នៅថ្ងៃអង្គារ គណៈប្រតិភូដែលមកចូលរួមក្នុងសម័យប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងរាជធានីភ្នំពេញ នឹងត្រូវស្វាគមន៍មុនពេលកិច្ចប្រជុំដោយតន្ត្រីករប្រគំតន្ត្រីដោយប្រើឧបករណ៍ យកគំរូតាមឧបករណ៍មាននៅលើជញ្ជាំងប្រាសាទខ្មែរ ដែលមានអាយុកាលជាច្រើនសតវត្សរ៍មកហើយនោះ។
ឧកបរណ៍មួយក្នុងចំណោមឧបករណ៍បុរាណទាំងនោះ គឺពិណដ៏ស្រស់ស្អាត ដែលរចនាឡើងផ្អែកលើចម្លាក់សតវត្សរ៍ទី៧ នៅឯប្រាសាទសម្បូរព្រៃគុក ដែលជាតំបន់ដ៏សំខាន់តាំងពីមុនសម័យអង្គរស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា។
លោក បា៉ទ្រិក ឃើសែល (Patrick Kersale) តូរ្យតន្ត្រីវិទូបារាំង ដែលបានរកឃើញឧបករណ៍ទាំាងនេះ នឹងមានវត្តមាននៅថ្ងៃអង្គារ ដើម្បីលេងពិណជាមួយនឹងតន្ត្រីករបុរាណខ្មែរមួយចំនួនទៀតដែលលេងឧបករណ៍តន្ត្រីបុរាណផ្សេងៗនោះបានមានប្រសាសន៍ថា ការប្រើប្រាស់ពិណ ប្រហែលត្រូវបានគេបោះបង់ចោលនៅក្នុងអំឡុងឆ្នាំ១.៣០០។
បន្ទាប់ពីការប្រគំតន្ត្រីរយៈពេលខ្លីនេះ គណៈប្រតិភូមកពី២១ប្រទេស ដែលបង្កើតគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនេះ នឹងចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំលើកទី៣៧របស់ខ្លួននៅថ្ងៃអង្គារ ដើម្បីពិនិត្យមើលស្ថានភាពនៃទីតាំងធម្មជាតិនិងប្រវត្តិសាស្ត្រដែលសំខាន់បំផុតនៅលើពិភពលោក និងសម្រេចថា តើទីតាំងជាច្រើនទៀតគួរតែចុះបញ្ជីជាបេតិកភណ្ឌពិភពលោកឬយ៉ាងណា។
ឧបករណ៍តន្ត្រីបុរាណខ្មែរដែលនឹងត្រូវបង្ហាញមុនកិច្ចប្រជុំនេះគឺជាផ្នែកមួយនៃការតាំងពិព័រណ៍នៅឯសណ្ឋាគារសូហ្វីតែលអង្គរភោគីត្រា ក្នុងខែនេះ ដែលផ្តោតលើការស្រាវជ្រាវរបស់លោក ឃើសែល។
លោក ឃើសែល បានមានប្រសាសន៍ថា “ ឧបករណ៍តន្ត្រីមួយចំនួនគឺស្រដៀងគ្នានឹងឧបករណ៍តន្ត្រីបុរាណ ដូចជា ឧបករណ៍ខ្សែមួយ ហៅសាដៀវ។ ឧបករណ៍នេះឃើញមានតាំងពីសតវត្សរ៍ទី៧ ហើយកម្រមានគេកែប្រែណាស់។ ចំណែកឧបករណ៍តន្ត្រីដ៏ទៀតគេបានកែប្រែទ្រង់ទ្រាយបន្តិចបន្តួច ដើម្បីឲ្យមានលក្ខណៈទំនើប”។
លោក ឃើសែល បានប្រមូលឧបករណ៍តន្ត្រីសម័យអង្គរនិងមុនសម័យអង្គរបានចំនួន៥០គ្រឿងតាមរយៈការសិក្សារូបចម្លាក់នៅលើជញ្ជាំងប្រាសាទខ្មែរមួយចំនួន ដូចជា ប្រាសាទបន្ទាយឆ្មារ ដែលមានអាយុកាល៨០០ឆ្នាំនៅភាគពាយព្យនៃប្រទេសកម្ពុជា និងប្រាសាទបាយ័នព្រមទាំងប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។
គោលបំណងរបស់គាត់គឺដើម្បីចងក្រងរូបភាពនៃឧបករណ៍តន្ត្រីឲ្យបានច្រើនដើម្បីកំណត់ថា តើឧបករណ៍មួយណាត្រូវគេប្រើប្រាស់ញឹកញាប់ជាងគេ កាលពីសម័យបុរាណ ហើយបន្ទាប់មកលោកបង្កើតវាឡើងវិញ។
លោក ឃើសែល មានប្រសាសន៍ថា ការស្វែងរកអ្នកផលិតឧបករណ៍តន្ត្រីដើម្បីផលិតស្គរបុរាណនិងឧបករណ៍តន្ត្រីខ្សែឡើងវិញ មិនមែនជារឿងពិបាកទេ។ ប៉ុន្តែ ការបង្កើតឧបករណ៍តន្ត្រីពិណដែលគេបំភ្លេចចោលជាយូរយារមកហើយនោះមិនមែនជារឿងងាយនោះទេ ដូច្នេះហើយលោក ឃើសែល ធ្វើដំណើរទៅប្រទេសភូមា ដែលនៅទីនោះគេនៅតែប្រើប្រាស់ពិណជាសំខាន់ក្នុងវង់ភ្លេងបុរាណ។
លោកបានបន្តថា “ ខ្ញុំបានទៅធ្វើការនៅប្រទេសភូមាជាមួយ [ជនជាតិភាគតិច] ការ៉េន ព្រមទាំងភូមា បន្ទាប់មកក៏បាននាំយកបច្ចេកទេសភូមាមកផលិតពិណនៅក្នុងប្រទេសកម្ពុជា”។ លោកបានបន្ថែមថា លោកបានចម្លងវិធីធ្វើពិណទៅឲ្យលោក កែវ សុណន់កវី ដែលជាតន្ត្រីករបុរាណ និងជាអ្នកធ្វើឧបករណ៍តន្ត្រីនៅក្នុងរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍បន្ថែមថា “ ក្នុងចំណោមកិច្ចការដទៃទៀត ការងាររបស់ខ្ញុំរួមមានការប៉ុនប៉ងធ្វើឲ្យពិភពលោកស្គាល់ពីតន្ត្រីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អំឡុងពេល២០ឆ្នាំចុងក្រោយ និងដើម្បីចង់ដឹងថា តន្ត្រីមានការវិវឌ្ឍយ៉ាងដូចម្តេច ពីព្រោះយើងស្ថិតនៅក្នុងពិភពមួយដែលឆ្ពោះទៅមុខក្នុងដំណាក់កាលមួយដែលមានល្បឿនលឿន”។
លោកស្រី គែល ប៊ីហ្គៀត (Gaelle Bigeard) អ្នកសម្របសម្រួលទីផ្សារនៅសណ្ឋារគារនេះមានប្រសាសន៍ថា “ ក្រៅពីការសម្តែងនៅថ្ងៃអង្គារនេះ តន្ត្រីករទាំងអស់នឹងប្រើប្រាស់ឧបករណ៍តន្ត្រីមួយចំនួនក្នុងចំណោមឧបករណ៍តន្ត្រីសម័យអង្គរនិងមុនសម័យអង្គររបស់លោក ឃើសែល នៅក្នុងការប្រគំតន្ត្រីនៅថ្ងៃទី២១ ខែមិថុនា នៅឯសណ្ឋាគារសូហ្វីតែលអង្គរភោគីត្រាក្នុងខេត្តសៀមរាប ។
ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០មក បារាំងបានប្រារព្ធទិវាបុណ្យតន្ត្រីរៀងរាល់ថ្ងៃទី២១ ខែមិថុនា ហើយចាប់តាំងពីពេលនោះមកប្រពៃណីទិវាបុណ្យតន្ត្រីនេះបានរីករាលដាលដល់ប្រទេសជាង១០០ប្រទេសនៅលើពិភពលោក។
ចំណែកឯការប្រគំតន្ត្រីនៅឯសណ្ឋាគារសូហ្វីតែលក្នុងខេត្តសៀមរាប ចាប់ផ្តើមនៅម៉ោង៦ល្ងាច នឹងបើកចំហជូនសាធារណជនចូលទស្សនា។ ពិព័រណ៍តន្ត្រីនេះនឹងបន្តរហូតដល់ដំណាច់ខែនេះ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា