27 C
Phnom Penh

ជនជាតិ​​​រុស្ស៊ីនិងគូកនពីរ​​​នាក់​​​កាត់ម្រាម​​​ដៃ​​​ចោរ​​​លួច​​​ទូរស័ព្ទ​​​ដៃ​​​តម្លៃ១០​​​ដុល្លារ​​​នៅ​​​ក្រុងព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​​​​ម្សិល​​​មិញ​​​ថា ​ជន​​​ជាតិ​​​រុស្ស៊ី​​​ម្នាក់ និងបុរស​​​ជន​​​ជាតិ​​​អ៊ុយក្រែន​​​ពីរ​​​នាក់ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អង្គារ​​​នៅ​​​ក្រុង​​​ព្រះសីហនុ​​​ ​ចំពោះ​ការ​ធ្វើ​​​ទារុណ​កម្ម​​​​បុរស​​​ខ្មែរ​​​ម្នាក់​​​យ៉ាង​​​ព្រៃ​ផ្សៃ​​​ដោយ​​​ចាប់​​​ចង​​​វាយ​​​ធ្វើ​​​បាប និង​​​កាត់​​​មេ​​​ដៃ​​​គាត់​ បន្ទាប់​​​ពី​​​​គេ​បាន​ទាន់​ពេល​គាត់​​​​​​​ព្យាយាម​លួ​​​ចទូរស័ព្ទ​​​ដៃ​​​មួយ​គ្រឿង​​​ក្នុង​​​ចំណោម​​​ទូរស័ព្ទ​​​ដៃផ្សេង​ទៀត​​​​។

នគរបាល​​​បាន​​​រក​​​ឃើញ​​​ ម៉ម ឫទ្ធី អាយុ​​​២៨​​​​ឆ្នាំ​​​នៅ​​​ម៉ោង​​​៧​​​យប់​​​ ​​​​ថ្ងៃ​​​អង្គារ​​​ បន្ទាប់​​​ពី​​​អ្នក​​​ភូមិ​​​នៅសង្កាត់​​​លេខ​​​៣​​​បាន​​​ប្ដឹង​​​នគរបាល​​​ថា ​​​គេ​​​ប្រទះ​​​ឃើញបុរស​នេះ​​​​ដេក​​​សន្លប់​​​​​​នៅ​​​លើ​​​ដី​​​​​​។​គាត់​​​​ត្រូវ​​​​គេ​​​ចង​​​និង​​​វាយ​​​ធ្វើ​​​បាប​​​ហើយ​​​ដាក់​​​ច្រវាក់​​​ក​​​ភ្ជាប់​​​ទៅ​​​នឹង​​​បង្គោល​​​ទង់​​​ជាតិ​​​​​​មួយ។

លោក ម៉ែន វណ្ណី នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​​​កម្រិត​​​ស្រាល​​​​​ខេត្ត​​​នេះ​​​​​​មាន​​​ប្រសាសន៍​​​ថា“ បុរស​​​ទាំង​​​បី​​​នាក់​​​នេះ​​​បាន​​​កាត់​​​ម្រាមដៃ​​​ស្ដាំ​​​របស់​​​គាត់​​​ដោយ​​​ប្រើ​​​​​កន្ត្រៃ​​​​កាត់​​​ដែក​​​​។គាត់​​​បាន​​​បាត់​​​បង់​​​ឈាម​​​ជា​​​ច្រើន​​​ និង​​​​បាន​​​សន្លប់​​​បាត់​ស្មារតី​​​ ដោយ​​​ដៃ​​ជាប់​​​​ជ័រកាវ”។ លោក​​​បាន​​​មាន​​​​ប្រសាស​​​ន៍​​​បន្ថែម​​​ថា ជន​​​សង្ស័យ​​​ទាំង​​​បី​​​នាក់​​​នេះ​​​បាន​​​សារភាព​​​អំឡុង​​​ពេល​​​សាក​​​សួរ​​​។

លោក ម៉ែន វណ្ណី មាន​​​ប្រសាសន៍​​​ថា ​ម៉ម ​ឫទ្ធី ដែល​​​មាន​​​របួស​​​ធ្ងន់ បាន​​​លួច​​​ចូល​​​​​​ក្នុង​​​ផ្ទះ​​​​​​មួយ​​​នៅ​​​សង្កាត់​​​លេខ​​​៣ ដែល​​​ត្រូវ​​​បាន​​​បុរស​​​ជន​​​ជាតិ​​​រុស្ស៊ី​​​ម្នាក់​​​នេះជួល​​​​នៅ​រយៈ​​​ពេ​​ល​​​​ប្រាំ​​​ឆ្នាំ​​​​​​មក​ហើយ​​​​ និង​​​បាន​​​លួច​​​ទូរស័ព្ទ​​​ដៃ​​​​​​មួយ​​​គ្រឿង​ម៉ាក ​​​Nokia ដែល​​​មាន​​​តម្លៃ​​​ប្រហែ​​​ល​​​១០​​​ដុល្លារ​​​​របស់​​​បុរស​​​ជន​​​ជាតិ​​​រុស្ស៊ី។

លោក​​​ ម៉ែន វណ្ណី បាន​​​មាន​​​ប្រសាសន៍​​​ថា  ​ជន​​​ជាតិ​​​រុស្ស៊ីម្នាក់​​​នេះ​​​ និង​​​មិត្ត​​​ភក្ដិ​​​ជន​​​ជាតិ​​​អ៊ុយក្រែន​​​ពីរនាក់​​​ដែល​​​​មាន​​​ទិដ្ឋាការ​​​​​ជា​​​អ្នក​​​ទេសចរ​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា បាន​​​ចាប់​​​ ម៉ម ​ឫទ្ធី ចង​​​ដៃ​​​ និង​​​ជើង​​​របស់​​​គាត់​​​ព្យួរ​​​ជើង​​​ឡើង​​​លើ​​​ភ្ជាប់​​​ទៅ​​​នឹង​​​ធ្នឹម​​​ឈើ​​​មួយ​​​នៅ​​​ក្នុង​​​ផ្ទះ​​​នេះ ​និង​​​បាន​​​ចាប់​​​ផ្ដើម​​ធ្វើ​​​ទារុណកម្ម​​​គាត់​​​។

លោក ម៉ែន វណ្ណី មិន​​​បាន​​​ប្រាប់​​​អត្ត​សញ្ញាណ​​​​​​​​របស់​​​​​​បុរស​​​ទាំង​​​បី​​​ ដែល​​​​​​ត្រូវ​​​បានចាប់​​​ខ្លួន​​ចំពោះ​​​​​​ការធ្វើ​​​ទារុណ​​​កម្មនេះ​​​ទេ​​​ ហើយ​​​មិន​​​បាន​​​ពន្យល់​​​​​​​ប្រាប់​​​អំពី​​​ការ​​​សម្ងាត់​​​របស់​​​លោក​​​​នោះ​​​ទេ​​​។​​ អ្នក​​​ភូមិ​​បាន​​​ឃើញ​​​​​ ម៉ម ​ឫទ្ធី ​តាម​​​បង្អួច​​​ផ្ទះ​​​របស់​​​ជន​​​ជាតិ​​​រុស្ស៊ី​​​នេះ​​​ ហើយ​​​នៅ​​​ពេល​​​ដំបូង​​​គិត​​​ថា ​ជន​​​​ជាតិ​​​រុស្ស៊ី​​​នេះ​​​កំពុង​​​​ហាត់​​​ប្រាណ​​​ ប៉ុន្ដែ​​​អ្នក​​​ភូមិ​​​បាន​​​ចាប់​​​ផ្ដើម​​​សង្ស័យ និង​​​បាន​​​ទៅ​​​ជិត​​​ផ្ទះនេះ​​​ ហើយ​​​បាន​​​ឃើញ​​​ជន​​​រង​​​គ្រោះ​​​នេះ​​​កំពុង​​​ត្រូវ​​​គេ​​​ធ្វើ​​​ទារុណ​កម្ម​​​ ហើយ​​​​​​​​បាន​​​ប្ដឹង​​​នគរបាល​​​តែ​​​ម្ដង។ជន​​​រង​​​គ្រោះ​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទី​​​រ​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ព្រះសីហនុ​​​ កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​យប់​​​ ​​ហើយ​គាត់​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្ថាន​​​ភាព​​​ធ្ងន់​​​ធ្ងរ​​​។

លោកវេជ្ជបណ្ឌិត​​​ ស៊ែ ជូសិទ្ធិចុត ​អនុ​ប្រធាន​​​​​​​​​​មន្ទីរ​​​ពេទ្យ​​​បង្អែកនេះ ​​​មាន​​​ប្រសាសន៍​​​ថា “ ​​​ដៃស្ដាំ​​​​របស់​​​​ជន​នេះ​​​​មាន​​​របួស​​​ធ្ងន់​​​ ចិញ្ចើម​​​របស់​​​គាត់​​​មានស្នាម​​​ដាច់​​​ជ្រៅ​​​ ហើយ​​​ខ្លួន​​​ប្រាណ​​​របស់​​​គាត់​​​​​​មាន​​​ស្នាម​​​ជាំដោយ​​​សារ​​​ការ​​​វាយ​​​ដំ​​​ ប្រសិន​​​បើ​​​យើង​​​មិន​​​បាន​​​ជួយ​​​គាត់​​​ឲ្យ​​​ទាន់​​​ពេល​នោះ​​​ទេ ​គាត់​​​អាច​​​ស្លាប់​​​​​​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស