34 C
Phnom Penh

លោក ហ៊ុន សែន ប្រាប់​​​មន្ត្រី​​​​​​​​​គណបក្ស​ប្រជា​​​​​​​ជន​​ឲ្យ​ប្ដឹង​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃពុធ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ណែ​នាំ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា ​ចាប់​ផ្ដើម​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក កឹម​ សុខា មេ​ដឹក​នាំ​គណបក្ស​​​​សង្គ្រោះ​ជាតិ ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​របស់​លោក​ថា គណ​បក្ស​កាន់​អំណាច​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​បន្ទុច​​បង្អាក់​ការ​ព្យាយាម​ចូល​រួម​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​។

ពាក្យ​បណ្ដឹង​​​ប្ដឹង​លោក កឹម​ សុខា នេះ​គឺ​ជា​ពាក្យ​បណ្ដឹង​​ទី៤​ហើយ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ហើយ​នឹង​បន្ថែម​ទៅ​លើ​ការ​អះអាង​​​​របស់​គណបក្ស​ប្រឆាំង​ថា តុលាការ​ដែល​​​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​យាយី​​ពួក​គេ​នៅ​មុន​ការ​បោះ​ឆ្នោត​។

នៅ​ក្នុង​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ថា ទំនង​ជា​សុន្ទរកថា​ឥត​​ព្រាង​ទុក​លើក​ចុង​​ក្រោយ​របស់​លោក​នៅ​មុន​​ពេល​​​​ធ្វើ​យុទ្ធ​​​នា​​​ការ​ឃោសនា​បោះឆ្នោត​ដែល​មាន​រយៈ​ពេល​​​​មួយ​ខែ​នោះ លោក​ ហ៊ុន សែន ក៏​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​​នេះ​ផង​ដែរ​ ហើយ​បាន​ព្រមាន​ថា សមាជិក​ធម្មតា​របស់​ពួក​គេ​ក៏​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​តុលាការ​ដែរ​ ប្រសិន​បើ​ពួក​គេ​អះអាង​ថា គណបក្ស​ប្រជា​ជន​កាន់​អំណាច​កំពុង​ព្យាយាម​បន្ទច់បង្អាក់​ការ​​ចូល​រួម​បោះ​ឆ្នោត​របស់​ពួក​គេ​។

នៅ​​​​ពេល​ថ្លែង​សុន្ទរកថា​​​នៅខេត្ត​​​កណ្ដាល​​​​​​​​កាល​​​ពីម្សិលមិញ​​​ ​លោក ហ៊ុន សែន បាន​​​​​បញ្ចេញ​​​ឈ្មោះ​​​មន្ត្រី​​​ជាន់​​​ខ្ពស់ពី​​រ​​​រូប​​​ក្នុង​​​គណ​​​បក្ស​​​ប្រជាជនកម្ពុជា​​​ថា  “សូម​​​ [ឃួន] សុដារី ​​​និង​​​​​​លោក សាយ ឈុំ ចាត់​​​វិធាន​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់ និង​​​ដាក់​​​ពាក្យ​​ប្ដឹង​​​គាត់​​​ [លោក សុខា] ​​​ឲ្យ​​​បាន​​​​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​”។

លោក សាយ ឈុំ គឺ​​​ជា​​​អនុប្រធាន​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ហើយ​​​លោក​​​ស្រី ឃួន សុដារី គឺ​​​ជា​​​អនុប្រធាន​​​រដ្ឋ​​​សភា​​​មកពី​​​គណបក្សប្រជា​​​ជនកម្ពុជា​​​។

សំដៅដល់​​​ការ​​​អះអាង​​​របស់​​​គណ​​​បក្ស​​​ប្រឆាំង​​​ដែលថា កិច្ច​​​ប្រជុំ​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​អ្នក​​​គាំ​​​ទ្រ​​​គណបក្សប្រជា​​​ជន​​​កម្ពុជារំខាន​​​​នោះ​ លោក ហ៊ុន​​​ សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “ លោក​​​ឯង​​​នៅ​​​តែ​​​និយាយ​​​ថា គ​​​ណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ជា​​​អ្នក​​​​បង្កើត​រឿង​នេះ ហើយ​​​​លោក​បាន​មាន​ប្រសាសន៍​ថា​​​ ជា​​​ស្នាដៃ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ អាច​​​​​មាន​​​​ក្នុង​​​ពាក្យ​​​បណ្ដឹង​​​បី​​​ផ្សេង​​​ទៀត​​​​ប្ដឹង​​​លោក ​​​កឹម ​​​សុខា​”។

លោក​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ “យើង​​​នឹង​​​ដាក់​​​ពាក្យ​​​បណ្ដឹងទៅ​​​តុលាការ​​​ឲ្យ​​​បាន​​​មុន​​​ការ​​​បោះឆ្នោត​​​”។ លោក​​​បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា​​​ សមាជិកគណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​ហ៊ាន​​​ធ្វើ​​​ការ​​​អះអាង​​​ដូច​​​គ្នា​​​នេះ នឹង​​​ប្រឈម​​​ជោគ​​​វាសនា​​​ដូច​​​គ្នា​​​។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​“ អ្នក​​​​​​ណា​​​ក៏ដោយ​​​ដែលស្ថិត​​​នៅ​​​ក្នុង​​​គណបក្ស​​​នោះ​​​ ប្រសិន​​​បើ​​​អ្នក​​​ឯង​​​និយាយ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ជា​​​អ្នក​​​បង្ក​​​ [ឧបទ្ទវហេតុ​​​ទាំងនេះ] យើង​​​នឹង​​​ដាក់​​​ពាក្យ​​​​​បណ្ដឹង​​​ ប្រមូល​​​ពាក្យ​​​បណ្ដឹង​​​ទាំងអស់​​​ រួម​​​ទាំង​​​ពាក្យ​​​បណ្ដឹង​​​របស់​​​លោក​​​តា ជុំ ម៉ី និង​​​ពាក្យ​​​បណ្ដឹង​​​របស់​​​ម្ដាយ​​​​ប្រពន្ធចុង​​​​​​នោះ​​​ផង​​​​”។​ ប៉ុន្តែ​​​​លោក​​​មិន​​​ពន្យល់​​ថា​​​ ពាក្យ​​​បណ្ដឹង​​​ចំនួន​​​ពីរ​កាល​​​ពី​​​​​លើក​​​មុន​​​ដាក់​​​ប្ដឹង​​​លោក កឹម សុខា អាច​​​រួម​​​បញ្ចូល​​​គ្នា​​​នៅ​​​ក្នុង​​​តុលាការមួយ​​​​​​បាន​​​ដោយ​​​របៀប​​​ណា​​​​នោះ​​​ឡើយ​​​។

លោក ហ៊ុន សែន ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ទង្វើ​​​របស់​​​លោក កឹម សុខា មិនខុស​​​គ្នា​​​ពី​​​ទង្វើ​​​របស់​​​លោក ប៊ីល គ្លីន​​​តុន អតីត​​​ប្រធា​​​នាធិបតី​​​អាមេរិ​​​ក ដែល​​​ត្រូវ​​​បាន​​​ជំនុំ​​​ជម្រះ​​​រឿង​​​លោក​​​មាន​​​ស្នេហា​​​លួច​​​លាក់​​​ជាមួយ​​​ស្ត្រី​​​អ្នក​​​ហាត់​​​ការ​​​ម្នាក់​​​នៅ​​​សេតវិមាន​​​នោះ​​​ឡើយ​​​។

លោក​​​ក៏​​​បាន​​​​​វាយ​​​បក​​​ទៅ​​​​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​មួយ​​​ចំនួន​​​ដែល​​​បានរិះគន់​​​ចំពោះ​​​ការវាយ​​​ប្រហារ​​​ផ្ទាល់​​​​​​ខ្លួន​​​របស់​​​លោក​​​ទៅ​​​លើ​​​​​​លោក ​​​កឹម ​​​សុខា។ ​​​កាលពីសប្ដាហ៍​​​កន្លងទៅ ​​​លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី ក៏​​​បានចោទ​​​ប្រកាន់​​​លោក កឹម សុខា ពី​​​បទ​​​ផិត​​​ក្បត់​​​ និង​​​ទិញ​​​​ព្រហ្ម​ចារី​យ៍​​​ក្មេង​​​ស្រី​​​អាយុ​​​១៥​​​ឆ្នាំម្នាក់​​​ផង​​​ដែរ​​​។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​សូម​​​បណ្ដា​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ដែល​​​តែង​​​​​​តែ​​​និយាយ​​​ពី​​​សហ​​​រដ្ឋអាមេរិក​​​ ប៉ុន្តែ​​​ពេល​​​នេះ​​​និយាយ​​​ថា ហ៊ុន សែន និង​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុងនិយាយ​​​ពីបញ្ហា​​​ផ្ទាល់ខ្លួន​​​…។ តើ​​​អ្នក​​​ឯង​​​​​​មាន​​​ចង​​​ចាំ​​​រឿង​​​អាស្រូវ​​​ផ្លូវ​​​ភេទ​​​របស់​​​លោក ​​​ប៊ីល គ្លីនតុន អតីត​​​​​​ប្រធានា​​​ធិបតី​​​អាមេរិក​​​ទេ? ដោយ​​​សារតែ​​​ទឹក​​​ស​​​មួយ​​​តំណក់​​​នៅ​​​លើ​​​សំពត់​​​របស់​​​ស្ត្រី​​​ម្នាក់​​​ លោក ​​​ប៊ីល គ្លីនតុន ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ចូល​​​សភា​​​ដើម្បី​​​ឆ្លើយ​​​​បំភ្លឺ”។

លោក ហ៊ុន សែន បាន​​​សួរ​​​ថា  ហេតុ​​​អ្វី​​​បាន​​​​​​ជា​​​អ្នក​​​ឯង​​​មិននិយា​​យ​​​ផង​​​ [នៅ​​​ពេល​នោះ] ម៉េច​​​ក៏​​​អ្នក​​​ឯង​​​មិន​​​យករឿង​​​ផ្ទាល់​​​ខ្លួន​​​ប្រឆាំង​​​នឹង​​​លោក គ្លីន​​​តុន​​ ផង​​​?”។
ថ្វី​​​បើ​​​លោក​​​ចោទ​​​ប្រកាន់​​​ធ្ងន់​​​ៗ​​​ក្ដី​​​ ក៏​​​លោក​​​ហ៊ុន សែន មិន​​​បាន​​​ផ្ដល់​​​ភ័ស្តុតាង​​​គាំ​​​ទ្រ​​​ការ​​​អះអាង​​​របស់​​​លោក​​​ប្រឆាំង​​​នឹង​​​លោក ​​​កឹម ​​​សុខា ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​ផិត​​​ក្បត់​​​ ឬ​​​រឿង​​​ទិញ​​​​ព្រហ្ម​ចារី​យ៍ក្មេងស្រី​ជា​អ​នីតិជន​​​ម្នាក់​​​ឡើយ​​​។

លោក ហ៊ុន សែន ក៏​​​បាន​​​ចំអក​​​ឲ្យ​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ផង​​​ដែរ​​​ចំពោះ​​​ការ​​​គំរាម​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​​នៅ​ពេល​ខាង​មុខ​នេះ​​ដែរ​​​ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ទៅ​​​ដល់​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​​​ដែល​​​គ្មាន​​​គម្រោង​​​​​​​​បោះឆ្នោត​​​គាំ​​​ទ្រ​​​​​​គណបក្សប្រជា​​​ជន​​​កម្ពុជា ឲ្យ​​​បោះ​​​ឆ្នោត​​​គាំ​​​ទ្រ​​​គណបក្ស​​​ណាក៏​​​បាន​​​ លើក​​​លែង​​​តែ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​​សំដៅ​​​ដល់​​​សន្និសីទ​​​សារព័ត៌​មាន​​​​តាម​​​ការ​​​គ្រោង​​​ទុក​​​មួយ​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដែល​​​ក្នុង​​​នោះ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ប្រកាស​​​ថា តើ​​​ខ្លួន​​​នឹង​​​ចូល​​​រួម​​​ប្រកួត​​​ប្រជែង​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​ខែកក្កដា​​​ឬក៏​​​អត់​​​នោះ​​​ថា “ពួកគេ​​​នឹង​​​រៀប​​​ចំ​​​សន្និសីទ​​​សារ​​​ព័ត៌មាន​​​មួយ​​​នៅ​​​ថ្ងៃ​​​ស្អែក”។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក​​​ឯង​​​ទាំង​​​អស់​​​គ្នា​​​ធ្វើ​​​ពហិ​​​ការ​​​ការ​​​បោះឆ្នោតនេះ​​​​​​ ប្រសិន​​​បើ​​​លោក​​​ឯង​​​ហ៊ាន”​​​។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​គណបក្ស​​​តូចៗ​​​ផ្សេង​​​ទៀត​​​ដែល​​​ចុះ​​​ឈ្មោះ​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កក្កដា ​​​ថា “ បើ​​​គ្មាន​​​គណបក្ស​​​លោក​​​ឯង​​​ទេ​​​ យើង​​​នឹង​​​នៅ​​​តែ​​បោះ​​​ឆ្នោត​​​ដដែល​​​។ យើង​​​នៅ​​​មាន​​​គណបក្ស​​​នយោបាយ​​​ប្រាំ​​​មួយ​​​ទៀត​​​”។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ដូច្នេះ​​​សូម​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំងអស់​​​ដែលគាំ​​​ទ្រ​​​គណបក្ស​​​ប្រឆាំង​​​ កុំ​​​បោះ​​​ឆ្នោត​​​គាំ​​​ទ្រ​​​គណបក្ស​​​ប្រឆាំង​​​អី​​​ បោះឆ្នោត​​​គាំទ្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​វិញ​​​។ ប្រសិនបើ​​​បង​​​ប្អូន​​​មិន​​​ចូលចិត​​្ត​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទេ​​​ បោះ​​​ឆ្នោត​​​គាំ​​​ទ្រ​​​គណ​​​បក្ស​​​ណាមួយ​​​ក៏​​​បាន​​​ក្នុង​​​ចំណោ​​​ម​​​គណបក្ស​​​ចំនួន​​​ប្រាំមួយ​​​ផ្សេង​​​ទៀត​​​”។

សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ចំនួន​​​២៧​​​រូប​​​មកពី​​​គណបក្ស សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិមនុស្ស​​​ ដែល​​​កំពុង​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​​របស់​​​​គណប​​​ក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​ដក​​​ចេញ ពីមុខតំណែង​​​សមា​​​ជិកសភា​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​​រដ្ឋ​​​សភា​​​ដឹកនាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា កាល​​​ពី​​​ថ្ងៃ​​​ទី៦ ខែមិថុនា។

សមាជិកសភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ បាន​​​និយាយ​​​ការ​​​ពារ​​​ការបណ្ដេញ​​​សមា​​​ជិក​​​សភា​​​យ៉ាង​​​ច្រើន​​​នេះ ដោយ​​​លើក​​​ឡើង​​​ថា ច្បាប់​​​បោះ​​​ឆ្នោត និង​​​​បទ​បញ្ជា​ផ្ទៃ​​​ក្នុង​​​​​​ហាម​​​​​​សមាជិក​​​សភា​​​មិន​​​ឲ្យ​​​ចូលរួម​​​​ក្នុង​គណ​​​បក្ស​​​នយោបាយ​​​ពី​​​រក្នុង​​​ពេល​​​តែ​​​មួយ​​។ បច្ចុប្បន្ន​​​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ មាន​​​អាសនៈ​​​ចំនួនន​​​៩០​​​នៅក្នុង​​​រដ្ឋ​​​សភា​​​ដែល​​​មាន​​​១២៣​​​អាសនៈ​​​ រីឯ​​​គណបក្ស​ហ៊្វុន​​ស៊ិនប៉ិច​​​ ដែល​ជា​​​ដៃ​​​គូ​​​​ក្នុង​​​​រដ្ឋាភិបាល​​​ចម្រុះ​​​របស់​គណបក្ស​​​កាន់​​​អំណាច ​​​មាន​​​ពីរអាសនៈ​​​។

កាល​​​ពី​​​ម្សិលមិញ​​​​​​ លោក​​​ ហ៊ុន​​ សែន បា​​ន​​​និយាយ​ពី​​​​លោក សម រង្ស៊ី មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​​​​និរទេសខ្លួនឯង​​​ ដែល​​​បាន​​​គៀង​​​គរ​​អ្នក​​​​​​គាំទ្រ​​​របស់​​​លោកកាល​​​ពី​​​សប្ដាហ៍​​​មុន​​​ឲ្យ​​​ចុច​​​លើ​​​ពាក្យ “like” នៅ​​​លើ​​​ទំព័​​រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​ក្នុង​​​យុទ្ធនាការ​​​មួយ​​​ដើម្បី​​​ដណ្ដើម​​​ប្រជាប្រិយភាព​​​​ជា​មួយ​​​​លោក ហ៊ុន សែន ​​​តាម​​​​​​ប្រព័ន្ធ​​​អ៊ីនធើណិត​​​។ ​​​លោក ​​​ហ៊ុន ​​​សែន​​​មាន​​​​​​​​​ប្រសាសន៍​​​ថា លោក​​​មិនដែល​​​ប្រើ​​​ហ្វេស​​​​​​ប៊ុកទេ​​​ ហើយ​​​បាន​​​ចំអក​​​ឲ្យ​​​លោក​​​ សម ​​​រង្ស៊ី ​​​ចំពោះការ​​​ឈ្នះ​​​ការ​​​ប្រជែង​​​តែ​​​ម្នាក់​​​ឯង​​​។ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​​ថា “លោក​​​ឯង​​​ឈ្នះ​​​ដោយ​​​ការ​​​ឈរ​​​ឈ្មោះ​​​តែ​​​ម្នាក់​​​ឯង​​​ ខ្ញុំ​​​មិន​​​ទាំងមាន​​​ហ្វេស​​​ប៊ុកផង​​​ទេ​​​”។ ​​​លោកបាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា លោក​​​បាន​​​បញ្ជាក់​​​ជាមួយ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​របស់​​​លោក​​​​​​កុំ​ឲ្យ​ពួក​​​គេ​​​ដាក់​​​ព័ត៌មាន​​​ផ្ទាល់​​​ខ្លួន​​​ណា​​​មួយ ​​​ឬទំព័រ​​​ហ្វេសប៊ុក​​​ដែល​​​អះអាង​​​ថា តំណាង​​​ឲ្យ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ឡើយ​​​។

លោក ហ៊ុន សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  “ខ្ញុំ​​​សូម​​​បញ្ជូន​​​​​​សារ​​​មួយ​​​ទៅ​​​ដល់​​​យុវវ័​​​យ​​​ទាំង​​​អស់​​​ដែល​​​ចូលរួម​​​នៅ​​​ក្នុង​​​វេទិកា​​​ហ្វេស​​​ប៊ុក​​​ទាំង​​​អស់​​​ថា គាត់​​​ [លោក សម រង្ស៊ី] កំពុង​​​បោក​​​ប្រាស់​​​ ដើម្បី​​​ទទួលបាន​​​ការ​​​ចូល​​​ចិត្ត​​​​ពី​ក្មួយៗ… ខ្ញុំ​​​គ្មាន​​​ហ្វេសប៊ុកដើម្បី​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​នរណា​​​ឡើយ​​​”។

លោក យឹម សុវណ្ណ អ្នក​​​នា​​​ំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា ពេល​​​នេះ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​ងាក​​​ទៅ​​​រក​​​តុលាការ​​​ ដើម្បី​​​បំភិត​​​បំភ័យ​​​គូ​​​ប្រកួត​​​ប្រជែង​​​របស់​​​ខ្លួន​​​ដោយ​​​សារតែ​​​​​​​​​មាន​​​ការគាំទ្រ​ខ្លាំង​​​​​​​សម្រាប់​​​គណបក្សប្រឆាំង​​​។

លោក យឹម សុវណ្ណ មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​ទៅប្រជា​​​ពល​​​រដ្ឋ​ទូទាំង​​​ប្រទេស​​​​​​ឲ្យ​​​ចាត់​​​វិធានការ​​​។ ពួកគេ​​​ [គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា] បាន​​​បង្ក​​​បញ្ហា​​​ដល់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​អំឡុង​​​វេទិកា​​​សាធារណៈ ​​​បំផ្លាញ​​​ស្លាក​​​សញ្ញា​​​គណបក្ស​​​ បណ្ដេញ​​​សមាជិក​​​សភា​​​របស់​​​យើង​​​ចេញ​​​ពី​​​រដ្ឋសភា ហើយ​​​ពេលនេះ​ពួកគេកំពុង​​​តែ​​​ព្យាយាមប្រើ​​​ប្រាស់​​​ប្រព័ន្ធ​​​តុលាការ ដើម្បី​​​បង្ក​​​បញ្ហា​​​​ថែម​ទៀត​ចំពោះ​គណបក្ស​​​សង្គ្រោះជាតិ”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​​​ថា “គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ត្រូ​​​វតែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ទង្វើ​​​ទាំង​​​អស់​​​នេះ​​​”៕

ប្រែសម្រួលដោយ តែម សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស