31 C
Phnom Penh

​បក្ស​ប្រឆាំងស្នើ​​ឲ្យ​មន្ត្រី​ទូត ម្ចាស់​ជំនួយ​ផ្អាក​ការ​ងារ​​ជាមួយ​រដ្ឋាភិបាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​មក​ពី​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​​ដែល​​ត្រូវ​​បាន​ដក​សមាជិក​ភាព​ពី​រដ្ឋ​សភា​កាល​ពី​ដើម​ខែ​នេះ បាន​អំពាវ​នាវ​ឲ្យ​មន្ត្រី​ទូត​បរទេស​ និង​ម្ចាស់​ជំនួយ​អន្តរជាតិ​ឈប់​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នានា​ និង​​ឈប់​ធ្វើ​​កិច្ច​ការ​​​ផ្សេងៗ​​​ទៀត​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។​​​​​​​​​

នៅ​ក្នុង​លិខិត​មួយ​ដែល​សរសេរ​​អំពី​​ភាព​អសកម្ម​រ​បស់​រដ្ឋ​សភា​ សមាជិក​សភា​ទាំង​នេះ​បាន​​លើក​ឡើង​ថា ដោយ​សារ​តែ​សមាជិក​សភា​​ មក​ពី​គណបក្ស​ប្រឆាំង​ចំនួន​២៧​រូប និង​ពីរ​រូប​ផ្សេង​ទៀត​មក​ពី​គណបក្ស​ហ៊្វុន​​ស៊ីន​ប៉ិច​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ហេតុដូច្នេះ​​ រដ្ឋាភិបាល​សព្វ​ថ្ងៃ​​មិន​ស្រប​តាម​​រដ្ឋ​ធម្មនុញ្ញ​ទៀត​​ទេ​។

លិខិត​ដែល​ចេញ​កាល​ពី​ម្សិលមិញ​នេះ​​លើក​ឡើង​ថា “ ​​ហេតុ​ដូច្នេះ​ហើយ រាជ​រដ្ឋា​​​ភិបាល​កម្ពុជា​សព្វ​ថ្ងៃ​​ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន និង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ [រដ្ឋសភា​]​ ​នីតិកាល​សព្វ​ថ្ងៃ​​ ក៏​បាត់​បង់​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ផង​ដែរ​”។

លិខិត​នេះ​បាន​បន្ថែម​ថា “ ស្ថាន​ទូត​​​ ស្ថាន​បេសកកម្ម​ការ​ទូត​​ និង​ម្ចាស់​ជំនួយ​អន្តរជាតិ​ទាំង​អស់​​ប្រចាំ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឬក៏​នៅ​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ផ្ដល់​យោបល់​កុំ​ឲ្យ​ចុះ​​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​ណាមួយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​សព្វ​ថ្ងៃ រហូត​ដល់​រដ្ឋ​សភា​ស្រប​ច្បាប់​ថ្មី​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស ហើយ​រដ្ឋា​ភិបាល​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​”។

លិខិត​នេះ​បាន​ដក​ស្រង់​មាត្រា​៧៦​នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​យោង​ទៅ​តាម​លិខិត​នេះ​បាន​លើក​ឡើង​ថា “ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្រប​ច្បាប់ លុះ​ត្រា​​តែ​​មាន​សមាជិក​សភា​យ៉ាង​តិច​ចំនួន​១២០​រូប​”។ ទោះ​ជា​យ៉ាង​ណា​ មាត្រា​ពិត​ប្រាកដ​នៃ​រដ្ឋធម្មនុញ្ញ​​ចែង​​ថា “ ​រដ្ឋ​សភា​មាន​សមាជិក​យ៉ាង​តិច​ចំនួន​១២០​រូប​”។ ដោយសារ​តែ​ការ​ដក​សមាជិកភាព​របស់​សមាជិក​សភា​ចំនួន​២៩​រូប​ ហេតុ​ដូច្នេះ​សព្វ​ថ្ងៃ​នៅ​មាន​សមាជិក​សភា​ត្រឹម​តែ​៩៣​រូប​ប៉ុណ្ណោះ​ដែល​បង្កើត​​រដ្ឋសភា​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លិខិត​នេះ​ត្រូវ​បាន​បញ្ជូន​ចេញ​កាល​ពី​រសៀល​ម្សិល​មិញ ហើយ​គេ​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​​ណាមួយ​ពី​ស្ថាន​ទូត​ ឬក៏​ម្ចាស់​ជំនួយ​ឡើយ​ ប៉ុន្តែ​គេ​សង្ឃឹម​ថា នៅ​ពីរ​សប្ដាហ៍​ក្រោយ​ គេ​នឹង​ទទួល​បាន​ការ​គាំទ្រ​ផ្លូវ​ការ​ពី​​អ្នក​ដែល​ទទួល​​បាន​លិខិត​នេះ​។

លោក ចន ស៊ីម៉ុន (John Simmons) អ្នក​នាំ​ពាក្យ​រង​នៅ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ម្ដង​ទៀត​ពី​ជំហរ​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​លើក​ឡើង​​​​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​ផ្លូវ​ការ​មួយ​កាល​ពី​ដើម​ខែ​នេះ​​ ដែល​មិន​គិត​ពី​​ធម្ម​នុញ្ញ​ភាព​នៃ​ការ​បណ្ដេញ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ចេញ​ពី​រដ្ឋ​សភា​នោះ​​ ការ​សម្រេច​ចិត្ត​បែប​នេះ​ គឺ​វា​គ្មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ​ទៅ​ហើយ​។

លោក ស៊ីម៉ុន បាន​លើក​ឡើង​តាម​​អុីម៉េល​​​​មួយ​ថា “ ភាព​ស្រប​ច្បាប់​នៃ​ការ​ដក​សមាជិក​ភាព​​របស់​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ចេញ​ពី​រដ្ឋ​សភា​ គួរ​តែ​ត្រូវ​លើក​យក​មក​ពិភា​ក្សា​​ដេញ​ដោល​។ ទោះ​ជា​យ៉ាង​ណា​ ដូច​​យើង​បាន​លើក​ឡើង​រួច​ហើយ​ ការ​សម្រេច​នេះ​ គឺ​វា​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ស្មារតី​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ដ៏​ល្អ​ប្រសើរ​ ហើយ​សហ​​​រដ្ឋ​អាមេរិក​កំពុង​តែ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដោយ​សារ​ទង្វើ​បែប​នេះ​​ទៅ​លើ​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ពេល​ខាង​មុខ​នេះ”។

លោក ប៉ុក ពួន មន្ត្រី​ព័ត៌មាន​​របស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​កាល​ពី​​ម្សិលមិញ​ថា សហ​ភាព​អឺរ៉ុប​មិន​ទាន់​ទទួល​បាន​លិខិត​ពី​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​នៅ​ឡើយ​​ទេ​។

សហភាព​អឺរ៉ុប​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​អំពី​ការ​បណ្ដេញ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ចេញ​ពី​រដ្ឋ​សភា​​នេះ​ទេ​ ចាប់​តាំង​ពី​ការ​សម្រេច​នេះ​ត្រូវ​បាន​ប្រកាស​​កាល​ពី​ជាង​ពីរ​សប្ដាហ៍​មុន​មក​នោះ​។

លោក ងួន ញ៉ិល អនុប្រធាន​រដ្ឋ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​មាន​ប្រសាសន៏​ថា មិន​ថា​រដ្ឋាភិបាល​បរទេស​ឆ្លើយ​តប​ចំពោះ​ការ​អំពាវ​នាវ​របស់​សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រឆាំង​ឲ្យ​បដិសេធ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ ឬក៏​អត់​នោះ​ទេ​ ការ​សម្រេច​របស់​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​។

លោក ងួន ញ៉ិល ​លើក​ឡើង​ថា​ “ ប្រទេស​​​​ផ្សេងៗ​ទៀត​មិន​អាច​ជួយ [គណបក្ស​ប្រឆាំង​] បាន​ឡើយ។ ច្បាប់​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ​ទៀត​ គឺ​ជា​ច្បាប់​របស់​ប្រទេស​យើង​។ ប្រទេស​ផ្សេង​មាន​ច្បាប់​ផ្ទាល់​ខ្លួន​របស់​គេ​។ ពួក​គេ​មិន​អាច​យក​ច្បាប់​នៅ​ប្រទេស​ណាមួយ​មក​អនុវត្ត​នៅ​ប្រទេស​មួយ​ផ្សេង​​ទៀត​ឡើយ​”។

លោក​បាន​បន្ថែម​ថា ទោះ​បី​ជា​ពួក​គេ​ [សមា​ជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​] ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​ពិនិត្យ​​រដ្ឋ​ធម្មនុញ្ញ​ ហើយ​កំពុង​ប្រមូល​ស្នាម​មេដៃ​ [ដើម្បី​ធ្វើ​​ញត្តិ​] និង​បញ្ជូន​លិខិត​​ទៅ​​តាម​ស្ថាន​ទូត​​ក៏​ដោយ​ ក៏​វា​មិន​អាច​ជួយ​បាន​ឡើយ​”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា នៅ​​ពេល​រដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ​បរទេស​​ប្រហែល​ជា​មិន​អាច​ជួយ​អន្តរាគមន៍​ដោយ​ផ្ទាល់​នៅ​ក្នុង​ស្ថាន​ភាព​សព្វ​ថ្ងៃ​ ដោយ​​ការ​និយាយ​​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​នេះក៏​​ដោយ​​ ក៏​ពួក​គេ​អាច​ជួយ​រារាំង​មិន​ឲ្យ​​រដ្ឋាភិ​បាល​កាន់​អំណាច​បណ្ដេញ​សមាជិក​សភា​ដោយ​សេរី​តាម​តែ​អំពើ​​ចិត្ត​​ដូច្នេះ​ទៀត​ដែរ​នៅ​ពេល​អនាគត។

លោក គល់​ បញ្ញា បាន​ថ្លែង​ថា “ ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ បើ​ពុំ​ដូច្នោះ​ទេ នៅ​ថ្ងៃ​អនាគត គំរូ​អាក្រក់​ៗ​ទាំង​នេះ​នឹង​កើត​ឡើង​ម្ដង​ទៀត​ ដែល​គណបក្ស​មួយ​ព្យាយាម​គ្រប់​គ្រង​រដ្ឋ​​សភា​ ហើយ​ទាត់​សមាជិក​សភា​ផ្សេងៗ​ទៀត​ចេញ​”។

លោក​សួរ​ថា “ ខ្ញុំ​គិត​ថា បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នៅ​លោក​ខាង​លិច​បាន​រក​ឃើញ​គោលការណ៍​អំពី​​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ នៅ​ក្នុង​ប្រទេស​ពួក​គេ​ តើ​អ្នក​មាន​អំណាច​​ចេះ​តែ​​បណ្ដេញ​គណបក្ស​ផ្សេង​បាន​ដូច​នេះ​ឬ​”៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស