32 C
Phnom Penh

​សមាជិក​សភា​បក្ស​ប្រឆាំង​ទៅ​ការិយាល័យ​របស់​ខ្លួន​ដោយ​គ្មាន​ការ​រារាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រឆាំង​បាន​ឈប់​ក្បែរ​ការិ​យាល័យ​របស់​លោក​នៅ​ឯរដ្ឋសភា​ដោយ​គ្មាន​ហេតុ​ការណ៍​អ្វី​កើត​ឡើង​ឡើយ​ កាល​ពី​ម្សិលមិញ ស្រប​ពេល​មាន​ការ​គំរាម​ថ្មី​ៗថា លោកនឹង​ត្រូវ​គេ​ប្រើ​កម្លាំង​ ដើម្បី​បង្ខំ​ឲ្យ​លោក​ចាក​ចេញពី​បរិវេណ​រដ្ឋ​សភា​ ពីព្រោះ​វត្តមាន​របស់​លោក​​​​រំលោភ​ច្បាប់​។

លោក ឈាង វុន សមា​ជិក​សភា​មក​ពី​គណ​​បក្ស​ ប្រជាជន​កម្ពុជា​បាន​គំរាម​កាល​ពី​ថ្ងៃច័ន្ទ ដោយ​លើក​ឡើង​ពី​មូល​ហេតុ​ថា លោក សុន ឆ័យ​ គ្មាន​សិទ្ធិ​ចូល​ក្នុង​បរិវេន​រដ្ឋសភា​ឡើយ ពី​ព្រោះ​រដ្ឋ​សភា​ដែល​គ្រប់​គ្រង​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ដក​តំណែង​សមា​ជិក​សភា​មក​ពី​គណ​បក្ស​ប្រឆាំង​​ទាំង​អស់​ចំនួន​២៧រូប​រួច​ហើយ កាលពី​សប្តាហ៍​មុន​។

លោក ឈាង វុន ក៏​បាន​គំរាម​ប្តឹង​សមាជិក​សភា​មក​ពី​គណបក្សប្រឆាំង​ពី​បទ​បន្ត​ប្រើ​សម្ភារ​ការិយាល័យ​របស់​រដ្ឋសភា​ផង​ដែរ​។

ដោយ​គ្មាន​ការ​រារាំង​ពីការ​គំរាម​គំហែង​ លោក សុន ឆ័យ បាន​ឈប់​ក្បែរ ការិយាល័យ​របស់​លោក​​កាលពី​ម្សិល​មិញ ដើម្បី​សាក​ល្បង​ដំណោះ​ស្រាយ​របស់​លោក ឈាង វុន ប៉ុន្តែ ភ្លាមៗនោះ​សន្តិសុខ​បាន​អនុញ្ញាត​ឲ្យ​លោក​ចូល​ក្នុង​រដ្ឋសភា​។

លោកបាន​មាន​ប្រសាសន៍​នៅ​ឯការិយា​ល័យ​របស់​លោក​ថា “ ខ្ញុំ​គ្រាន់​តែ​ចង់​សាក​ល្បង​មើល​ថា​ តើ​គេ​ទាត់​ខ្ញុំចេញ​ឬក៏​អត់”។

លោក សុន ឆ័យ ចាក​ចេញ​មក​វិញ​បន្ទាប់​ពី​នៅ​ទីនោះ​បាន​១៥នាទី​ ប៉ុន្តែ លោក​បាន​ថ្លែង​ថា លោក​នឹង​ចំណាយ​ពេល​យូរ​ជាង​នេះ​នៅ​ការិយា​ល័យ​របស់​លោកនៅ​ប៉ុន្មាន​ថ្ងៃទៀត​។

លោក​មាន​ប្រសាសន៍​ដោយ​លើក​​ឡើង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ថា “ យើង​មិន​អាច​ព្យាករ​បាន​ទេ​ថា តើ​អ្វី​ពួកគេ​នឹង​ធ្វើ​អ្វី​នោះ​”។ លោក​​បន្ថែម​ថា “ ហេតុ​ដូច្នេះ​យើង​​​​ត្រូវ​តែ​រស់​មួយ​ថ្ងៃគិត​មួយ​ថ្ងៃ”។

ដោយ​ទាក់​ទង​បន្ទាប់​ពី​លោក សុន ឆ័យ​ បាន​ទៅការិយា​ល័យ​របស់​ខ្លួន​ លោក ឈាង​ វុន បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា សមា​ជិក​ណា​មួយ​មក​ពី​គណ​បក្ស​ប្រឆាំង​​មាន​វត្តមាន​នៅ​ក្នុង​រដ្ឋសភា​ឡើយ​ ហើយ​បាន​បង្វែរ​សំណួរ​អំពី​វិធាន​ការ​អ្វី​ដែល​នឹង​ត្រូវ​ចាត់​ឡើង​ទៅ​កាន់​លោក ឡេង ប៊េង​ឡុង​ អគ្គនាយកនៅ​រដ្ឋសភាវិញ៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស