ក្នុងរយៈពេលមួយសប្តាហ៍នេះ ស្ថានភាពកាន់តែតានតឹងឡើងៗ សម្រាប់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលមានបញ្ហាច្រើន ពោលគឺកាលពីថ្ងៃសុក្រ នៅពេលដែលលោក ជុំ មុី អ្នករួចជីវិតពីមន្ទីរឃុំឃាំងស-២១ ក្រោមរបបខ្មែរក្រហមបានដាក់ពាក្យបណ្តឹង ចំពោះពាក្យសម្តីរបស់លោក កឹម សុខា ដែលបាននិយាយថា មណ្ឌលធ្វើទារុណកម្មនេះត្រូវបានវៀតណាមប្រឌិតឡើង។
ពាក្យបណ្តឹងដែលបានប្តឹងកាលពីថ្ងៃសុក្រ នៅសាលាដំបូងរាជធានីភ្នំពេញ ដោយលោក ជុំ មីុ អាយុ៨៣ឆ្នាំ និងជំនួសឲ្យអ្នករួចជីវិតពីមន្ទីរឃុំឃាំងស-២១ បីនាក់ផ្សេងទៀតនោះ បានទាមទារសំណងជំងឺចិត្តចំនួន១.០០០ដុល្លារពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
លោក ជុំ មីុ បានមានប្រសាសន៍ថា លុយនេះនឹងប្រើដើម្បីរៀបចំពិធីបុណ្យប្រមូលកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់នៅមន្ទីរឃុំឃាំងនៃរបបខ្មែរក្រហមនេះ។
លោក ជុំ មីុ បានបន្តថា “ យើងបានទទួលការឈឺចាប់ ព្រោះយើងគឺជាជនរងគ្រោះដែលត្រូវគេឃុំខ្លួន ធ្វើទារុណកម្មនៅឯគុកទួលស្លែងនេះ អំឡុងរបបខ្មែរក្រហម។ ប្រសិនបើលោក កឹម សុខា យល់ព្រមតាមសំណើរបស់ខ្្ញុំ គ្រាន់តែអុជធូបបីសរសៃ សូមអភ័យទោសចំពោះវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះនៅឯគុកទួលស្លែងនោះ ម្លេ៉ះក៏គ្មានពាក្យបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងគាត់ដែរ”។
កំហឹងនេះបានផ្ទុះឡើងដោយសារខ្សែអាត់សំឡេងពីរផ្សេងគ្នា ដែលបានចាក់ផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ដែលក្នុងនោះលោក កឹម សុខា បានចោទប្រកាន់វៀតណាមថា បានសាងសង់សាលារៀនមួយខ្នង ដែលមើលទៅដូចជា អតីតពន្ធនាគារ និងមណ្ឌលធ្វើទារុណកម្មរបស់ខ្មែរក្រហម។
នៅក្នុងខ្សែអាត់សំឡេងមួយ លោក កឹម សុខា បានលើកឡើងថា “ វៀតណាមបានបង្កើតកន្លែងនេះដោយមានតាំងរូបថត [របស់ជនរងគ្រោះ] ។ ប្រសិនបើកន្លែងនេះពិតជារបស់ខ្មែរក្រហមមែន ពួកគេពិតជាបានវាយកម្ទេចចោលមុនពេលចាកចេញទៅហើយ”។
នៅក្នុងខ្សែអាត់សំឡេងមួយទៀត គាត់បានលើកឡើងថា “ ហេតុអ្វីបានជាខ្មែរក្រហមល្ងង់ដល់ថ្នាក់ទុកគុកទួលស្លែងបន្ទាប់ពីសម្លាប់មនុស្សជាច្រើននាក់ និងទុកវាជាសារមន្ទីរដើម្បីបង្ហាញភ្ញៀវទេសចរយ៉ាងដូច្នេះ? រឿងនេះត្រូវបានគេប្រឌិតឡើង។ ខ្ញុំជឿថា គេបានប្រឌិតឡើង មែនទេ?”។
ចាប់តាំងពីរដ្ឋាភិបាលបានចាក់ផ្សាយខ្សែអាត់សំឡេងមក លោក ជុំ មុី ខ្លួនឯងបានឲ្យលោក កឹម សុខា ទទួលខុសត្រូវចំពោះពាក្យសម្តីរបស់គាត់ និងបានដឹកនាំការតវ៉ាដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ដែលមានអ្នកចូលរួមតវ៉ាចំនួន១.០០០នាក់ ហើយត្រូវគណបក្សប្រឆាំងនិយាយថា ការតវ៉ានេះគាំទ្រដោយគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
ច្បាប់ថតចម្លងនៃពាក្យបណ្តឹងរបស់លោក ជុំ មីុ មួយច្បាប់ដែលមានត្រារបស់ព្រះរាអាជ្ញា បានបង្ហាញថា នង ចាន់សុផល ជាអ្នករួចជីវិតពីមន្ទីរឃុំឃាំងស-២១ កាលពីវ័យកុមារ និងបងប្រុស នង ចាន់ផន និងបងប្អូនបង្កើតឈ្មោះ នង ចាន់ថន ព្រមទាំង ជិន ម៉េត គឺជាសហដើមបណ្តឹង។
លោក កួយ ធុនណា មេធាវីរបស់លោក ជុំ មីុ បានមានប្រសាសន៍ថា ប្រសិនបើលោក កឹម សុខា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទបរិហារកេរ្តិ៍ជាសាធារណៈនោះ គាត់នឹងត្រូវវិន័យជាប្រាក់រហូតដល់២.៥០០ដុល្លារតាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។
លោក កួយ ធុនណា បានមានប្រសាសន៍ថា “ នៅក្នុងពាក្យបណ្តឹងរបស់យើង យើងចោទប្រកាន់គាត់ពីបទបរិហារកេរ្តិ៍សាធារណៈ ប៉ុន្តែ យើងមិនដឹងថា តើគាត់ត្រូវប្រឈមនឹងបទល្មើសផ្សេងទៀត ឬអត់នោះទេ នៅពេលដែលតុលាការស៊ើបអង្កេតបញ្ហានេះរួច”។
កាលពីថ្ងៃពុធ មានស្ត្រីម្នាក់អះអាងថា ខ្លួន ជាប្រពន្ធចុងរបស់លោកនោះ ក៏ប្តឹងទារប្រាក់១០.០០០ដុល្លារពីលោកដែរ។ អ្នកស្រី កែវ សុផាណ្ណារី អាយុ៤១ឆ្នាំ លើកឡើងថា គាត់កំពុងប្តឹងទាមទារសំណងជំងឺចិត្តពីលោក កឹម សុខា ហើយលោកនិងអ្នកស្រីមានកូនចិញ្ចឹមពីរនាក់។
ក្រៅពីបណ្តឹងទាមទារប្រាក់នេះ អ្នកស្រី សុផាណ្ណារី ក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងមេដឹកនាំគណបក្សប្រឆាំងរូបនេះដែរ បន្ទាប់ពីមានការអះអាងថា អង្គរក្សរបស់លោក កឹម សុខា បានវាយម្តាយរបស់គាត់ កាលពីថ្ងៃព្រហស្បតិ៍រហូតត្រូវចូលពេទ្យ។
បញ្ហាផ្លូវច្បាប់របស់លោក កឹម សុខា នៅមិនទាន់ចប់ត្រឹមនេះទេ។កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមប្តឹងលោក កឹម សុខា ពីបទចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានធ្វើយុទ្ធនាការស្មោកគ្រោក ដើម្បីរំខានមិនឲ្យមេដឹកនាំគណបក្សប្រឆាំងចុះទៅជួបអ្នកគាំទ្ររបស់ខ្លួននៅតាមតំបន់ដាច់ស្រយាល។
លោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ថា បានចំណាយលុយដើម្បីរួមភេទជាមួយក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីមិនបានផ្តល់ភ័ស្តុតាងពាក់ព័ន្ធនឹងការចោទប្រកាន់ដ៏គួរឲ្យភ្ញាក់ផ្អើលនេះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ លោក សម រង្សុី បានរិះគន់ចរិតវាយប្រហាររបស់លោក ហ៊ុន សែន មកលើលោក កឹម សុខា ដោយលោកបានលើកឡើងថា ទាំងអស់នេះបានបង្ហាញពី “ ភាពទន់ខ្សោយនៃក្របខណ្ឌប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា”។
លោកបានបន្តថា នៅក្នុងប្រទេសប្រជាធិបតេយ្យដែលមានតុលាការឯករាជ្យលទ្ធភាពនៃការប្តឹងពីបទបរិហារកេរ្តិ៍ មានរឹតត្បឹតណាស់ចំពោះអ្នកមានគោលបំណងរុកកួនអ្នកនយោបាយប្រឆាំង។ ចំណែក អត្ថិភាពនៃសេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការឆ្លើយតប មានន័យថា វាជាការសមហេតុផលក្នុងការចោទប្រកាន់ចំពោះអ្វីដែលមានភ័ស្តុតាងប៉ុណ្ណោះ”។
លោក សម រង្សុី បានបន្តថា នៅក្នុងប្រទេសកម្ពុជាពុំមានការដាក់កម្រិតបែបនោះទេ ហើយលោក ហ៊ុន សែន អាចធ្វើការចោទប្រកាន់ជាហូរហែប្រឆាំងលោក កឹម សុខា ដោយមិនបានផ្តល់ភ័ស្តុតាងទៀតផង៕
(រាយការណ៍បន្ថែមដោយ Lauren Crothers)
ប្រែសម្រួលដោយ ហម សុផាណ្ណា