កាលពីថ្ងៃអាទិត្យ ស្ថានីយវិទ្យុជាតិ បានដកកម្មវិធីដែលសមាជិកសភាមួយក្រុមបានមកជួបជុំគ្នា ដើម្បីពិភាក្សាពីបញ្ហារបស់ស្ត្រី ព្រោះគ្មានបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជាម្នាក់ណាបានមកចូលរួមក្នុងកិច្ចពិភាក្សានេះឡើយ។
គណបក្សកាន់អំណាចបានបដិសេធចំពោះការអញ្ជើញឲ្យចូលរួមវេទិកានយោបាយចំនួនពីរដែលរៀបចំក្នុងរាជធានីភ្នំពេញ កាលពីពីរសប្ដាហ៍មុន និងពិធីសន្យាប្រយុទ្ធប្រឆាំងអំពើពុករលួយ។ អង្គការក្រៅរដ្ឋាភិបាលក៏បានលើកឡើងដែរថា តំណាងមកពីគណបក្សប្រជាជនកម្ពុជា ក៏មិនបានមកចូលរួមក្នុងកិច្ចពិភាក្សាដេញដោលតូចៗមួយចំនួនដែលរៀបចំឡើងនៅទូទាំងប្រទេសផងដែរ។
ទោះបីមានកិច្ចខិតខំប្រឹងប្រែងពីអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីបង្កើតវេទិកាសម្រាប់គណបក្សនយោបាយសំខាន់ៗ ក្នុងប្រទេសកម្ពុជា ពិភាក្សាអំពីគោលនយោបាយរបស់ខ្លួនមុនការបោះឆ្នោតជាតិនាថ្ងៃទី២៨ ខែកក្កដាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជាដែលសព្វថ្ងៃមានអាសនៈចំនួន៩០ ក្នុងចំណោមអាសនៈសរុបចំនួន១២៣នៅក្នុងរដ្ឋសភា នៅតែបដិសេធមិនចូលរួមដែរ។
សម្រាប់អ្នកខ្លះគិតថា ការបដិសេធរបស់គណបក្សកាន់អំណាចមិនព្រមចូលរួមនៅក្នុងកិច្ចពិភាក្សាដេញដោលជាសាធារណៈនេះ គឺហាក់ដូចជាគោលនយោបាយមួយអ៊ីចឹង។
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរៀបចំវេទិកាមួយក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃព្រហស្បតិ៍ ដោយមានសមាជិកមកពីគណបក្សនយោបាយសំខាន់ៗ ត្រូវបានអញ្ជើញឲ្យមកចូលរួមពិភាក្សាអំពីបញ្ហាដីធ្លី សិទ្ធិមនុស្ស និងអំពើពុករលួយ បានមានប្រសាសន៍ថា “ ខ្ញុំគិតថា [គណបក្សប្រជាជនកម្ពុជា]មិនចង់ចូលរួមកិច្ចពិភាក្សាទេ ពីព្រោះពួកគាត់ខ្លាចប្រជាជនសួរ”។
លោក វ៉ន ពៅ លើកឡើងថា លោកបានបញ្ជូនលិខិតមួយផ្សេងទៀត ដើម្បីអញ្ជើញគណបក្សប្រជាជនកម្ពុជាឲ្យបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមវេទិកាមួយស្ដីពីបញ្ហាស្រដៀងគ្នានេះ នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមិថុនា។
លោកបន្ដថា “ ពួកគាត់ឆ្លើយថា យើងនឹងពិចារណាអំពីរឿងេនះ។ខ្ញុំគិតថា ពួកគេនឹងមិនមកចូលរួមទេ។ពួកគេមិនដែលមកចូលរួមទេ”។
លោក ឈិត សំអាត នាយកប្រតិបត្តិអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល រួមជាមួយអង្គការសង្គមស៊ីវិល១៤ផ្សេងទៀត ដែលបានឧបត្ថម្ភវេទិកានយោបាយមួយកាលពីថ្ងៃទី៦ ខែមិថុនា ស្ដីអំពីការអប់រំ សិទ្ធិដីធ្លី និងអភិបាលកិច្ច បានលើកឡើងថា វាមានសារៈសំខាន់ណាស់ចំពោះអ្នកបោះឆ្នោតក្នុងការស្តាប់គោលនយោបាយរបស់គណបក្សកាន់អំណាច ប៉ុន្តែលោក និងអ្នកផ្សេងទៀតនៅក្នុងអង្គការសង្គមស៊ីវិលមិនអាចអញ្ជើញគណបក្សប្រជាជនកម្ពុជាឲ្យមកចូលរួមបានទេ។
លោកបានលើកឡើងថា “ ប្រជាពលរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាលពិតជាចង់ឲ្យគណបក្សប្រជាជនកម្ពុជាចូលរួមក្នុងវេទិកានេះខ្លាំងណាស់។ ប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សនេះ ហេតុដូច្នេះហើយគណបក្សនេះត្រូវតែឆ្លើយតបចំពោះប្រជាពលរដ្ឋវិញ”។
លោកបានថ្លែងថា “យើងបានផ្ញើលិខិតអញ្ជើញពួកគាត់ និងស្នើសុំជួបពួកគាត់ ប៉ុន្តែពួកគាត់មិនមកចូលរួមឡើយ។ យើងនឹងរៀបចំវេទិកាមួយផ្សេងទៀតនៅក្នុងខេត្តមណ្ឌលគិរី [នៅថ្ងៃទី១៩ ខែមិថុនា]។ខ្ញុំសង្ឃឹមថា ពួកគេនឹងមកចូលរួមជាមួយយើង ប៉ុន្តែខ្ញុំមានសង្ឃឹមតិចណាស់”។
លោកស្រី ធីតា ឃឹស ប្រធានគណៈកម្មាធិការដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងនយោបាយ ដែលរៀបចំវេទិកាមួយស្ដីពីបញ្ហាស្ត្រី កាលពីថ្ងៃពុធ ក្នុងរាជធានីភ្នំពេញ លើកឡើងថា ហេតុផលមួយផ្សេងទៀតនៃការមិនចូលរួមរបស់គណបក្សប្រជាជនកម្ពុជាប្រហែលមកពីអង្គការសង្គមស៊ីវិលមិនសូវជាមានសារៈសំខាន់សម្រាប់គណបក្សកាន់អំណាច។
លោកស្រីបានលើកឡើងថា “ មនុស្សនៅក្នុងគណបក្សប្រជាជនកម្ពុជាមិនហ៊ានមកចូលរួម ពីព្រោះពួកគាត់ខ្លាចមានកំហុស នៅក្នុងការបកស្រាយ និងការឆ្លើយសំណួរពាក់ព័ន្ធនយោបាយដែលអ្នកចូលរួមផ្សេងៗទៀតសួរ។ សម្រាប់ពួកគាត់ មិននិយាយ គឺប្រសើរជាងនិយាយខុស ដែលអាចធ្វើឲ្យពួកគាត់បាត់បង់តំណែង”។
លោក គឹម ឡី អ្នកពិគ្រោះផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ដោយមានការគ្រប់គ្រងយ៉ាងច្រើនលើប្រព័ន្ធផ្សព្វផ្សាយ វាមានហេតុផលតិចតួចណាស់សម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការមកចូលរួមនៅក្នុងការផ្លាស់ប្ដូរមតិយោបល់ជាមួយគណបក្សនយោបាយផ្សេងៗទៀត ឬក៏អ្នកបោះឆ្នោត។
លោកលើកឡើងថា“ គណបក្សប្រជាជនកម្ពុជាមានស្ថានីយទូរទស្សន៍ វិទ្យុ និងកាសែត ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន។ ខ្ញុំគិតថា ប្រសិនបើពួកគាត់មកចូលរួមនៅក្នុងវេទិកាទាំងនេះ ពួកគាត់នឹងប្រឈមការលំបាកជាច្រើន ដោយអ្នកចូលរួមនឹងសួរអំពីផលប៉ះពាល់ពីមួយថ្ងៃទៅមួយថ្ងៃនៃគោលនយោបាយរបស់ខ្លួន”។
លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ទោះបីជាគណបក្សកាន់អំណាចបានទទួលការអញ្ជើញឲ្យចូលរួមនៅក្នុងវេទិកា និងកិច្ចពិភាក្សាដេញដោលផ្សេងៗក៏ដោយ ក៏សមាជិករបស់ខ្លួនមិនអាចចូលរួមបានដែរ ដោយសារកំពុងតែជាប់រវល់យ៉ាងខ្លាំងនៅក្នុងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនាខែកក្កដា។
លោកលើកឡើងថា“ ខ្ញុំមិនបានទាក់ទងជាមួយពួកគេច្រើននោះទេ ព្រោះយើងមានពេលវេលាតិចតួចឥឡូវនេះ។ យើងជាប់រវល់រៀបចំយុទ្ធនាការឃោសនាបោះឆ្នោត ពីព្រោះការបោះឆ្នោតជិតមកដល់ហើយ”។
លោកបន្ថែមថា“ ខ្ញុំចង់ជម្រាបប្រាប់ពួកគេ [អង្គការក្រៅរដ្ឋាភិបាល] ថា យើងបានធ្វើកិច្ចការពាក់ព័ន្ធនឹងប្រជាធិបតេយ្យហើយ”។
ប៉ុន្តែ ទោះបីជាគណបក្សប្រជាជនកម្ពុជាមិនបានចូលរួមក្នុងកិច្ចពិភាក្សាដេញដោលពីមុនក៏ដោយ ក៏លោកស្រី ឡូរ៉ា ថនតុន (Laura Thornton) នាយិកាវិទ្យាស្ថានជាតិប្រជាធិបតេយ្យប្រចាំប្រទេសកម្ពុជា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងថា លោកស្រីមានសុទិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជានឹងចូលរួមកិច្ចពិភាក្សាដេញដោលតាមកញ្ចក់ទូរទស្សន៍ និងកិច្ចពិភាក្សាដេញដោលតាមស្ថានីយវិទ្យុមួយចំនួន ដែលនឹងរៀបចំឡើងដោយអង្គការរបស់លោកស្រី អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៦ ខែមិថុនា។
លោកស្រីបានលើកឡើងថា “ នៅថ្ងៃនេះ យើងបានជួបជាមួយគណបក្សនយោបាយទាំងអស់ ហើយពួកគាត់សុទ្ធតែបានចុះហត្ថលេខាយល់ព្រមចូលរួមពីគណបក្សនយោបាយទាំងប្រាំបីរួមទាំងគណបក្សប្រជាជនកម្ពុជាផង”។ លោកស្រីបានបន្ថែមថា ការពិភាក្សាដេញដោលតាមកញ្ចក់ទូរទស្សន៍ នឹងត្រូវធ្វើឡើងនៅតាមទូរទស្សន៍ជាតិ រីឯការពិភាក្សាដេញដោលតាមស្ថានីយវិទ្យុ នឹងផ្សព្វផ្សាយតាមរយៈស្ថានីយវិទ្យុមួយចំនួននៅក្នុងប្រទេសកម្ពុជា។
ដើម្បីជួយសម្រួលដល់ការចូលរួមរបស់គណបក្សប្រជាជនកម្ពុជា វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដំបូងត្រូវតែដាក់ជូនរចនាសម្ព័ន្ធនៃកិច្ចពិភាក្សាដេញដោលទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទាមទារឲ្យមានការចូលរួមពីគណបក្សទាំងអស់ មិនមែនតែគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភានោះទេ ប៉ុន្តែលោកស្រី ថនតុន បានលើកឡើងថា លោកស្រីចង់ឲ្យគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភាចូលរួមច្រើនជាង។
លោកស្រីបានមានប្រសាសន៍ថា “ រឿងតែមួយគត់ដែលយើងត្រូវធ្វើ [សម្រាប់កិច្ចពិភាក្សាដេញដោលតាមកញ្ចក់ទូរទស្សន៍] គឺចង់បានម៉ោងដែលល្អ ហើយខ្ញុំខ្លាចក្រែងថា ម៉ោងភាគច្រើននៅក្នុងទូរទស្សន៍ជាតិសុទ្ធតែជាប់រវល់។ហេតុដូច្នេះហើយខ្ញុំគិតថា យើងនឹងរៀបចំកម្មវិធីពិភាក្សាដេញដោលនៅពេលយប់ជ្រៅបន្តិច ដែលជាម៉ោងមិនសូវល្អ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង