29 C
Phnom Penh

​ប្រតិ​បត្តិការ​ស៊ើប​អ​ង្កេ​ត​​សេចក្តីអះ​អាង​ពីលុយ​ទឹកតែ​របស់​ក្រុ​មហ៊ុន​ BHP កំពុងតែ​ដំណើរ​ការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ស្ថាប័ន​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រាលី (Aus​tral​ian F​eder​al Po​lice) ​​ហៅ​កាត់​ថា ​AFP ​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ​ខ្លួន​កំពុ​ង​អនុវត្ត​ចំណាត់​ការ​ដ៏ចាំបាច់​​នានា ដើម្បី​ស៊ើប​អង្កេត​សេចក្តី​អះ​អាង​ថា​​ ក្រុម​ហ៊ុន​ ប៊ី​អេច​ភី ប៊ីលីត​ុន (BHP Billiton) ជា​ក្រុម​ហ៊ុ​ន​រុក​រក​រ៉ែ​ធំ​បំ​ផុ​ត​​នៅ​លើ​ពិភព​លោ​ក​ ​បាន​សូក​ប៉ាន់​មន្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើ​យ​ក៏បាន​បកស្រា​យ​តាម​របៀប​សម្រាល​​​អត្ថ​ន័យ​ក្នុង​របាយ​ការណ៍​ថា ​ខ្លួន​ដោះ​ស្រា​យ​មិ​ន​បា​ន​ល្អ​លើ​ក​រណីធំៗ​បំផុ​ត​ ​ពាក់​ព័ន្ធ​នឹង​អំ​ពើ​ពុករលួយរបស់​ក្រុម​ហ៊ុន​​នៅ​ប្រទេ​ស​នេះ។

ដោយ​ដក​ស្រង់​ខ្លឹម​សារ​ចេញពី​ឯក​សារ​សម្ងាត់​នានា សារព័ត៌មាន​ ឌឹ ស៊ីដនី ម៉នី​ង​ ហឺ​រ៉ាល់ (T​he Sy​dney ​Morn​ing He​rald​)​ កាលពីម្សិល​មិញ​ បាន​ចេញ​ផ្សាយ​អត្ថ​បទ​​មួយ​ដែល​បង្ហាញ​ថា ​ស្ថាប័ន​នគរ​បា​ល​សហព័ន្ធ​អូស្ត្រាលី ​និង​គណៈ​កម្មការ​មូល​បត្រ​ ​និង​វិនិយោគ​អូស្ត្រាលី (Australian ​Secur​ities a​nd In​vest​ments​ C​omm​issi​on​) កាលពីឆ្នាំ​មុន​ បាន “ ធ្វើ​សេចក្តី​សម្រេច​​ចិត្ត​ដ៏​សំខាន់​មួយ​ថា ​មិន​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​” ថា ​បុគ្គ​លិក​ក្រុម​ហ៊ុន ប៊ីអេចភី​ ប៊ីលីតុន ​បានសូក​ប៉ាន់​មន្ត្រី​នៅ​ប្រទេស​កម្ពុជា​ ចិន ​និង​ប្រទេស​អូស្ត្រា​លី​ នៅ​ភាគ​ខាង​ជើង​ ​នៅពេល​អាជ្ញាធរ​ស​ហរដ្ឋ​អាមេរិក​ បាន​ប្រគល់​ករណី​នេះ​ដល់​ស្ថាប័ន​ទាំង​ពីរ​នេះ សម្រាប់​ធ្វើ​ប្រតិ​បត្តិកា​រ​​កាលពី​ឧសភា​ឆ្នាំ​២០១០។

ក៏ប៉ុន្តែ ​ស្ថាប័ន​នគរ​បាល​សហ​ព័ន្ធ​អូ​ស្ត្រាលី ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ចាប់​ផ្តើម​ប្រ​តិបត្តិការ​​ស៊ើប​អង្កេត​ករណីនេះ​ កាល​ពី​ដើម​ឆ្នាំ​នេះ​។ ​លោកស្រី​ ជូលី ​ហូប ​(Julie Hope​) អ្នកនាំ​ពាក្យ​ស្ថាប័ន​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រាលី ​បាន​ឲ្យ​ដឹង​តាមរយៈ​អ៊ីម៉េល​​ ពី​ទីក្រុង​ កង់បេរ៉ា (Canb​erra​)​ថា “ ស្ថា​ប័ន​ AFP ​បាន​ទទួល​ឯក​សារ​សំអាង​ទាក់​ទង​នឹ​ង​ក្រុម​ហ៊ុន ប៊ីអេចភី ​ប៊ីលីតុន ​កាល​ពីខែ​ឧស​ភា​ ឆ្នាំ​២០១០​។

ឯក​សារ​សំអាង​នេះ​ត្រូ​វ​បាន​វាយតម្លៃ​ ដោយ​មានការ​យល់​ឃើញ​ថា ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​បាន​សុើប​​អ​ង្កេត​ករណី​នេះ​។ ​ដោយ​បាន​ពិភាក្សា​ជា​មួ​យ​អាជ្ញាធរ​សហរដ្ឋអាមេរិក​ កាល​ពីខែ​កុម្ភៈ​ឆ្នាំ​២០១៣​ ​ស្ថាប័ន ​AFP ​បាន​អនុវត្ត​ប្រតិ​បត្តិការ​សុើប​អង្កេត​ជន​ជាត​ិអូស្ត្រាលី​ ដែ​ល​ត្រូវ​បាន​កំណត់​អត្តសញ្ញា​ណ​ ​អំឡុង​ពេ​ល​អាមេរិក ​កំពុង​ធ្វើ​ប្រតិ​បត្តិ​ការ​សុើប​អង្កេត​របស់​ខ្លួន​។

គណៈ​កម្មការ​មូលបត្រ​សហរដ្ឋ​អាមេ​រិក​ (U.S​. ​Securi​ties​ Exch​ange ​Commissi​o​n​)​ បាន​និង​កំពុង​សុើប​អង្កេត​ក្រុម​ហ៊ុន ប៊ី​អេច​ភី ​ប៊ីលី​តុន ​លើ​ករណីចោទ​ប្រកាន់​ថា​​បាន​ប្រព្រឹត្តអំពើ​ពុក​រលួយ តាំង​ពី​ខែ​ឧស​ភា​ឆ្នាំ​២០០៩​មក។​

ឯក​សារ​របស់ស្ថាប័​ន​ន​គរ​បាល​សហ​ព័ន្ធអូស្ត្រាលី ​ដែល​សារព័ត៌​មាន​ ឌឹ ស៊ីដនី ​ម៉នី​ង​ ហឺរ៉ាល់ បាន​ទទួល​​កាល​ពីខែ​មុន តាមរយៈ​សំណើ​សុំសេរី​ភាពទទួ​ល​បាន​ព័ត៌មាន​ ​ហើយ​បានបង្ហោះ​ផ្សាយ​លើ​គេហ​ទំព័រសារព័ត៌មាន​របស់ខ្លួន ​កាល​ពី​ម្សិល​មិញ​​នេះ​​ បាន​បង្ហាញថា ​ស្ថាប័ន​ន​គ​រ​បាល​សហព័ន្ធអូស្ត្រាលី ​បាន​ទទួល​​ព័ត៌មា​ន​ កាលពីខែ​ឧសភា​ឆ្នាំ​២០១០ ​ពី​អាជ្ញាធរ​ស​ហ​រដ្ឋ​អាមេរិក​ ដែល​ចោទ​ប្រកាន់​ថា បុ​គ្គ​ល​ិក​ក្រុម​​ហ៊ុន ប៊ីអេច​ភី​ ​ប៊ីលីតុន ​បាន​សូក​ប៉ាន់​មន្ត្រី​បរទេស​។ ក៏ប៉ុន្តែ ​រយៈ​ពេល​មួ​យ​ឆ្នាំ​ក្រោយ​មក​ ​ស្ថាប័ន​នគរ​បាល​សហ​ព័ន្ធ​អូ​ស្ត្រាលី ​បាន​ច្រាន​ចោល​សេចក្តីអះ​អាង​នេះ​ ​ហើយ​យោង​តាម​​ឯក​សារនេះ​ មាន​ន័យ​ថា ដល់​ខែ​កុម្ភៈ​ ទើប​ស្ថាប័ន​នេះបានសម្រេច​ចិ​ត្ត​បើ​ក​ប្រតិ​បត្តិ​ការ​ស៊ើប​អ​ង្កេ​តបន្ត​​។​​

​លោកស្រី​ ហូប ​បានបដិ​សេធ​មិន​ធ្វើ​អ​ត្ថា​ធិប្បាយ​​ពី​សេចក្តីសម្រេច​របស់​ស្ថា​ប័ន​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រាលី ដែល​បើក​ប្រ​តិ​ប​ត្តិការ​ស៊ើប​អង្កេត​បន្ត​លើ​ករណីនេះទេ​ ដោ​យ​គ្រាន់​តែ​បាន​ឲ្យដឹងថា ​កិច្ច​ពិភាក្សា​ជា​មួ​យ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ បាន​កើត​ឡើ​ង​។ ​លោក​ស្រី​​បាន​និយាយ​ថា “ ​នៅពេល​ប្រតិ​បត្តិ​ការ​ស៊ើប​​អង្កេត​នេះកំពុង​ដំណើ​រ​ការ​ ​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ជាង​នេះ ​គឺ​ជា​រឿង​មិនសម​ស្រប​ទេ​”។​

​កាលពីខែ​តុលា​ឆ្នាំ​មុន ​អង្គការ​សម្រា​ប់​កិច្ច​​សហ​ប្រតិ​បត្តិការ​ និង​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច ​(Org​aniz​ation for E​cono​mic​ Coop​er​a​t​i​on and ​Develo​pment​) ហៅ​កាត់ថា​ OECD បាន​ចេញ​ផ្សាយរបាយ​ការណ៍​មួយ ដែ​ល​មា​​នខ្លឹម​សារ​រិះ​គន់​សកម្មភាព​អនុវត្តន៍​វិធាន​ប្រឆាំង​អំពើ​សូក​ប៉ាន់​ របស់​ប្រទេស​អូស្ត្រា​លី​។ ​របាយ​ការណ៍​អង្គការ OE​CD បាន​លើ​ក​ឡើង​ពី​ករណី​​ដែលមាន​ការ​យល់ឃើ​ញ​ថា ​មាន​ទំនាក់​ទំនង​ជាមួយ​សកម្មភាព​របស់​ក្រុម​ហ៊ុន ប៊ីអេចភី ​ប៊ីលីតុន និង​ក្រុម​ អូហ្សេត មីនើរ៉ល​ ដែល​ជា​ក្រុម​ហ៊ុន​រុករក​រ៉ែ​មួយផ្សេង​ទៀត​នៅក្នុង​ប្រទេស​​កម្ពុជា​ ទោះ​​ជារបាយការណ៍​នេះ​ ​មិន​បាន​បញ្ជាក់​ឈ្មោះរបស់​ក្រុម​ហ៊ុន​ក៏ដោយ​។

​កាលពីខែ​មីនា​ឆ្នាំនេះ ​សារ​ទូរលេខ​កា​រ​ទូត​​សម្ងាត់​ចេញ​ផ្សាយ ​ដោយ​ក្រសួង​ការ​បរទេស និង​ពាណិជ្ជកម្ម​ នៃប្រទេស​អូ​ស្ត្រា​លី​​​ (De​par​t​m​ent of​ For​eign A​ffai​rs an​d Trade​) បាន​លាត​ត្រដាងថា ​លោក​នាយ​ករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​និង​ស្ថាន​ទូត​អូស្ត្រា​លី ប្រចាំរាជធានីភ្នំពេញ​ ​បាន​ពាក់​ព័ន្ធយ៉ា​ង​សំខាន់​ ​ក្នុង​កិច្ច​ចរចា​ លើ​កិ​ច្ច​ព្រម​ព្រៀង​តម្លៃ​ជាច្រើន​លាន​ដុល្លារ ​ជាមួយ​ក្រុម​ហ៊ុន ប៊ីអេចភី ​ប៊ី​លីតុន​​​ កាល​ពី​ឆ្នាំ​២​០​០៦។​

​កាលពីឆ្នាំ​២០០៧ ​លោក ​លឹម គាន​ហោ​រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​ន​ិយម ​បាន​ថ្លែង​ទៅកាន់សភា​ថា ​អំឡុង​ពេ​ល​កំពុង​បំពេញ​ដំណើរ​ទ​ស្សនកិច្ច​ ទៅកាន់​ប្រ​ទេស​អូស្ត្រាលី ​ក្នុងឆ្នាំ​២០០៦ ដើម្បីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លើគម្រោង​រ៉ែ​ បុកស៊ីត ​នៅខេត្ត​ម​ណ្ឌល​គិរី លោក​ ហ៊ុ​ន​ សែន​ បាន​ប្រាប់​​លោក​តាមរយៈ​ទូរស័ព្ទ​ឲ្យ​និយាយថា ​ក្រុមហ៊ុន ប៊ី​អេច​ភី ​ប៊ីលីតុន​​ បានយល់​ព្រម​បង់​ប្រាក់​ចំនួន “ ​២,៥​លាន​ដុ​ល្លារ ​ជា​លុយ​ទឹកតែ”។

បើ​តាម​ការ​ចោទ​ ប្រា​ក់​ទាំងនេះ​ត្រូវបាន​ប្រើ​ប្រាស់​ ស​ម្រាប់​បង្កើត​មូល​និធិអភិវឌ្ឍ​ន៍ ដើម្បី​លើក​ក​ម្ពស់​សុ​ខុមាល​ភាព​ប្រជាជន​កម្ពុជា​។​ក៏ប៉ុន្តែ កាលពីឆ្នាំ​២០០៩ ​ក្រុម​ហ៊ុន ប៊ីអេចភី ប៊ីលីតុន ​បាន​លុប​ចោល​គម្រោង​រ៉ែ​នៅខេត្ត​មណ្ឌល​គិរី​ ​ហើយ​បាន​ផ្តល់​ភ័ស្តុ​តាង​
បញ្ជាក់​ ពី​អំពើ​ពុករលួយ​ដែល​អាចកើ​ត​ឡើង ​ដល់​គណៈ​កម្មការ​មូល​បត្រ​សហរ​ដ្ឋ​​អាមេរិក​។

​មន្ត្រី​កម្ពុជា​ មិន​អាច​ទាក់​ទង​​ធ្វើ​អត្ថា​ធិ​ប្បាយ​បាន​ទេ​ កាលពីម្សិល​មិ​ញ​។ អ្នក​ស្រី​ ​សាម៉ាន​ថា ​ស្តេ​វិន ​(Sam​a​n​t​h​​a Ste​vens​) ​អនុ​ប្រធាន​ផ្នែក​ទំនាក់​ទំន​ង​ព័​ត៌មាន​ ​និង​កិច្ចការ​សាធារណៈ​ ​របស់​ក្រុម​ហ៊ុ​ន​ ប៊ីអេចភី ​ប៊ីលីតុន ​​មាន​ប្រសាសន៍​កា​លពីម្សិល​មិញថា ក្រុម​ហ៊ុន​នេះ​ ​កំពុង​តែ​បន្ត​​​ប្រតិ​បត្តិ​ការ​ស៊ើប​អង្កេត​ផ្ទៃក្នុងរបស់ខ្លួន​ ​ដែ​ល​បាន​ចាប់​ផ្តើម​ក្នុងឆ្នាំ​២០០៩​ ​និង​កំពុង​​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​អាជ្ញាធរ​នានា​។​

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ ​ពេល​​នេះ​មិន​អាច​ព្យាករបាន​ទេ​​ថា លទ្ធផល​នឹង​ទៅ​ជាយ៉ាង​ម៉េច។ យើង​មិនស្ថិត​ក្នុ​ង​ស្ថាន​ភាព​ដែលអាច​ធ្វើ​អត្ថាធិប្បាយ​ អំ​ពី​អ្វី​ដែល​ជា ឬ​មិន​មែន​ជា​ប្រធាន​បទ​ទាក់​ទ​ង​នឹង​ប្រតិ​បត្តិ​ការ​ស៊ើប​អង្កេត​ ដែល​កំពុង​តែ​ដំណើរ​ការ​ណាមួយ​ក៏ដោយ​ទេ​”៕

ប្រែ​សម្រួលដោយ កង ​សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស