35 C
Phnom Penh

លោក ខៀវ កាញារីទ្ធ៖ CPP គ្មាន​​​បំណង​​​ធ្វើ​​​មិន​​​ដឹងមិនឮ​​​ចំពោះ​​​ការ​​​សន្យា​​​ប្រឆាំង​​​នឹង​​​អំពើ​​​ពុក​​​រលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក ខៀវ កាញារីទ្ធ​​​ រដ្ឋ​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន បាន​​​ការពារ​​​​​​សេច​​​ក្ដី​​​សម្រេច​​​មួយ​​​របស់​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​ដែល​​​កំពុង​​​កាន់​​​អំណាច​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ ក្នុង​ការ​មិន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​នៅ​​​​​ថ្ងៃ​​​ពុធ ដែល​​​​​​នៅ​​​ឯកិច្ច​​​ប្រជុំ​​​នោះ គណ​​​បក្ស​​​នយោបាយ​​​ចំនួន​​​ប្រាំមួយ ក្នុង​​​ចំណោម​​​គណបក្ស​​​នយោបាយ​​​ទាំង ប្រាំបី ​ ដែល​​​​ប្រកួត​​​ប្រជែង​​​យក​​​អាសនៈ​​​សភា​​​​​​ នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ខែ​​​កក្កដា​​​ខាង​​​​​​មុខ​​​​នេះ បានសន្យា​​​លុបបំបាត់​​​អំពើ​​​ពុក​​​រលួយ ។

លោក ខៀវ កាញារីទ្ធ​​​ បាន​​​បើក​​​កិច្ច​​​ប្រជុំ​មួយ​​​ជាម​​​ួយ​​​នឹង​​​អ្នកកាសែត ដើម្បី​​​ពន្យល​​់​​​​​​ឲ្យ​​​ដឹងថា អ្នក​​​រួម​​​ការងារ​​​របស់​​​លោកមិន​​​បាន​​​បញ្ជូន​​​​តំណាង​​​​​​ឲ្យ​​​ចូល​​​រួម​​​​​​ក្នុង​​​កិច​​​្ច​​​ប្រជុំ​​​​របស់​អង្គ​ការ​តម្លាភាព​​​អន្តរជាតិ​​​នៅ​​​រាជធានី​​​ភ្នំពេញ​នេះទេ​ ​ពីព្រោះ​​​គណបក្ស​​​នេះ បាន​​​ចុះហត្ថលេខា​​​លើ​​​​​អនុ​ស្សរណៈ​នៃការ​​​យោគ​​​យល់​​​គ្នា​​មួយ​​​​​​ជា​​​មួយ​​​​នឹង​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​ខ្លួន​​​កាលពី​​​ឆ្នាំ​​​មុន​​​រួច​​​​ហើយ។

លោក ខៀវ កាញារីទ្្ធ ​​​មាន​​​ប្រសាស​​​ន៍ថា ​​ “ គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា បាន​​​ចុះហត្ថ​លេខា​​​​​លើ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគយល់​​​គ្នា​​​មួយ​​​ជា​​​មួយ​​​​​​នឹង​​​អង្គភាព ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​រួច​​​​​​ហើយ។ហេតុ​​​នេះ​​​ទើប​​​​នៅ​​​ថ្ងៃ​​​នោះ គណបក្ស​​​ប្រជាជន​​​កម្ពុជា​គិត​​​ថា យើង​​​មិន​​​ចាំបាច់​​​ចុះ​​​ហត្ថលេខា​​​​​​លើ​​​ការ​​​​សន្យា​​​នេះ​​​ម្ដង​​​ទៀត​​​ទេ”។

លោកបាន បន្ត​ថា គណ​បក្ស​​​កំពុង​​​កាន់​​​អំណាច​​​នេះ ក៏ជា​​​ហត្ថ​លេខី​​​មួយ​​​ដែរ​​​​នៅ​ក្នុង​កិច្ច​​​ព្រមព្រៀង​​​ប្រឆំាង​​​អំពើ​​​ពុករលួយ​​​ជា​​​មួយ​​​​គណ​បក្ស​​នានា​​​ នៅ​​​តំបន់​​​​អាសុីអាគ្នេយ៍ (SEAPAC) ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ២០១០ ក៏​​​ដូច​​​ជា​​​​​​អនុ​សញ្ញា​​​មួយ​​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ ដើម្បី​​​ចាប់​​​ខ្លួន និង​​​រឹប​​​អូស​​​ទ្រព្យ​​​សម្បត្តិ​​​នៅ​​​ក្រៅ​ប្រទេស​​​របស់​​​មន្ត្រី​​​ពុក​​​រលួយ។

លោក ខៀវ កាញារីទ្ធ បាន​​​មាន​​​ប្រសា​​​សន៍​​​​​​សំដៅ​ដល់​​ការ​លើក​ឡើង​​រ​បស់​​​​មន្ត្រី​​​​អង្គ​ការ​តម្លាភាព​​​អន្តរជាតិ ​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​ការធ្វើ​​​មិន​​​ដឹងមិនឮ​​​​​​ចំពោះ​​​កិច្ច​​​ប្រជុំ​​​របស់​​​ខ្លួន​​​នោះ​ថា “ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មិន​​​ត្រឹម​​​តែ​​​ចុះ​​​ហត្ថលេខា​​​លើ​​​ការ​​​សន្យា​​​នានា​​​នោះ​​​ទេ ប៉ុន្តែ ​ក៏​​​បាន​​ធ្វើការ​​​បង្ក្រាប​​​អំពើ​​​ពុក​​​រលួយ​​​ផង​​​ដែរ​។​

លោក បាន​​​មាន​​​ប្រសាសន៍​​​ទៀតថា គណបក្ស​​​ប្រជាជន​​​កម្ពុជា បាន​​​បដិសេធ​​​មិន​​​ច​​​ូល​​​រួម​[នៅ​​​​ក្នុង​​​កិច្ច​​​ប្រជុំសន្យា​​​ប្រឆាំង​​​អំពើ​​​ពុករលួយ​​​នៅ​ថ្ងៃ​​​ពុធនោះ]”។ លោករដ្ឋមន្ត្រី​​​មាន​​​ប្រសាសន៍​​​ថា “ ដោយ​​​សារ​​​​តែ​​​យើង​​​មិន​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ការ​​​សន្យា​​​នេះ វាមិនមាន​​​ន័យ​​​ថា យើង​​​​​​​ចង់​​ចៀស​វាង​​ការប្រឆាំង​​​​នឹង​អំពើ​​​ពុក​​​រលួយ​​​នោះ​​​​ទេ”។

​​​នៅ​​​ក្នុង​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​​របស់​អង្គ​ការ​​តម្លាភាព​​​អន្តរជាតិ​​​ស្តី​ពី​អំពើ​​​ពុក​​​រលួយ​​​​នៅ​​​តំបន់​​​អាសុី​​​ប៉ាសុីហ្វិក​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​លោក ព្រាប កុល នាយក​​​ប្រតិបត្តិ​​​​អង្គការ​​​តម្លា​​ភាព​​​កម្ពុជា បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា នៅ​​​ពេល​​​ដែល​​​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​ “ អ​​​វត្តមាន​គួរឲ្យ​​​កត់​សម្គាល់” ពី​​​កិច្ច​​​ប្រជុំ​​​នេះ​កាលពី​​​ថ្ងៃ​ពុធ​​​នោះ យើង​​​បាន​​​ទទួល​​​ស្គាល់ថា​​​ ​វិធាន​ការ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​​​អំពើពុក​​​រលួយ​​​។

លោកបានមាន​​​ប្រសាសន៍​​​ថា “ យើង​​​បាន​​​​ដឹង​​​ផង​​​ដែរ​​​ថា រដ្ឋាភិបាលបាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​​​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​​​ខ្លួន តាម​​​រយៈ​​​ការ​​​បញ្ចូល​​​កម្មវិធី​​​មួយ​​​ដើម្បី​​​​​​​ប្រយុទ្្ធ​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​ក្នុង​​​​ផែន​ការ​​អភិវឌ្ឍន៍​​​យុទ្ធសាស្ត្រ​​​របស់​ខ្លួន”។

“ យើង​​​ចង់ឃើញរដ្ឋាភិបាល​​​ចាត់​​​វិធាន​​​ការ​ឲ្យ​បាន​មឺុង​ម៉ាត់​ និង​​​អនុវត្ត​​​វិធានការទាំង​​​នេះ​​ឲ្យ​មាន​ប្រសិទ្ធ​ភាព​​​ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​រំពឹង​​​ទុក​​​​​​របស់​​​ប្រជាពលរដ្ឋ​​​ខ្មែរ។​ប្រជា​ពលរដ្ឋបាន​​​និយាយ​​​ថា ចំណាត់​​​ការ​​​នេះ​មាន​​​ភាព​​​យឺត​​​យ៉ាវ និង​​មិន​​​គ្រប់គ្រាន់ ហើយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចង់​​​ឃើញ​​​សកម្មភាព​​​ច្រើន​​​ថែម​​​ទៀត ​ជាពិសេស​​​ការ​​​អនុវត្ត​​​ច្បាប់ និង​​​ការ​​​កាត់​​​ទោស​​​​​​​មន្ត្រី ដែល​​​ជាប់​​​ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ប្រព្រឹត្ត​​​អំពើ​​​ពុករលួយ”។

លោក ព្រាប កុល បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​កាលពី​​​ឆ្នាំ​​​២០១០​នោះ​ធ្វើ​ការ​​​​យឺត​ណាស់​។ លោកបាន​​​មាន​​​ប្រសាស​ន៍​ថា “ បណ្ដឹង​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ទទួល​​​តាម​​​រយៈ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ មាន​​​ការ​​​កើន​​​ឡើង។​កាល​ពី​ពីរបី​​​ខែ​​​កន្លងទៅ​​​ យើង​​​ដឹង​​​ថា ​​​មាន​​​បណ្ដឹង​​​ប្រហែល​​​១.០០០​​​ករណី ​ប៉ុន្តែ មាន​​​តែ​​​មនុស្ស​​​មួយ​​​ចំនួន​​​ប៉ុណ្ណោះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តុលាការ”។

យោង​​​តាមសន្ទស្សន៍​​នៃ​ការ​យល់​ដឹង​ពី​​​​​​​អំពើ​​​ពុករលួយឆ្នាំ​​​២០១២​​​របស់​​​អង្គ​ការ​​តម្លា​ភាព​​​អន្តរជាតិបាន​​​ឲ្យ​​​ដឹង​​​ថា ប្រទេស​​​កម្ពុជា​​​ស្ថិត​​​ក្នុង​​​លំដាប់​​​ថ្នាក់​​​​ទី​១៥៧​​​ក្នុងចំណោម​​​១៧៦​ប្រទេស​​​ ដែល​​​បាន​​​​​​​ដាក់​​​​ប្រទេស​​​កម្ពុជា​​​ នៅ​​​ក្នុង​​​​ចំណោម​​​ប្រទេស ដែល​​​មានអំពើ​​​ពុក​​​រលួយ​​​​​ច្រើន​បំផុត​​​​នៅ​​​លើ​​​ពិភពលោក៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស