32 C
Phnom Penh

គណបក្ស​សង្គ្រោះជាតិបញ្ជាក់គោល​ជំហរចូលរួម​ប្រ​កួ​ត​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​ខែកក្ក​ដា​ខាង​មុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិល​មិញ លោក កឹម​ សុខា​ មេ​ដឹក​នាំគណបក្ស​ប្រឆាំង​​ បាន​បញ្ជាក់​ច្បាស់​ថា ​គណ​​បក្ស​សង្គ្រោះជាតិ​ ​នឹង​ចូលរួម​ប្រ​កួ​ត​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​ នៅ​ខែ​កក្កដាខាង​មុខ​​​នេះ​ ​ប៉ុន្តែ​លោក​បាន​ថ្លែងថា ​គណបក្ស​ប្រ​ឆាំង​នេះ​ប្រហែល​ជា​ធ្វើ​ពហិកា​រមិន​ចូល​រួម​ ប្រសិន​បើ​មាន​ហេតុ​ការណ៍​រំខាន និងករ​ណី​​​មិន​ប្រក្រតី​កើតឡើង​កាន់​តែ​ច្រើន​ អំ​ឡុង​​​​យុទ្ធ​នាការ​ឃោសនាការ​បោះ​ឆ្នោតជា​​ផ្លូវ​ការ​​នោះ​​។

​គណបក្សសង្គ្រោះជាតិ​ បាន​ត្អូញ​ត្អែរ​កាលពី​សប្តាហ៍​មុន​ថា ​ការដែល​យុទ្ធនាការ​របស់ខ្លួន​បាន​ឈ​ប់​ គឺ​ដោយ​សារតែ​មានកា​រ​រំខាន​ ពីសំណា​ក់​​​អ្នក​ស្មោះ​ស្ម័គ្រ​នឹង​គណ​ប​ក្ស​ប្រជាជន​កម្ពុជា​ ហើយ​​បដា​​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន ក៏​ត្រូវបានហែក​ចោល​ផង​ដែរ​។ ​លោ​ក​​ កឹម សុខា ប្រធាន​ស្តីទីគណ​បក្ស​សង្គ្រោះ​ជាតិ ​ក៏​កំពុងតែ​​ប្រ​ឈម​​នឹង​ពាក្យបណ្តឹ​ង​បួន​ដាច់​ដោយ​ឡែ​ក​​​ពី​គ្នា​​ ​និង​កា​រគំរាម​​ប្តឹង​ផ្សេងៗ​ទៀត​​ នៅពេលការ​​បោះឆ្នោត​ជិត​មក​ដ​ល់​។​

​លោក កឹម សុខា ​បានថ្លែង​ក្នុង​សន្និ​សីទ​សារ​​ព័ត៌មាន​ ​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ក្នុ​ង​រាជ​ធានីភ្នំ​ពេញ​ថា “​ខ្ញុំចង់​ប្រកាសឲ្យ​ច្បា​ស់​ពី​គោល​​ជំហរ ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ។ ​យើង​នឹង​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោ​ត​​ជាតិ​​ នៅថ្ងៃទី​២៨​ខែ​កក្កដា ឆ្នាំ​២០១៣​។ យើង​​ត្រៀម​ខ្លួន​រួច​ហើយ​។​​យើង​កំពុ​ងតែ​ត្រៀម​ខ្លួន ​និង​ចាត់​វិធានការ​ដើម្បី​ចូ​ល​រួម​​ការបោះឆ្នោត​​នេះ​”។​ លោក​បាន​ថ្លែង​បន្ត​ទៀ​ត​ថា “ ​ប៉ុន្តែ ​​បើ​ស្ថានភាព​ចាប់​ពី​ពេ​ល​ឥឡូវ​នេះ​ នៅតែ​អាក្រក់​ទៅ​ៗ ​ហើយ​ប​ង្ក​​ឧបសគ្គ​​ធំៗ​ ឬ​ក៏​ករណីមិនប្រក្រតី​ផ្សេង​ៗ​ទៀត​កើត​ឡើង​ចំពោះ​គណបក្ស​ស​ង្គ្រោះ​ជាតិ…​នោះ​យើង​នឹង​ពិចារណា ថា​តើ​គួរ​ចូល​រួម ឬក៏អត់​”។

គណៈកម្មាធិការដើម្បីការបោះឆ្នោ​ត​ដោយ​សេរី ​និង​យុត្តិធម៌​នៅក​ម្ពុជា​  ហៅ​កាត់​​ ​ខុម​ហ្វ្រែល​ (​Comf​re​l) ​បាន​ឲ្យដឹងថា ការ​បោះ​ឆ្នោត​ឆ្នាំនេះ​នឹ​ង​មិនមាន​យុត្តិធម៌​​​​​ទេ ​បើ​គិត​តាំងពីឆ្នាំ​១​៩​៩៣​មក​ ដោយ​សារតែ​មាន​ភាព​​មិន​ប្រ​ក្រតី​​ជា​ច្រើន​​ នៅ​ក្នុង​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត ហើយ​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សុទ្ធ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​គ​ណបក្ស​កាន់​អំណាច​។​​

កាលពីម្សិល​មិញ ​លោក​នាយករដ្ឋ​​ម​ន្ត្រី​ ហ៊ុន សែន​ ​បាន​អំពាវ​ឲ្យ​មន្ត្រី​ជា​ន់​ខ្ពស់​​ក្នុង​គណ​បក្ស​កាន់​អំណាច​​ ​ប្តឹង​លោក​ កឹម​សុខា ដែល​បានចោទ​ប្រកាន់​ថា ​គ​ណ​បក្ស​ប្រជា​ជន​​កម្ពុជា​ ជា​អ្នក​​នៅ​ពី​ក្រោយ​ការ​​ប្តឹង​​លោក​​កា​ល​ពីពេលថ្មីៗ​នេះ​។​

​ដោយមាន​ការ​គំរាម​​ពីលោក សម រង្ស៊ី​ ប្រធានគ​ណ​បក្ស​សង្គ្រោះជាតិ ​និង​សមាជិក​ដទៃ​ទៀ​ត​នៅ​ក្នុង​គណបក្ស​នេះ​ថា​ នឹង​​មិន​ទទួ​ល​ស្គាល់​ការបោះ​ឆ្នោត​នេះ​ ប្រសិន​បើ​ការ​បោះឆ្នោត​នេះ​​ត្រូវ​បាន​ចាត់​ទុក​​ថា ​មិន​ស្រប​​ច្បាប់​​នោះ​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ (គ.ជ.ប.) បាន​ឲ្យដឹង​កាល​​​ពីម្សិល​មិញ​ថា​ រដ្ឋ​សភាប្រហែល​ជា​បែង​ចែក​អាសនៈ​របស់ខ្លួ​ន​ ដល់​គណ​បក្ស​ដទៃ​ ប្រសិន​បើ​គ​ណបក្សនយោបាយ​ណា​មួយមិន​ទទួល​ស្គាល់​ការបោះឆ្នោត​​នេះ​។

​​កែវ ផល្លា ​ប្រធាន​​នាយកដ្ឋាន​​ច្បាប់​គ.ជ.ប. បានថ្លែងថា “ ​ប្រសិ​ន​​បើ​ពួក​គេ​ប្រកាស​ជា​ផ្លូវ​ការ​ថា ​ពួក​គេនឹង​មិន​ព្រម​ទទួល​​យក​លទ្ធ​ផល​បោះឆ្នោត​ និង​បញ្ជាក់​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​បាន​ច្បាស់​លាស់​នោះ ​[គ.ជ.ប.​] ​នឹង​​ផ្តល់​អាស​នៈ​របស់​ពួក​គេ​ ទៅ​ឲ្យ​គណ​បក្ស​ដទៃ”។​

លោក​ គល់ បញ្ញា​ នាយក​ប្រតិ​បត្តិ​អង្គការ ខុមហ្វ្រែល​ បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ​ដោយ​សារតែ​ច្បាប់​បោះឆ្នោត​ មិន​បា​ន​ចែង​ច្បាស់​លាស់ អំពីភាព​ស្រប​ច្បាប់​នៃ​ចំ​ណាត់​​ការ​បែប​នេះ​របស់​ គ.ជ.ប.​ តំណាងរា​ស្ត្រ​ ដែ​ល​ត្រូវ​បាន​ជ្រើស​​រើស​​​ឲ្យ​ធ្វើ​ជា​តំណាង​គណបក្ស​ សម រង្ស៊ី ​បាន​ប្រឈ​ម​មុខ ​នឹង​ស្ថានភាព​លំបាក​​ស្រដៀង​​គ្នា​នេះ​ កាលពីឆ្នាំ​២០០៨​ ​ហើយ​បាន​ស​ម្រេច​​​ ចិត្ត​​ចូល​​រួម​នៅ​ក្នុងរដ្ឋ​សភា​​នី​តិ​កាល​ទី​៤​ ដើម្បី​ធានា​​ខ្លួន​មាន​តំណាង​​​នៅ​ក្នុ​ង​​​​​​រដ្ឋា​ភិបាល​។​​

​លោក​បាន​​ថ្លែង​ថា “​កាលពី​ឆ្នាំ២០០៨ ​គណបក្ស​ សម រង្ស៊ី ​មិន​បាន [ធ្វើ​ពហិកា​​រក្នុង​ការ​​បង្កើត​​រដ្ឋ​សភា​ទេ] ពីព្រោះ​ ប្រ​សិន​បើ​ពួកគេ​ធ្វើ​បែបនេះ​ ​ពួក​គេ​នឹង​ប្រ​ឈ​ម​មុខ​នឹង​ការ​បាត់​បង់​អាសនះ​ទាំងអស់​រ​បស់​​ខ្លួន​ ហើយ​​អាសនៈ​ទាំង​នោះ​នឹង​ត្រូវ​បានប្រគល់​ទៅ​ឲ្យ​គណ​បក្ស​​ណា​ផ្សេង​ទៀត​។ ​ប្រសិន​បើ​ [គណ​បក្ស​សង្គ្រោះ​ជាតិ​] ធ្វើ​បែបនេះ​ ក្នុង​ពេល​បោះ​​ឆ្នោត​លើក​នេះ​ពួកគេ​នឹង​ប្រ​ឈម​មុខ​នឹង​ហានិភ័យ​​ដដែល​​”​។​

​ឆ្លើយ​តប​ទៅ​នឹង​សំណួររបស់​អ្ន​ក​សា​រ​ព័ត៌​មាន​ថា តើ​ការ​ចូល​រួ​ម​របស់​គណបក្ស​សង្គ្រោះ​​​​​ជាតិ ​នៅ​ក្នុង​ការ​​បោះ​ឆ្នោត​ ​នេះ​​គឺ​ជា​​ការ​ទទួល​​ស្គាល់​​ភា​ព​ស្រប​ច្បាប់​របស់​ការ​បោះ​ឆ្នោត​នេះ​ ឬ​យ៉ាង​ណា​​នោះ​ ​លោក សុន ឆ័យ​ បេក្ខ​ជន​​គណប​ក្ស​ស​ង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា ​គ​ណ​បក្ស​​របស់​លោក​​មាន​​ជ​ម្រើស​តិច​តួច​ សម្រាប់​ការ​បោះឆ្នោ​ត​នេះ​ ​ដោយសារតែ​មានពេល​ប្រាំ​សប្តាហ៍​​តែ​ប៉ុណ្ណោះ​។​​លោក​បានថ្លែងថា “ ​ជម្រើ​ស​គឺថា ​យើង​នាំ​ប្រជាជន​ទៅធ្វើ​បាតុ​កម្ម​ត​វ៉ា​នៅ​តាមដងផ្លូវ​ប្រឆាំង​រដ្ឋាភិបាល ​ឬ​យើ​ងចូលរួម​បោះ​ឆ្នោត​។ ​វាជា​ការសម្រេ​ច​ចិត្ត​ដ៏លំបាក​មួយ ដែល​ត្រូវ​តែ​ធ្វើ​”។​ លោ​ក​បាន​បន្ត​ថា “ ​[មេដឹ​ក​​នាំ​រដ្ឋា​ភិបាល​] ​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ ដែ​ល​ពួក​គេ​ចង់​បាន​ភាពស្រប​ច្បាប់​ ដូច្នេះ ពួ​ក​គេ​គួរ​គិត​ពី​កង្វល់​របស់យើង ​ដោយ​យ​កចិត្ត​​ទុក​ដាក់​។ បើមិន​ដូច្នេះ​ទេ ​យើង​នឹ​ងធ្វើ​ការសម្រេច​ចិត្ត​​​ទាំង​លំបាក​​”។​

លោក​ស្រី​ ឡូ​រ៉ា ​ថន​តុន (​Laura ​Thornton) ​នាយិកាប្រចាំប្រទេស​នៃវិទ្យាស្ថាន​​ជាតិ​ប្រ​ជា​ធិបតេយ្យ ​(Nat​ion​al De​mocra​tic Insti​tute​) ​ដែល
មាន​មូលដ្ឋាន​នៅសហរដ្ឋ​អាមេរិក​ ​បាន​សម្តែង​ការអបអរ​សាទរ​​ ចំ​ពោះ​ការ​បញ្ជាក់​​ពី​គោល​ជំហរ​ របស់គណ​ប​ក្សសង្គ្រោះ​ជាតិ​ ក្នុង​ការ​ចូលរួម​ប្រកួតប្រ​ជែង​ ក្នុង​ការ​បោះឆ្នោត​ក្នុង​ខែ​កក្ក​ដា​ខាងមុខ ក៏ប៉ុន្តែ ​លោក​ស្រី​បាន​លើក​ឡើ​ង​ថា ការ​បន្ត​គំរាម​ធ្វើ​ពហិការ​នោះ​អាច​ធ្វើ​ឲ្យ​គណបក្ស​​ប្រឆាំងនេះ​ទទួល​បរាជ័យ​ដោយ​​នឹកស្មាន​​មិន​ដល់​។​លោកស្រី​បាន​ថ្លែង​ថា “ ​គេ​មិន​​និ​យាយ​ពាក្យ ’ប៉ុន្តែ’ ​នៅ​ចុង​ប្រយោគ​នោះ​​បា​ន​ទេ​​។ ​អ្នកគាំទ្រ​របស់​ពួក​គេ​​ត្រូវការ​ដឹ​ង​ថា តើ​ពួកគេស្ថិត​នៅក្នុង​​ការ​ដោះសារ​​ជា​មួយ​​យើង​​ដែរ​ឬអត់​”។ ​

លោក​ស្រី​ក៏​មាន​មន្ទិល​ជុំវិញ​គំនិត​ដែល​ថា ​សហ​គម​​ន៍​អន្តរ​ជាតិ​នឹង​ចាត់​ទុក​ថា ​មិន​មានភាព​ស្រប​ច្បាប់​​ប្រសិន​បើ​រដ្ឋា​ភិបាល​មួយ​ត្រូវ​​បានបង្កើត​ដោ​យ​មិន​មាន​ការចូលរួម​ពីគណបក្ស​សង្គ្រោះ​​ជាតិ​ផង​នោះ​​។​លោក​ស្រី​​បានបន្ត​​​ថា “ ​ពួក​​គេ​ហាក់ដូចជាគិតថា ​[​បើ​ពួ​កគេ​ធ្វើ​ពហិការ​] ក្រោយ​​ថ្ងៃទី​២៨​​កក្កដា សហ​គមន៍​អន្តរ​ជាតិ ​នឹងមិន​ទទួល​ស្គាល់​រ​ដ្ឋាភិបាល​​។ ​តើ​រឿងនេះ​នឹង​កើត​ឡើងទេ​? មិន​មែន​​​​​​​ទេ​​ ជាការពិត​សហ​​​​​គមន៍​អន្តរជាតិ​នឹង​ទ​ទួ​ល​​ស្គាល់​រដ្ឋា​ភិ​បាល​​នោះ​ ទោះ​បី​ជា​ [គណ​បក្ស​សង្គ្រោះ​ជាតិ] ​​ចូល​​​​រួមប្រ​កួ​ត​ប្រជែង ឬ​​មិ​ន​ចូលរួម​ក៏​ដោយ​”៕

ប្រែសម្រួលដោយ​ កង សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស