29 C
Phnom Penh

សាលាដំបូង​ខេត្ត​ស្វាយរៀង​​បញ្ចប់​សវនាការ​រឿង​ក្តី​លោក ឈូក បណ្ឌិត​ ពី​បទ​បាញ់​កម្មការិនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បើក​សវនាការ​ឡើង​វិញ​រឿង​ក្តី​លោក ​ឈូក​ បណ្ឌិត​​ អតី​ត​អភិបាល​ក្រុង​បាវិតបាន​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​ ដោយ​មាន​សាក្សី​១៩​នាក់​ ដែល​អ្នក​ខ្លះ​ថា បាន​ផ្តល់​សក្ខី​​កម្មចោទ​ប្រកាន់​ ​លោក ឈូក បណ្ឌិត និង​អ្នក​ខ្លះ​ទៀត​បាន​ផ្តល់​សក្ខីកម្ម​ថា លោក ឈូក បណ្ឌិត ត្រូវ​បាន​គេ​ទម្លាក់​កំហុស​​ចំពោះ​​ការ​បាញ់​កម្មការ​ិ​នី​បីនាក់​​ឲ្យ​រង​របួស​នៅ​ពេល​ធ្វើ​បាតុកម្ម​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២។

លោក លាង សួគិ ចៅក្រម​សាលាដំបូង​ខេត្ត​​ស្វាយរៀង មាន​ប្រសាសន៍ថា សាល​ក្រម​​នៅក្នុង​រឿង​ក្តី​ដ៏អូសបន្លាយ​ជា​យូរ​មក​ហើយ​នេះ នឹង​ត្រូវ​ប្រកាសនៅ​ថ្ងៃទី​២៥​ខែ​មិថុនា។

ទាំង​លោក ឈូក បណ្ឌិត និង​មេធាវី​របស់​លោក​មិន​បាន​ចូលរួម​សវនាការ​រយៈ​ពេល​បី​ថ្ងៃ​ ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ពុធឡើយ​។  លោក​ ឆន សុខា មន្ត្រី​កម្មវិធី​​សិទ្ធិការ​ងារ​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ដែលបាន​ចូលរួម​សវនាការ​នោះ​​មាន​ប្រសា​សន៍ថា “ ភាគ​ច្រើន​នៃ​សាក្សីទាំង​នោះ​​បាន​​ផ្តល់​សក្ខីកម្ម​ថា ​បាន​ឃើញ​លោក​ ឈូក​ បណ្ឌិត ​ដកកាំ​ភ្លើង​បាញ់​ទៅលើ​ក្រុម​កម្មករ​ពិត​មែន​”។

លោក សុខា បាន​មាន​ប្រសាសន៍ថា “ បើ​ទោះ​ជា​លោក ឈូក បណ្ឌិត និង​មេធាវី​របស់​លោកមិនមាន​វត្ត​មាន​ក៏​ដោយ​ ក៏ការ​សាក​សួរ​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ”។  លោក​បាន​បន្ថែម​ទៀតថា សាលក្រម​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា។

ការ​បាញ់​នេះ​បាន​បណ្តាល​ឲ្យ​កម្មការិនី​បីនាក់​រងរបួស​ ដែលម្នាក់​ក្នុង​ចំណោម​នោះ​រង​របួសធ្ងន់ ប៉ុន្តែ​១៦ខែ​ក្រោយ​មក​ មិន​​ទាន់​រក​អ្នក​​ទទួល​ខុសត្រូវ​​ឃើញ​ឡើយ។   សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ដំបូង​ប្រឆាំង​លោក​ ឈូក បណ្ឌិត​ កាលពី​ខែធ្នូ។

ប៉ុន្តែ​ពេល​មាន​ការ​ថ្កោលទោស​ពី​សំណាក់​​​​ជាតិ​និង​អន្តរជាតិ​មក កាលពី​ខែ​មីនា​ សាលា​ឧទ្ធរណ៍បាន​បង្គាប់​ឲ្យ​បើក​សវនា​ការ​រឿង​ក្តី​នេះ​ឡើង​វិញ៕

 ប្រែសម្រួល​ដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស