សមាគមក្នុងស្រុកមួយរបស់អ្នករស់រានជីវិតពីរបបខ្មែរក្រហម បានសម្រេចរង់ចាំរហូតដល់ក្រោយការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ ទើបបើកកិច្ចប្រជុំមួយស្ដីពីការបណ្ដេញលោក ជុំ មុី ប្រធានសមាគមរបស់ខ្លួន ដោយសារលោកមានការគាំទ្រនយោបាយខ្លាំងពេកចំពោះរដ្ឋាភិបាល។
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកលែងតែលោក ជុំ មុី ប្រកាសផែនការរបស់ខ្លួនកាលពីថ្ងៃទី៨ខែមិថុនា ក្នុងការបើកមហាសន្និបាតលើកទី១ ដែលមិនធ្លាប់មានក្នុងគោលបំណងដកមេដឹកនាំរបស់ខ្លួន ប៉ុន្តែ មិនបានផ្ដល់កាលបរិច្ឆេទសម្រាប់ព្រឹតិ្តការណ៍នេះទេ។
នៅក្នុងសេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរ មេដឹកនាំជាន់ខ្ពស់ទាំងនេះបានចោទប្រកាន់លោក ជុំ មុី ថាបានធ្វើឲ្យប៉ះពាល់ដល់ឯករាជភាពរបស់សមាគមនេះ តាមរយៈការយកសមាគមនេះធ្វើយុទ្ធនាការនយោបាយជាសាធារណៈ ដើម្បីទាមទារឲ្យលោក កឹម សុខាសូមអភ័យទោស ចំពោះពាក្យសម្តីដែលលោកបាននិយាយថា ប្រទេសវៀតណាម បានប្រឌិតការធ្វើទារុណកម្មលើប្រជាពលរដ្ឋរាប់ពាន់នាក់នៅគុកទួលស្លែងអំឡុងរបបខ្មែរក្រហម។លោក កឹម សុខា បានបដិសេធថា មិនបាននិយាយបែបនេះទេ។
កាលពីថ្ងៃទី៩ខែ មិថុនា លោក ជុំ មុី ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានរួចជីវិតពីគុកទួលស្លែងនោះ បានដឹកនាំប្រជាពលរដ្ឋរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នៅរាជធានីភ្នំពេញ ដែលអាជ្ញាធរមូលដ្ឋាន បានផ្គត់ផ្គង់សព្វបែបយ៉ាង ចាប់តាំងពីទឹករហូតដល់ការធ្វើដំណើររបស់អ្នកចូលរួម និងសម្ភារធ្វើការតវ៉ា។អំឡុងពេលធ្វើការតវ៉ានេះ លោក ជុំ មុី បានរិះគន់គណបក្សរបស់លោក កឹម សុខា គឺគណបក្សសង្គ្រោះជាតិ និងបានកោតសរសើរគណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង។
ទោះបីជា លោក ជុំ មុី បានបដិសេធជាច្រើនលើកច្រើនសាថាមិនមានការគាំទ្រពីរដ្ឋាភិបាលចំពោះការតវ៉ារបស់លោក និងបានអះអាងថា លោកធ្វើសកម្មភាព ក្នុងឋានៈជាពលរដ្ឋម្នាក់ក៏ដោយ ក៏សមាគមជនរងគ្រោះនេះ គិតថា សកម្មភាពរបស់លោក ជុំ មុី ធ្វើឲ្យសមាគមនេះលែងមានការទុកចិត្តគ្នាដែរ។
លោក ប៊ូ ម៉េង អ្នករួចជីវិតម្នាក់ទៀតពីគុកទួលស្លែង និងជាអនុប្រធានទី២នៃសមាគមនេះថ្លែងកាលពីម្សិលមិញថា សមាគមនឹងបើកមហាសន្និបាត បន្ទាប់ពីការបោះឆ្នោត ប៉ុន្តែ បានបដិសេធ មិនប្រាប់ពីមូលហេតុនោះទេ។
លោកបានមានប្រសាសន៍ថា “ អ្វីដែលខ្ញុំអាចនិយាយបាននោះគឺថា សមាគមរបស់យើង កំពុងមានបញ្ហាស្មុគស្មាញមួយ ។យើងមិនចង់ធ្វើអ្វីទេអំឡុងពេលបោះឆ្នោត”។
លោក ជុំ មុី បានមានប្រសាសន៍ថា “ យើងនឹងចុះចេញដោយគ្មានការតវ៉ាឡើយ ប្រសិនបើគេបោះឆ្នោតដកខ្ញុំនោះ” ប៉ុន្តែ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងមិនលាឈប់ជាមុននោះទេ។
លោក ជុំ មុី បានមានប្រសាសន៍ថា “ វាអាស្រ័យលើសមាជិកភាគច្រើនរបស់សមាគមនេះក្នុងការបោះឆ្នោតជ្រើសរើសនរណាម្នាក់ឲ្យធ្វើជាប្រធាន”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ