30 C
Phnom Penh

សាលាឧទ្ធរណ៍តម្កល់ទោស​ជាប់​ពន្ធនាគារ​អ្នក​ស្រី​ យ៉ម បុប្ផា សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញ​ចេញពី​ដី​ធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលាឧទ្ធរណ៍បាន​តម្កល់​​សាលក្រម​ផ្តន្ទាទោស​អ្នកស្រី​ យ៉ម បុប្ផា សកម្ម​​ជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី ប៉ុន្តែ​បាន​បន្ថយទោស​ជាប់​ពន្ធនាគារ​របស់​អ្នក​ស្រី​ពី​បី​ឆ្នាំ​ មក​ពីរ​ឆ្នាំ​ ដែលក្នុង​នោះ​ព្យួរទោស​មួយ​ឆ្នាំ។

សេចក្តី​សម្រេច​នេះ​មាន​ន័យថា អ្នក​ស្រី យ៉ម បុប្ផា នឹង​មិន​ត្រូវ​ដោះ​លែង​ឡើយ​រហូត​ដល់​ចុង​ឆ្នាំ​២០១៤។ នៅមុន​ពេល​បើក​សវនាការ អ្នក​គាំទ្រ​ប្រហែល​៤០០នាក់​បាន​ធ្វើការ​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ស្រី យ៉ម បុប្ផា ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាលពី​ឆ្នាំ​មុន​ជាមួយ​នឹង​ប្តី​របស់​អ្នក​ស្រីគឺលោក លួស​សាខន និង​បងប្អូន​ប្រុស​របស់​អ្នកស្រី ពីរនាក់​ទៀតឈ្មោះ យ៉ម កន្លង់ និង​ យ៉ម សែត ចំពោះ​​ការ​​ជាប់​ពាក់​ព័ន្ធ​​របស់​ពួក​គេ​នៅ​ក្នុង​ការ​​បង្ក​របួសស្នាម​ដល់​​អ្នក​រត់​រ៉ឺម៉ក​កង់បី​ពីរនាក់។

អ្នក​គាំទ្រ និង​អង្គការ​សិទ្ធិមនុស្ស​ជឿថា អ្នក​ស្រី​ យ៉ម បុប្ផា គឺ​ជា​គោលដៅ​នៃ​ការ​ចាប់​ខ្លួន​ដោយសារ​អ្នក​ស្រី​ជា​សកម្ម​ជនប្រឆាំង​នឹង​ការ​បណ្តេញចេញពី​ដី​ធ្លី​ក្នុង​តំបន់​បឹង​កក់​។

លោក តាំង​ ស៊ុនឡាយ ប្រធាន​ចៅ​ក្រម​ក្រុម​​ប្រឹក្សាជំនុំ​ជម្រះ​បាន​មាន​ប្រសា​សន៍​កាល​ពី​ថ្ងៃសុក្រថា “ ខ្ញុំ​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដោយ​​កាត់​បន្ថយ​​​ទោស​ជាប់​ពន្ធនាគារ​របស់​​អ្នក​ស្រី យ៉ម​ បុប្ផា ហើយ​​ត្រូវ​បង្គាប់​ឲ្យ​អនុវត្ត​ទោស​តែពីរ​ឆ្នាំ​ប៉ុណ្ណោះ”។

លោក​បាន​បន្ថែម​ថា លោក​បាន​កែ​ប្រែ​ការ​​ចោទ​ប្រកាន់​អ្នក​ស្រី​ យ៉ម បុប្ផា ពី​ការ​ប្រើ​អំពើ​​ហិង្សា​ដោយ​ចេតនា​ដែលមាន​ស្ថាន​ទម្ងន់​ទោស​​មក​ការ​ធ្វើ​ជា​មេគំនិត​ក្នុង​ការ​បង្ករ​បួស​ស្នាម​វិញ។ លោកចៅក្រម ស៊ុនឡាយ ក៏បាន​កាត់​បន្ថយ​​ចំនួន​ប្រាក់​សំណងជំងឺចិត្ត​ផងដែរ​​​ដែល​​អ្នក​ស្រី យ៉ម បុប្ផា និង​សហ​ចុងចោទ​របស់​អ្នក​ស្រី​ត្រូវ​សង​ទៅ​ឲ្យ​ដើម​ចោទ​នៅ​ក្នុង​រឿង​ក្តី​នេះ។

លោក​ចៅក្រម ស៊ុនឡាយ បាន​មាន​ប្រសា​សន៍បន្ថែម​ទៀត​ថា “ ចុងចោទ​ទាំង​បួន​នាក់​នេះ​ត្រូវ​បង្គាប់​ឲ្យ​បង់​ប្រាក់​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ​ទាំង​ពី​រនាក់​ចំនួន​២០​លាន​រៀល​ជំនួសឲ្យ​៦០លានរៀល”។

ពេល​ស្តាប់​ឮសាលក្រម​របស់​ចៅ​ក្រម​រូបនេះ អ្នកស្រី យ៉ម បុប្ផា អាយុ​២៩ឆ្នាំ ជា​ម្តាយ​ដែលមាន​កូន​ប្រុស​អាយុ​៩ឆ្នាំ​ បាន​ស្រក់​​ទឹកភ្នែក ហើយ​បាន​ស្រែក​ខ្លាំ​ងៗថា តុលាការ​អយុត្តិធម៌ណាស់។

អ្នក​ស្រី​បាន​ស្រែកយំ​ថា “ សេចក្តី​សម្រេច​​របស់​តុលាការ​អយុត្តិធម៌ណាស់ ពី​ព្រោះ​ខ្ញុំ​មិន​​បាន​ប្រព្រឹត្ត​បទ​​ល្មើស​​ទេ។​ហេតុ​អ្វី​បាន​ជា​តុលាការ​នៅ​តែ​ធ្វើការ​សម្រេច​អយុត្តិ​ធម៌​ដដែលបែបនេះ?”។

លោក សាខន​ ត្រូវ​ជា​ប្តី​របស់​អ្នក​ស្រី បាន​មាន​ប្រសាសន៍ថា ប្រពន្ធរបស់​លោក​នឹង​ប្តឹង​​សាទុក​្ខ​​សេចក្តី​សម្រេចនេះ។  លោក​បាន​មាន​ប្រសាសន៍ថា “ យើង​នឹង​ប្តឹង​សាទុក្ខទៅ​តុលាការ​កំពូល ទោះ​ជា​យើង​ដឹង​ថា​​ប្រព័ន្ធតុលាការ​កម្ពុជានឹង​មិន​ស្វែង​រក​យុត្តិ​ធម៌សម្រាប់​ពួកយើង​ក៏ដោយ”។

អ្នកស្រី​ យ៉ម បុប្ផា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញានោះ ​បាន​ស្នើសុំ​ឲ្យ​ដោះលែង​​ដោយ​ផ្អែក​លើ​មូលហេតុថា អ្នកស្រី​មិន​ជាប់​ពាក់​ព័ន្ធក្នុង​ការ​បង្ក​របួសស្នាម​ទេ ហើយ​ថា អ្នក​ស្រី​ត្រូវ​មើល​ថែ​កូន​ប្រុស​របស់​អ្នក​ស្រី។

ភាគច្រើន​នៃ​អ្នក​តវ៉ារាប់​រយនាក់​ដែល​បាន​​ជួបជុំគ្នានៅ​ក្រៅ​សាល​សវនា​ការ​បាន​បំបែក​គ្នា បន្ទាប់ពី​អ្នក​ស្រី យ៉ម បុប្ផា ត្រូវ​បាន​ដឹកទៅ​កាន់​ពន្ធនាគារ​វិញ​បន្ទាប់ពី​បើក​សវនាការ​រួច ប៉ុន្តែ​មនុស្ស​ជាច្រើន​នាក់​ទៀតនៅ​តែ​ស្ថិត​នៅ​​ទី​នោះ ហើយ​បាន​ព្យាយាម​ដើ​រ​ក្បួន​ទៅ​កាន់​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែលស្ថិត​នៅ​ទល់​មុខ​វិមាន​ឯករាជ្យ ប៉ុន្តែ​ត្រូវ​នគរបាល​ប្រឆាំ​ងកុបកម្ម​ធ្វើការ​រារាំង​នៅ​ក្បែរ​ក្រសួង​យុត្តិធម៌។

លោក អំ សំអាត អ្នកគ្រប់​គ្រង​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​លីកាដូ​បាន​មាន​ប្រសាសន៍ថា “ នគរបាល​បានវាយ​អ្នក​តវ៉ា​នៅ​ពេល​ដែល​ពួកគាត់​ព្យាយាម​ដើ​រ​ទៅកាន់​ភូមិគ្រឹះរបស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន”។

លោក​បាន​មាន​ប្រសាសន៍ថា “ អ្នក​តវ៉ា​ប្រាំនាក់​បាន​សន្លប់ និង​បួន​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត”។
លោក​បាន​ប​ន្ថែមថា អ្នក​តវ៉ាទី​៦ត្រូវ​បាន​វាយ​ចំ​ខ្នង ដោយ​ធ្វើ​ឲ្យ​គាត់​រងរបួស​ស្រាល។

គេ​មិន​អាច​ទាក់​ទង​នគរបាល​ដើម្បី​សុំ​អត្ថា​ធិប្បាយ​បានទេ។ ដោយ​លើកឡើង​ពី​សេចក្តី​សម្រេច​របស់​តុលាការ​ អ្នក​គាំទ្រអ្នក​ស្រី​ យ៉ម បុប្ផា មក​ពី​តំបន់​បឹងកក់ បាន​និយាយ​ថា ពួកគាត់​នឹង​បន្តធ្វើ​បាតុកម្មសុំ​ឲ្យ​ដោះ​លែង​​អ្នក​ស្រី។

កែវ បុប្ផា អ្នកតវ៉ាម្នាក់ទៀត​នៅ​តំបន់​បឹងកក់​បាននិយាយថា “ យើង​នឹង​បន្ត​ធ្វើការ​តវ៉ា ពីព្រោះ​យើង​ចង់​ឲ្យ​ប្រជា​ជន​នៅ​ទូទាំង​ពិភពលោកដឹង​ថា តុលាការ​ពុក​រលួយ”៕

ប្រែសម្រួលដោយ សោម សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស