លោក ហ៊ុន ហ៊ាន អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលមានរឿងអាស្រូវ និងដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេលបួនឆ្នាំក្នុងឆ្នាំ២០១១ តាមបទចោទប្រកាន់បួនករណីពីបទទទួលសំណូកពីអ្នកជួញដូរគ្រឿងញៀននោះ បានទទួលការដោះលែងពីពន្ធនាគារតាមព្រះរាជទានលើកលែងទោស និងបានចេញពីពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញកាលពីខែមុន។
ឈ្មោះរបស់លោក ហ៊ុន ហ៊ាន ទំនងជាស្ថិតក្នុងចំណោមអ្នកទោស១១៦នាក់ទៀតនៅទូទាំងប្រទេស ដែលបានទទួលព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហមុនី មុនពេលព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី១១ ខែឧសភា ។
ជាទម្លាប់ ព្រះមហាក្សត្រដោះលែងអ្នកទោសនៅថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ បន្ទាប់ពីបញ្ជីឈ្មោះអ្នកទោសត្រូវបានរដ្ឋាភិបាលបញ្ជូនថ្វាយព្រះអង្គ។
អនុក្រឹត្យមួយដែលបោះពុម្ពផ្សាយក្នុងសៀវភៅរាជកិច្ចរបស់រដ្ឋាភិបាលចុះថ្ងៃទី៣១ ខែឧសភា បានឲ្យដឹងថា “ លោក ហ៊ុន ហ៊ាន ត្រូវបានឃុំខ្លួនពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ តាមការចោទប្រកាន់ពីបទទទួលសំណូក ហើយលោកត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១”។
លោក ហ៊ុន ហ៊ាន ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យយកមកកាត់ទោសក្នុងខែវិច្ឆិកាឆ្នាំ២០១១ ពីបទទទួលសំណូកពីជនសង្ស័យជួញដូរគ្រឿងញៀន និងមន្ត្រីអនុវត្តន៍ច្បាប់អស់រយៈពេលជាច្រើនឆ្នាំ។ នៅអំឡុងសវនាការជំនុំជម្រះ លោកបានសារភាពថា លោកពិតជាបានទទួលសំណូកពីក្រុមជួញដូរគ្រឿងញៀនចំនួនពីរលើកមែន ប៉ុន្តែលោកបានអះអាងថា លោកមិនបានដឹងប្រភពនៃលុយ ដែលកូនចៅរបស់លោកយកមកឲ្យលោកនោះទេ។
ភ្លាមៗបន្ទាប់ពីលោក ហ៊ុន ហ៊ាន អតីតឧត្តមសេនីយ៍ត្រី ត្រូវបានចាប់ខ្លួន អាជ្ញាធរបានបន្តចាប់ខ្លួនឧត្តមសេនីយ៍ឯក មឹុក តារា អតីតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងខែមករាឆ្នាំ២០១២ តាមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងទទួលសំណូក។
ការឆ្លើយបំភ្លឺជាច្រើនរបស់លោក ហ៊ុន ហ៊ាន នៅក្នុងតុលាការ ត្រូវបានប្រើជាភ័ស្តុតាងក្នុងការកាត់ទោសលោក មុឹក តារា ។ តុលាការបានផ្តន្ទាទោសគាត់ឲ្យជាប់ក្នុងពន្ធនាគាររយៈពេលបួនឆ្នាំ គិតចាប់តាំងពីថ្ងៃចាប់ខ្លួនមក។ លោកក៏ត្រូវបានពិន័យជាប្រាក់៣២០.០០០ដុល្លារ គឺស្មើនឹងពីរដងនៃលុយសំណូកដែលគេជឿថា គាត់បានទទួល។ ក្រោយមកសាលាឧទ្ធរណ៍បានតម្កល់ទោសគាត់កាលពីខែមីនា។
លោក ហ៊ុន ហ៊ាន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។លោក ស្រ៊ុន លាង ប្រធានពន្ធនាគារព្រៃសនិងលោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ផងដែរថា ការដោះលែងលោក ហ៊ុន ហា៊ន ថ្មីៗនេះ គឺជាផ្នែកនៃការប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភា។
លោក ស្រ៊ុន លាង បានថ្លែងថា“គាត់ត្រូវបានដោះលែងពីពន្ធនាគារ អំឡុងពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ”។ លោក ជា ដារា៉ មេធាវីរបស់លោក ហ៊ុន ហ៊ាន មានប្រសាសន៍ថា កូនក្តីរបស់លោកធ្វើការតស៊ូនៅក្នុងតុលាការដោយសង្ឃឹមថានឹងទទួលបានព្រះរាជទានលើកលែងទោស។ទីបញ្ចប់ លោក ហ៊ុន ហ៊ាន បានសម្រេចឈប់ប្តឹងសាទុក្ខទៅតុលាការកំពូល ដោយសង្ឃឹមនឹងទទួលបានព្រះរាជទានលើកលែងទោស។
លោកបានមានប្រសាសន៍ថា “ យើងបានស្នើសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ពីព្រោះកូនក្តីរបស់ខ្ញុំមិនបានប្រព្រឹត្តបទល្មើសនេះទេ ហើយប្រសិនបើយើងប្តឹងសាទុក្ខទៅតុលាការកំពូល យើងនឹងត្រូវរង់ចាំយូរពេក”។
លោកបានពន្យល់ថា ប្រសិនបើការប្តឹងសារទុក្ខនេះកំពុងតែដំណើរការ លោកគ្មានសិទ្ធិទទួលបានព្រះរាជទានលើកលែងទោសទេ។ លោក សំ ប្រជាមានិត អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា លោកមិនចាំរឿងក្តីដ៏សំខាន់របស់លោក ហ៊ុន ហ៊ាន ទេនិងបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតអំពីព្រះរាជទានលើកលែងទោសអ្នកទោសទាំងនេះទេ។
នៅពេលកាត់ទោសលោក ហ៊ុន ហ៊ានអង្គការសិទ្ធិមនុស្សបានរិះគន់អ្វីដែលពួកគេចាត់ទុកថាជាទោសស្រាលពេកសម្រាប់បទល្មើសធ្ងន់បែបនេះ ចំពោះមន្ត្រីអនុវត្តន៍ច្បាប់ជាន់ខ្ពស់ម្នាក់ ហើយពួកគេបានសំណូមពរឲ្យតុលាការបន្តការស៊ើបអង្កេតលើនគរបាលក្រោមបង្គាប់ដែលបង់សំណូកឲ្យលោក ហ៊ុន ហ៊ាន និងរកឲ្យឃើញថាតើលោក ហ៊ុន ហ៊ាន ក៏បញ្ជូនប្រាក់នេះទៅឲ្យថ្នាក់លើរបស់គាត់ដែរឬអត់។
លោក ឆេង សម្ផស្ស អ្នកសើុបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍កាលពីម្សិលមិញថា មិនគួរលើកលែងទោសអតីតនាយនគរបាលរូបនេះទេ។លោកបានបន្តថា “ គួរតែដាក់គុកគាត់ឲ្យបានយូរ ពីព្រោះគាត់ជាប់ពាក់ព័ន្ធជាមួយ អំពើពុករលួយនិងគ្រឿងញៀន”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី