សម័យប្រជុំលើកទី៣៧របស់គណៈកម្មា ធិការបេតិកភណ្ឌពិភពលោក បានបើកជាផ្លូវការកាលពីរាត្រីថ្ងៃអាទិត្យក្នុងរាជធានី ភ្នំពេញ ជាមួយនឹងសារថា ការភ្ជាប់ទីតាំងបេតិកភណ្ឌទៅនឹងនិរន្តរភាពនាពេលនេះបានក្លាយជាកត្តាដ៏សំខាន់។
នៅពេលចំនួនទីតាំងដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកើនឡើង តម្រូវការមូលនិធិផ្តល់ដោយប្រទេសចំនួន១៩០ដែលបានចុះហត្ថលេខាលើអនុសញ្ញាបេតិកភណ្ឌពិភពលោក ក៏ចេះតែកើនឡើងទៅតាមនោះដែរ។
ក្នុងសុន្ទរកថាបើកកិច្ចប្រជុំក្នុងនាមជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ថ្លែងទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិប្រមាណ១.០០០នាក់នៅវិមានសន្តិភាព លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា “ ស្ថានភាពមូលនិធិបានក្លាយជាកត្តាគួរឲ្យព្រួយបារម្ភ”។
នៅរយៈពេល១០ថ្ងៃក្រោយ គណៈប្រតិភូ២១ប្រទេសនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងពិនិត្យមើលស្ថានភាពនៃទីតាំងបេតិកភណ្ឌនានាទូទាំងពិភពលោកហើយនឹងធ្វើសេចក្តីសម្រេចថា តើត្រូវចុះបញ្ជីបន្ថែម ឬក៏ត្រូវដកវាចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកវិញ។
អាណត្តិរបស់ពួកគេនឹងអនុវត្តតាមអនុសញ្ញាបេតិកភណ្ឌពិភពលោកចុះហត្ថលេខាដោយប្រទេសចំនួន១៩០ដើម្បីការពារទីតាំងវប្បធម៌ និងធម្មជាតិទូទាំងសាកលលោក។
បណ្តាវាគ្មិនលើកឡើងថា ស្ថានការណ៍លំបាកផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ បានប៉ះពាល់ដល់កិច្ចការពារទាំងទីតាំងវប្បធម៌និងធម្មជាតិបេតិកភណ្ឌពិភពលោក។ លោកស្រីអាលីសានដ្រា គូមីនស៍ (Alissandra Cummins) ប្រធានមហាសន្និបាតរបស់អង្គការយូណេស្កូ ទទួលបន្ទុកឧបត្ថម្ភគាំទ្រគណៈកម្មាធិការបេតិកភណ្ឌពិភពលោកមានប្រសាសន៍ថា ផ្លូវមួយដែលអាចដោះស្រាយការលំបាកនេះបាន គឺត្រូវគិតពីសារៈសំខាន់នៃវប្បធម៌ជាជាងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។
លោកស្រីមានប្រសាសន៍បន្តថា ដោយសារតែទីតាំងទាំងនោះត្រូវបានប្រកាសថាមានតម្លៃនឹងទុកសម្រាប់មនុស្សជំនាន់ក្រោយ“ យើងមិនអាចបរាជ័យបានទេ”។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ក្នុងសុន្ទរកថាបិទកិច្ចប្រជុំនេះថា ឧទ្យានបុរាណអង្គរ ដែលជាទីតាំងបេតិកភណ្ឌមួយរបស់កម្ពុជា មានគោលនយោបាយមួយ នោះគឺការគ្រប់គ្រងប្រកបដោយនិរន្តរភាព។ ចាត់ទុកអង្គរជាសម្បត្តិសេដ្ឋកិច្ច លោក ហ៊ុន សែន មានប្រសាសន៍ថា ដោយមានការគាំទ្រពីគណៈកម្មាធិការអន្តរជាតិអង្គរ ដែលមានក្រុមការងារអន្តរជាតិជួយកម្ពុជាជួសជុលប្រាសាទឡើងវិញនិងគ្រប់គ្រងទីតាំងប្រាសាទនោះ យុទ្ធសាស្ត្រមួូយសម្រាប់វិស័យទេសចរណ៍ ត្រូវបានអភិវឌ្ឍ។
អំឡុងពិធីនេះ លោកស្រី អេមីលី រ៉ាហ្វឺធី (Emily Raferty) ប្រធានសារមន្ត្រីសិល្បៈមេត្រូប៉ូលីថែន (Metropolitan Museum of Art) ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក បានប្រគល់បដិមាកសាងក្នុងសតវត្សរ៍ទី១០ចំនួនពីរជាផ្លូវការដល់កម្ពុជាវិញ ដែលលោកស្រីមានប្រសាសន៍ថា ត្រូវបានគេបរិច្ចាគដល់សារមន្ទីរនេះកាលពី២០ឆ្នាំមុន។សូមបញ្ជាក់ថា បដិមាទាំងពីរនេះបានបាត់ពីប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារក្នុងទសវត្សរ៍ឆ្នាំ១៩៧០៕
ប្រែសម្រួលដោយ តែម សុខុម