34.8 C
Phnom Penh

មន្ត្រី​រាជការ​ធ្វើ​​ជា​អ្នក​ឃោសនា​​បោះ​ឆ្នោត​​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ពេល​​បោះ​ឆ្នោត​​ជិត​មក​ដល់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ជាន់​ផ្ទាល់​ដី​នៃ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ បុគ្គលិក​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់​ ដែល​ធ្វើ​ការ​ឲ្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ កាលពី​ម្សិល​មិញ​ បាន​ដើរ​ចុះដើរ​ឡើង​ផ្ដល់​ព័ត៌មាន​​​​​​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​អំពី​កិច្ច​​ប្រជុំ​របស់​​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក​ ដែល​​ធ្វើ​នៅ​ក្នុង​ខុទ្ទកាល័យ​លោក ហ៊ុន ​សែន នៅ​ក្បែរ​នោះ។

នៅ​​ជាន់​ខាង​លើ​ នៅ​ក្នុង​ការិយាល័យ​ជាន់​​​ទី​៤ ដែល​មាន​មនុស្ស​ជា​ច្រើន​នោះ​ បុគ្គលិក​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ក៏​កំពុង​រវល់​ធ្វើ​ការ​ងារ​មួយ​ផ្សេង​ទៀត​ដែរ គឺ​ជួយ​​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ឲ្យ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច​យូរ​​របស់​​លោក​។

អង្គភាពព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ដែល​ជា​ការិយាល័យ​ផ្ដល់​ព័ត៌មាន​ជូន​សាធារណ​ជន​​​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ។

​អ្នក​រិះគន់​និយាយ​ថា ពេល​នេះ​អង្គភាព​នេះ​នៅ​ពីក្រោយ​ខ្នង​នៃ​យុទ្ធនាការ​​ឃោសនា​​​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​កំពុង​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​ដើម្បី​ធ្វើ​យុទ្ធនាការ​នេះ។ ទំនាក់​ទំនង​រវាង​ការងារ​របស់​​ពួក​គេ​​ជា​មន្ត្រី​រាជការ​ដែល​គួរ​តែ​បម្រើ​សាធារណជន​ដោយ​មិន​លម្អៀង​ និង​​​ទំនាក់​ទំនង​រវាង​​មន្ត្រី​​គណបក្ស​កាន់​អំណាច​​ដូច​ជា​ច្របូក​ច្របល់។

លោក មឿន ឈានណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​​​កម្ពុជា​សម្រាប់​សិក្សា​​​​​​សារព័ត៌​មាន​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា ពួកគេ​បាន​លះ​បង់​ពេល​វេលា​របស់​ខ្លួន​​បម្រើ​គណបក្ស​​ប្រជា​​ជន​កម្ពុជា ដើម្បី​វាយ​ប្រហារ​​គណបក្ស​ប្រឆាំង ​​និង​​ទុក​​ចោល​តួនាទី​ដ៏​សំខាន់​​សម្រាប់​​បម្រើ​សាធារណជន។

ជាង​ពីរ​ខែ​​មក​ហើយ អង្គភាព​ព័ត៌មាន និង​​​ប្រតិកម្ម​រហ័ស​បាន​ដើរ​តួនាទី​ជា​​អ្នក​ធ្វើ​យុទ្ធនា​ការ​​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ មុន​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃទី​២៨ ខែកក្កដា​។​​​​​

អ្នក​និយាយ​នៅ​ក្នុង​វីដេអូឃ្លីប​រយៈ​ពេល​១៦​នាទី​ថ្មីមួយ​ ដែល​ផលិត​ដោយ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស និង​បាន​បង្ហោះ​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​​អង្គភាព​នេះ​លើក​ឡើង​ថា“ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​។ប្រសិន​បើ​​បងប្អូន​​ស្រឡាញ់​​លោក​ ​ប្រសិន​បើ​​បង​ប្អូន​អាណិត​​លោក​ ហើយ​ប្រសិន​​​​​​​បើ​​បងប្អូន​ទុក​ចិត្ត​​លោក​ សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា។ ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​​ប្រជាជន​កម្ពុជា​ គឺ​ជា​ការ​បោះ​ឆ្នោត​ឲ្យ​ខ្លួន​​ឯង​ ពោល​គឺ​ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍ”។

អង្គភាពព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ក៏បាន​ក្លាយ​ជា​ខ្សែ​ត្រៀម​ជួរមុខ​ក្នុង​ការ​វាយ​ប្រហា​រ​​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណ​​បក្ស​ប្រឆាំង​ និង​ទៅលើ​លោក កឹម សុខា ប្រធាន​​​​ស្ដីទី​នៃ​គណបក្ស​នេះ​ផង​ដែរ​។

កាល​ពី​ថ្ងៃ​អង្គារ អង្គភាព​នេះ​ក៏បាន​បង្ហោះ​​វីដេអូ​​បទ​សម្ភាស​​រយៈពេល​៤០​នាទី​ ​ជាមួយ​អ្នក​ស្រី​ កែវ សុផាណ្ណារី ដែល​និយាយ​ថា គាត់​​គឺ​ជា​អតីត​​ប្រពន្ធ​ចុង​​របស់​លោក កឹម សុខា។ នៅ​​ក្នុង​បទ​សម្ភាស​នោះ​ ស្ត្រី​ម្នាក់​នេះ​បាន​រៀប​រាប់​រឿង​រ៉ាវ​ស្នេហា​របស់​ខ្លួន និង​បាន​​​​ចោទ​​​​​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ថា មិន​បាន​ជួយ​ផ្គត់​ផ្គង់​ដល់​កូន​ពីរ​នាក់ ដែល​គាត់​ និង​លោក កឹម សុខា បាន​​សុំ​គេ​យក​មក​ចិញ្ចឹម​ជា​មួយ​គ្នា។

នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ អង្គភាព​ព័ត៌​មាន​ ​និង​ប្រតិកម្ម​រហ័ស​បាន​​បង្ហាញ​​គោល​ការណ៍​នយោបាយ​​គណបក្ស​របស់​ខ្លួន​ក្រោម​ចំណង​ជើង​ថា “ ភាព​ខុស​គ្នា​រវាង​ការងារ​ជាក់​ស្ដែង​ដែល​គណបក្ស​ប្រជា​ជន​បាន​ធ្វើ​ និង​ការ​សន្យា​​​តែ​មាត់​របស់​គណបក្ស​ប្រឆាំង​”។
អ្នក​និពន្ធ​ក៏បាន​សរសេរ​ផង​ដែរ​ថា “ គោល​​នយោបាយ​គណបក្ស​ប្រឆាំង​ គឺ​​ដើម្បី​បំផ្លើស​សារ​នយោបាយ​បោក​ប្រាស់​របស់​ខ្លួន ដើម្បី​បោក​ប្រាស់​អ្នក​បោះឆ្នោត​ និ​ង​មាន​បំណង​បិទបាំង​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោម​ការ​​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​សម្ដេច​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា”។

លោក ទិត សុធា អ្នកនាំ​ពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ដែល​ពី​មុន​ធ្លាប់​ជា​អ្នក​កាសែត​របស់​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​រដ្ឋាភិបាល​ត្រូវ​បាន​គ្រប់​គ្រង​មួយ​ផ្នែក​ធំ​ដោយ​គណបក្ស​កាន់​អំណាច​នោះ​ ការ​ធ្វើ​ការ​​ងារ​របស់​គណបក្ស​​កាន់​អំណាច​ប្រាកដ​ជា​ស្រដៀង​គ្នា​នឹង​ការ​ងារ​របស់​រដ្ឋ​​ដែរ។

លោក​​បាន​មាន​ប្រសាសន៍​ថា “ រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដូច្នេះ ការងារ​ទូទៅ [របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​] ទោះ​តិច ឬ​ច្រើន​ប្រាកដ​ជា​បម្រើ​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក”។

លោក ទិត សុធា បាន​បន្ត​ថា អង្គភាព​នេះ​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០០៨“ ដើម្បី​បង្ហាញ​​សាធារណជន​ពី​ស្នាដៃ​របស់​រដ្ឋាភិបាល​” និង​ “ដើម្បី​បង្ហាញ​ការ​ពិត​អំពី​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​​ ឬក៏​ការ​វាយ​ប្រហារ​ពី​​​ក្រុម​អ្នក​​ប្រឆាំង​ ​គឺ​​មិន​មែន​តែ​គណបក្ស​​ប្រឆាំង​​នោះទេ​”។ រួម​ជាមួយ​លោក ទិត សុធា អង្គភាព​​ព័ត៌មាន​​និង​ប្រតិកម្ម​រហ័ស​​ក៏​បាន​​យក​លោក ឯក ថា ​ធ្វើ​​ជា​អ្នក​នាំ​ពាក្យ ដែល​ពី​មុន​ធ្លាប់​ធ្វើការ​ឲ្យ​​កាសែត​​​​រ៉យទ័រ (Reuters)  ខណៈ​ដែល​ប្រធាន​របស់​អង្គភាព​នេះ​គឺ​លោក​ ស្វាយ​ ស៊ីថា រដ្ឋ​លេខាធិការ​​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ជា​យូរ​មក​ហើយ​នោះ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គ​ការ​​​ខុម​ហ្វ្រែល​ ​មាន​ប្រសាសន៍​ថា អង្គភាព​ព័ត៌មាន​​និង​ប្រតិកម្ម​រហ័ស​ គឺ​ជា​កន្លែង​ធ្វើ​ឲ្យ​មាន “ ការ​​​​ភាន់​ច្រឡំ​​” ច្រើន​ក្នុង​ចំណោម​មន្ត្រី​រាជការ​ថា ពួកគេ​បម្រើ​ការ​ងារ​រដ្ឋ​ ឬ​​បម្រើ​ការ​ងារ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​។

លោក​បាន​មានប្រសាសន៍​ថា “ ខ្ញុ​ំគិត​ថា ​រដ្ឋា​ភិបាល​បច្ចុប្បន្ន​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​​​ ប៉ុន្តែ​​តួនាទី​នេះ​គឺ​ច្របូក​ច្របល់​ខ្លាំង​ណាស់។ ពួកគេ​ រួម​ទាំង​មន្ត្រី​រាជការ​ និង​​មន្ត្រី​យោធា​គ្រប់​ជាន់​ថ្នាក់​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​គាំទ្រ​សកម្ម​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​”។

លោក​បាន​មាន​ប្រសាសន៍​អំពី​មន្ត្រី​រាជ​ការ​​ដែល​មាន​តួនាទី​ជា​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា យើង​ពុំ​មាន​ស្ថាប័ន​ឯក​រាជ្យ​​រឹង​មាំ​ដើម្បី​ត្រួត​ពិនិត្យ​ពួកគេ​​នោះ​ទេ”។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា “ ពួកគេ​ត្រូវ​តែ​សុំ​ឲ្យ​អ្នក​គ្រប់​គ្រង់​ខុទ្ទកាល័យ​​ទទួល​ខុស​ត្រូវ​ ប៉ុន្តែ​…​ពួកគេ​គឺ​ជា​អ្នក​​បម្រើ​ឲ្យ​​​គណ​បក្ស​នយោបាយ​បែប​នេះ ដូច្នេះគ្មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ”។

លោក ទេព​ នីថា អគ្គលេខាធិការ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដែល​ខ្លួន​លោក​ផ្ទាល់​ក៏​ត្រូវ​គេ​រិះគន់​ដោយ​សារ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែរ​នោះ បាន​បដិសេធ​មិន​​ធ្វើ​​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​អំពី​​ភាព​ស្រប​ច្បាប់​​នៃ​ការ​ធ្វើ​​យុទ្ធនាការ​នយោបាយ​​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នេះទេ​​។

ទោះជា​យ៉ាងណា លោក ទេព នីថា បាន​សង្កត់​ធ្ងន់​ថា “ ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ ដូចជា​មន្ត្រី​រដ្ឋាភិបាល និង​ពេល​វេលា​របស់​ពួកគេ​ ដើម្បី​ធ្វើ​យុទ្ធនាការ​ឲ្យ​គណបក្ស​នយោ​បាយ​ណាមួយ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​ទេ​”។

លោក​ ទេព នីថា បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​​​ឆ្នោត​មិន​បាន​ដឹង​អំពី​ខ្លឹមសារ​អត្ថបទ​​ដែល​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​លើ​គេហ​ទំព័រ​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា“ យើង​មាន​ក្រុម​មួយ​ដើម្បី​ត្រួត​ពិនិត្យ​ការ​ផ្សព្វផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ប៉ុន្តែ​ប្រហែល​ជា​យើង​មិន​ទាន់​បាន​ពិនិត្យ​ចំណុច​​នោះ​នៅ​ឡើយ​ទេ”។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​​​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា យោង​តាម​ច្បាប់​​​បោះឆ្នោត​​ ដែល​ហាម​មិន​ឲ្យ​មន្ត្រី​រាជការ​ធ្វើ​យុទ្ធនាការ​ ឬក៏​មិន​ឲ្យ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ ដើម្បី​ធ្វើ​យុទ្ធនាការ​ឲ្យ​គណបក្ស​នយោបាយ​នោះ អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស គឺ​កំពុង​តែ​រំលោភច្បាប់​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ថា អង្គភាព​នេះ​កំពុង​តែ​ធ្វើការ​ងារ​មួយ​ ដែល​​មិន​បម្រើ​​សាធារណ​ជន​។ ហើយ​អង្គភាព​នេះ​កំពុង​ប្រើ​ប្រាស់​ទីតាំង​របស់​រដ្ឋាភិបាល​ ដើម្បី​​ធ្វើ​យុទ្ធនាការ​មួយ​​។ ដូច្នេះ​​អង្គភាព​នេះ​កំពុង​រំលោភ​ច្បាប់​ហើយ​នា​ពេលនេះ”៕

ប្រែសម្រួលដោយ​ ហម សុផាណ្ណា ​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស