29 C
Phnom Penh

កម្ពុជាមានផែនការ​​​បង្កើតឆាយណាថោន ដើម្បី​​​បង្កើនចំនួន​​​ទេសចរ​​​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អក្សរ​​​ចិន​​​នឹង​​​ចាប់​​​ផ្ដើមដាក់​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​នៅពេល​​​ឆាប់​​​ៗ​​​នេះ​​​នៅ​​​តាមបណ្ដា​​​ផ្លូវ​​​សំខាន់ៗ​​​នៅ​​​រាជធានី​​​ភ្នំពេញ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​សម្រេច​​​យល់​ព្រម​លើ​សេច​​​ក្ដី​​​ព្រាង​​​ផែន​​​ការ​​​​រយៈ​ពេល​ប្រាំ​​​ឆ្នាំ​​​មួយ ដើម្បី​​​ទាក់​​​ទាញ​​​ទេសចរ​​​ចិនឲ្យ​បាន​១,៣​​​លាន​​​នាក់​ចូល​​​​​​​ប្រទេស​​​​កម្ពុជា​​​​​​​ត្រឹម​ឆ្នាំ​​​២០១៨។​​​​​​​​​

ក្រសួង​​​ទេសចរណ៍ បាន​​​ចេញ​​​ផ្សាយ​​​សេច​​​ក្ដី​​​ព្រាង​​​ផែនការ​​​នេះ កាល​​​ពី​​​ម្សិល​​​មិញ​​​នៅ​​​ក្នុង​​​សិក្ខាសាលា​​​មួយ​​​នៅ​​​រាជធានី​​​ភ្នំពេញ ​ដែល​មាន​ការ​ចូល​រួម​ពី​​​​​​​និស្សិត និង​​​និយោជិត​​​ផ្នែក​​​​បដិសណ្ឋារកិច្ច​។​​​

ក្រៅ​​​ពី​​​​ស្លាក​សញ្ញា​​​​អក្សរ​​​ចិននៅ​​​តាម​​​ផ្លូវ​​​នោះ ផែន​​​ការ ដែល​​​មាន​​​៣៥​​​ទំព័រ​​​នេះ​​​ បាន​​​​​​ស្នើ​​​ឲ្យ​​​មាន​​​​​​យុទ្ធនាការ​​​បង្កើន​​​​​​ទី​​​ផ្សារក៏​​​​បង្កើន​​​ជើង​​​ហោះ​​​ហើរ​​​ ​បង្កើន​​​​មគ្គុ​​​ទេ្ទស​​​ទេសចរ​​​និយាយ​​​ភាសា​​​ចិន និង​បង្កើត​ឆាយណា​ថោន ជា​​​ផ្លូវការ​​ក្នុង​​​រាជធានី​​​ភ្នំពេញ ក្រុង​សៀមរាប ​និងក្រុង​​​ព្រះសីហនុ ដែល​​​មានវិហារ​​​ចិន ​ហាង​​​​លក់​​​ទំនិញ សណ្ឋាគារ ភោជនីយដ្ឋាន និង​​​កន្លែង​​​ម៉ាស្សា។

យោងតាម​​​តួលេខ​​​របស់ក្រសួង​​​ទេស​​​ចរណ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា ទេសចរ​​​ចិនចំនួន​​​៣៣៤.០០០​​​​នាក់ ដែលបាន​​​មក​​​ទស្សនា​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ​​​២០១២ ស្ថិត​​​ក្នុង​​​លំដាប់​​​ថ្នាក់​​​លេខ​​​៣បន្ទាប់ពី​​​ទេសចរ​​​វៀត​​​ណាម​​​និង​កូរ៉េ ​ប៉ុន្តែ ​ចំនួន​​​ទេសចរ​​​ចិន បាន​​​កើន​​​ឡើង​​​យ៉ាង​​​ឆាប់​រហ័ស​​​ពីមួយ​​​ឆ្នាំ​​​ទៅ​​​​​​មួយ​​​ឆ្នាំ​​​​​​ដល់ចំនួន​​​៣៥​​​ភាគរយ។

ថ្លែង​​​នៅខាងក្រៅ​​​សិក្ខាសាលា​​​នេះ ​លោក​ថោង ខុន រដ្ឋមន្ត្រី​​​ក្រសួង​​​ទេសច​​​រ​​​ណ៍ បាន​​​មាន​​​​ប្រសាសន៍​ថា ចំនួន​​​ទេសចរ​​​ចិន​​​មក​​​ទស្សនា ​កំពុង​កើន​​​ឡើង​​​យ៉ាង​​​ឆាប់​​​រហ័ស​​​ ដែល​​​មិន​​​ធ្លាប់​​មាន​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​មក​​​នេះ។

លោក ថោង​​ ​ខុន បានមាន​​​ប្រសាស​​​ន៍​​​ថា “ ខ្ញុំ​គិត​​​ថា ប្រហែល[នៅ]​​​​​​ឆ្នាំ​​​២០១៥ ទេសចរ​​​ចិន ​អាច​​​​​​ស្ថិត​​​ក្នុង​​​លំដាប់ថ្នាក់​​​លេខ​​​២​​​វិញ”។ ហើយក្រៅ​​​ពី​​​ចំនួន​​​ទេស​​​ចរ​​​ចិន កើន​​​ឡើង​​​​នោះ ទេសចរ​​​ចិន ក៏​​​ចំណាយ​​​ប្រាក់​​​ច្រើន​​​ផង​​​ដែរ នេះ​​ជាការ​​​លើក​​​ឡើង​​​របស់​​​ផែនការ​​​នេះ។

លោក ថោង​​ ​ខុន បាន​ថ្លែង​​​​ថា “ ទេសចរ​​​ចិន​​​ចំណាយ​​​ប្រាក់​​​ច្រើន​ជាង ព្រោះវណ្ណៈ​​​កណ្តាល​កំពុង​​​កើន​​​ឡើង​​​នៅ​​​ពេល​​​នេះ”។
លោក ថោង​​ ​ខុន បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ​ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​ប្រទេស​​​ទាំងពីរ​​​នេះ ដែល​​​​​​​​​មាន​​​ជើង​​​​​​ហោះហើរ​​​ច្រើន គឺ​​​ជា​​​គន្លឹះដើម្បី​​​ធ្វើឲ្យ​​​សម្រេច​​​ដល់ទិស​​​ដៅ​​​ឆ្នាំ​​​២០១៨​​​នេះ។

លោក​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ពេល​​​យើង​​​ផ្សព្វ​​​ផ្សាយ​​​សកម្មភាព​​​របស់​​​យើង​​​ទៅ​​​​​​ទី​​​ផ្សារ​​​ចិន​ យើង​​​​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​ច្រើន​​​ ហើយ​​​យើង​​​បាន​​​ត្រៀម​​​ខ្លួន[ជាមួយ​​​នឹង]ផលិតផល​​​មាន​​​គុណភាព​​​ដើម្បី​​​ទទួល​​​ស្វាគមន៍​​​ទេស​ចរ​ចិន​​​ នោះ​​​យើង​​​ន​​​ឹង​​​មាន​​​ទេសចរ​​​ចិន​​​ជា​​​ច្រើន​​​នាក់​​​មក​​​​​​ទស្សនា​​​​​​​​​ប្រទេស​​​កម្ពុជា”។

លោក ថោង​​ ​ខុន បាន​​​សម្ដែងក្ដី​​​សង្ឃឹម​​​ថា ​ផែន​​​ការ​​​នេះ​​​នឹង​​​ត្រូវ​​​បាន​​​អនុម័ត​​​នា​​​ពេល​​​ឆាប់​​​ៗ​​​នេះ ប៉ុន្ដែ​​​ពុំ​​​បាន​​​ផ្ដល់​​​សេចក្ដី​​​លម្អិត​​​​ថា ផ្លូវ​​​ណា​​សរសេរ​ឈ្មោះ​​​​ជា​​​ភា​​​សា​​​ចិន​​​ ឬក៏​​​ទី​​​ណា​​​​ពិត​​​ប្រាកដ​​​ ដែល​នឹង​ធ្វើ​ជា​ឆាយណា​ថោន​​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​នោះ​​​ទេ។ ​​​លោក​​​​​​មាន​​​ប្រសាសន៍​​​ថា“ ឆាយណា​ថោន​​​​នេះ​​ត្រូវតែ​​​អភិវឌ្ឍ​​​  ប៉ុន្ដែ​​​ យើង​​​មិន​​​ដឹង​​​អំពី​​​ទី​​​តាំង​​​ ប្រហែល​​​ជា​​នៅ​​​ក្នុង [​​​ខណ្ឌ​​​ដូន​​​ពេញ​​​]។ ​ប៉ុន្ដែ ​យើង​​​ព្យាយាម​​​រក​​​ទី​​​តាំង​​​ល្អ​​​​​បំផុត​។ ​យើង​​​​​​​នឹង​​​ធ្វើ​​​ការ​​​ចរចា​​​ជាមួយ​​​នឹង​​​ក្រុម​​​ហ៊ុន​​​ឯក​​​ជន”។

​​​វិស័យ​​​ទេសចរណ៍​​​គឺ​​​ជាវិស័យ​​​មួយ​​​ក្នុង​​​ចំណោម​​​វិស័យ​​​សំខាន់​​​ៗ​​​នៃ​​​សេដ្ឋ​​​កិច្ច​របស់​​​ប្រទេស​​​នេះ។​​​ទេស​​​ចរ​​​ជាង​​​៣,៥​​​លាន​​​នាក់​​​បាន​​​មក​​​ទស្សនា​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​ឆ្នាំ​​​មុន​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​ដល់២៤​​​ភាគ​​​រយ​​​ កាល​​​ពី​​​ឆ្នាំ​​​មុន៕​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស