30.1 C
Phnom Penh

កិច្ច​ប្រជុំ​គណៈកម្មាធិការ​​បេតិកភណ្ឌ​ពិភព​លោក​ធ្វើ​ឲ្យ​សណ្ឋាគារ​ធំៗ​​ត្រូវ​កក់​​ស្ទើរ​អស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សណ្ឋាគារ​ធំៗ​ភាគ​ច្រើននៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​សុទ្ធ​តែ​ត្រូវ​បាន​កក់​ពេញ​ៗ​ សម្រាប់​​កិច្ច​​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​លើក​ទី​៣៧ ដែល​​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​នឹង​មាន​គណៈ​ប្រតិភូ​ប្រមាណ​១.៤០០​នាក់​​មក​ពី​ប្រទេស​ចំនួន​១២៥​ រួមទាំង​អ្នក​កាសែត​បរទេស​​៣៥០​នាក់​បន្ថែម​ទៀត​មក​ចូល​រួម​ផង​ដែរ​។

លោកស្រី ណាតាលី ម៉ូសឺ (Natalie Moser) នាយក​ប្រតិបត្តិ​ទី​ផ្សារ​របស់​សណ្ឋាគារ​សូហ្វី​តែល​ភ្នំពេញ ភោគីត្រាបាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រយៈ​​ពេល​១១​ថ្ងៃ​ ដែល​នឹង​ផ្ដោត​លើ​កិច្ច​ពិភាក្សា​អំពី​តំបន់​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ដែល​គួរ​តែ​ចុះ​បញ្ជី​នៅ​ក្នុង​បេតិកភណ្ឌ​ពិភព​លោក​​របស់​អង្គការ​យូណេស្កូ​ ​បាន​ធ្វើ​ឲ្យ​សណ្ឋាគារ​​សូហ្វ​ីតែល​ ភ្នំពេញ ភោគីត្រា មាន​ភ្ញៀវ​​ពេញ​​នៅ​​សប្ដាហ៍​ខាង​មុខ​​នេះ​។

លោក​ស្រី មូសឺ បាន​មានប្រសាសន៍​ថា “ ​​កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឲ្យ​សណ្ឋាគារ​របស់​លោក​ស្រី​ទទួល​បាន​ការ​កក់​​ច្រើន​ជាង​មុន​ទ្វេ​ដង​”។ លោក​ស្រី​បាន​បន្ថែម​ថា “ ​នៅពេល​​នេះ​ អំឡុង​រដូវ​វស្សាសណ្ឋាគារ​របស់​ខ្ញុំ​​មិន​សូវ​ជា​ទទួល​បាន​ការ​កក់​ច្រើន​នោះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​​ការ​កក់​​នៅ​ក្នុង​សណ្ឋាគារ​របស់​​ខ្ញុំ​ដែល​មាន​២០១​បន្ទប់​ បាន​កើន​ឡើង​ពី​៣០​ភាគរយ​ ទៅ​៦០​ភាគរយ​”។

សណ្ឋាគារ​សាន់វ៉េ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ សណ្ឋាគារ​របស់​ខ្លួន​ទទួល​បានការ​កក់​​ពេញ​​ហើយ​ចាប់​ពី​ថ្ងៃ​ពី​១៥ ​ដល់​ថ្ងៃ​ទី​២៦​ខែ​មិថុនា​។
លោក មីគី ថាច់ (Mickey Touch)  ជំនួយ​ការ​​ប្រធាន​ផ្នែក​លក់​ បាន​លើក​ឡើង​ថា “ ​យើង​ទទួល​បាន​​គណៈ​ប្រតិភូ​យ៉ាង​ច្រើន​នៅ​ទីនេះ… បន្ទប់សរុប​ចំនួន​៨៤​បន្ទប់​របស់​យើង​គឺ​សម្រាប់​គណៈ​ប្រតិភូ​។ គណៈ​ប្រតិភូ​ភាគ​ច្រើន​​​ស្នាក់​នៅ​ជាង​មួយ​សប្ដាហ៍​ ប៉ុន្ដែ គណៈ​ប្រតិភូ​ខ្លះ​ទៀត​ស្នាក់​នៅ​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ”​។

លោក លីដេន មេន (Liden Men) ភ្នាក់​ងារ​​ផ្នែក​ទទួល​កក់​​នៅ​ឯ​សណ្ឋាគារ​អាំង​ទែរកង់​ទីណង់តាល់ ក៏​បាន​ប្រាប់​ដែរ​ថា សណ្ឋាគារ​របស់​លោក​ក៏​ទទួល​បាន​ការ​កក់​ពេញ​ដែរ​​ អំឡុង​​សប្ដាហ៍​ក្រោយ​ តែ​ទោះ​ជា​យ៉ាង​ណា​លោក លីដេន មេន នៅ​មិន​ទាន់​ច្បាស់​ទេថា តើ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​​ គឺ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​មាន​ការ​កក់​ពេញ​នោះ​ ឬក៏​យ៉ាង​ណា​ទេ។

សម គន្ធី លេខា​ផ្នែក​លក់​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ។ សម គន្ធី លើក​ឡើង​ដោយ​សំដៅ​​ទៅ​លើ​គេហទំព័រ​របស់​គណៈ​កម្មាធិការ​​​រៀប​ចំ​កិច្ច​ប្រជុំ​នេះ​ ដែល​ដឹក​នាំ​ដោយ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន ថា “ យើង​ទទួល​​បាន​គណៈ​ប្រតិភូ​ជា​ច្រើន​នៅ​ពេល​នេះ​ គឺ​ជាង​​៨០​រូប​ ​មក​ពី​ប្រទេស​ជា​ច្រើន​។ គណៈ​ប្រតិ​ភូ​ខ្លះ​កក់​តាម​រយៈ​អង្គការ​យូណេស្កូ និង​គណៈ​ប្រតិភូ​ខ្លះ​ទៀត​កក់​តាម​រយៈ​គេហទំព័រ​”។

សណ្ឋាគារ​ធំៗ​ចំនួន​ប្រាំបី នៅ​ក្នុងរាជ​ធានី​ភ្នំពេញ​ គឺ​សុទ្ធ​តែ​មាន​ឈ្មោះ​នៅ​លើ​គេហទំព័រ​ រួម​មាន​សណ្ឋាគារ​​រ៉ាហ្វល​ ហូថែល​ ឡឺរ៉ូយ៉ាល់ សណ្ឋាគារ​សូហ្វីតែល សណ្ឋាគារ​កាំបូឌី​យ៉ា​ណា​ ​សណ្ឋាគារ​អាំង​ទែរ​កង់​ទីណង់​តាល់ សណ្ឋាគារ​សាន់វ៉េ សណ្ឋាគារ​ភ្នំពេញ ណាហ្គា​វើល និង​សណ្ឋាគារ​តូច​មួយ​ទៀត​ឈ្មោះ​ថា បូទិច ផ្លាន​ថេសិន។

លោក សេរី​ វឌ្ឍនៈ តំណាង​ផ្នែក​លក់​​នៅ​សណ្ឋា​គារ​ហ៊ីលម៉ាវ៉ារី ​លើក​ឡើង​ថា សណ្ឋា​គារ​​ដែល​គ្មាន​ឈ្មោះ​នៅ​លើ​​គេ​​ហទំព័រ​នេះ​​ គឺ​សណ្ឋាគារ​ហីម៉ាវ៉ារី​ ដែល​មិន​ទទួល​បាន​ការ​កក់​ពី​គណៈ​ប្រតិភូ​ ហើយ​​​នៅ​ទំនេរ​នា​សប្ដាហ៍​​​ក្រោយ​៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស