31 C
Phnom Penh

គណៈកម្មាធិការ​​​បេតិ​​​កភណ្ឌ​​​ពិភពលោក​​​លើកឡើង​​​ពីការ​​​បំផ្លិចបំផ្លាញ​​​​​​បេតិកភណ្ឌ​​​នៅ​​​ប្រទេស​​​ម៉ាលី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណៈប្រតិភូមកពី​២១​ប្រទេស​​​​បាន​ពិភាក្សាគ្នា​អំពី​អនាគតនៃ​​បេតិ​ក​​ភណ្ឌ​ពិភពលោក ដែល​កំពុង​រង​ការ​គំរាម​កំហែង​ អំឡុង​​ថ្ងៃ​ដំបូង​នៃ​សម័យ​ប្រជុំ​ពេញ​​អង្គ​លើកទី​៣៧ របស់​គណៈកម្មាធិការ​បេតិ​ក​​​ភណ្ឌ​ពិភពលោក​​។

ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ​ និង​កត្តា​ផ្សេងៗទៀត ដូចជា​សម្ពាធ​សេដ្ឋកិច្ច​ជា​ដើម​​ ទីតាំង​នៃ​បេតិកភណ្ឌ​ធម្មជាតិ​ និង​បេតិ​កភណ្ឌ​វប្បធម៌​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្រោម​ការ​ការ​ពារ​របស់​អនុសញ្ញា​នេះ បាន​រង​ការ​គំរាម​កំហែង​ក្នុង​ពេល​ថ្មីៗនេះ។

ប្រទេស​ម៉ាលី ដែល​ជម្លោះ​ប្រដាប់​អាវុធ​បាន​ផ្ទុះ​ឡើង​កាលពីឆ្នាំ​មុននោះ ជា​ឧទាហរណ៍​​​ជាក់​ស្ដែង​មួយ​។ នៅ​ក្នុង​ខែកក្កដា​ឆ្នាំ​២០១២ ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជា​ជាតិ​​បាន​ចាត់​វិធានការ​លើ​ការ​បំផ្លិច​បំផ្លាញ​ជា​ប្រព័ន្ធ​នូវ​ព្រះវិហារ​ក្នុង​ទីក្រុង​ទីមបុកទូ និង​អក្សរ​ចារឹក​សម័យ​បុរាណ​ ពីសំណាក់​ក្រុម​​​សកម្ម​ប្រយុទ្ធ​អុីស្លាម។

នៅ​ពេល​ថ្កោល​ទោស​​​​ការ​​រំលោភ​បំពាន​សិទ្ធិមនុស្ស​របស់​ក្រុម​ឧទ្ទាម​នេះ ក្រុម​ប្រឹក្សា​សន្តិ​សុខ​ក៏​បាន​អំពាវ​នាវ​ឲ្យ​គ្រប់​ភាគីទាំង​អស់​ការ​ពារ​បេតិ​កភណ្ឌ​តែ​មួយ​គ្មាន​ពីរ​របស់​ប្រទេស​នេះផង​ដែរ​។

​លោកស្រី អុីរីណា បូកូវ៉ា (Irina Bokova) អគ្គនាយក​អង្គការ​យូណេ​ស្កូ​ ដែល​​ជួយ​អនុ​វត្ត​អនុសញ្ញា​នេះ បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា ប្រទេស​ម៉ាលីអាច​ក្លាយ​ជា​តេស្ត​សាក​​​ល្បង​វិធានការ​ដែល​សហគមន៍​អន្តរជាតិ​អាច​ចាត់​ដើម្បីការ​ពារ​បេតិកភណ្ឌ​រង​ការ​គំរាម​កំហែង​​​ណាមួយ​​​​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​រឿង​​​​មិន​​​អាច​​​ទទួល​យក​​បាន​​​​ទេ​​​ដែលយើង​​​​​​បណ្តោយ​​​ឲ្យ​​​​បេតិ​កភណ្ឌ​ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ រង​ការ​​​​​បំផ្លាញ​​​នោះ​​​​​​​​”។

លោកស្រី បូកូវ៉ា បានឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ អង្គការ​យូណេស្កូ កំពុង​ពិចារណា​ថា តើ​​ការ​បំផ្លិច​បំផ្លាញ​បេតិកភណ្ឌ​ពិភព​លោក​ក្នុង​ប្រទេស​ម៉ាលី ​អាច​ចាត់​ទុក​ថា ជា​បទ​ឧក្រិដ្ឋ​​ដែល​អាច​ស្ថិតនៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ឬយ៉ាងណា។

លោកស្រី ស៊ូហ្សាន ប្រោន (Susan Brown ) តំណាង​អង្គការ​​​អភិរក្ស​​​សត្វព្រៃ​​​​ WWF បាន​ថ្លែង​ទៅកាន់​គណៈ​ប្រតិភូ​កាលពីម្សិលមិញ​ថា បេតិកភណ្ឌ​ធម្មជាតិក៏កំពុង​រង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើង​ដែរ​។

លោកស្រី​​​​មាន​ប្រសាសន៍​ក្នុង​កិច្ច​សម្ភាស​មួយ​​ថា “ ក្នុង​នាម​​​ជា​អង្គការ​អភិរក្ស​មួយ​ យើង​យល់​ថា​ ការ​ការ​​ពារ​បេតិកភណ្ឌ​ពិភពលោក គឺជា​អាទិភាព​ភាព​​​ចម្បងបំផុត​​​​។ ទីតាំង​របស់​​​​​​​បេតិកភណ្ឌ​ធម្មជាតិ គឺ​ជា​កន្លែង​ដ៏​​​លេច​ធ្លោ​បំផុត និង​ពិសេស​បំផុត​ក្នុង​ពិភព​លោក ហើយ​​ប្រទេស​នានា​ច្រើន​តែ​ស្នើ​សុំ​ឲ្យ​បញ្ចូល​បេតិ​កភណ្ឌ​ទាំង​​​​អស់​​​​​​នោះ​​​ទៅ​ក្នុង​បញ្ជី​បេតិ​ក​​​ភណ្ឌ​ពិភព​លោក​… យើង​មាន​ការ​​​ភ្ញាក់ផ្អើល​​​​បន្តិច​​​​ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ ព្រោះ​​​​តំបន់​​​បេតិកភណ្ឌ​ទាំង​នោះ​​​លែង​ជា​កន្លែង​​ដែល​គេ​​មិន​​​​អាច​​​ទៅ​​​​​​បាន​ទៀត​ហើយ”។

​លោក​ ម៉ាក ប៉ាទ្រី (Marc Patry) មន្ត្រី​កម្ម​វិធី​នៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​នៃ​​​​អង្គការ​យូណេស្កូ បាន​ឲ្យ​ដឹង​ថា មា​ន​បេតិ​​​ក​​​ភណ្ឌ​ធម្មជាតិ​ប្រហែល​២០០​នៅ​ជាង​១០០​ប្រទេស​ ហើយ​គ្រោះ​គំរាម​កំហែង​ចំពោះ​បេតិកភណ្ឌ​ទាំង​នោះ​ គឺ​ខុស​គ្នា​ពី​តំបន់​​​មួយ​ទៅ​តំបន់​មួយ​​​។

លោក​​​បាន​​​ថ្លែង​​​​ថា នៅ​​ក្នុង​តំបន់​ការ៉ាអុីព និងប្រទេស​មុិក​សុិក​​ “ ​បេតិកភណ្ឌ​នានា​កំពុង​រង​សម្ពាធ​ច្រើន​ណាស់​ពីវិស័យ​ទេសចរណ៍​។ គ្រប់​គ្នា​ចេះ​តែ​ចង់​សាងស​ង់​រមណីយដ្ឋាន​ល្អ​បំផុត​នៅ​ក្នុង​ ឬ​ក្បែ​រ​បេតិ​កភណ្ឌ​​​ទាំង​នោះ”។

លោក ប៉ាទ្រី បាន​មាន​ប្រសាសន៍​ថា “ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក វាគឺ​​​​ជា​គ្រោះ​គំរាម​កំហែង​​​​​​​ពាក់ព័ន្ធ​​​នឹង​​​​ការ​អភិវឌ្ឍ​។ ប្រទេស​ទាំង​នោះ​…​ប្រហែល​ជា​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​របស់​ខ្លួន​មុន​ពេល​ដឹង​ថា ខ្លួន​មាន​ធនធាន​អ្វី​ខ្លះ​។ ឥឡូវ​នេះ​​​ទើប​​​​​​​​​​​រដ្ឋាភិបាល​​​​​​នៃ​​​ប្រទេស​ទាំង​នោះ​​​​​បាន​​​​ដឹង​​​​​​​ថា បេតិកភណ្ឌ​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ចំពីលើ​ធន​ធាន​រ៉ែ​ និង​ប្រេង​យ៉ាង​សម្បូរ​​​ហូរហៀ​​​រតែម្តង​​​​”។

គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​គ្រោង​វាយ​តម្លៃ​ស្ថាន​ភាព​នៃ​បេតិកភណ្ឌ​រង​ការ​គំរាម​កំហែង​មួយ​ចំនួននៅ​​​​ក្នុង​​​ថ្ងៃ​នេះ។​​​ សម័យ​​​ប្រជុំ​​​​​​ក្រោម​​​អធិបតី​​​ភាពរបស់​​​​​​លោក​​​ឧបនាយក​​​រដ្ឋមន្ត្រី សុខ​​​ អាន​​​​​​ នេះនឹង​​​បន្ត​​​រហូត​​​ដល់​​​ថ្ងៃទី២៧​​​ ខែ​​​មិថុនា​​​៕

ប្រែសម្រួល​ដោយ ស៊ុំ សុខភុំ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស