31.8 C
Phnom Penh

រថ​យន្ត​​​តួរីស​​បុក​​គ្នា​​​ជាមួយរថ​ភ្លើង​របស់​ក្រុម​ហ៊ុន​ថូល​ រ៉ូយ៉ាល់​ បណ្ដាល​ឲ្យ​មនុស្ស១២​នាក់រងរបួស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា ​រថ​យន្ដ​​តួរីស​​មួ​យ​គ្រឿង​ដឹក​កម្មករ​កម្ម​ការិនីកាត់​ដេរ​១៦​នាក់​បាន​បុក​ជាមួយរថ​ភ្លើង​ដឹក​​​ទំនិញ​​​​របស់​ក្រុមហ៊ុន​ថូល រ៉ូយ៉ាល់ ​រ៉េល​វ៉េ​ ខណៈ​ពេល​​រថយន្ត​​​នេះ​​​​​បើក​​​ឆ្លង​កាត់​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៣​ក្នុង​ខេត្ត​កណ្តាល កាលពី​យប់​ថ្ងៃសៅរ៍​ ​បណ្តាល​ឲ្យ​ស្ត្រី​១២​នាក់​រង​របួស​។
លោក ហាស់ សារឿន នាយ​ប៉ុស្តិ៍​នគរ​បាល​​ឃុំ​បាន​មាន​ប្រសាសន៍​ថា ខណៈ​ពេល​​រថ​ភ្លើង​ដឹក​​​ទំនិញ​​​២​០ទូនេះ​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឃុំ​ត្រពាំង​វែង ស្រុក​​កណ្តាល​​ស្ទឹង​ កាលពី​យប់​​​​ថ្ងៃ​សៅរ៍ ដោយ​មាន​បើក​ភ្លើងជា​សញ្ញា និង​ស៊ីផ្លេ​ឲ្យមាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ ពេល​រថភ្លើង​នេះទៅ​​​​ជិត​ដល់​ចំណុច​ឆ្លង​កាត់​ ប៉ុន្តែ រថ​យន្ដ​តួរីស​នេះ​មិន​បាន​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​​​ផ្តល់​​​សញ្ញា​​ព្រមាន​​​នេះ​ទេ។

លោក សា​រឿន បន្ត​ថា “ អ្នកបើក​​រថ​យន្ដ​តួរីស​បើកបរ​បណ្តើរ​និយាយ​ទូរស័ព្ទ​បណ្តើរ ហើយ​ទោះបី​ជា​មាន​ម៉ូតូ​និង​រថយន្ត​ផ្សេង​ៗទៀត​ឈប់​ក៏​ដោយ​ ក៏​អ្នក​បើក​បររូប​នេះ​មិន​​ឈប់​ឡើយ ហើយ​​​ក៏បើក​​បុក​​​​រថភ្លើង​តែ​ម្តង​”។

លោក ប៉ា វណ្ណ​នី នាយការិយា​​​ល័យ​​​នគរ​បាល​សណ្តាប់​ធ្នាប់​សាធារណៈ​ស្រុក​នេះ​បាន​មាន​ប្រសាសន៍ថា ស្ត្រី​១២នាក់​បាន​រង​បួស​ក្នុង​នោះ​​មានពីរនាក់​របួស​ធ្ងន់​ និង​ត្រូវ​​​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត និង​មន្ទីរពេទ្យ​ព្រះ​កុសុមៈក្នុង​រាជ​​​ធានី​ភ្នំពេញ​ ដើម្បី​ទទួល​​​ការព្យាបាល​។

លោក​មាន​​​ប្រសាសន៍ថា “ ស្ត្រី​ម្នាក់​បាក់​ជើង​ឆ្វេង​ ហើយស្ត្រី​ម្នាក់​ទៀត​បាក់​ឆ្អឹង​ភ្លៅ​ខាងស្តាំ”។លោកមាន​​​ប្រសាសន៍​​​ថា តំណាង​ម្នាក់​​​របស់​​​ក្រុម​ហ៊ុន​ ថូល រ៉ូយ៉ាល់ រ៉េលវ៉េ បាន​ទៅ​សួរ​​​សុខទុក្ខ​​​ជន​​​រង​​​គ្រោះ​​​ដល់មន្ទីរពេទ្យ​។ លោក​បាន​បន្ថែម​ថា អ្នក​បើក​រថ​យន្ដ​តួរីស ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ មិន​ត្រូវ​បាន​ឃាត់​ខ្លួន​ទេ​ ហើយ​ប្រាក់​សំណង​សម្រាប់​​​កម្មកា​រិនី​ដែល​​​រង​របួស​ កំពុង​​​ស្ថិត​​​ក្នុងដំណើរ​​​ការ​ចរចា។

យោង​តាម​លោក ម៉ែន​ ចាន់​រិទ្ធ​ អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​បរ​រថយន្តតួរី​​​សបាន​យល់​ព្រមចេញ​ថ្លៃព្យាបាល​ជន​រង​គ្រោះ​ហើយ​។
លោកបាន​បន្ត​ថា“ អ្នក​បើកបរ​រថ​​​យន្ត​​​នឹង​ចេញ​ថ្លៃ​ព្យាបាល​​ជន​រង​គ្រោះ​ ហើយ​ម្ចាស់​រថ​យន្ដ​ក៏​នឹង​ជួយ​ជា​ប្រាក់​ខ្លះ​ដែរ”។

លោក ដេវីដ ឃើរ (David Kerr)​ នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ថូលរ៉ូយ៉ាល់ រ៉េលវ៉េ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា គ្រោះ​​​ថ្នាក់បុក​​​គ្នា​​​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​​នៅឡើយ ហើយ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយទេ។

នេះ​ជា​ឧបទ្ទវហេតុ​លើក​ទី២​​​នៅក្នុង​ឃុំ​ត្រពាំាង​វែង​ នៅ​លើកំណាត់​​​​ផ្លូវ​ជាតិ​៣ កាល​ពី​​ថ្ងៃសៅរ៍។ លោក សារឿន ​មាន​ប្រសាសន៍​​ថា នៅ​ម៉ោង​ប្រហែល​៤ទៀប​ភ្លឺ ​រថយន្តមួយ​​​គ្រឿង​​​ដឹកបុរស​​​​បួននាក់​ដែល​ធ្វើ​ដំណើរទៅ​ខេត្ត​តាកែវ បាន​បើក​ទៅ​បុក​រថយន្ត​ដែល​គេ​ចត​ចោល​តាម​បណ្តោយផ្លូវជាតិ​​​នេះ​។ លោក​​​បន្ត​ថា “ បុរស​ទាំង​បួន​នាក់​នោះ​​​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើត​ហេតុ”៕

(រាយការណ៍​បន្ថែមដោយ Dene-Hern Chen)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស