អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងកាលពីម្សិលមិញថា គណបក្សនេះបានបន្តការពិភាក្សាកាលពីចុងសប្ដាហ៍ស្ដីពីការដកខ្លួនចេញពីការបោះឆ្នោតជាតិនៅខែក្រោយដោយសារការរំខានជាបន្ដបន្ទាប់លើការជួបជុំគ្នារបស់គណបក្ស នេះនិងដោយសារតែរដ្ឋាភិបាលមិនបានកែទម្រង់ដំណើរការបោះឆ្នោត ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ការធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជាតិ គឺនៅតែជា “ ជម្រើសមួយ” នៅឡើយ ហើយថ្នាក់ដឹកនាំគណបក្សប្រឆាំងនឹងប្រកាសអំពីសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនថា តើនឹងចូលរួមក្នុងការបោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដាខាងមុខនេះឬអត់ អំឡុងសន្និសីទកាសែតមួយដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា “ យើងមិនអាចសម្រេចចិត្តក្នុងពេលនេះបានទេ យើងត្រូវតែសម្រេចថា តើសមាជិកសភារបស់យើងចង់បានអ្វីជាមុនសិន ព្រោះពួកគេ [គណបក្សប្រជាជនកម្ពុជា] បានរំខានការជួបជុំរបស់យើង និងបានបំផ្លិចបំផ្លាញស្លាកសញ្ញាគណបក្សរបស់យើង។ វាជាការរួមចំណែកបង្កបរិយាកាសអាប់អួសម្រាប់ការបោះឆ្នោត”។
លោកបានបន្ថែមថា ការសម្រេចចិត្តរបស់គណបក្សសង្គ្រោះជាតិក្នុងការមិនចូលរួមក្នុងការបោះឆ្នោតជាតិ នឹងបង្កើនសម្ពាធអន្ដរជាតិលើគណបក្សគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។ លោកបានមានប្រសាសន៍ថា“ ប្រសិនបើយើងមិនចូលរួមក្នុងការបោះឆ្នោតជាតិ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិនឹងមិនទទួលស្គាល់រដ្ឋាភិបាលបែបនេះឡើយ ដូច្នេះ ប្រជាពលរដ្ឋខ្មែរនឹងចោទសួរពីភាពស្របច្បាប់របស់រដ្ឋាភិបាល ហើយគណបក្សប្រជាជនកម្ពុជានឹងក្លាយជាអ្នកចាញ់”។
ទោះជាយា៉ងណា លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យរងរបស់គណបក្សសង្គ្រោះជាតិ លើកឡើងថា វាជាឱកាសល្អមួយសម្រាប់គណបក្សសង្គ្រោះជាតិក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។
លោក បុញ្ញឫទ្ធិ បានឲ្យដឹងថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅនៅក្នុងទីក្រុងតូក្យូ និងលោក សម រង្ស៊ី ប្រធានគណបក្សដែលកំពុងនិរទេសខ្លួនឯងនៅប្រទេសបារាំង បានជួបពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ហើយបានសម្រេចថា សមាជិកភាគច្រើនរបស់គណបក្សសង្គ្រោះជាតិគាំទ្រការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនាពេលខាងមុខនេះ។
លោក បុញ្ញឫទ្ធិ មានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិនឹងចូលរួមក្នុងការបោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដា ប៉ុន្តែចាប់ពីពេលនេះទៅ ប្រសិនបើមានការរំខាន និងការរើសអើងទៀត យើងនឹងមិនទទួលយកលទ្ធផលនៃការបោះឆ្នោតឡើយ។
ថ្លែងតាមរយៈវីដេអូខន់ហ្វើរិនទៅកាន់អ្នកចូលរួមស្តាប់នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក សម រង្ស៊ី បានបញ្ជាក់ថា លុះត្រាតែរដ្ឋាភិបាលយល់ព្រមកែទម្រង់ការបោះឆ្នោត ដែលរួមមានទាំងការបើកផ្លូវឲ្យលោកវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បើពុំដូច្នោះទេ គណបក្សសង្គ្រោះជាតិនឹងមិនទទួលស្គាល់ភាពស្របច្បាប់នៃលទ្ធផលក្នុងការបោះឆ្នោតឡើយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងនឹងមិនចូលរួមក្នុងការបោះឆ្នោតជាតិដែលគួរឲ្យអស់សំណើចជាមួយគណបក្សប្រជាជនកម្ពុជាទេ ប្រសិនបើ [គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត] មិនធ្វើកំណែទម្រង់នោះ។ សម រង្ស៊ី នឹងមិនគាំទ្រឬទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឡើយហើយយើងនឹងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ តាមអនុសាសន៍របស់អង្គការសហប្រជាជាតិ”។
ជាការបំភ្លឺអំពីគោលជំហររបស់ខ្លួន លោក សម រង្ស៊ី បានលើកឡើងតាមរយៈអុីម៉េលថា គណបក្សសង្គ្រោះជាតិនៅតែ“បើកចំហរាល់ជម្រើសទាំងអស់” ប៉ុន្ដែ ទំនងជានឹងរង់ចាំធ្វើពហិការមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ជាជាងមិនចូលរួមក្នុងការបោះឆ្នោត។
លោកបានថ្លែងថា “ ទោះបីជាអាចមានការលួចបន្លំសន្លឹកឆ្នោតនៅថ្ងៃទី២៨ ខែកក្កដាក៏ដោយ ក៏យើងនៅតែជឿជាក់ថា ប្រជាប្រិយភាពមិនធ្លាប់មានពីមុនមកដោយសារការរួបរួមគ្នាជាធ្លុងមួយរបស់គណបក្សប្រឆាំងនិយមប្រជាធិបតេយ្យនឹងជួយឲ្យយើងមានទឹកមាត់ប្រៃ”។
លោកបានបន្ថែមថា “ យើងកំពុងធ្វើឲ្យប្រាកដថា សហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលណាដែលកើតចេញពីការបោះឆ្នោតមិនស្របច្បាប់បែបនេះ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការសម្រេចចិត្តរបស់គណបក្សប្រឆាំងក្នុងការធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតជាតិ គឺបានត្រឹមតែធ្វើឲ្យខូចដំណើរការប្រជាធិបតេយ្យដែលកំពុងវិវឌ្ឍទៅមុខនៅក្នុងប្រទេសនេះប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា“ ប្រសិនបើពួកគេសម្រេចចិត្តមិនចូលរួមក្នុងការបោះឆ្នោតជាតិ ការសម្រេចនេះនឹងធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្ត។ ពួកគេបានខិតខំយ៉ាងលំបាកក្នុងការប្រកួតប្រជែងនិងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនេះ។
ប្រជាពលរដ្ឋខ្មែរក្នុងនាមជាប្រទេសមួយ ក្នុងនាមជាប្រជាជាតិមួយ គឺពិតជាចង់ឲ្យលទ្ធិប្រជាធិបតេយ្យបន្តវិវឌ្ឍទៅមុខទៀត។ យើងចង់បានប្រព័ន្ធបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌មួយ ដែលមានការចូលរួមពី គណបក្សប្រឆាំងក្នុងការបោះឆ្នោតជាតិ”។
លោកបន្តថា “ ក្រុមប្រឆាំងកំពុងស្វែងរកអំណាចរបស់ខ្លួនឯង។ ពួកគេកំពុងបាត់បង់អំណាចរបស់ប្រជាពលរដ្ឋក្នុងការចេញទៅបោះឆ្នោតហើយ។ យើងដាច់ខាតត្រូវតែគោរពពួកគាត់”។
ក្នុងការទាមទាររបស់ខ្លួនឲ្យមានកំណែទម្រង់ គណបក្សសង្គ្រោះជាតិបានចង្អុលទៅរបាយការណ៍របស់លោក សុរិយា ស៊ូបេឌី (Surya Suedi) ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលមុននេះបានអំពាវនាវឲ្យមានការផ្លាស់ប្ដូរក្នុងជួរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបច្ចុប្បន្ននេះពោរពេញទៅដោយសមាជិកគណបក្សប្រជាជនកម្ពុជា និងឲ្យមានការផ្តល់ឱកាសស្មើគ្នាក្នុងការចេញមុខតាមប្រព័ន្ធផ្សព្វផ្សាយ ដែលស្ទើរតែត្រូវបានគ្រប់គ្រងទាំងស្រុងដោយគណបក្សកាន់អំណាចទៅហើយនោះ។
កំណែទម្រង់ផ្សេងៗទៀតដែលគណបក្សប្រឆាំងបានទាមទារ រួមមានការបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ព្រោះវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI បានរកឃើញកាលពីខែមីនាថា ប្រជាពលរដ្ឋជាងមួយលាននាក់ដែលមានសិទ្ធិបោះឆ្នោតពុំមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតផ្លូវការ និងឲ្យមានការអនុវត្តច្បាប់ដែលហាមឃាត់ការប្រើធនធានរដ្ឋសម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា តាមលក្ខណៈបច្ចេកទេស គណបក្សសង្គ្រោះជាតិមិនអាចដកខ្លួនចេញពីការបោះឆ្នោតនៅក្នុងដំណាក់កាលនេះបានទេ ប៉ុន្តែអាចអំពាវនាវកុំឲ្យអ្នកបោះឆ្នោតចេញទៅបោះឆ្នោតបាន។
លោកបានមានប្រសាសន៍ថា“ ពួកគេមិនអាចស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលុបឈ្មោះរបស់គណបក្សខ្លួនចេញពីសន្លឹកឆ្នោតបានឡើយ។ ពួកគេបានធ្វើសេចក្តីសម្រេចចុងក្រោយក្នុងការចូលរួមហើយ ប៉ុន្តែពួកគេចង់ផ្ញើសារព្រមានមួយទៅគណបក្សកាន់អំណាចថា ពួកគេយល់ថា ការបោះឆ្នោតនេះគឺមិនសេរី និងយុត្តិធម៌ទេ”។
លោកស្រី ឡូរ៉ា ថនថុន (Laura Thornton) នាយិកាប្រចាំប្រទេសនៃវិទ្យាស្ថាន NDI ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លើកឡើងថា ខណៈដែលគណបក្សសង្គ្រោះជាតិទំនងជានឹងមិនទទួលបានផលប្រយោជន៍អ្វីពីការធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតនោះ ពួកគេប្រហែលជាអាចដាក់សម្ពាធលើរដ្ឋាភិបាលតាមរយៈការគំរាមធ្វើពហិការនេះ។
លោកស្រីបានមានប្រសាសន៍ថា ប៉ុន្តែ“ វាអាចមានហានិភ័យ ព្រោះប្រសិនបើអ្នកប្រាប់អ្នកបោះឆ្នោតថា អ្នកប្រហែលជាធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតនោះ វាអាចធ្វើឲ្យពួកគេយល់ច្រឡំបាន”។
ក្នុងឯកសារស្តីពីគោលនយោបាយមួយក្រោមចំណងជើងថា “ គំរាម ប៉ុន្តែនៅតែចូលរួម ៖ មូលហេតុដែលការធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោត គឺជាគំនិតមិនល្អ” លោកម៉ាតធីវ ហ្វ្រេនកែល (Matthew Frankel) បានគូសបញ្ជាក់ពីស្ថានភាពលំបាកដែលគណបក្សប្រឆាំងត្រូវប្រឈមក្នុងក្របខណ្ឌនយោបាយដែលគ្របដណ្ដប់ដោយគណបក្សកំពុងកាន់អំណាច។ វាជាស្ថានភាពមួយដែលលោកស្រី ថនតុន កត់សម្គាល់ឃើញថា ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតនេះ។
លោក ម៉ាតធីវ ហ្វ្រេនកែល បានសរសេរថា “ ប្រសិនបើគណបក្សប្រឆាំងសម្រេចចិត្តចូលរួមក្នុងការបោះឆ្នោត វាមិនទំនងសោះឡើយថា ពួកគេនឹងទទួលបានជ័យជម្នះ មូលហេតុគឺដោយសារកម្រិតខ្ពស់នៃការក្លែងបន្លំនិងការភ័យខ្លាច ដែលច្រើនតែអមជាមួយនឹងការបោះឆ្នោតក្នុងប្រទេសទាំងនេះ។ លើសពីនេះទៅទៀត ការចូលរួមរបស់គណបក្សប្រឆាំង គឺជួយផ្តល់ភាពស្របច្បាប់សម្រាប់ការបោះឆ្នោតក្នុងកែវភ្នែករបស់មជ្ឈដ្ឋានខាងក្រៅ មិនថាការបោះឆ្នោតនេះមានភាពយុត្តិធម៌ប៉ុណ្ណាក៏ដោយចុះ”។
លោកបានបន្ថែមថា ផ្ទុយទៅវិញ ការសម្រេចចិត្តធ្វើពហិការគឺជាការធានាជ័យជម្នះសម្រាប់គណបក្សកាន់អំណាច ក្នុងការបោះឆ្នោតនេះ។ ការធ្វើពហិការនេះប្រហែលជាអាចធ្វើឲ្យបាត់បង់ភាពស្របច្បាប់របស់គណបក្សកំពុងកាន់អំណាចមែន ប៉ុន្តែដូចយើងធ្លាប់បានឃើញស្រាប់ហើយ វាមិនផ្លាស់ប្ដូរតថភាពជាក់ស្តែងឡើយ”។
ទោះជាយ៉ាងណា លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងកាលពីម្សិលមិញថា គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាទទួលបានផ្លែផ្កាតិចតួចណាស់ក្នុងការជំរុញឲ្យមានការធ្វើកំណែទម្រង់ប្រជាធិបតេយ្យតាមរយៈការចូលរួមក្នុងការបោះឆ្នោតក្នុងពេលកន្លងមក ដូច្នេះគណបក្សសង្គ្រោះជាតិអាចពិចារណាឲ្យបានហ្មត់ចត់អំពីការធ្វើពហិការនៅពេលដែលពួកគេ “ អស់ជម្រើស” ហើយ។
លោកបានមានប្រសាសន៍ថា “ បើយើងគិតពីទំហំនៃស្ថានភាពដែលមិនអំណោយផលដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ រួមទាំងការដាក់សម្ពាធលើគណបក្សប្រឆាំងផងនោះ ការធ្វើពហិការប្រហែលជាអាចជួយធ្វើឲ្យបាត់បង់ភាពស្របច្បាប់នៃដំណើរការបោះឆ្នោតដែលនៅមានភាពខ្វះចន្លោះច្រើន និងដែលប្រាកដជាគ្មានលក្ខណៈសេរី និងយុត្តិធម៌។លោកបន្ថែមថា “ តាមរយៈការចូលរួមរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោតរយៈពេល២០ឆ្នាំចុងក្រោយនេះ លទ្ធិប្រជាធិបតេយ្យមិនបានរីកចម្រើនឡើយ។ វាកាន់តែខ្សោយទៅៗទៅវិញទេ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង