32 C
Phnom Penh

គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​បកស្រាយ​សេចក្ដី​សម្រេច​បណ្ដេញ​សមាជិក​សភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​សមាជិក​សភាដែល​ត្រូ​វ​បាន​ដក​ហូត​មុខ​តំណែង​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​ កាល​ពី​ដើម​​​​ខែ​នេះ បាន​អំពាវ​នាវ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​កម្ពុជា​ស៊ើប​អង្កេត​សេចក្ដី​សម្រេច​​របស់​​រដ្ឋសភា​នេះ ។

នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី១៧ ខែ​មិថុនា​ និង​ចុះហត្ថលេខាដោយ​សមាជិក​សភា​១៤​រូប​ ក្នុង​ចំណោម​សមាជិក​សភា​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ចំនួន​​២៧​រូប ក្រុម​ប្រឹក្សាធម្ម​នុញ្ញ​ ដែល​ជា​ស្ថាប័ន​កំពូល​មួយ​មាន​ភារកិច្ច​បក​ស្រាយ​រដ្ឋធម្មនុញ្ញ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​កិច្ច​ការរបស់​​រដ្ឋសភា​ និង​ព្រឹទ្ធសភា ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ជួយ​បក​ស្រាយ​​​ថា តើ​សេច​ក្ដី​សម្រេច​​​កាលពីថ្ងៃទី​៥ ខែ​មិថុនា ដោយ​គណៈ​​ក​ម្មា​ធិ​ការ​​​​អចិន្ត្រៃយ៍​​​របស់​រដ្ឋសភា​ដែល​សុទ្ធ​តែ​ជា​សមាជិក​​គណបក្ស​​ប្រជាជន​កម្ពុជា​ ស្រប​ច្បាប់​ ឬអត់​​។

លោក សុន ឆ័យ សមាជិក​សភាមួយ​រូប​ក្នុង​​ចំណោម​សមាជិក​សភា​ដែល​ត្រូ​វ​បាន​បណ្ដេញ​ចេញ និង​ដែល​កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ នៅក្នុង​ការ​បោះ​ឆ្នោត​ជាត​​ិនាខែក្រោយ​នេះ បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​បញ្ជូន​លិខិត​នោះ​ហើយ​កាលពីម្សិលមិញ”។

លិខិត​នោះ​មាន​ខ្លឹម​សារ​ដូច្នេះ​ថា “ យើង​​សូម​ស្នើឲ្យ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​​​​ករណីនេះ​ឡើង​វិញ​ជាបន្ទាន់​ ដើម្បី​បញ្ជាក់​ថា ​សេចក្ដី​សម្រេច​របស់​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​​​ ដែល​បានផ្អឹប​ប្រាក់​ខែ​ និង​ដក​សមាជិក​សភា​២៩រូប​ចេញពី​មុខ​តំណែង​របស់​ខ្លួន​ ដោយ​មិន​​គោរព​តាម​មូលដ្ឋាន​ច្បាប់​នោះ​ ស្រប​តាម​រដ្ឋធម្មនុញ្ញឬអត់​”។

លោក​ សម រង្ស៊ី មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍កាលពីម្សិលមិញ​ថា ​ចំណាត់ការ​បណ្ដេញ​សមាជិក​សភា​គណបក្ស​ សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង​និង​គណ​បក្ស​ សិទ្ធិមនុស្ស ចំនួន​២៧​រូប​ និង​ពីរ​រូប​ទៀត​មកពីគណបក្ស​ នរោត្តម រណឫទ្ធិ “ គឺ​ខុស​ច្បាប់​ទាំង​ស្រុង ពីព្រោះ​សមា​ជិក​រដ្ឋសភា​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ដោយ​ប្រជា​ពល​រដ្ឋ ហើយ​មាន​តែ​ប្រជា​ពល​រដ្ឋ​ប៉ុណ្ណោះ​ដែល​អា​​ច​បញ្ចប់​អាណត្តិ​របស់ពួកគាត់​បាន​”។

ទោះជាយ៉ាង​ណា​ ស្ថាប័ន​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​នេះ បាន​អះ​អាង​ថា សេចក្ដី​សម្រេច​នេះ​គឺ​ត្រឹម​ត្រូវ​ហើយ​ ពី​ព្រោះ​ច្បាប​់​​បោះឆ្នោត​ និង​​វិធាន​ផ្ទៃក្នុង​នៅ​រដ្ឋសភា​ ហាម​ប្រាម​សមាជិក​សភា​មិន​ឲ្យ​មាន​សមាជិក​ភាព​ក្នុង​គណបក្ស​ពីរ​នៅ​​ពេល​តែ​មួយ​ឡើយ។

សមាជិក​សភា​គណបក្ស​ប្រឆាំង​ចង់​ឲ្យ​ក្រុម​ប្រឹក្សាធម្មនុញ្ញពិនិត្យ​មើល​មាត្រា​៩៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា រដ្ឋសភា​ដែល​អាច​ចាត់​ទុក​ថា ស្រប់​ច្បាប់​តាម​រដ្ឋធម្មនុញ្ញ ចាំបាច់​ត្រូវ​មាន​សមាជិក​រដ្ឋសភា​យ៉ាង​ហោ​​ច​ណាស់​១២០​រូប​។ បច្ចុប្បន្ន​ នៅ​សល់​សមាជិក​សភាត្រឹម​តែ​៩៣​រូ​ប​ប៉ុណ្ណោះ។

លោក ម៉េង គឹមលី អគ្គលេខាធិការ​រង​​​​​នៃ​អគ្គលេខាធិការដ្ឋានក្រុម​ប្រឹក្សាធម្មនុញ្ញ ​មាន​ប្រសាសន៍​ថា លោក​បានឃើញ​លិខិត​នោះ​ហើយ ប៉ុន្តែ​មាន​ប្រសាសន៍​ថា ការ​ដោះ​ស្រាយ​​សំណើ​របស់​គណបក្ស​ប្រឆាំង​ នឹង​ត្រូវ​រង់​ចាំ​រហូត​ដល់​ក្រោយ​ថ្ងៃទី​២៥ ខែ​មិថុនា គឺ​នៅ​ពេល​ដែល​​​​ស្ថាប័ន​នេះ​បោះ​ឆ្នោត​សម្រេច​​​ ជ្រើស​រើស​ប្រធាន​ថ្មី​។

លោក​មាន​ប្រសាសន៍​ថា “ កាល​បរិច្ឆេទ​នេះ​ត្រូវ​បាន​សម្រេច​កាលពី​១០​ថ្ងៃ​មុន ប៉ុន្តែ​ខ្ញុំ​នឹង​បញ្ជូន​លិខិត​នេះ​ទៅ​លោក​ប្រធាន​ [ថ្មី​]”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា សេចក្ដី​សម្រេច​មួយ​នឹង​ត្រូវ​ការ​ពេល​វេលា​ប្រហែល​​៣០​ថ្ងៃ​ គឺចាប់​ពីពេល​ដែល​លិខិត​នោះ​ត្រូវ​បាន​ទទួល​យក​ទៅ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​៕

ប្រែសម្រួលដោយ​ តែម សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស