38 C
Phnom Penh

លោក រ៉ុង​ ឈុន លើក​យក​សៀវ​ភៅ​ភូមិ​វិទ្យា​ថ្នាក់​ទី​៧ មក​លាត​ត្រដាង​ពាក់​ព័ន្ធ​នឹង​​ជម្លោះ​​ដី​កោះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជា​​​ការ​​​គាស់​​​កកាយ​​​​រឿង​​​ជូរចត់​​​ពាក់​ព័ន្ធ​នឹង​​​វិវាទ​​​ទឹក​ដី​​ជា​មួយ​ប្រទេស​វៀត​ណាម​ ដែល​​ធ្លាប់​​​​បាន​ធ្វើ​ឲ្យ​ខ្លួន​​​​ជាប់​​​​ពន្ធ​នាគារ​នោះ​​​ លោក រ៉ុង ឈុន​​ មេ​ដឹក​នាំ​សហជីព​​​និង​​​ជា​​​អ្នក​រិះគន់​រដ្ឋាភិបាល​​​​​​​​​​ បាន​បង្ហាញ​​​​​នូវ​​​អ្វី​ដែល​លោក​អះ​អាង​ថា ជា​ភ័ស្តុតាង​ថ្មី​សម្រាប់​​​បញ្ជាក់​​​ពីភាព​​​ជា​​​ម្ចាស់​​​កម្មសិទ្ធិ​​​របស់​​​​កម្ពុជា​លើ​​​កោះ​​​ដែល​​​​​​មាន​​​ឈ្មោះ​​​ជា​​​ភាសា​​​វៀតណាម​​​ថា​​​ ​ហ្វូកុក​  និង​​​​ជា​ភាសា​ខ្មែរ​​​ថា​​​ កោះ​ត្រល់​​​។ 

អំឡុង​​​​​​សន្និសីទ​សារព័ត៌​មាន​​​​ដែល​​​ធ្វើ​​​ឡើង​​​ដើម្បី​ប្រកាស​ពី​​​ការ​រក​ឃើញ​របស់​ខ្លួន​​​ លោក រ៉ុង ឈុន បាន​បង្ហាញ​សៀវ​ភៅ​ភូមិ​វិទ្យា​​ថ្នាក់​ទី​៧​មួយ​ក្បាល​ ដែល​លោក​​​​អះអាង​ថា ត្រូវ​បាន​បោះពុម្ព​នៅ​​​​ក្នុង​​​ឆ្នាំ​១៩៨៥ និង​​​ត្រូវបាន​​​ចែក​ឲ្យ​សិស្សានុសិស្ស​តាម​​​សាលា​រដ្ឋ​ និង​ដែល​មាន​​​ចំណង​​​ជើង​​​ថា​ “ កោះ​ត្រល់​”។

លោក​បាន​មាន​ប្រសាសន៍​សំដៅ​​​លើ​រដ្ឋា​ភិបាល​​​គាំទ្រ​​​ដោយ​​​វៀតណាម​​​ ដែល​​​បាន​​​​ដឹក​នាំ​​​ប្រទេស​​​​​​​​​​​​​​នេះ​​​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ថា​ “​យើង​ធ្វើ​សន្និសីទ​សារព័ត៌មាន​​​​នៅ​​​ថ្ងៃនេះ ពីព្រោះ​យើង​​បាន​រក​ឃើញ​សៀវភៅ​ភូមិ​វិទ្យា​មួយ​ក្បាល​ដែល​បង្ហាញ​ថា កោះត្រល់​​​​គឺ​​​ជា​កម្ម​សិទ្ធិ​របស់​ប្រទេស​​​កម្ពុជា​​​ ហើយ​យើង​ទើប​តែ​បាត់​បង់​វា​អំឡុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​​​​ប៉ុណ្ណោះ​​​”។

លោក​ រ៉ុង ឈុន​ បាន​​​​ថ្លែង​​​ដោយ​យក​​​​សៀវ​ភៅ​ភូមិ​វិទ្យា​នេះ​ជា​ភ័ស្តុតាង​​​ថា​​​  លោក​នឹង​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​​​ សែន​​​ឈប់​​​​ចាត់ទុក​​​កោះត្រល់​​​ថា​​​ ជា​​​អ្វី​​​ដែល​​​​បាន​បាត់​បង់​​​​រួច​​​ទៅហើយ​​​ ព្រោះថា​​​​ វា​​​​អាច​ជំរុញ​​​មេដឹក​នាំ​ជំនាន់​ក្រោយ​​​​ឲ្យ​​​ទទួល​ស្គាល់​ថា កោះ​នេះ​ជា​កម្ម​សិទ្ធិ​របស់​​​​ប្រទេស​​​វៀត​ណាម។

លោក​បាន​បន្ត​ថា “ ជួនកាល​ មេ​ដឹក​នាំ​មុនៗ​​​​មិន​អាច​ធ្វើ​​បាន​​​​មែន​​​ ប៉ុន្តែ​​​ មេដឹកនាំ​​​​ជំនាន់​ក្រោយ​អាច​​​​ធ្វើ​​​បាន​​​”។ ការ​​​ជជែក​​​វែកញែក​​​​អំពី​កោះ​​​ត្រល់​គឺ​ជា​បញ្ហា​​​​ដ៏​​​រសើប​​​មួយ​​​សម្រាប់​មជ្ឈដ្ឋាន​​​​ទូទៅ​ ជាពិសេស​​​គឺ​​​​​​​លោក​ ហ៊ុន សែន​​​ តែម្តង​​​។​

អំឡុង​ការ​​​ថ្លែង​​​រយៈពេល​៥ម៉ោង​និង​២០នាទី​ នៅ​​​រដ្ឋសភា​​​ជាតិ​​​កាល​ពី​ខែ​សីហា លោក ហ៊ុន សែន បាន​ចំណាយ​ពេល​ជិត​មួយ​​ម៉ោង​បដិសេធ​ការ​អះអាង​ដែល​ថា លោក​ជា​អ្នក​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រគល់​កោះ​នេះ​​ទៅ​ឲ្យ​វៀតណាម។

​លោក ហ៊ុន សែន​ បាន​ថ្លែង​ថា​ សេចក្ដី​​សម្រេច​​​​ក្នុងការ​​​កំណត់​កោះ​នេះ​ថា ជា​ទឹក​ដី​វៀតណាម ដើមឡើយ​​​គឺ​​​ធ្វើ​​​​​​​ឡើង​​​ដោយ​​​លោក ជូឡេ​​​ ប្រេវីយេ​​​ (Jules Brevier) អ្នក​​​រដ្ឋ​ការ​​​បារាំង​​​​ឥណ្ឌូចិន​នៅ​ក្នុង​​ឆ្នាំ​១៩៤៩ គឺ​រយៈ​ពេល​​​​បី​​​ឆ្នាំ​​​មុន​​​​ថ្ងៃ​​​កំណើត​​​របស់​​​​​​​នាយក​រដ្ឋ​មន្ត្រី​​​​រូបនេះ​​​ ​។

លោក ផៃ​ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​បានឆ្លើយតប​​​​កាលពី​ម្សិលមិញ​ថា លោក រ៉ុង ឈុន គឺ​គ្រាន់​តែ​ចង់​​​ឆ្លៀត​​​ឱកាស​​នេះ​​​​​បញ្ឆេះ​​​កំហឹង​​​របស់​​​ប្រជាជន​​​កម្ពុជា​​​ចំពោះ​​​​​​ប្រទេស​​​​វៀតណាម​​​មុន​ការ​​​​បោះ​ឆ្នោត​​ជាតិ​ក្នុង​ខែ​កក្កដា​​​ ប៉ុណ្ណោះ។

លោក​ ផៃ ស៊ីផាន​ បាន​មាន​​​ប្រសាសន៍​​​ថា “ យើង​មិន​អាច​ទទួល​យក​ពាក្យ​សម្តី​របស់​លោក រ៉ុង ឈុន​ បាន​ទេ ព្រោះ​គាត់​តែង​តែ​ញុះ​​ញង​​​​់ប្រជាជន​​​ឲ្យ​មាន​​​ជម្លោះ​​​​រវាង​​​គ្នា​​​នឹង​​​​គ្នា​​​”។

​​​ខ្លឹមសារ​​​សំខាន​់​​​នៃ​​​សន្និសីទ​សារព័ត៌មាន​របស់​លោក រ៉ុង ឈុន កាល​ពី​ម្សិល​មិញ​​​នេះ​​​ ធ្វើ​​​ឲ្យ​​​គេ​​​នឹក​​​ឃើញ​​​ដល់​​​​ឆ្នាំ​២០០៥ ពេល​លោក​​​ធ្វើ​​​ការ​​​រិះ​គន់​ស្រដៀង​គ្នា​នេះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​កោះ​ត្រល់​​​​​​​ ដែល​បាន​ធ្វើ​ឲ្យ​​​លោក​​​​​​រងការ​​​ប្តឹងផ្ដល់​​​ពី​​​​​​លោក ហ៊ុន សែន ​​​ហើយ​​​ទីបំផុត​​​ត្រូវបាន​​​ចោទ​ប្រកាន់ពី​បទ​បរិហា​រ​កេរ្តិ៍​និង​ផ្តន្ទាទោស​​​​ដាក់​ពន្ធ​នា​គារ​រយៈពេល​​​ជិតបី​ខែ។​​​

លោក​ រ៉ុង ឈុន ស្ថិត​នៅ​​​ក្នុង​ចំណោម​​អ្នក​​រិះ​គន់​រដ្ឋា​ភិបាល​​​ដែល​​​​​លេច​ធ្លោ​​​ជាងគេ​​​ ក្នុង​នោះ​រួម​មាន​​​​ទាំង​​​លោក កឹម សុខា ប្រធាន​ស្តី​ទី​​​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយវិទ្យុ​​​សម្បុក​​​ឃ្មុំ​​​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​​​និង​​​​ផ្តន្ទាទោស​​​ដាក់​ពន្ធ​នាគារ​ចំពោះ​​​ការ​​​រិះ​គន់​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀត​ណាម​ឆ្នាំ​១៩៨៥​ ដែល​ពួកគេ​​អះអាង​ថា ធ្វើ​​​ឲ្យ​​​​​​ទឹកដី​​​​​ខ្មែរ​​​ធ្លាក់​​​ទៅ​ក្នុង​​​ដៃ​​​​​​​​ប្រទេស​​​វៀតណាម​​​​ផងដែរ​​​។​

លោក​​​ ហ៊ែនរី ឡូខាដ (Henry Locard) ជា​​​​អ្នក​​​សិក្សា​​​ពី​​​ប្រវត្តិ​សាស្ត្រ​​​​​​ បាន​​​អះអាង​​​​ថា​ ទោះ​បី​ជា​​​តាម​​​លក្ខណៈ​​​ភូមិ​សាស្ត្រ កោះ​ត្រល់​​​​​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ក៏​ពិតមែន​​​​ ប៉ុន្តែ​​​ វា​ត្រូវ​បាន​ទទួល​ស្គាល់​ថា ជា​​​ផ្នែក​​​នៃ​​​ទឹកដី​​​​​​​​របស់​វៀត​ណាម​អំឡុង​សម័យ​​​អាណា​និគម​បារាំង​​​ទៅ​​​ហើយ​​​។​​​ ពេល​​​​នោះ វា​​​មិនមែន​​​​ជា​សេចក្តី​​​​សម្រេច​​ចម្រូង​ចម្រាស​​​​ទេ​​​ ដោយសារ​​​តែ​​​កោះ​នេះ​​​ជា​​​ទូទៅ​​​​ត្រូវ​​កម្ពុជា​​​​​ទុកចោល​​​មិន​បាន​​​​​​ប្រើ​ប្រាស់​។

លោក ​ឡូ​ខាដ បាន​បន្ត​​​ថា ការ​គាស់​កកាយ​​រឿង​​​ទឹក​ដី​ដូច្នេះ​​​​​ គឺ​ជា​រឿង​នយោ​បាយ​ហួស​​សម័យ​​​​ទៅហើយ​​​។​ ​លោកបានសំដៅ​​​លើ​ជញ្ជាំង​ដែល​ត្រូវ​បាន​​​​ស្ថាបនា​អំឡុង​ឆ្នាំ​១២២​​នៃ​គ្រិស្ដ​សក​រាជ​ដែល​ការ​ពារ​អង់គ្លេស​​​រ៉ូម៉ាំង​ពី​ពួក​កុល​សម្ព័ន្ធ​ស្កុតឡែន​​ខាង​ជើង​​​ថា “ វា​​​​ មិន​​​​ខុស​​​ពី​​​យុទ្ធ​នា​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​អង់​គ្លេស​ក្នុង​​​​ពេល​នេះ​ទេ​​​។ ​​​គណ​បក្ស​នយោ​បាយ​​​នានា​​​​កំពុង​​​គាស់​​​កកាយ​​​រឿង​​​​ជញ្ជាំង​​ហា​ឌ្រាន​​​​។​ ឲ្យ​តែ​ដល់​ពេល​បោះ​ឆ្នោត​គឺ​អ៊ីចឹង​ហើយ​”៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស