28 C
Phnom Penh

លោក ហ៊ុន សែន ចោទ​ប្រកាន់​​មេដឹក​នាំ​គណបក្ស​​​​​​​​​​ប្រឆាំង​ថា បាន​​​រួមភេទ​ជាមួយ​អនីតិជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ខែ​មុន​ លោក​ កឹ​ម សុខា ត្រូវ​បាន​ចោទ​​​​ប្រកាន់​ថា ​​​បដិសេធ​មិន​​​ទទួល​ស្គាល់​​​​អំពើ​ប្រល័យ​ពូជសាសន៍​​​​​របស់​​​ខ្មែរក្រហម​​​។ ក្រោយ​មក​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​​​ប្រព្រឹត្ត​​​​អំពើ​ផិតក្ប ត់​ជាមួយ​​​​ស្រី​កំណាន់​​​​ម្នាក់​​​ជា​យូរ​មក​ហើយ​។

លើក​នេះ​ លោក​ត្រូវ​​​​បាន​ចោទ​ប្រកាន់ថា​​​ បាន​​​​រួម​ភេទ​ជាមួយនឹង​​អនីតិជន​​​ម្នាក់​​​​​​​។  ​រដ្ឋាភិបាល​បាន​បន្ដ​ការ​វាយប្រហារ​​​​​​​យ៉ាង​ខ្លាំង​លើ​លោក កឹម សុខា ដែលជា​​​មេដឹកនាំ​គណបក្ស​ប្រឆាំង​​​​ផងដែរ​​​កាល​ពី​ម្សិលមិញ​។

ចំណែក​​​ឯ​​​​ការ​បោះ​ឆ្នោត​ជាតិ​វិញ​​​គឺ​នៅ​សល់​តែ​ជាង​មួយ​ខែ​ទៀត​​​​​​ប៉ុណ្ណោះ​​​។  នៅ​ក្នុង​កា​រ​វាយប្រហារ​​​ចម្លែកៗ​​​​​​ជាបន្ត​បន្ទាប់​​​លើ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ហ៊ុន​ សែន ​បា​ន​ចោទ​ប្រកាន់​លោក កឹម សុខា កាល​ពី​ម្សិលមិញថា​ ជា​​​ជន​​​រួម​ភេទ​ជាមួយ​​​កុមារ​​​​ ហើយ​បាន​គំរាម​ប្ដឹង​លោក​ពី​បទ​​ចោទ​ប្រកាន់​គណបក្ស ​ប្រជាជន​កម្ពុជា​​​ថា ​បាន​ធ្វើ​យុទ្ធនាការ​ប្រើ​ល្បិច​ស្មោកគ្រោក​​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​​​​ថ្មី​នៃ​មជ្ឈ​​មណ្ឌល​កីឡា​​​អូឡាំពិក​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​​​លោក ហ៊ុន​ សែន បាន​​​​ប្រាប់​អ្នក​​​ចូលរួម​​​ស្តាប់​​​រាប់​ពាន់​នាក់​ថា កាល​ពី​ឆ្នាំ​២០១១​ នគរបាល​បាន​ជូនដំណឹង​​​លោក​អំពី​​​ការ​​​រួមភេទ​​​របស់​​​​លោក កឹម​ សុខា ជាមួយ​​​​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់។

លោក ហ៊ុន សែន បាន​អះអាង​​​ដោយ​មិន​បាន​​​​ផ្ដល់​ភ័ស្ដុតាង​​​​​គាំ​ទ្រ​ការ​ចោទ​ប្រកាន់​របស់​លោក​ថា “ ​ខ្ញុំ​ប្រាប់​លោក​​​ឯង​​​ទៅ​​​ចុះ​​​
ជីវិត​នយោបាយ​របស់​លោក​​​ឯង​​​​​​​កុំអី​​​​ត្រូវ​បញ្ចប់​​​តាំង​ពី​​​​ថ្ងៃ​​​ខួប​កំណើត​របស់​ចៅ​ស្រី​ខ្ញុំ​ កាល​ពី​ពីរ​ឆ្នាំ​មុន គឺ​នៅ​ចុង​ឆ្នាំ​២០១១​ម៉្លេះ​”។

លោក​នាយក​រដ្ឋ​ម​ន្ត្រី​​​​ ហ៊ុន​​​ សែន​​​ បាន​អះអាង​​​ដោយ​មិន​បាន​​​ពន្យល់​ពី​​​​​​មូលហេតុ​​​​ដែល​​​លោក​បណ្តោយ​​​ឲ្យ​បទ​ល្មើស​នេះ​បន្ដ​ដោយ​គ្មាន​អន្ដរាគមន៍​ថា “ នៅ​ថ្ងៃ​នោះ​​ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​បន្ទាន់​មួយ​ សុំ​​​ឲ្យ​ចេញ​បទ​បញ្ជា​ចាប់​ខ្លួន​សមាជិក​សភា​មួយ​រូប​និង​ជា​ប្រធាន​គណបក្ស​ប្រឆាំង​​​​មួយ​​​។

កឹម សុខា​​​ ​​​​បាន​នាំ​ក្មេង​ស្រី​អាយុ​១៥​​ឆ្នាំ​ម្នាក់ ហើយ​បាន​ឲ្យលុយ​​នាង​៥០០​​ដុល្លារ​​​​រួចជាស្រេច​​​ បន្ទាប់​មក​បាន​នាំ​នាង​ទៅសណ្ឋាគារ​មីកាហ្សាក្បែរ​មាត់​ទន្លេ​។ ខ្ញុំ​មិន​បាន​ចេញ​​​បញ្ជា​ឲ្យ​ចាប់​ខ្លួន​គាត់​​​ទេ​​​។ ប្រសិន​បើ​ខ្ញុំ​បញ្ជា​​​ គាត់​​​អាច​​​​ចោទ​ប្រកាន់​យើង​ថា​​ជ្រៀតជ្រែក​​​ក្នុង​​​​​​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់​​​​”។

ក្រៅ​ពី​​​​ការ​​​ចោទ​​​ប្រកាន់​​​រឿង​​​​​​រួម​ភេទ​ជាមួយ​អនីតិជន​ លោក ហ៊ុន សែន បាន​បន្ដ​ចោទ​ប្រកាន់​លោក​​​ កឹម​​​ សុខា​​​ ដែល​បាន​រៀបការ​រួច​ហើយ​​​ និង​មាន​កូន​ស្រី​ពេញវ័យ​ពីរ​​​នាក់​​ក្នុងបន្ទុក​​ថា បាន​​​​​​លួច​​មាន​ទំនាក់ទំនង​​​ស្នេហា​​​ក្រៅ​​​​អាពាហ៌ពិពាហ៍​​​ជា​បន្តបន្ទាប់​​​​។

ប៉ុន្ដែ​​​ ​​ក្នុង​ចំណោម​ស្រី​កំណាន់​​​​​​ទាំងអស់​​​មានតែ​​​​ម្នាក់​​​​​ប៉ុណ្ណោះ​​​ដែល​​​ទទួលបាន​​​ការ​​​ចាប់​អារម្មណ៍​​​បំផុត​​​ ​នោះ​​​គឺ​​​​​អ្នកស្រី​​​ ​កែវ សុផាណ្ណារី​​​អាយុ​៤១​ឆ្នាំ​ ដែល​ដំបូង​ឡើយ​​​បាន​​​ទម្លាយ​​​រឿង​​​​នេះ​​​ជា​​​សាធារណៈ​​​​​​​តាមរយៈ​​​​កិច្ច​សម្ភាសមួយ​​​​ជាមួយ​​​​ទូរទស្សន៍​អប្សរា​ ក្រោមការ​​​​គ្រប់​គ្រង​របស់​​​​គណបក្ស​ ប្រជា​ជន​កម្ពុជា​ កាល​ពី​ដើម​ខែ​នេះ​។

អ្នក​ស្រី​ កែវ សុផាណ្ណារី ​អះអាង​ថា លោក ​កឹម សុខា បាន​ផ្តាច់​​​​ទំនាក់​ទំនងដែល​មាន​​​រយៈ​ពេល​​​មួយ​​​ទសវត្ស រ៍​​​​​​​ជាមួយ​​​អ្នកស្រី​​​ កាល​ពី​ប្រាំ​​​​ឆ្នាំ​មុន​ ហើយ​អ្នក​ស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក កឹម សុខា កាល​ពី​ខែ​កុម្ភៈ​ ដោយ​ទាម​ទារ​ប្រាក់​​​ចំនួន​​​​១០.០០០​ដុល្លា​រ​ ដើម្បី​យក​មក​ផ្គត់​ផ្គង់​​​​ជីវភាព​​​របស់​​​ខ្លួន​​​​​​ និង​កូន​ចំនួន​ពីរ​នាក់​ទៀត ​ម្នាក់​អាយុ​៦​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​៨​​​​ឆ្នាំ​ ដែល​​អ្នកទាំងពីរ​​​​បាន​សុំ​មក​ចិញ្ចឹម​រួម​គ្នា​។

លោក កឹម សុខា បាន​បដិសេធ​ថា លោក​​​មិន​ស្គាល់​អ្នក​ស្រី​ កែវ សុផាណ្ណារី ​ទេ​។ ប៉ុន្ដែ កាល​ពី​ម្សិលមិញ​​​ លោក​​​ ហ៊ុន សែន ​បាន​ផ្ដល់យោបល់​ឲ្យ​មេដឹក​នាំ​បក្ស​ ប្រឆាំង​រូប​នេះ​ ​ផ្តល់​ប្រាក់​​ឲ្យ​ អ្នក​ស្រី កែវ សុផាណ្ណារី តាម​ចំនួន​​​ដែល​គាត់​បាន​ទាម​ទារ​។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ ឥឡូវ​នេះ ​ខ្ញុំ​ឲ្យ​យោបល់​លោកឯង​​​​ខ្លះ។ ​ឲ្យ ​ប្រាក់​នាង​ទៅ​ ព្រោះ​លោក​ឯង​​​បាន​ខ្លួន​នាង​ហើយ​។ ចាត់ទុក​ថា ជា​​​ការ​​​ចំណាយ​​​ប្រាក់​​​​សម្រាប់​សេវា​ផ្លូវ​ភេទ​ទៅ​។ នាង​​​បាត់បង់​សម្រស់​ហើយ​។ ឯក​ឧត្ដម​​​​​​​អាច​​ប្ដឹង​នាង​ពី​បទ​បរិហា​កេរ្ដិ៍​​ ឬ​ចរចា​​​​​គ្នា​​​ស្ងាត់​ៗ រួច​​​​ឲ្យ​នាង​១០.០០០​ដុល្លារ​ ដើម្បី​បញ្ចប់​រឿង​​​ក្រៅ​​​​ប្រព័ន្ធ​​​តុលាការ​”។

លោក ហ៊ុន សែន ក៏​បាន​អះអាង​​​​ផងដែរ​ថា លោក កឹម សុខា មាន​កូន​ប្រុស​ឥត​ខាន់​ស្លា​ម្នាក់​​​ និង​កូនស្រី​ម្នាក់​ ហើយ​​​ថា​​​​លោក​ទើបតែ​​​បាន​​​ផ្តល់​​​ប្រាក់​​​ឲ្យ​​​ម្ដាយ​របស់​ពួក​គេ​ចំនួន​​​៥.០០០​ដុល្លារ​ កាល​ពី​ឆ្នាំ​មុន​​​​នេះ​​​ប៉ុណ្ណោះ​​​។

ជាការ​​​បន្ដ​បញ្ចេញ​​​កំហឹង​​​របស់​​​ខ្លួន​​​​​​ លោក​​នាយក​រដ្ឋ​មន្ត្រី​ បន្ទាប់​មកបាន​គំរាម​ប្ដឹង​លោក កឹម សុខា ចំពោះ​​​ការ​​​​ចោទ​ប្រកាន់​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា បាន​ជួល​​​​អ្នកស្រី​ កែវ សុផាណ្ណារី ឲ្យ​​​ប្រឌិត​​​រឿង​​​នេះ​​​​​​ និង​ការ​អះអាង​​​​ថា គណបក្ស​ ប្រជាជន​កម្ពុជា​បាន​​​លួច​​​ប្រមែ​​​ប្រមូល​​​មនុស្ស​​ជា​ច្រើន​ក្រុម​​​ដែលបាន ​​​និង​​​កំពុង​​​​រំខាន​​​យុទ្ធនាការ​ឃោសនារបស់​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​​​នៅ​ទូទាំង​ប្រទេស​​​​​ក្នុង​​ពេល​ថ្មីៗ​នេះ​​​។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា “ រឿង​​​​ស្រី​កំណាន់​ លោក​ឯង​​​​ចង់​​​និយាយ​​​​​​យា៉ងម៉េច​​​ក៏​​​បាន​​​ដែរ​​​ ប៉ុន្ដែ​ហេតុ​អី​​​បាន​ជា​មក​​​ចោទប្រកាន់​​​​គណបក្ស​ ប្រជាជន​កម្ពុជា​ថា បាន​​​​ប្រឌិត​​​រឿងនេះ​​​ឡើង​​​? គណបក្ស​ប្រជា​ជនមិន​អាច​ទទួល​យកបាន​ទេ។ គណបក្ស​ ប្រជា​ជន​គួរ​​​ពិចារណា​​​ពី​​​ការ​​​ចាត់​​​វិធាន​ការ​ផ្លូវ​ច្បា  ប់​ ​ព្រោះ​គាត់​​​​ចោទ​ប្រកាន់​គណបក្សប្រជា​​​​ជន​ថា​​​ បាន​​​ប្រើល្បិច​​អាក្រក់​​​។​​​ យើង​​​មាន​​​សិទ្ធិ​​​​​​ប្តឹងគាត់​​​។​​​ ប៉ុន្តែ​​​ យើង​​​គួរ​​​ធ្វើ​​​ដូច្នេះ​​​ក្រោយ​​​ការ​​​​បោះឆ្នោត​​​ប្រសិន​​​បើ​​​យើងចង់​​”​​​។

ហើយ​​​បើ​​​ទោះជា​​​លោក​​​បាន​​​បដិសេធថា​​​គណបក្ស​ប្រជា​ជន​កម្ពុជា​​​មិនជាប់​​​ពាក់ព័ន្ធ​​​ជាមួយ​​មនុស្ស ​ជា​ច្រើន​​​​ក្រុម​​​ដែល​ចេញមុខ​​​ប្រឆាំង​​​គណបក្ស​ប្រឆាំង​​​ក៏ដោយ​​​ ក៏​​​​​​លោក​បាន​ទទូច​ឲ្យ​ ពួក​គេ​ផ្អាក​ការ​តវ៉ា​របស់​ខ្លួន​ប្រឆាំង​​​​លោក​ កឹម សុខា រហូត​ដល់​ថ្ងៃ​​​​បោះ​ឆ្នោត​ជាតិ​​បញ្ចប់​រួច​រាល់​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​​មាន​​​ការ​​​រក្សា​​​ ភាព​​​ស្ងប់ស្ងាត់​​​រហូត​ដល់​ថ្ងៃបោះ​ឆ្នោត​។

តាមរយៈ​​​​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិ លមិញ គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​ស្វាគ​​​មន៍​​​​​ការ​​អំពាវ​នាវ​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​​​ឲ្យ​មាន​ការ​​​រក្សាភាព​​​ស្ងប់ស្ងាត់​​​​​​​។

ទោះ​ជា​យ៉ាង​ណា​ នៅពេល​ទាក់​ទង​បាន​​​តាម​ទូរស័ព្ទ​ លោក​ កឹម សុខា បាន​បដិសេធ​យ៉ាង​​ដាច់​អហង្កា​រចំពោះ​​​​រឿង​ស្រី​កំណាន់​​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ចោទ​ប្រកាន់​​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សូម​បដិ​សេធ​រាល់​ការ​ចោទ​ប្រកាន់​ទាំងអស់​នោះ​”។

លោក​បាន​ថ្លែង​​​បន្ត​​​​ថា យើង​ទាំង​អស់​គ្នា​​​​សុទ្ធតែ​​​ដឹង​ហើយ​ថា ថ្ងៃ​បោះ​ឆ្នោត​ កាន់តែ​​​ខិត​​​​ជិតចូល​​​មក​​​​ដល់​​​ហើយ​​​ ដូច្នេះ​ទើប​​​ពួក​គេ​ព្យាយាម​បង្ក​​​បញ្ហា​​​ឲ្យ​​​​ ខ្ញុំ​។ ខ្ញុំ​ពិតជា​ចង់​ឲ្យ​ គាត់​​​[លោក ហ៊ុន សែន] ស្ប ថ​ឲ្យ​រន្ទះ​បាញ់​ ឬ​​​ស្លាប់​ដោយសារ​​​ធ្លាក់​យន្ដ​ហោះ​​​​​ណាស់​​​ ប្រសិន​បើ​អ្វី​ដែល​គាត់​​​​​និយាយ​គឺ​​​ជា​ការពិត​មែន​​​នោះ​”។

ជា​​​ការ​​​ព្រងើយ​​​នឹង​​​​ការ​គំរាម​ដាក់​​​ពាក្យ​​​ បណ្តឹង​​​​ លោក​ កឹម​​​ សុខា​​​ បាន​ចោទ​ប្រកាន់​គណ​បក្សប្រជា​ជន​ម្ដង​ទៀត​ថា​​​ ជា​​​អ្នក​​​នៅ​​​​ពី​ក្រោយ​​​ការ​តវ៉ា​ប្រឆាំង​​រូប​លោក​ និង​​​ការ​ចោទ​ប្រកាន់​​​​បស់​អ្នកស្រី កែវ សុផាណ្ណារី។

ឧត្ដម​សេនីយ៍​​​ឯក​ ខៀវ សុភ័គ  អ្នក​នាំ​ពាក្យ ​ក្រសួង​មហាផ្ទៃ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​អំពី​​​ការ​អះអាង​របស់​​​លោក​​​​នាយក​រដ្ឋ​មន្ត្រី​ដែល​ថា លោក កឹម សុខា បាន​រួម​ភេទ​ជាមួយ​អនីតិជនឡើយ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​ខ្ញុំ​មិន​មែន​​ជា​អ្នក​​​ដែល​ត្រូវ​​ឆ្លើយ​សំណួរ​នេះ​ទេ​​​” ហើយ​​​​​​​បាន​​បង្វែរ​​​សំណួរ​​​​នេះ​​​ទៅ​​ខុទ្ទកាល័យនាយក​រដ្ឋ​មន្ត្រី និង​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​​​​វិញ​​​។​​​

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​​​លើកឡើង​​​​ថា លោក​មិន​​ដឹង​​​ថា តើ​​​​លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ភ័ស្ដុតាង​អ្វី​​​​​​សម្រាប់​​​បញ្ជាក់​​​​​​ពី​​​ទំនាក់​ទំនង​របស់​លោក កឹម សុខា ជាមួយ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​នោះ​ទេ​​​។

លោក​ ផៃ ស៊ីផាន បាន​មាន​​​ប្រសាសន៍​​​ថា “ ពាក់ព័ន្ធ​​​នឹង​​​រឿងនេះ​​​​​​ ​ខ្ញុំ​មិនទាន់​​​អាច​​​ប្រាប់​​​លោក​​​បាន​​​ទេ។ ត្រង់ថា​​​​តើ​​​ ភ័ស្ដុតាង​នោះ​អាច​​​ ​ជឿ​ទុក​ចិត្ត​បាន​ ឬ​អត់​​​​នោះ​ ខ្ញុំ​គ្មាន​​យោបល់​​​ឡើយ​”។

នៅ​ពេល​ត្រូវបាន​​​សួរ​​​ថា តើ​វា​សមស្រប​​​​ដែរ​ឬ​​​ទេ ​​​ដែល​​​លោក​នាយក​រដ្ឋ​មន្ត្រី​​ធ្វើការ​​​ចោទប្រកាន់​​​​ជា​សាធារណៈ​​​​​​​​​លើ​​​គូ​ប្រជែង​ដ៏​សំខាន់​របស់​ខ្លួន​​​ក្នុង​ការ​បោះ​ឆ្នោត​​​ជាតិ​​​ អំពី​​​​ការ​រួម​ភេទ​ជាមួយ​អនីតិជន​​​ដោយគ្មាន​​​ភ័ស្តុតាង​​​បញ្ជាក់​​​  នោះ​​​ លោក ផៃ ស៊ីផាន បាន​​​​បដិសេធ​​​មិន​ធ្វើ​អត្ថាធិប្បាយ​​​ឡើយ​​​ ហើយ​​​លោក​​​​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​បកស្រាយ​​​ពី​​​មូល​ហេតុ​​​ដែល​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​មិន​​​ចាត់​​​វិធានការ​​​ពេល​​​មាន​​​ភ័ស្តុតាង​​​​​​​​​គួរ​​​ឲ្យទុកចិត្ត​​​បាន​​​សម្រាប់​​​បញ្ជាក់​​​​​​ពីការ​​​រំលោភ​​​បំពាន​​​ផ្លូវ​ភេទ​​​កុមារ​​​នោះដែរ​​​៕

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)
ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស