29 C
Phnom Penh

លោក កឹម សុខា ត្រូវបានគំរាម​​​ប្ដឹងពីបទបង្ករបួសស្នាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​​​ចាកចេញ​​​ពី​​​មន្ទី​រពេទ្យ​​​កាល់​​​ម៉ែត​​​​​ក្នុង​​​​​​រាជធានី​​​ភ្នំពេញ កាលពី​​​ម្សិលមិញ ម្តាយ​​​របស់​​​​ស្ត្រីម្នាក់ដែល​​​អះ​​​អាង​​​ថា ជា​​​ស្រី​​​កំណាន់​​​របស់​​​​លោក កឹម សុខា មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​និយាយថា ខ្លួន​​​​​​នឹង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​លោក កឹម សុខា នៅ​​​ថ្ងៃនេះ​​​ជុំវិញ​​​រឿង​​​​​​របួស​​​​​​ស្នាម​​​ដែល​​​អ្នកស្រី​​​អះអាង​​​ថា​​​​​​ បង្ក​​​ឡើង​​​ដោយ​​​​​​​​​​​អង្គរក្ស​​របស់​លោក​​​ កឹម​ ​​សុខា។

អ្នកស្រី សំ ផល្លា ដែល​​​ជាម្ដាយ​​​ក្នុង​​​វ័យ​​​​​​៦២​ឆ្នាំ​​​ បាន​​​រំឭក​​​អំពី​​​ហេតុការណ៍​​​នោះ​​​​​​ថា ​បន្ទាប់​​​ពី​​​បាន​​​ចូល​​​ទៅ​​​ជិត​​​លោក កឹម ​សុខា ​អំឡុង​​​​​​​យុទ្ធនាកា​​រ​​​ជួបជុំ​​​​​​អ្នក​​​គាំទ្រ​​​បក្ស​​​​​​​​​​​​ និង​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក​​​​​​ជួយ​​​ផ្គត់ផ្គង់​​​ជីវភាព​​​គ្រួសារ​​​របស់​​​ខ្លួន​​​កាលពី​​​សប្តាហ៍​​​មុន​​​ មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រូបនេះ បាន​​​បញ្ជា​​​ឲ្យ​​​អង្គរក្ស​​​របស់​​​លោក​​​វាយ​​​អ្នកស្រី​​​ ​​​​​​បណ្តាល​​​ឲ្យ​​​​​​របួស​​​​​​ត្រង់​​​ប្លោក​​​នោម និង​​​ទ្រូង។

អ្នក​​​ស្រី​​​និយាយ​​​ថា“ ក្រោយពេល​​​​​​ខ្ញុំ​​​​​​ចេញ​​​ពី​​​មន្ទីរពេទ្យ ខ្ញុំ​​​នឹង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ប្តឹង​​​លោក ​កឹម សុខា ព្រោះ​​​ថា​​​ ប្រសិន​​​បើ​​​គាត់​​​មិន​​​បាន​​​បញ្ជា​​​ [​​​អង្គរក្ស​​​របស់​​​គាត់ឲ្យ​​​វាយ​​​ខ្ញុំ​​​] អង្គរក្ស​​​របស់​​​គាត់​​​​​​ប្រាកដ​​​ជា​​​មិន​​​​​ហា៊ន​​​​វាយ​​​​​​ខ្ញុំ​​​ទេ​​​​​​​​​”។

វេជ្ជបណ្ឌិត​​​នៅ​​​មន្ទីរពេទ្យ​​​កាល់​​​ម៉ែត​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​​​​ថា តើ​​​មុខ​​​របួស​​​របស់​​​អ្នកស្រី​​​ សំ ផល្លា ធ្ងន់​​​ប៉ុណ្ណា​​​ ឬ​​​ថា​​​ តើ​​​មុខ​​​របួស​​​នោះ​​​បង្ក​​​ឡើង​​​ដោយសារ​​​អ្វី​​​ឡើយ​​​​​​។ ប្រសិន​​​បើ​​​អ្នក​​​ស្រី​​​ សម ផល្លា ធ្វើ​​​តាម​​​ការ​​​គំរាម​​​​​​របស់​​​ខ្លួន​​​មែន​​​នោះ​​​ ​​​វា​​​នឹង​​​ក្លាយ​​​​​​ពាក្យ​​​បណ្តឹង​​​ទី​​​៣​​​ហើយ​​​​​​សម្រាប់លោក កឹម សុខា។

កាលពី​​​ថ្ងៃពុធ អ្នកស្រី កែវ សុផាណ្ណារី ​ដែល​​​ត្រូវ​​​ជា​​​កូន​​​ស្រី​​​អាយុ​​​៤១​​​ឆ្នាំ​​​របស់​​​អ្នក​ស្រី ​សំ ផល្លា​​​ បាន​​​ឲ្យដឹង​​​ថា ខ្លួន​​​​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​ប្តឹង​​​លោក កឹម សុខា កាលពី​​​ឆ្នាំ​​​២០១២ ដើម្បី​​​ទាមទារ​​​ប្រាក់​​​​​ចំនួន​​​​១០.០០០​​​ដុល្លារ​​​សម្រាប់​​​​​​ចិញ្ចឹម​​​កូន​​​ពីរនាក់​​​ ដែល​​​អ្នកស្រី​​​​​​និង​​​លោក ​កឹម ​សុខា បាន​​​សុំ​​​យក​​​មក​​​ចិញ្ចឹម​​​​​​​​​ពេល​​​អ្នក​​​ទាំង​​​ពីរ​​​នៅ​​​រួម​​​រស់​​​ជាមួយ​​​គ្នា​​​នៅឡើយ​​​។

កាលពី​​​ខែ​​​កុម្ភៈ​​​ សាលា​​​ដំបូង​​​រាជធានី​​​​​​ភ្នំពេញ​​​បាន​​​កោះ​​​ហៅ​​​អ្នកស្រី កែវ សុផាណ្ណារី មក​​​សាកសួរ​​​រឿង​​​ពាក្យ​​​បណ្តឹង​​​នេះ ប៉ុន្តែ មិន​​​បាន​​​ចាត់​​​វិធាន​​​ការបន្ត​​​ចំពោះ​​​លោក កឹម សុខា ទេ​​​​​​។

កាលពី​​​ថ្ងៃសុក្រ លោក ជុំ មុី ដែល​​​ជា​​​អ្នក​​​​​នៅ​​​​​​មាន​​​ជីវិត​​​ពី​​​គុក​​​ទួល​​​ស្លែង​​​​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​សាលា​​​ដំបូង​​​រាជធានី​​​​​​ភ្នំពេញ​​​ ទាម​ទារ​​​ប្រាក់​​​សំណងជំងឺ​​​ចិត្ត​​​​​​ចំនួន​​​១.០០០​​​ដុល្លារ​​​ពី​​​លោក កឹម សុខា ចំពោះ​​​ការ​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​ដែល​​​លោក​​​​​​ចោទ​​​​​​ថា បង្កប់​​​ន័យ​​​ថា​​​ អំពើ​​​ព្រៃ​ផ្សៃ​​​នៅ​​​គុក​​​ទួលស្លែង​​​ត្រូវ​​​បានប្រឌិត​​​ឡើង​​​ដោយ​​​ប្រទេស​​​​វៀតណាម ដែល​​​បាន​​​ផ្តួល​​​រំលំ​​​​​​របប​​​ខ្មែរ​​​ក្រហម​​​។

អ្នកស្រី សំ ផល្លា អះអាង​​​​​​ថា ការ​​​ចោទ​ប្រកាន់​​​​របស់​​​ខ្លួន​​​លើ​​​​​​លោក កឹម ​សុខា ​ដែល​បាន​​​​​​ធ្វើ​​​​​​ឡើង​​​​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​មិន​​​ដល់​​​ប្រាំមួយ​​​សប្តាហ៍​​​ផង​​​​​​នោះ គ្មាន​​​ការ​​​បញ្ជា​​​ពី​​គណ​​​​បក្ស​​​នយោបាយ​​​ណា​​​មួយ​​​​​​​​​ឡើយ​​​។ អ្នក​​​ស្រី​​​ សំ ផល្លា បាន​​​បញ្ជាក់​​​ថា “ គ្មាន​​​នរណា​​​​​ម្នាក់​​​ជួល​​​ខ្ញុំ​​​ឲ្យ​​​ធ្វើ​​​ការ​​​ប្តឹង​​​ផ្តល់​​​​​​ទេ”។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​លើកឡើង​​​ថា ប្រសិន​​​បើ​​​អ្នកស្រី​​​ សំ ផល្លា បន្ត​​​ធ្វើ​ការ​​​ប្តឹង​​​ផ្តល់​​​​​​នោះ​​​ការ​​​ស៊ើប​​​អង្កេត​​​ពី​​​ការ​​​អះអាង​​​របស់​​​អ្នកស្រី​​​នឹង​​​ជួួ​​​យបំភ្លឺ​​​ថា លោក កឹម សុខា មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​​សោះ​​​​​។

លោ​​​ក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា“ យើង​​​មាន​​​ប្រជាពលរដ្ឋ​​​ជាង​​​៧.០០០នាក់​​​ដែល​​​បាន​​​ចូល​​​រួម​​​​​​ក្នុងវេទិកា​​​នោះ​​​ ​​និងដែល​​​បាន​​​ស្ថិត​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​​​​ ដូច្នេះ​​​​​​ពួកគាត់​​​​​​អាច​​​​​​​​​ធ្វើ​​​ជា​​​សាក្សី​​​បាន។ យើងក៏​​​មាន​​​ភ័ស្តុតាង​​​ជា​​​ខ្សែ​អាត់​​​​​​វីដេអូ​​​ផងដែរ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស