កាលពីម្សិលមិញកម្មករ កម្មការិនីប្រហែលពីរពាន់នាក់ ដែលធ្វើការនៅរោងចក្រផលិតសម្លៀកបំពាក់យីហោ អេចអិនអឹម (H&M) របស់ប្រទេសស៊ុយអែត បានបិទផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ អស់រយៈពេលពីរម៉ោង ដោយទាមទារជាច្រើនលើកច្រើនសា ឲ្យមានការដំឡើងប្រាក់ឈ្នួល និងកែលម្អលក្ខខណ្ឌការងាររបស់ខ្លួន។

កម្មករ កម្មការិនី ដែលភាគច្រើនជាស្ត្រីធ្វើការនៅរោងចក្រ អឹមអិនវី អ៊ីនធើណេសិនណល លីមីតធីត (M&V International Manufacturing Limited)នេះ បានប្រមូលផ្តុំគ្នាតវ៉ានៅលើកំណាត់ផ្លូវជាតិមួយនេះ នៅម៉ោង៨ព្រឹក ហើយបានបញ្ឈប់ការតវ៉ានេះនៅម៉ោងជាង៩និង៣០នាទីព្រឹក នៅពេលតំណាងរោងចក្រ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយល់ព្រមចរចាជាមួយអ្នកតវ៉ា១០នាក់ក្នុងចំណោមអ្នកតវ៉ាទាំងនេះ នៅក្នុងរោងចក្រ។
កញ្ញា អ៊ុក ចិនា្ត អាយុ២០ឆ្នាំ ធ្វើការនៅរោងចក្រនេះបាននិយាយឲ្យដឹងថា “ យើងបានសម្រេចចិត្តបិទផ្លូវនេះនៅថ្ងៃនេះ ដោយ សាររោងចក្រមិនបានរកដំណោះស្រាយ ឲ្យយើងទាំងអស់គ្នា។ តាមពិតយើងមិនចង់ធ្វើដូច្នេះទេ ប៉ុន្តែយើងមិនមានជម្រើសទេ ពីព្រោះម្ចាស់រោងចក្របានបដិសេធមិនជួបចរចាជាមួយយើង”។
កញ្ញា ចិន្តា ដែលបាន ធ្វើការនៅរោងចក្រ អឹមអេនវី អស់រយៈពេលពីរឆ្នាំមកហើយនោះ បានឲ្យដឹងបន្ថែមទៀតថា កម្មករ កម្មការិនីបានចាប់ផ្តើមទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលរបស់ពួកគេ កាលពីថ្ងៃទី៣ ខែមិថុនា ប៉ុន្តែ ការទាមទារនេះមិនទាន់បានទទួលការឆ្លើយតបនៅឡើយទេ បន្ទាប់ពីតំណាងមកពីរោងចក្របានជួបពិភាក្សាជាមួយផ្នែកគ្រប់គ្រងកាលពីម្សិលមិញ។
កម្មករ កម្មការិនីទាំងនេះចង់ឲ្យភាគីរោងចក្របញ្ឈប់ការកាត់ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី សម្រាប់ថ្ងៃដែលពួកគេឈឺ ឬក៏មិនអាចមកធ្វើការបាន ហើយពួកគេចង់បានប្រាក់ឧបត្ថម្ភចំនួនមួយដុល្លារក្នុងមួយថ្ងៃ សម្រាប់ចំណាយលើម្ហូបអាហារ ប្រាក់បន្ថែមចំនួនប្រាំដុល្លារទៀតសម្រាប់ចំណាយលើមធ្យោបាយធ្វើដំណើរ និងប្រាក់លើកទឹកចិត្តចំនួនបីដុល្លារ សម្រាប់ការងារក្នុងថ្ងៃបុណ្យជាតិ។
លើសពីនេះទៅទៀត កម្មករ កម្មការិនីក៏កំពុងតែទាមទារឲ្យរោងចក្រនេះបញ្ឈប់សកម្មភាពបណ្តេញកម្មការិនី ដែលមានផ្ទៃពោះចេញពីការងារផងដែរ ហើយផ្តល់ពេលវេលាឈប់សម្រាកដល់ពួកគេ ដោយមានប្រាក់ឈ្នួលជំនួសវិញ។ លោក ប៊ុត ប៊ុនឆេង មន្ត្រីផ្នែកច្បាប់នៅសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (Coalition of Cambodian Apparel Workers’ Democratic Union) មានប្រសាសន៍ថា លោកបានចូលរួមក្នុងកិច្ចចរចានៅក្នុងរោងចក្រនោះដែរ។ ក៏ប៉ុន្តែ លោកបាន ឲ្យដឹងទៀតថា ម្ចាស់រោងចក្រនេះ និងមន្ត្រីមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមិនបានបង្ហាញចេតនាឆ្លើយតបទៅនឹងការទាមទាររបស់កម្មករ កម្មការិនីទាំងនេះទេ។លោកបានថ្លែងថា “ កម្មករនៅតែរក្សាជំហររឹងមាំថា នឹងបន្តសកម្មភាពតវ៉ា បើពួកគេមិនទទួលបានដំណោះស្រាយសមស្របទេនោះ”។
លោក ខៀវ សាវុធ ប្រធានគណៈកម្មការដោះស្រាយវិវាទការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កិច្ចចរចានេះមិនទទួលបានជោគជ័យទេ ដោយសារតែកម្មករ កម្មការិនីទាំងនេះទាមទារលើសពីកម្រិតដែលត្រូវបានចែងនៅក្នុងច្បាប់ការងារ។លោកបានមានប្រសាសន៍ថា “មិនមានលទ្ធភាព ដោះស្រាយជូនកម្មករបានទេព្រោះពួកគាត់ទាមទាលើសពីច្បាប់កំណត់ ហើយរោងចក្របានអនុវត្តប្រាក់ខែគោល ៨០ដុល្លាតាមច្បាប់ការងាររួចហើយ”។ មន្ត្រីរោងចក្រមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
(រាយការណ៍បន្ថែមដោយ នៅ វណ្ណារិន)
ប្រែសម្រួលដោយ កង សុធា