ហើយ​នឹង​ត្រូវ​បញ្ចប់​មិន​ឲ្យ​លើស​ពី​ថ្ងៃទី​២០ ខែកក្កដា នោះទេ ទោះបីជា​លោក​ ហឿ រ៉ុង ប្រធាននាយក​ដ្ឋាន​ប្រតិបត្តិ​នៃ​គណៈកម្មា​ធិការ​​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​នៃ​ការ​បោះ​ពុម្ព​នេះបាន​បញ្ចប់​​ចំនួន​៧០​ភាគរយ​ហើយ​ក៏ដោយ​៕

ប្រែសម្រួលដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស