គណបក្សសង្គ្រោះជាតិបានសុំឲ្យអ្នកគាំទ្ររបស់ខ្លួនចុះហត្ថលេខាលើញត្តិមួយ ដើម្បីអំពាវនាវឲ្យរដ្ឋសភា ដែលដឹកនាំដោយគណបក្សកាន់អំណាចប្រគល់តំណែងឲ្យតំណាងរាស្ត្រទាំង២៧រូប ដែលត្រូវបានដកហូតតំណែង កាលពីដើមខែនេះវិញ បើមិនដូច្នេះទេនឹងប្រឈមនឹងផលលំបាក។
ទម្រង់បែបបទនៃញត្តិដែលបានផ្ញើទៅអ្នកគាំទ្រ និងសមាជិកគណបក្សប្រឆាំងនៅទូទាំងប្រទេសនោះបានលើកថា រដ្ឋសភាបានបាត់បង់ធម្មនុញ្ញភាពតាំងពីស្ថាប័ននេះបានដកតំណែងពីតំណាងរាស្ត្រគណបក្សសម រង្សុី និងគណបក្សសិទ្ធិមនុស្ស ហើយញត្តិនេះក៏បានគំរាមផងដែរថា នឹងធ្វើការតវ៉ាប្រសិនបើតំណាងរបស់ខ្លួនមិនបានទទួលតំណែងវិញទេនោះ។
ញត្តិនោះបន្តថា “ យើងបានទាមទារឲ្យតំណាងរាស្ត្ររបស់យើងបានទទួលតួនាទីវិញដើម្បីបម្រើជាតិដូចដែលបានចែងក្នុងច្បាប់។ ប្រសិនបើអស់លោកមិនចាត់វិធានការតាមសំណើរបស់យើងទេ យើងជាប្រជាពលរដ្ឋខ្មែរនឹងធ្វើការតវ៉ានៅទូទាំងប្រទេសដើម្បីទាមទារឲ្យមានការទទួលស្គាល់តំណាងរបស់យើង។ រដ្ឋសភាបច្ចុប្បន្នមិនស្របច្បាប់ទេ”។
លោកស្រី មូរ សុខហួរ អតីតតំណាងរាស្ត្រគណបក្ស សម រង្សុី ដែលត្រូវបានដកហូតពីតំណែងជាមួយសហសេវិក២៦រូបទៀតនោះបានមានប្រសាសន៍ថា លោកស្រីរំពឹងថា នឹងមានអ្នកគាំទ្រជាង១០.០០០នាក់ផ្តិតមេដៃលើញត្តិនេះ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍បន្តថា“ កាលពីសប្តាហ៍មុន យើងបានផ្ញើញត្តិនេះរួចហើយ [ហើយ] យើងនឹងប្រមូលវាមកវិញនៅចុងសប្តាហ៍នេះ”។
កាលពីដើមខែនេះ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ដែលបង្កើតឡើងដោយតំណាងរាស្ត្រ១២រូបមកពីគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា តំណាងរាស្ត្រគណបក្សប្រឆាំងបានរំលោភច្បាប់បោះឆ្នោតតាមរយៈកាន់តំណែងក្នុងគណបក្សពីរនៅពេលតែមួយ។
អ្នកជំនាញផ្នែកច្បាប់បានហៅសេចក្តីសម្រេចនេះថា មិនត្រឹមត្រូវតាមច្បាប់ឡើយ ខណៈដែលអ្នកគាំទ្រគណបក្សប្រឆាំងបានលើកឡើងថា វិធានការនេះគឺជារឿងនយោបាយ។
ក្រសួងការបរទេសអាមេរិកបានរិះគន់ដល់ការដកហូតតំណែងនេះ ដោយលើកឡើងថា វាផ្ទុយស្រឡះពីស្មារតីនៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងបានស្នើសុំឲ្យគេប្រគល់តំណែងឲ្យតំណាងរាស្ត្រទាំងនោះវិញ។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សកាន់អំណាចបានមានប្រសាសន៍កាលពីម្សិលមិញថា សហរដ្ឋអាមេរិកមិនយល់ពីច្បាប់នៅកម្ពុជាទេ ហើយក៏គ្មានតួនាទីក្នុងការអធិប្បាយអំពីការដកហូតតំណែងនេះដែរ។លោកក៏បានមានប្រសាសន៍ផងដែរថា ញត្តិនោះគ្មានប្រយោជន៍ទេ ទោះបីជាប្រមូលបានស្នាមមេដៃរាប់លានក៏ដោយ។
លោកបន្តថា “ ប្រសិនបើគេអាចប្រមូល [ស្នាមមេដៃពីអ្នកគាំទ្រ] បានចំនួន១៤,៥លានមេដៃ ដោយមាន [ការគាំទ្រពី] សហរដ្ឋអាមេរិក និងកាសែត ខេមបូឌា ដេលី…ក៏ពួកគេនៅតែមិនត្រូវច្បាប់ដែរ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា