31 C
Phnom Penh

លោក ហ៊ុន សែន ​​ភ្លេច​គិត​កំហុស​​ខ្លួន​ឯង​ពេល​ចោទ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​សប្ដាហ៍​មុន នៅ​ពេល​លោក​នាយក​​​​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ចោទ​ប្រកាន់​គូ​ប្រជែង​​​ដ៏​សំខាន់​របស់​លោក​នៅ​ក្នុង​​បោះ​ឆ្នោត​ជាតិ​​ខាង​មុខ​នេះ​​ថា ​បាន​​​ឲ្យ​លុយ​ទៅ​ក្មេង​ស្រី​អាយុ​​១៥​ឆ្នាំ​ម្នាក់​ ដើម្បី​រួម​ភេទ​​នោះ​ វា​គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​​ផ្អើល ហើយ​ក៏​ជា​ការ​សារភាព​​ចំពោះ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ​ផង​ដែរ​។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​បាន​លើក​ឡើង​ថា ​​នៅ​ពេល​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ​លើ​លោក កឹម សុខា ការ​អះអាង​របស់​លោក ហ៊ុន​ សែន ដែល​ថា លោក​បាន​ជួយ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​រួច​ផុត​​ពី​សំណាញ់​ច្បាប់​នោះ គឺ​ជា​ការ​សារភាព​​​ចោទ​ប្រកាន់​ខ្លួន​ឯង​​ចំពោះ​ការ​​ជួយ​​ការ​ពារ​បទ​ល្មើស​ និង​​ការ​ជំរុញ​ឲ្យ​មាន​​​និទណ្ឌភាព​​កាន់​​តែ​ច្រើន​នៅ​ក្នុង​ប្រទេស​​កម្ពុជា​។

លោក មៃឃើល កាណាវា៉ស (Michael Karnavas)​ មេធាវី​ការ​ពារ​ក្ដី​នៅ​សាលា​ក្ដី​​កូន​កាត់​​សម្រាប់​កាត់​ទោស​​ខ្មែរ​ក្រហម​ ​​មាន​ប្រសាសន៍​​ថា “ វា​គឺ​ជា​បទ​ល្មើស​​ក្នុង​ការ​​ជ្រៀត​ជ្រែក​នៅ​ក្នុង​កិច្ច​ការ​​របស់​​តុលាការ​”។

លោក កាណាវ៉ាស ​លើក​ឡើង​ថា “​នៅ​ក្នុង​​​​រឿង​នេះ​ មាន​បញ្ហា​​ជា​ច្រើន​​ដែល​អាច​នាំ​​ឲ្យ​មាន​​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ផង​ដែរ​​”។

លោក​ ហ៊ុន សែន បាន​ចោទ​ប្រកាន់​លោក​​កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កាល​​​ពី​សប្ដាហ៍​មុន ដោយ​អះអាង​ថា នៅ​ថ្ងៃ​មួយ កាល​ពី​ឆ្នាំ​២០១១ នគរបាល​​បាន​ផ្ដល់​​ព័ត៌មាន​បន្ទាន់​មួយ​មក​ឲ្យ​លោក​ថា មេដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​​ បាន​​ចំណាយ​​លុយ​៥០០​ដុល្លារ​ ដើម្បី​ទិញ​ព្រហ្ម​ចារី​​​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ ហើយ​បាន​នាំ​នាង​ទៅ​សណ្ឋា​​​​​​គារ​មួយ​ដើម្បី​រួម​ភេទ​។

លោក​នាយក​រដ្ឋ​មន្ត្រី​បន្ទាប់​មក​បាន​អះ​អាង​ថា លោក​បាន​​ស្នើ​ឲ្យ​មន្ត្រី​នគរបាល​រូប​នោះ​ឈប់​​ស៊ើប​អង្កេត​ពី​ករណី​នេះ​ ដោយ​សារ​ខ្លាច​ក្រែង​មាន​ការ​ចោទ​ប្រកាន់​ថា លោក​​​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទាល់​ខ្លួន​របស់​លោក កឹម​ សុខា ហើយ​ថា លោក​ក៏​បាន​ផ្ដល់​ព័ត៌មាន​សម្ងាត់​ទៅ​ឲ្យ​លោក កឹម សុខា ផង​ដែរ​ ដើម្បី​ឲ្យ​​លោក​អាច​គេច​ខ្លួន​បាន​។

លោក​ ហ៊ុន សែន លើក​ឡើង​នៅ​ក្នុង​សុន្ទរ​កថា​របស់​លោក​ដែល​ផ្សាយ​តាម​ទូរ​ទស្សន៍ និង​វិទ្យុ​ជាតិ កាល​ពី​សប្ដាហ៍​មុន​ថា “ យើង​គួរ​តែ​បាន​ចាប់​ខ្លួន​គាត់​នៅ​លើ​គ្រែ​​”។

លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​​ថា “ ខ្ញុំ​មិន​គ្រាន់​តែ​មិន​បាន​ចេញ​​បញ្ជា​ឲ្យ​ចាប់​ខ្លួន​​គាត់​​ទេ​ ខ្ញុំ​ថែម​ទាំង​បាន​បញ្ជូន​ភ្នាក់​ងារ​ផ្សេង​ទៅ​កាន់​សណ្ឋាគារ​មីកាសា​ ដោយ​គ្មាន​ផ្ដល់​ដំណឹង​ឲ្យ​អាជ្ញាធរ​បាន​ដឹង​ផង​ដែរ​​។ វា​ហាក់​​ដូច​ជា​ការ​ផ្ដល់​សញ្ញា​ឲ្យ​​គាត់​​ដឹង​ថា អាជ្ញាធរ​បាន​ដឹង​ពី​រឿង​នេះ​ហើយ​ ហេតុ​ដូច្នេះ​គាត់​​អាច​គេច​ខ្លួន​បាន​”។

លោក​នាយក​រដ្ឋ​មន្ត្រី​​បន្ថែម​ថា “ ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​អំពី​វាសនា​​នៃ​ព្រហ្ម​ចារី​របស់​​ចៅ​ស្រី​អាយុ​១៥​ឆ្នាំ​រូប​នេះ​ទេ ​ក្រោយ​មក​។ ហេតុ​ដូច្នេះ​ហើយ​​លោក​ឯង​ត្រូវ​តែ​ចង​ចាំ​ថា ខ្ញុំ​បាន​ជួយ​​លោក​ឯង​​​ដោយ​ខ្ញុំ​បាន​បំពាន​ច្បាប់​​ដោយ​ខ្លួន​ឯង​”។

លោក​មេធាវី​ សុក សំអឿន ​នាយក​ប្រតិ​បត្តិ​​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​នាំ​ម​ុខ​គេ​ បាន​លើក​ឡើង​ថា ​ប្រសិន​បើ​ការ​អះ​អាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ គឺ​ជា​ការ​ពិត​មែន​នោះ​​​ គឺ​មាន​ន័យ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស​​តាម​ច្បាប់។ លោក ​សុក សំអឿន ​លើក​ឡើង​ថា ដោយ​​​បញ្ឈប់​​ការ​ចាប់​ខ្លួន​លោក​​ កឹម សុខា លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​បំពាន​ច្បាប់​​ដោយ​ខ្លួន​ឯង។

លោក សុក សំអឿន បាន​ថ្លែង​ថា“ ​ប្រសិន​​បើ​នគរបាល​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ ហេតុអ្វី​បាន​ជា​ពួក​គេ​បញ្ឈប់​ការ​ចាប់​ខ្លួន​? ប្រសិន​បើ​ពួក​គេ​បញ្ឈប់​ដោយ​សារ​តែ​លោក ហ៊ុន សែន​អ៊ីចឹង​ពួក​គេ​អាច​ចាប់​ខ្លួន​លោក [លោក ហ៊ុន សែន] ជំនួស​វិញ​”។ លោក​បាន​បន្ត​ថា “ ​បើ​យោង​​តាម​ច្បាប់​ គឺ​​​ត្រូវ​មាន​ទោស​”។
លោក​បាន​បន្ថែម​ថា“ ប្រសិន​បើ​គេ​ស្ដាប់​តាម​បទ​បញ្ជា​របស់​លោក វា​មាន​ន័យ​ថា ការ​អនុវត្ត​ច្បាប់​គឺ​​ខ្សោយ​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​វា​គឺ​ជា​រឿង​នយោបាយ​”។

ប៉ុន្តែ​ លោក សុក សំអឿន មាន​ការ​សង្ស័យ​​ចំពោះ​ការ​ចោទ​ប្រកាន់​​មក​​លើ​លោក កឹម សុខា ដោយ​លោក​បាន​​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ពេល​ធ្វើ​នយោបាយ​មុន​ពេល​​​បោះ​ឆ្នោត​។

លោក​នាយក​​រដ្ឋ​មន្ត្រី​មិន​បាន​ផ្ដល់​ភ័ស្តុ​តាង​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​លោក​កាល​​ពី​សប្ដាហ៍​មុន​ ​ដើម្បី​ចោទ​​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​​រូប​នេះទេ​ ហើយ​​លោក កឹម សុខា ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​​។

សកម្មជន​ការ​ពារ​សិទ្ធិ​កុមារ​ក៏​​មិន​សូវ​ជឿ​លើ​​ការ​ដែល ​លោក​ ហ៊ុន សែន អះអាង​ថា បាន​ការ​ពារ​អ្នក​រំលោភ​សិទ្ធិ​កុមារ​​នោះ​ដែរ​ ប៉ុន្តែ​លោក​ ឈិន ចាន់​វាសនា នាយក​អង្គការ​បញ្ចប់​ពេស្យាចារ​លើ​កុមារ​ រូប​អាស​អាភាស​ និង​ការ​ជួញ​ដូរ​កុមារ​​ បាន​មាន​ប្រសាសន៍​ថា មនុស្ស​ភាគ​​ច្រើន​​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នេះ​​គឺ​ជា​ឆាក​ល្ខោន​នយោបាយ​។

លោក​ ចាន់​ វាសនា បាន​លើក​ឡើង​ថា“ ខ្ញុំ​​ជឿជាក់​ថា លោក​កំពុង​តែ​​ធ្វើ​​នយោបាយ​… ហើយ​ខ្ញុំមិន​ជឿថា វា​ជា​ការ​ពិត​នោះ​ទេ​”។  លោក​បាន​បន្ថែម​ថា “ ខ្ញុំ​ជឿជាក់​ថា វា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​ពិត​។ ខ្ញុំ​គិត​ថា​ប្រជា​ពល​រដ្ឋ​យល់​ពី​រឿង​នេះ។ វា​កើត​ឡើង​​អំឡុង​​ពេល​​បោះ​ឆ្នោត​”។

លោក​ ចាន់​ វាសនា បាន​មាន​ប្រសាសន៍​ថា​“ ប្រសិន​បើ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក កឹម សុខា គឺ​ជា​ការ​ពិត​​ មន្ត្រី​​អនុវត្ត​ច្បាប់​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក​រួច​ខ្លួន​នោះ​ទេ​”។

លោក​ស្រី សារ៉ា​ បៀរ៉ាប់ (Sarah Bearup) នាយិកា​ប្រចាំ​ប្រទេស​របស់​អង្គការ​ហាហ្គា​​ដែល​គាំទ្រ​ជន​រងគ្រោះ​ទាំង​ស្ត្រី និង​បុរស​ពី​ការ​ជួញ​ដូរ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​ បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​​គួរ​តែ​ទុក​ឲ្យ​តុលាការ​ឯករាជ្យ​ជា​អ្នក​ដោះ​ស្រាយ​ និង​ទុក​នៅ​ក្រៅ​​ឆាក​នយោបាយ​។

លោក​ស្រី បៀរ៉ាប់ បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើ​អនីតិជន​ត្រូវ​គេ​រំលោភ​បំពាន​ អ៊ីចឹង​វា​ជា​រឿង​សោក​ស្ដាយ​ណាស់​​ដែល​បញ្ហា​​នេះ​​ត្រូវ​យក​មក​និយាយ​នៅ​ពេល​​ធ្វើ​​​យុទ្ធនាការ​ឃោសនា​ [បោះ​ឆ្នោត​]”។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ ការ​ការ​ពារ​គួរ​តែ​ត្រូវ​ដោះ​ស្រាយ​ដោយ​តុលា​ការ​ឯករាជ្យ​​ដោយ​ផ្អែក​លើ​​អង្គ​ហេតុ​​ និង​ការ​​គោរព​​​សិទ្ធិ​​ឯក​ជន​​របស់​អ្នក​​ជាប់​​ពាក់​ព័ន្ធ​”។

លោក​ កាណាវ៉ាស បាន​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​ឲ្យ​​ខ្លួន​ឯង​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​​មួយ​ចំនួន​ ប្រសិន​បើ​ការ​អះអាង​របស់​លោក​គឺ​ជា​ការ​ពិត​មែន​នោះ​។

លោក​បាន​បន្ត​ថា “ តាម​​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ ក្រម​ព្រហ្មទណ្ឌ​ និង​ក្រម​​នីតិ​វិធី​​ព្រហ្មទណ្ឌ​ លោក​នាយក​រដ្ឋ​មន្ត្រី​គ្មាន​សិទ្ធិ​រារាំង​ការ​ស៊ើប​អង្កេត​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​កំពុង​តែ​បន្ត​ឡើយ​។

ការ​សារភាព​​​របស់​​លោក ហ៊ុន សែន ថា បាន​ដឹង​ និង​បាន​រារាំង​ការ​ចាប់​ខ្លួន ការ​ស៊ើប​អង្កេត​ និង​ការ​ផ្ដន្ទា​ទោស​​​ដោយ​ចេតនា​ ​​គឺ​បង្ក​ឲ្យ​មាន​ក្ដី​ព្រួយ​បារម្ភ​  ហើយ​​ប្រសិន​បើ​អ្វី​​ដែល​លោក​ ហ៊ុន សែន បាន​អះ​អាង​គឺ​ជា​ការ​ពិត​មែន​នោះ​ វា​មិន​មែន​​ជា​រឿង​​​ត្រឹម​ត្រូវ​ទេ​”។

លោក​បាន​លើក​​​ឡើង​​​បន្ថែម​ថា ការ​អះអាង​របស់​លោក​ ហ៊ុន សែន ដែល​​ថា បាន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​គេច​ខ្លួន​ពី​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​​​អាច​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​សម​​​គំនិត​។

លោក​បាន​មាន​​ប្រសាសន៍​ថា“ ការ​​​រារាំង​មិន​ឲ្យ​មាន​​ការ​ចាប់​ខ្លួន​ ការ​ស៊ើប​អង្កេត​ និង​ការ​ផ្ដន្ទាទោស​ចំពោះ​បទ​ល្មើស​ធ្ងន់ធ្ងរ និង​បាន​ជួយ​លាក់​បាំង​​​ការ​ប្រព្រឹត្ត​បទ​ល្មើស​ វា​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​ការ​​ប្រព្រឹត្ត​បទ​ល្មើស​ដែរ​”។

លោក​បាន​បន្ត​ថា“ប្រសិន​បើ​ការ​អះអាង​របស់​លោក ហ៊ុន សែន គឺ​ជា​​ការ​ពិតមែន​នោះ​​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា ច្បាប់​គ្មាន​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។

លោក​បាន​បន្ថែម​ថា “ ​លោក​នាយក​រដ្ឋ​មន្ត្រី​កំពុង​តែ​ផ្ញើ​សារ​​មួយ​ទៅ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ថា លោក​កំពុង​តែ​នៅ​ពី​លើ​ច្បាប់ ហើយ​វា​ក៏​ជា​គំរូ​មួយ​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ផ្សេង​ទៀត​រំលោភ​បំពាន​ច្បាប់​ដូច​លោក​ដែរ”។

លោក​ឧត្ដមសេនីយ៍ឯក​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ដែល​គ្រប់​គ្រង​នគរ​បាល​ជាតិ​ បាន​មាន​ប្រសាសន៍​ថា លោក​នាយក​​រដ្ឋ​មន្ត្រី​ពិត​ជា​មាន​ភ័ស្តុតាង​​​សម្រាប់​ភ្ជាប់​​លោក​ កឹម សុខា ​ទៅ​នឹង​បទ​ល្មើស​នេះ​មែន​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​និយាយ​ពី​ភ័ស្ដុ​តាង​នោះ​ឡើយ​។​

លោក​ឧត្ដមសេនីយ៍ឯក​ ខៀវ សុភ័គ បាន​លើក​ឡើង​មុន​ពេល​បង្វែរ​សំណួរ​បន្ថែម​ទាំង​អស់​ទៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ថា​ “ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​ គឺ​សម្តេច​​មាន​ភ័ស្តុតាង​ពិត​ប្រាកដ​…ពីព្រោះ​​សម្តេច​​ [នាយក​រដ្ឋ​មន្ត្រី] មិន​ដែល​កុហក​ប្រជា​​​ពល​រដ្ឋ​ឡើយ​”។

នៅ​ពេល​ស្នើ​ឲ្យ​លើក​ឡើង​ពី​ការ​មាន​ទោស​របស់​លោក ហ៊ុន សែន ចំពោះ​ការ​​អនុញ្ញាត​ឲ្យ​លោក កឹម សុខា រួច​ពី​ការ​ចាប់​ខ្លួន​នោះ​ លោក​ឧត្ដម​សេនីយ៍​ឯក​ ខៀវ សុភ័គ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ឡើយ៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស