34 C
Phnom Penh

ក្រុមហ៊ុន​វីង​ បើក​សេវា​បង់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​​នៅ​តាម​ភោជនីយដ្ឋាន​នានា​​ក្នុង​រាជ​ធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ប្រជា​ពល​រដ្ឋ​កម្ពុជា​នឹង​អាច​ទុក​កាបូប​លុយ​របស់​ខ្លួន​នៅ​ផ្ទះ​បាន​ នៅពេល​ពួកគាត់​ទៅ​ទទួលទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​ក្នុងរាជ​ធានីភ្នំពេញ​លើក​ក្រោយ​។

ដោយចាប់​ផ្ដើម​ពី​សប្ដាហ៍​ក្រោយ​នេះ​ទៅ ក្រុមហ៊ុន​វីង (Wing) ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​តាម​​ទូរស័ព្ទ​ចល័ត​នៅ​ប្រទេស​កម្ពុជា​ នឹង​ដាក់​ឲ្យ​ ប្រើ​ប្រាស់​នូវ​សេវា​កម្ម​ថ្មី​មួយ​ទៀត​ ដែល​អាច​ឲ្យប្រជា​ពល​រដ្ឋ​បង់​ប្រាក់​​ថ្លៃ​ទទួល​ទាន​អាហារ​នៅ​តាម​ភោជនីយ​ដ្ឋាន​ ដោយ​គ្រាន់​តែ​លើក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​នៅ​ពីមុខ​កន្លែង​គិត​ប្រាក់​តែ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​នេះ សេវាកម្ម​បង់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​កំពុង​ត្រូវ​បាន​សាក​ល្បង​ធ្វើ​នៅ​តាម​ភោជនីយដ្ឋាន​ជាង​១០​កន្លែង​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ដូចជា​ភោជនីយដ្ឋាន​ស្ករ​ បា អ៊ែន ហ្គ្រីល (Score Bar and Grill) នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៨​ សង្កាត់​បឹង​កេង​កង​១។

ភោជនីយដ្ឋាន​ភាគ​ច្រើន​ដែល​ប្រើ​សេវា​កម្ម​បង់​ប្រាក់​នេះ​ នឹង​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​ប្រជាពល​រដ្ឋ​កម្ពុជា​ ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​វីង​មាន​អតិថិ​ជន​ប្រមាណ​ជា​៤៤០​.០០០​នាក់​ ដែល​​មាន​អតិថិជន​បរទេស​មិន​ដល់​១០០​នាក់​ផង​​ក្នុង​ចំណោម​អតិថិជន​ទាំង​នេះ​។

លោក​ អាន់តូនី ភើឃីន (Anthony Perkins)  នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វីង​ បាន​ឲ្យ​ដឹងនៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​ស្ដី​ពី​វិស័យ​ធនាគារ​តាម​​ទូរស័ព្ទ​ចល័ត​ថ្នាក់​តំបន់​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ឯ​កាស៊ីណូ​ណាហ្គាវើល​​កាល​ពី​ម្សិ ល​មិញ​​ថា “​ ពួក​គាត់​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មាន​ទូរស័ព្ទ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​”។

ឥឡូវ​នេះ ក្រុមហ៊ុន​វីង​ អនុញ្ញាត​ឲ្យ​ អតិថិ​ជន​​​ផ្ទេរ​ប្រាក់​ ដក​ប្រាក់ ឬក៏​ផ្ញើ​ប្រាក់​ឲ្យ​ គ្នា​ទៅ​វិញ​ទៅ​មក​តាម​​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​។ ប៉ុន្ដែ តាម​រយៈ​ការ​ប្រើ​សេវាកម្ម​នេះ​​ ទឹក​ប្រាក់​ដែល​គេ​​ផ្ទុក​នៅ​ក្នុង​គណនី​របស់​វីង​​អាច​ត្រូវ​បាន​គេ​កត់​បញ្ចូល​ជា​បំណុល​ នៅពេល​បង់​ថ្លៃ​ទំនិញ​ ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​   អ៊ែន​អេសស៊ី (NSC) ដែល​ជា​បច្ចេកវិទ្យា​  ឥត​ខ្សែ​ មួយ​ប្រភេទ​។

បច្ចេកវិទ្យា​នេះ​​ ភាគ​ច្រើន​ត្រូវ​បាន​គេ​ឃើញ​មាន​នៅ​តាម​ប្រទេស​អភិវឌ្ឍ​ន៍ ដែល​អតិថិជន​បង់​ប្រាក់​ថ្លៃ​អ្វី​ៗ​គ្រប់​យ៉ាង​ចាប់​ពី​​កាហ្វេ​មួយ​កែវ​ រហូត​ដល់​សេវា​ដឹកជញ្ជូន​សាធារណៈ​ ដោយ​គ្រាន់​តែ​លើក​ទូរស័ព្ទ​ដៃ​ដាក់​នៅពីមុខ​កន្លែង​រង់ចាំ​តែ​ប៉ុណ្ណោះ​។

លោក ភើឃីន មាន​ប្រសាសន៍​ថា “ យើង​មាន​គម្រោង​​ចាប់​ផ្ដើម​ [ សេវាកម្ម​នេះ] នៅ​រាជ​ធានី​ភ្នំពេញ និង​ពង្រីក​ទៅ​តាមបណ្ដា​ខេត្ត​នានា​បន្ថែម​ទៀត​” ហើយ​លោក​បន្ថែម​ទៀត​ថា ដើម្បី​ អាច​ប្រើសេវាកម្ម​នេះ​បាន គេ​ចាំ​បាច់​ត្រូវ​តែជា​អតិថិជន​របស់​វីង​។

លោក ភើឃីន​ បានបន្ដថា “ យើង​យល់​ថា ភាគ​ច្រើន​នៃ​ទី​ផ្សារ ​នេះ​មិន​មាន​ទូរស័ព្ទ​ស្មាត​ហ្វូន​ ដែល​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ អ៊ែន​​អេស​ស៊ី​នោះ​ទេ​ ដូច្នេះ​យើង​បាន​បង្កើត​បណ្ណ​​បិទ​ភ្ជាប់​បច្ចេកវិទ្យា​ អ៊ែន​អេសស៊ី​ ដែល​​​អាច​យកទៅ​បិទបានលើ​ទូរស័ព្ទ​គ្រប់​ប្រភេទ។

រធ្វើ​ដូច្នេះ​ អាចឲ្យ​អតិថិជនដែលមាន​ទូរស័ព្ទ​គ្រប់​ប្រភេទ​ ព្រម​ទាំង​គណនី​​នៅ​ក្នុង​ក្រុមហ៊ុន​​វីង​​ បង់​ប្រាក់​បាន​”។
ទោះបីជា​វិស័យ​ធនាគារ​ និង​ការ​បង់​ប្រាក់​​តាម​ទូរស័ព្ទ​ចល័ត​​នៅ​ប្រទេសកម្ពុជា​​ទំនង​ជា​កំពុង​តែ​មាន​ការ​កើន​ឡើង​ក៏ដោយ​ គេ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ ថាតើ​​សេវាកម្ម​​ថ្មី​នេះ​របស់​ក្រុមហ៊ុន​វីង ​នឹង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ណា​នោះទេ​នៅ​ប្រទេស​​កម្ពុជា​ ​ដែល​ប្រជា​ជន​ភាគ​ច្រើននិយម​​ចូល​ចិត្ត​បង់​ប្រាក់​ដោយប្រើ​ប្រាស់​​សាច់​ប្រាក់​ផ្ទាល់​តែ​ម្ដង៕

ប្រែសម្រួល​ដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស