34.8 C
Phnom Penh

តុលាកា​រ​ស៊ើប​អង្កេត​អំពី​​​ការ​​​ពាក់​​​ព័​ន្ធ​របស់​​​លោក​ កឹម សុខា ​​​ក្នុងការ​​​​វា​យ​ម្តាយរបស់​​​ស្រីកំណាន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​តុ​លា​កា​រ​ម្នាក់បា​នបញ្ជាក់​​កា​ល​​ពី​ម្សិល​​មិញថា ​សាលា​​ដំ​បូ​ង​​ខេត្ត​​ព្រៃ​វែង​ កំ​ពុង​ស៊ើប​អង្កេត​​កា​រ​​អះ​អាង​​​​​​​របស់​​​ម្តាយ​​ស្ត្រី​​​​ម្នាក់​​​ដែល​អះ​​អា​ង​​ថា​ ជា​អតីត​​​ស្រីកំណាន់​​​របស់​​​លោក កឹម សុ​ខា ​មេ​ដឹក​នាំ​​គ​ណ​បក្ស​​ប្រ​ឆាំ​​ង​​ ដែល​​​ថា ​​អង្គ​​រក្ស​​​​​របស់​លោក​​​​បា​ន​វាយ​​ដំខ្លួន ​​​អំឡុង​​​ពេល​​​ចុះ​​​ពង្រឹង​​​បក្ស​​​​​​​ កា​ល​​​ពី​សប្តា​ហ៍​មុន​។
​​អ្នក​​ស្រី​ សំ​ ផល្លា ​​អា​យុ៦២​ឆ្នាំ​ ត្រូវ​បា​ន​បញ្ជូ​ន​​ទៅ​​មន្ទីរ​​​ពេទ្យកា​ល់​ម៉ែត​​កា​ល​​​​ពី​ថ្ងៃ​​សុក្រ បន្ទាប់​​ពី​​​អ​ង្គ​​រក្ស​​របស់​​​លោក​​​ កឹម សុ​ខា ​ត្រូវគេ​​​ចោទថា​​​ បា​ន​​​វាយ​​​​គាត់​​​​ចំ​​ទ្រូ​ង និ​ង​ពោះ​​​​​នៅ​ក្នុ​ង​ខេត្តព្រៃ​វែ​ង​។ ​អំឡុ​ង​​ហេតុ​ការណ៍​នេះ ​​អ្នក​​ស្រី ផល្លា ​មា​ន​វត្តមា​ន​​ជា​មួ​យ​​កូ​ន​ស្រី​​​​​រ​បស់​ខ្លួន​​​​ឈ្មោះ​ កែវ សុ​ផា​ណា​រី ​​អា​យុ​​៤១​ឆ្នាំ ​​ដែល​បា​ន​​ប្តឹង​លោក​ កឹម សុ​ខា ​​ប្រធា​ន​ស្តី​ទី​​​​​គ​ណ​បក្ស​សង្គ្រោះ​​ជាតិ​ ​ទាមទា​រ​ប្រាក់​​ចំ​នួ​ន​១០.០០០​ដុល្លារ​ ដែល​​អ្នក​ស្រី​និ​យា​យ​ថា ​​លោក​​​ កឹម​​​ សុខា​​​ ជំពាក់​​​ថ្លៃ​​​​ចិញ្ចឹមកូ​ន​ពីរ​នាក់​​​​​​​​ដែល​​​អ្នក​​​ទាំងពីរ​​​យកមក​​​ចិញ្ចឹម​​​រួមគ្នា​​​​។

​សំដៅ​ដល់​​កា​រ​បង្ក​​​របួស​​​ស្នាម​​​លើ​​​អ្នក​ស្រី ផល្លា  លោក សុខ កល្យាណ ប្រធា​ន​សាលា​ដំ​បូ​ង​​​​​ខេត្ត​​ព្រៃ​វែង បា​ន​មាន​​ប្រ​សាសន៍​ថា​ “ វា​​ជា​រឿង​ក្តី​​ព្រហ្ម​​ទ​ណ្ឌ​។ ប្រ​សិ​ន​បើ​តុ​លា​ការ​រក​ឃើញ​ថា ​លោក កឹម​​​ សុខា ​បា​ន​បញ្ជា​​​​​​ឲ្យ​​​អង​្គ​រក្ស​​​​​របស់​លោកប្រើ​អ​ំ​​​ពើ​ហិង្សា​​មែន​​​ លោក​​​អា​ច​​ជា​​ប់​ពន្ធ​នាគារ​​រយៈពេល​​ពី​​មួ​យ​ឆ្នាំ​​ទៅ​បី​ឆ្នាំ​”។ លោក​​បន្ថែម​​ថា តុលាការ​នឹង​សម្រេចថា​តើ​ត្រូវ​បន្ត​រឿង​ក្តី​នេះ​​​​​ឬ​​​អត់​​​នៅ​ត្រឹម​​​ចុង​សប្តាហ៍​​​​ក្រោយ​នេះ​​​។

ពាក្យ​បណ្តឹង​​​ប្តឹង​លោក​​​ កឹម សុ​ខា ​នេះ​​​គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​​​​​ចំណោម​​​ការ​​​វាយប្រហារ​​​ថ្មី​​​បំ​ផុត​​​​​លើ​​​មេដឹក​នាំ​​​គ​ណ​បក្ស​​ប្រ​ឆាំ​ង​​​នេះ​​​មុន​​​​ការ​បោះឆ្នោត​​​ជ្រើស​តាំ​ង​​តំ​ណា​ង​​រាស្ត្រ​នៅ​ថ្ងៃ​ទី​​២៨ ខែ​កក្កដា​​​ ខាង​​​មុខ​​​នេះ​​​។

​​​​អ្វី​​​ដែល​​​កាន់តែ​​​​មាន​​​ផល​​​អា​​​ក្រក់​​សម្រាប់​​​​លោក​​ កឹម ​សុ​ខា ​​នោះ​​​គឺថា កា​ល​​ពី​​ថ្ងៃ​សុក្រ​​​ ជន​រង​គ្រោះ​ពី​រ​បប​ខ្មែរ​ក្រហម​​ក៏​​បា​នធ្វើ​​ពាក្យ​បណ្តឹង​​បរិ​ហា​រ​កេរ្តិ៍​​​ប្តឹង​​លោក​​ចំ​ពោះ​​កា​រ​អ​ត្ថា​​ធិ​ប្បាយ​​​ក្នុងពេល​​​ថ្មីៗ​​​​ដែលត្រូវបាន​​​​​ចោទ​​​ថា​​​ ជាការ​​​បដិ​សេធ​​​​​​មិន​​​ទទួលស្គាល់​​​ឧក្រិដ្ឋកម្ម​​​នៅ​​គុក​​ទួល​ស្លែ​ង​​ក្នុ​ង​​រាជ​ធា​នី​ភ្នំ​ពេញ​។

លោក កឹម សុខា ​មិន​ត្រឹម​​​​​​តែ​​​ត្រូវបាន​​​ចោទ​​​ប្រកាន់​​​ថា​​​ មាន​​​​​​​ទំ​នាក់​ទំនង​​​​​ស្នេហា​​​លួចលាក់​​​ជាមួ​យ​​អ្នកស្រី សុផាណ្ណារី ប៉ុណ្នោះ​ទេ ​ប៉ុន្តែ​​​​​លោក​​​​ក៏​​​ត្រូវ​​​លោក​​​​នា​យ​ក​​រដ្ឋ​មន្ត្រី​ ហ៊ុ​ន សែន ​​​​​​ចោទប្រកាន់​​​កា​ល​​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​​ថា​​ បា​ន​ទិញ​​​​​​​​​រួម​ភេទ​​ជាមួយ​​​​​ក្មេងស្រី​​​អា​យុ​១៥​ឆ្នាំ​​ម្នាក់​​​នៅ​​ក្នុង​ឆ្នាំ​​២០១១​​​ផង​​​ដែរ​​​។​​​ ​​​​លោក កឹម សុខា ​​​បា​ន​​​​ច្រានចោលការ​​ចោទ​ប្រ​កា​ន់​​​នេះ​​​។

ថ្លែង​​​ទៅ​កាន់​​​ប្រជាពលរដ្ឋ​​​អំឡុង​​​​​ពិ​ធី​សម្ពោធ​​​​​​​​បណ្ណា​ល័យ​ថ្មី​មួ​យ​​​នៅ​​​ក្នុង​​​ស្រុក​​​ក្រូច​ឆ្មារ ​​​ដែល​​​​​ជា​​ស្រុ​ក​កំ​ណើត​​របស់​​​ភរិយា​​​​លោក ក្នុ​ង​​ខេត្ត​កំ​ពង់​ចាម​ កា​ល​​ពី​ថ្ងៃ​សៅរ៍​​​​​ លោក​ ហ៊ុន សែ​ន ​បា​ន​បន្ត​​រិះ​គន់​លោក​ សុខា ​និ​ង​បាន​​​លើ​ក​ឡើង​​​​​ម្តង​ទៀត​​​អំ​ពី​​​​ទំ​នាក់​​ទំ​នង​​​ស្នេហា​​​​​​លួចលាក់​​​របស់​​លោក​​​ជាមួ​យអ្នក​ស្រី ​សុផាណ្ណារី​។

​លោក​បា​ន​មា​ន​ប្រ​សាស​ន៍​ថា​ “ សូម្បី​​​តែ​​​ស្រីកំណាន់​​​របស់​​​ខ្លួនឯង​​​សោះ​​​ក៏​​​​បដិសេធមិន​​​ទទួលស្គាល់​​​ដែរ​​​​។ ​ពេល​នេះ​​​ មា​នពាក្យ​បណ្តឹង​​​​ប្តឹង​​គាត់​[លោក កឹម សុខា] ​​ពី​បទ​វា​យ​ដំ​ម្តាយ​​ស្រី​​​កំណាន់​​​របស់​ខ្លួន​​​ហើយ​​​​។ គាត់​​​គួរ​​​តែ​​​និយាយ​​​ថា​​​ ខ្ញុំ​​​មិន​​​ដឹង​​​ថា​​​មាន​​​រឿង​​​អីទេ​​​ ជា​ជាង​​​​មក​​​ចោទ​​​គណបក្ស​​​ប្រជាជន​​​ថា​​​ បាន​​​ប្រឌិត​​​រឿង​​​នេះ​​​ឡើង​​​។​​​ ស្មោកគ្រោក​​​ណាស់​​​ទៅ​​​មា​ន​​រឿង​​​អាស្រូ​វ​​ផ្លូវ​ភេទ​​​​បែបនេះ​​​”។

លោកបន្ថែម​ថា “ បងប្អូន​​​ជន​រួ​ម​ជាតិ​​​​ទាំង​ឡាយ​​​គួរ​គិត​​​អំ​ពី​បញ្ហា​​នេះ​។ បើ​​គាត់​​មិន​ទាំង​​​អាណិត​អា​សូរ​​ប្រពន្ធ​​របស់​ខ្លួនឯង​​​ផង​​​​ ​ធ្វើ​​​ម៉េច​​​​​នឹង​​​អាច​​​​​អាណិត​​​អាសូរ​​​​​បងប្អូន​​​​​កើត​​​ទៅ​”។

​លោក យឹម សុ​វណ្ណ ​អ្នក​នាំពាក្យ​​​​​គណ​បក្ស​សង្គ្រោះ​​​ជាតិ​ ​លើកឡើង​​​​ថា​ កា​រ​វា​យ​ប្រហារ​​លោ​ក កឹម សុខា ​​​​ក្នុងពេល​​​ថ្មីៗនេះ ត្រូ​វ​បា​ន​រៀបចំ​​​ឡើង​ដោ​យ​​គ​ណ​បក្ស​កាន់​​​អំណាច​​​ទាំងស្រុង​​​ដើម្បី​បំ​ផ្លាញ​​មុខមាត់​របស់​​​លោក កឹម សុខា ​មុន​ការ​បោះឆ្នោត​។

​​លោក​បា​ន​​បន្ត​ថា “ កា​រ​​ចោទ​ប្រកាន់​​​ទាំង​អស់​​​​​នេះ​​​​គឺ​​​សុទ្ធតែ​​​គ្មាន​​​ការ​​​​​ពិត​​​ទេ​ ​ហើ​យ​ត្រូ​វ​បា​ន​​​ប្រឌិត​​​ឡើងដើម្បី​​​ដាក់​បន្ទុក​​​លើ​លោក កឹម សុ​ខា ​នៅតុ​លា​កា​រ​​​​​​ ដែល​ប្រាកដ​​​ជា​​​​មិន​ផ្តល់​​​យុត្តិ​ធម៌​​​នោះ​​​។ ការ​​​ចោទប្រកាន់​​​​​​ទាំង​អស់​​​នេះ​​​​​​ត្រូវបាន​​​​​​ប្រឌិត​​​​​​ឡើង​​​​ដើម្បី​បង្ក​បញ្ហា​​​​អំ​ឡុង​ពេល​​​បោះ​ឆ្នោ​ត​​​ប៉ុណ្ណោះ​​​​​”៕

ប្រែសម្រួល​ដោ​យ ​ចេវ ប៊ុននី
​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស